Pages

Sunday, October 08, 2023

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រមមួយ ប្រកាសឱ្យប្រើប្រាស់ «ច្បាប់ស្តីពីការបង្កើត




(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រមមួយ ប្រកាសឱ្យប្រើប្រាស់ «ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន»។

ច្បាប់ថ្មីនេះ មានចំ​នួនសរុប៨មាត្រា ដោយក្នុងនោះមាត្រា២ បានបញ្ជាក់ថា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ទាំងព្រំដែនគោក និងព្រំដែនសមុទ្រ។

ខាងក្រោមនេះជាព្រះរាជក្រមរបស់ព្រះមហាក្សត្រ៖






ព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការបង្កើតក្រសួងអធិការកិច្ច

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការបង្កើត «ក្រសួងអធិការកិច្ច»។

ច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅរួចរាល់ហើយ៕






សារសម្លេងពិសេស របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទាក់ទងនឹងមរណភាពរបស់និស្សិតខ្មែរមួយរូប ដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់

 ជូនចំពោះបងប្អូនជនរួមជាតិជាតីមេត្រី!

រាជរដ្ឋាភិបាលបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតចំពោះមរណភាពនិស្សិតខ្មែរ ដែលទទួលរងគ្រោះក្នុងហេតុ​ការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ តុលា ២០២៣ កាលពីម្សិលមិញនេះ។ តាំងពីសភាពការណ៍ផ្ទុះឡើងនៅអ៊ីស្រាអែល រាជរដ្ឋាភិបាលបានចាត់វិធានការទំនាក់ទំនងជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែលដើម្បីធ្វើការធានាដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។ជាលទ្ធផល​ នៅក្នុងពេញមួយយប់នេះ យើងបានធ្វើការទំនាក់ទំនងជាមួយប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរយើងបានភាគច្រើន និងបានកំណត់ទីតាំងរបស់ពួកគាត់ ហើយក្នុងនោះយើងក៏បានខិតខំជួយសង្គ្រោះនិស្សិត ៣ រូប នៅក្នុងចំណោម ៤ រូប ដែល ១ នាក់ បានស្លាប់ នៅសល់ ៣ រូប ចេញពីតំបន់ក្រហម ហើយបានយកគាត់មកតំបន់សុវត្ថិភាព ហើយស្នាក់នៅជាមួយកុងស៊ុលកិត្តិយសរបស់កម្ពុជានៅអ៊ីស្រាអែល។

ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបថា កិច្ចការនេះជាកិច្ចការសំខាន់បំផុតរបស់រាជរដ្ឋាភិបាល​ក្នុងការធានានូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋខ្មែរដែលមានវត្ដមាននៅអ៊ីស្រាអែល ជាពិសេសនិស្សិតរបស់យើង។ ក្នុងន័យនេះរាជរដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងកសិកម្ម ក្រសួងពាក់ព័ន្ធបានធ្វើការជាប់ជាប្រចាំ​ មកដល់ម៉ោងនេះជាមួយដៃគូរបស់ខ្លួននៅអ៊ីស្រាអែល ដើម្បីព្យាយាមធ្វើយ៉ាងណា ទី១ គឺធ្វើការសហការជាមួយនឹងអាជ្ញាធរអ៊ីស្រាអែល សមត្ថកិច្ចអ៊ីស្រាអែលដើម្បីផ្ដល់ការការពារនូវសុវត្ថិភាពប្រជាពលរដ្ឋខ្មែរយើងដែលនៅទីនោះ។ ទី ២ គឺទាក់ទងនឹងប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះទាំងនិស្សិត ទាំងបងប្អូនផ្សេង ធ្វើយ៉ាងណាយើងអាចទាក់ទង​និងដឹងសុខទុក្ខរបស់គាត់ និងអាចផ្ដល់នូវការសហការសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែលជួយគាត់ក្នុងករណីចាំបាច់នានា ដែលកើតមាននៅទីនោះ ធ្វើយ៉ាងណាធានានូវសុវត្ថិភាព និងជាពិសេសអាយុជីវិតរបស់ពួកគាត់​។ ទន្ទឹមនឹងនេះ ខ្ញុំសូមឲ្យបងប្អូនខ្មែរយើងដែលមានវត្ដមាននៅអ៊ីស្រាអែលជាថ្មីម្ដងទៀត ធ្វើយ៉ាងណារក្សានូវកន្លែងសុវត្ថិភាពរបស់ខ្លួន ហើយស្ដាប់ និងអនុវត្ដតាមឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល អាជ្ញាធរនៅកន្លែង ព្រោះស្ថានភាពនៅទីនោះមិនទាន់ចប់នៅឡើយ ហើយអាចប្រែប្រួលគ្រប់វិនាទីទាំងអស់។

