រូបបដិមាមួយព្រះអង្គ ដែលរងការបាក់បែក បង្កឡើងដោយស្ត្រីទេសចរជនជាតិ ហូឡង់ ម្នាក់ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ កន្លងទៅ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤នេះ ត្រូវបានអាជ្ញាធរអប្សរា អាជ្ញាធរពាក់ព័ន្ធ រួមជាមួយសីលវ័ន សីលវតី ដែលជាចាស់ទុំនៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានធ្វើពិធីយាង ព្រះពុទ្ធបដិមា ដើម្បីយកទៅតម្កល់នៅកន្លែងដើម ក្នុងប្រាសាទបាយ័នវិញ បន្ទាប់ពីក្រុមជំនាញបច្ចេកទេសខាងថ្មប្រាសាទ បានធ្វើការជួសជុលល្អ ស្អាត និងរឹងមាំដូចដើមហើយនោះ។
គេសង្កេតឃើញមាន វត្តមាន ឯកឧត្តម ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា លោក ម៉ាន់ ឈឿន អនុប្រធាននាយកដ្ឋាននគរបាលការពារបេតិកភ័ណ្ឌ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចូលរួមក្នុងពិធី និមន្តព្រះពុទ្ធបដិមា ដោយមានការសូត្រធម៌ រំលឹកដល់គុណព្រះរតនត្រ័យមុននឹងក្រុមការងារលើកព្រះពុទ្ធបដិមា ដាក់លើរថយន្ត ឆ្ពោះទៅរៀបចំពិធីតាមបែបសាសនាបន្តទៀត នៅប្រាសាទបាយ័ន នៅព្រឹកស្អែក ដែលនឹងមានការអញ្ជើញចូលរួមជាអធិបតីតំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ និងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តសៀមរាម រួមជាមួយនឹងមន្ត្រី អ្នកមុខអ្នកការ ព្រះសង្ឃ និងប្រជាពលរដ្ឋផងដែរ។
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរា ពិធីពុទ្ធាភិសេក ដើម្បីអារាធនាព្រះពុទ្ធរូបដាក់នៅកន្លែងដើម ទុកសម្រាប់ជាទីគោរពសក្ការៈ ប្រារព្ធធ្វើឡើងនៅវេលាម៉ោង ៦ និង៤៥នាទី ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤៕



No comments:
Post a Comment