Pages
▼
Thursday, January 15, 2015
បទអត្ថាធិប្បាយដោយ៖ រត្ន័ សណ្ដាប់៖ ល្បិចកល ស្វាស៊ីបាយ លាបមាត់ពពែ
នៅក្នុងសង្គមខ្មែរ បើនិយាយ អំពីការកត់ចំណាំអត្ដចរិតមនុស្ស បុព្វបុរសតែងតែផ្សារភ្ជាប់សង្គមទៅនឹងធម្មជាតិ ក្នុងន័យប្រៀបធៀបរវាងមនុស្សល្អនឹងអាក្រក់ ហេតុនេះហើយ បានជាគេឃើញមាននូវសុភាសិត ដែលគេតែងលើកយកមកដំណាលជាអាទិ៍ថា «គោដំបៅខ្នង ក្អែកហើររំលងរំសាយកន្ទុយ» ជាភាសាសាមញ្ញ អាចនិយាយបានថា « ចោរនៅពេលឃើញប៉ូលីសតែងតែរអៀសខ្លួន ឬក៏ថា អ្នកមានចរិត ឥរិយាបទមិនល្អ និងវៀចវេរតែងតែរអើលខ្លួនជានិច្ច»។
ជាក់ស្ដែង គេឃើញក្រុមមានចរិតវៀចវេរ ក្នុងករណីរឿងលោកសង្ឃ២អង្គ ដែលបានឈ្លោះប្រកែកវាយតប់គ្នានៅវត្ដសាមគ្គីរង្ស៊ី រហូតដល់បាត់បង់ព្រះជន្មគ្រូសូត្រឆ្វេងម្នាក់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ កន្លងមកនេះ គេឃើញក្រុមអគតិបានរកលេសចោទថា ប្រហែលមានក្រុមសមត្ថកិច្ចនៅក្រោយខ្នងលោកសង្ឃដែលមានព្រះជន្មវ័យក្មេង ដែលជាអ្នកបានបង្កឲ្យ បាត់បង់ជីវិត។ ដោយទ្បែកចំពោះបញ្ហានេះ យើងយល់ថា រឿងនេះលាយទ្បំទៅនឹងរឿងនយោបាយផង និងសីលធម៌ផង ដែលហៅថា «ស្វាស៊ីបាយ លាបមាត់ពពែ»។
ចំពោះរឿងសីលធម៌ ជាការគួរឲ្យសោកស្ដាយណាស់ ដែលលោកសង្ឃទំាងពីរអង្គនេះ មានប្រវត្ដិពីខ្មែរកម្ពុជាដូចគ្នា ក្នុងឋានៈខ្លួនគ្រងស្បង់ចីពរ តំណាងឲ្យព្រះពុទ្ធសាសនា បែរជាមិនចេះខន្ដី បង្កហិង្សាទៅវិញទៅមក ជាមួយគ្នា។ ប្រជាពលរដ្ឋទូទំាងប្រទេស ក៏ដូចជាអ្នកមានជំនឿព្រះពុទ្ធសាសនាទូទំាងសាកលលោក គេគោរពណាស់ អ្នកគ្រងស្បង់ចីពរនេះ គឺជាបព្វជិត ជាអ្នកទ្រទ្រង់សាសនា ដើរតាមគន្លងទូន្មានរបស់ព្រះសម្មាសម្ពុទ្ធ ដែលរៀងរាល់ពេលទេសនា អប់រំប្រជាជនឲ្យចេះខន្ដី តែផ្ទុយទៅវិញ សង្ឃទំាងពីរអង្គនេះ គ្មានខន្ដីទាល់តែសោះ។ ពាក្យចាស់លោកពោលថា «បើទំពក់មិនវារទៅ ព្នៅក៏មិនជ្រុះ» ដែរ។
រីឯរឿងនយោបាយនោះ នរណាក៏ដឹងដែរថា វត្ដសាមគ្គីរង្ស៊ី នេះ ជាវត្ដមូលដ្ឋានរបស់ក្រុមប្រឆំាងនឹងរាជរដ្ឋាភិបាល ជាញឹកញាប់តែងតែបង្ករឿង ដោយចូលរួមបាតុកម្ម ញុះញុងបំបែកបំបាក់សង្គម ប្រើហិង្សា ច្រងេងច្រងាង ដែលគេគ្រប់គ្នាមើលខ្សែវីដេអូ ច្បាស់ជាបានឃើញលោកសង្ឃទំាងពីរអង្គនេះ បានលោតចុះលោតទ្បើងដូចស្វា។
ត្រង់ចំណុចនេះ បើគេធ្វើការពិចារណាលើករណីទី១ ទៅនឹងករណីទី២ ជាការសមស្របណាស់ ដែលលោកសង្ឃទំាងពីរអង្គនេះ ប្រើហិង្សាដាក់គ្នា គឺធ្វើអ្វីៗដោយខ្លួនឯង ព្រោះដោយសារតែទង្វើគ្មានបេះដូងខន្ដីលើគ្នាទៅវិញទៅមកនេះឯង។ ប៉ុន្ដែជាអកុសលណាស់ ដែលក្រុមអគតិមួយក្រុម បានឆ្លៀតឱកាសនេះ ធ្វើការវាយតម្លៃទំាងងងើលទម្លាក់កំហុសមកលើគេឯងដើម្បីបំរើឲ្យបេះដូងដ៏ខ្មៅកខ្វក់របស់ក្រុមខ្លួន ដែលយើងហៅថា ជាទង្វើមួយផ្ដេះផ្ដាស់ ហើយដែល តែងបង្កទ្បើងដោយក្រុមសកម្មជនប្រឆំាងនឹងរដ្ឋាភិបាល ក្នុងគោលបំណងលាបពណ៌មកលើរដ្ឋាភិបាល តែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ គេត្រូវគិតថា ប្រទេសមានច្បាប់ ស្រុកមានទម្លាប់ គឺអាជ្ញាធរសមត្ថកិច្ចមិនអាចអនុញ្ញាតឲ្យជនជាប់ចោទនេះ ដែលគេចាត់ទុកថា ជាឃាតកររួចខ្លួនបានទ្បើយ។
យើងសូមឲ្យជនអគតិទំាងទ្បាយ មានអារម្មណ៍ស្ញៀមស្ញាត់ កុំចេះតែដើរចោទគេឯង ឬធ្វើ ឫកដូចខ្លួនឯងជាតុលាការ ឬដើមបណ្ដឹង សូមទុកឱកាសឲ្យសមត្ថកិច្ចរបស់រដ្ឋ ជាអ្នកវិនិច្ជ័យ។
ព្រះពុទ្ធព្រះបរមគ្រូ ព្រះអង្គមានព្រះពុទ្ធដីកាថា «សាសនារីកដុះដាលគឺដោយសារពុទ្ធបរិស័ទ ហើយសាសនារលត់រលាយ ក៏ដោយសារតែពុទ្ធបរិស័ទ» ដែរ៕
No comments:
Post a Comment