ជាចុងក្រោយនេះ គឺចំពោះគ្រួសារនិស្សិតរបស់យើង ដែលបានទទួលនូវមរណភាពគឺខ្ញុំសូមសំដែងនូវការសោក​ស្ដាយជាពន់ពេកចំពោះការបាត់បង់នូវកូន បងប្អូន ចៅជាទីស្រឡាញ់។ ហើយរាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាសហការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីសម្របសម្រួលទៅតាមពេលវេលា ដែលអាចធ្វើទៅបានដើម្បីចាត់ចែងនូវបុណ្យសពរបស់និស្សិត ដែលបានទទួលមរណភាពនោះ ឲ្យបានសមរម្យ។ រាជរដ្ឋាភិបាលនឹងខិតខំសម្របសម្រួលតាមលទ្ធភាពដែលអាចធ្វើទៅបានជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើមាតុភូមិនិវត្ដន៍របស់​សពនិស្សិតរបស់យើងមកកាន់ប្រទេសកម្ពុជា ដែលអាចឲ្យគ្រួសាររៀបចំបុណ្យទៅតាមប្រពៃណី។ ហើយកិច្ចការងារចាត់ចែងការត្រឡប់ និងធ្វើបុណ្យសពនេះជាបន្ទុករបស់រាជរដ្ឋាភិបាល។

ជាថ្មីម្ដងទៀត ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាប ជាពិសេសចំពោះនិស្សិត និងប្រជាពលរដ្ឋខ្មែរ​ដែលមានវត្ដមាននៅអ៊ីស្រាអែល និងក្រុមគ្រួសារនៅប្រទេសកម្ពុជា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ជាប់ជាប្រចាំអំពីសុវត្ថិភាពរបស់បងប្អូនយើងដែលកំពុងមានវត្ដមាននៅអ៊ីស្រាអែលនោះ និងខិតខំធ្វើការសម្រប​សម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែលឲ្យអស់លទ្ធភាព ដើម្បីធ្វើយ៉ាងណាធានានូវសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ​ខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល។

ខ្ញុំសូមជូនពរដល់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ដែលកំពុងមានវត្តមាននៅអ៊ីស្រាអែល សូមទទួលបាននូវសុវត្ថិភាពទាំងអស់គ្រប់ៗគ្នា៕

សារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងនិស្សិតដែលកំពុងស្ថិតនៅអ៊ីស្រាអែល

ផ្ញើជូន បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ជាពិសេសចំពោះមាតាបិតា អាណាព្យាបាលនិស្សិតដែលកំពុង​រស់នៅ និងសិក្សានៅអ៊ីស្រាអែល មានជាង ៤០០ នាក់។ មុននេះបន្ដិចសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី​នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារបន្ទាន់ ជម្រាបជូនជនរួមជាតិ និងវិធានការបន្ទាន់ ដែលត្រូវប្រកាន់យក​តាម​រយៈនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស រដ្ឋមន្ដ្រីកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ។

ខ្ញុំសូមយកឱកាសនេះអំពាវនាវដល់និស្សិត(កម្ពុជា)ដែលកំពុងរស់នៅអ៊ីស្រាអែល ខិតខំធ្វើយ៉ាងម៉េចការពារ សុវត្ថិភាពផ្ទាល់ខ្លួន ហើយស្ដាប់តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល។ ការប្រយុទ្ធលើកនេះ ជាការប្រយុទ្ធ​ទ្រង់​ទ្រាយធំ ដែលពុំធ្លាប់មានពីមុនមក ដែលក្រុមហាម៉ាសបានវាយលុកលើកម្លាំងអ៊ីស្រាអែល ដែលតម្រូវឲ្យ​កម្លាំងអ៊ីស្រាអែលត្រូវធ្វើការវាយបក ដើម្បីការពារប្រជាជននៅតំបន់នោះ រាប់ទាំងនិស្សិតរបស់យើង​ផង​ដែរ។ដូច្នេះ ខ្ញុំសូមស្នើឲ្យនិស្សិតយើងទាំងអស់រក្សាឲ្យបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ហើយស្ដាប់នូវបទបញ្ជារបស់អាជ្ញាធរ​អ៊ីស្រា​អែល សម្រាប់មាតាបិតា និងអាណាព្យាបាលនៅក្នុងប្រទេស សូមស្ងប់ស្ងៀមចិត្ត រាជរដ្ឋាភិបាលប្រាកដណាស់នឹងយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហានេះ។ បើទោះបីពេលនេះ ខ្ញុំមិនមែនជានាយករដ្ឋមន្ដ្រីក៏ដោយ ក៏ប៉ុន្ដែក្នុង​ឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំត្រូវមានភារកិច្ចដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយ​កង្វល់​ទាំងឡាយរបស់និស្សិត ដែលរស់នៅអ៊ីស្រាអែលផង និងដោះស្រាយនូវការព្រួយបារម្ភរបស់​មាតាបិតា អាណាព្យាបាលដែលនៅក្នុងប្រទេសផង។ សូមជនរួមជាតិមេត្ដារក្សានូវភាពស្ងប់ស្ងៀម និងសូមជឿជាក់ទៅលើ​សមត្ថភាពដោះស្រាយបញ្ហារបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីប្រឆាំងនឹងកម្លាំងភេរវកម្មរបស់ពួកហាម៉ាស នៃក្រុម​ប៉ាឡេស្ទីន យើងនឹងខិតខំធ្វើដើម្បីការពារអាយុជីវិតប្រជាជនរបស់យើងនោះគឺនិស្សិតរបស់យើងដែលកំពុង​សិក្សាជាង ៤០០ នាក់ នៅអ៊ីស្រាអែល។

ខ្ញុំសូមអំពាវនាវសាជាថ្មីម្ដងទៀត ឲ្យបងប្អូនអាណាព្យាបាល មាតាបិតានិស្សិតទាំងអស់ស្ងប់ស្ងៀមចិត្ត​ ហើយណែនាំ(ប្រសិនបើ)អាចទាក់ទងបានជាមួយកូនចៅនៅអ៊ីស្រាអែល គឺឲ្យខិតខំរក្សានៅការតាំងចិត្តម៉ឺងម៉ាត់ ហើយគ្មានការភិតភ័យ ដែលនឹងបង្កទៅជាបញ្ហាមួយផ្សេងទៀត។

ខ្ញុំសូមអរគុណជាមួយនឹងការយកចិត្តទុកដាក់ស្ដាប់ជាមួយសារនេះ ហើយយប់នេះ ខ្ញុំនឹងបន្ដតាមដាននូវរឿងនេះ​ជាមួយនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស រដ្ឋមន្ដ្រីកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត សូមអរព្រះគុណ  សូមអរគុណ៕

សារសំឡេងពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនជនរួមជាតិ ពិសេសជូនចំពោះប្រជាជន និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែល

ផ្ញើជូន ជនរួមជាតិទាំងអស់ជាទីមេត្រី​ ជាពិសេសជូនដល់បងប្អូនជនរួមជាតិខ្មែរដែលកំពុងមានវត្ដមាននៅអ៊ីស្រាអែល ដែលភាគច្រើនជានិស្សិតដែលកំពុងសិក្សា​នៅទីនោះ ក៏ដូចជាក្រុមគ្រួសារនៅប្រទេសកម្ពុជាបានជ្រាប

នៅថ្ងៃ​ទី៧ ខែតុលា ២០២៣ នេះ គឺមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់កាហ្សា ដែល​បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើនរយនាក់ ទាំងសងខាង។ បច្ចុប្បន្នយើងមានប្រជាពលរដ្ឋរបស់យើងខ្មែរ​ជាង ៤៥០ នាក់ ដែលកំពុងរស់នៅទីនោះ ភាគច្រើនជានិស្សិតកំពុងតែសិក្សា។ កិច្ចការងារនេះរាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ណាស់តាំងពីស្ថានភាពដែលផ្ទុះមក ខ្ញុំបានប្រគល់ភារកិច្ចឲ្យឯកឧត្តមរដ្ឋមន្ដ្រីក្រសួងការបរទេស រដ្ឋមន្ដ្រីក្រសួងកសិកម្ម ក៏ដូចជាស្ថាប័នសន្ដិសុខរបស់យើង ធ្វើការទាក់ទងជាប់ជាប្រចាំជាមួយនឹងអាជ្ញាធរអ៊ីស្រាអែល​ ដើម្បីខិតខំធ្វើយ៉ាងណាខិតខំជួយប្រជាពលរដ្ឋយើង ជាពិសេសនិស្សិតរបស់យើងនៅទីនោះឲ្យបានល្អ ដើម្បីថែ​រក្សា​នូវសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់។​ កិច្ចការងារនេះ គឺយើងបានតាមដានជាប់ជាប្រចាំ និងសម្របសម្រួល ហើយខ្ញុំផ្ទាល់ក៏បានទាក់ទងផ្ទាល់ជាមួយប្អូនៗជានិស្សិតដែលកំពុងនៅទីនោះមួយចំនួន ហើយក៏ដូចជាឯកឧត្តមរដ្ឋមន្ដ្រីការបរទេស ឯកឧត្តមរដ្ឋមន្ដ្រីកសិកម្ម និងស្ថាប័នចារកិច្ចរបស់យើងក៏បានធ្វើការជាមួយអ៊ីស្រាអែល​ ក៏ដូចជាទាក់ទងផ្ទាល់ជាមួយនិស្សិតយើង និងបងប្អូន ដែលកំពុងរស់នៅទីនោះ។

អញ្ចឹង ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើងដែលមានវត្ដមាននៅប្រទេសអ៊ីស្រាអែល ជាពិសេសប្អូនៗ ក្មួយ​ៗ ជានិស្សិត ដែលកំពុងរៀន​នៅទីនោះ សូមព្យាយាមរក្សានូវសុវត្ថិភាពរបស់ខ្លួន ជាពិសេសត្រូវអនុវត្ដតាមគោលការណ៍ណែនាំរបស់អាជ្ញាធរ​អ៊ីស្រាអែល ហើយដាក់ខ្លួននៅកន្លែងសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន ព្រោះស្ថានភាពច្របូកច្របល់ អញ្ចឹងត្រូវធ្វើយ៉ាង​ណាព្យាយាមខិតខំនៅក្នុងការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួននៅក្នុងទីតាំងសុវត្ថិភាព និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរ​អ៊ីស្រាអែល។

រាជរដ្ឋាភិបាលនឹងបន្ដតាមដានយ៉ាងយកចិត្តទុកដាក់លើកិច្ចការងារនេះ ហើយខិតខំឲ្យអស់លទ្ធភាព និងធ្វើការ​សម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើង ជាពិសេសប្អូនៗ ក្មួយៗ ​និសិ្សតនៅទីនោះទទួលបាននូវការការពារនូវសុវត្ថិភាពឲ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន។

ខ្ញុំសូមអរគុណ!

សេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ

 សេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

...................

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ការប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី ៧ តុលា ២០២៣ នេះបានបណ្តាលឱ្យមានអ្នករងរបួស និងស្លាប់ទាំងសងខាងជាច្រើននាក់។ 


ដោយឡែក នៅក្នុងប្រទេសអ៉ីស្រាអែលបច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើនជានិស្សិតកំពុងស្នាក់នៅ និងសិក្សាចំនួនប្រមាណ ៤៥០នាក់។ 


អនុវត្តតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បានធ្វើទំនាក់ទំនងជាប់ជាមួយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធរបស់អ៉ីស្រាអែល ដើម្បីជួយផ្ដល់ការការពារសុវត្ថិភាពដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។ 


រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់នូវសភាពការណ៍ប្រែប្រួលនៅក្នុងប្រទេសអ៉ីស្រាអែល និងសហការជាប់ជាប្រចាំជាមួយអាជ្ញាធរអ៉ីស្រាអែល ក្នុងគោលបំណងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ។


ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានកំពុងព្យាយាមទាក់ទងជាមួយប្រជាពលរដ្ឋខ្មែរ ជាពិសេសនិស្សិតរបស់យើងដែលកំពុងមានវត្តមាននៅអ៉ីស្រាអែល ដើម្បីភ្ជាប់ទំនាក់ទំនងនិងតាមដានអំពីសុវត្ថិភាព ក៏ដូចជាផ្ដល់ការសម្របសម្រួលជាមួយអជ្ញាធរអ៊ីស្រាអែល ដើម្បីជួយដល់ពួកគាត់ ឱ្យបានទាន់ពេលវេលានៅក្នុងដំណាក់កាលលំបាកនេះ។


សូមប្រជាពលរដ្ឋខ្មែរដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៉ីស្រាល ទាក់ទងតាមប្រព័ន្ធ Whatapps ឬ Telegram មកលេខទូរសព្ទ +85586881688 ដើម្បីរាជរដ្ឋាភិបាលអាចទទួលព័ត៌មានអំពីសុវត្ថិភាពរបស់បងប្អូនក៏ដូចជាការជួយផ្ដល់ការសម្របសម្រួលជួយឱ្យបានទាន់ពេលវេលា ក្នុងករណីចាំបាច់។


រាជរដ្ឋាភិបាល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅក្នុងប្រទេសអ៉ីស្រាអែល សូមស្តាប់តាមការណែនាំរបស់អាជ្ញាធរអ៉ីស្រាអែលឱ្យបានខ្ជាប់ខ្ជួនដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន ។ 


អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ដល់បងប្អូនជនរួមជាតិបានជ្រាបអំពីការវិវឌ្ឍន៍នៃស្ថានការណ៍នេះ៕