Pages

Thursday, August 18, 2022

សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយអេស្ប៉ាញ ចំនួន ៣០ម៉ឺនដូស


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ។ ពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព។

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងចំនួន ៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញនេះ បានដឹកមកដល់ប្រទេសកម្ពុជានៅវេលារំលងអាធ្រាត្រថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

ខាងក្រោមជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយអេស្ប៉ាញ៖










សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយអេស្ប៉ាញ ចំនួន ៣០ម៉ឺនដូស

នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ ។

នៅក្នុងពិធីប្រគល់ ទទួល វ៉ាក់សាំងនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយកម្ពុជាទទួលអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លានូវ វ៉ាក់សាំងកូវីដ-១៩ ប្រភេទហ្វស័រ (Pfizer) សម្រាប់កុមារ ចំនួន ៣០០.០០០ (ប៊ីសែន) ដូស ពីប្រជាជន និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រ អេស្ប៉ាញ ជូនដល់ប្រជាជន និង រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកស្រី គ្រីស្ទីណា អាហ្គូឡា (Cristina Aguilar) ភារធារីស្តីទីនៃស្ថានទូតព្រះរាជាណាចក្រអេស្ប៉ាញ ប្រចាំកម្ពុជា ។ សម្ដេចតេជោ បានលើកឡើងថា តាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវ និង ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំយុទ្ធនាការជាតិ ចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនដល់ប្រជាជន ជាពិសេសកុមារ ដែលជាទំពាំងស្នងឫស្សី និង ជាអនាគតនៃប្រទេសជាតិ, កម្ពុជាអាចត្រូវបានចាត់ទុកថាជាប្រទេសឈានមុខមួយ ក្នុងគ្រប់គ្រងការ- ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ហើយជាលទ្ធផល, ទោះបីជារលកថ្មីនៃការឆ្លងរាលដាលនៅបន្តមានក៏ដោយ, ក៏កម្ពុជា អាចបើកដំណើរការរបស់ប្រទេសឡើងវិញលើគ្រប់វិស័យ តាំងពីខែ វិច្ឆិកា ឆ្នាំ២០២១ និង អាចរក្សាប្រក្រតីភាពនៃដំណើរការសង្គម-សេដ្ឋកិច្ច ព្រមទាំងបានស្តា និង ជំរុញកំណើនឡើងវិញ ប្រកបដោយភាពរឹងមាំ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ សម្ដេចតេជោ បានបញ្ជាក់ថា សមិទ្ធផលទាំងនេះ សម្រេចបានតាមរយៈការចាក់វ៉ាក់សាំងដែលបានជួយបង្កើតជារនាំងការពារដ៏រឹងមាំ, ចូលរួមកាត់ផ្តាច់ការឆ្លងរាលដាល និងជាពិសេស បញ្ចៀសបាននូវការឈឺធ្ងន់ និង ការបាត់បង់អាយុជីវិត។ ជាក់ស្ដែង, កម្ពុជា មិនមានករណីស្លាប់នោះឡើយ ក្នុងរយៈពេលជិត ៤ ខែចុងក្រោយ រាប់ចាប់តាំងពីខែ មេសា ឆ្នាំ ២០២២ មកដល់ថ្ងៃនេះ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទោះជាយ៉ាងនេះក្តី, ជំងឺកូវីដ-១៩ មិនទាន់ឃ្លាតទៅណាឆ្ងាយពីយើងនោះទេ ដូច្នេះ កម្ពុជាក៏ដូចជាសកលលោកទាំងមូល ត្រូវបន្តយកចិត្តទុកដាក់ និង ខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ដោយស្មារតីបុរេសកម្ម និង ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការបន្ត និង ពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាជនគ្រប់រូប និង កុមារដែលមានអាយុពី ៣ ឆ្នាំឡើង ដែលនឹងបន្តដើរតួនាទីស្នូល ក្នុងការផ្តល់ការការពារដ៏រឹងមាំ និង មានប្រសិទ្ធភាពបំផុត តទល់នឹងការបំប្លែងខ្លួនថ្មីៗ និង មិនឈប់ឈរនៃជំងឺកូវីដ-១៩ ។
ក្នុងនាមប្រជាជន និង រាជរដ្ឋាភិបាលកម្ពុជា, សម្ដេចតេជោ បានសម្ដែងនូវអំណរគុណជូនចំពោះប្រជាជន និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រអេស្ប៉ាញ និង បណ្តាប្រទេសជាសមាជិផ្សេងទៀតនៃសហភាពអឺរ៉ុប ដែលបាន និង កំពុងបន្តចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ជំនួយវ៉ាក់សាំង ជាពិសេសម្រាប់កុមារ​និង ជំនួយបច្ចេកទេសផ្សេងៗ ជាបន្តបន្ទាប់ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងពីបញ្ហាប្រឈមជាសាកលដែលកំពុងកើតមានឡើងគួរអោយព្រួយបារម្មណ៍ ខណៈជំងឺកូវីដ-១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយ, ដែលបញ្ហាប្រឈមទាំងអស់នេះអាចបន្ទច់បង្អាក់សន្ទុះនៃការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល, ជាក់ស្តែង ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្តាល ត្រូវបង្ខំចិត្ដដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តកើនឡើងនៃអតិផរណាដែលការណ៍នេះអាចនឹងធ្វើឱ្យតម្រូវការសកលធ្លាក់ចុះ ហើយជាងនេះទៅទៀត, អតិផរណាខ្ពស់ ក៏បាន និងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើង ផងដែរ ។
សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថា ស្ថិតក្នុងកាលៈទេសៈដ៏លំបាក និង ពិបាកប៉ាន់ប្រមាណនេះ, យើងត្រូវការជាចាំបាច់នូវកិច្ចសហ-ប្រតិបត្តិការ និង ការចេះជួយគ្នាទៅវិញទៅមក ជាងពេលណាៗទាំងអស់ និង សូមលើកទឹកចិត្តឱ្យមានការចាត់ទុកសុខុមាលភាពរបស់ប្រជាជន និង សុខភាពសាធារណៈជាអាទិភាពខ្ពស់បំផុត,ប្រកាន់ខ្ជាប់ ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមក និង ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ។
សម្ដេចតេជោ បានលើកឡើងថា ក្នុងនាម ជាប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២២ នេះ, កម្ពុជានឹងខិតខំពង្រឹងសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ានក៏ដូចជារវាង អាស៊ាន-សហភាពអឺរ៉ុប និង រវាងអាស៊ាន-អេស្ប៉ាញ ផងដែរ ។
ជាទីបញ្ចប់, សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវយ៉ាងទទូចឱ្យប្រជាជនកម្ពុជា បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ«៣-ការពារ និង៣-កុំ» និង នាំគ្នាទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា និង ជូនពរ ដល់អង្គពិធីទាំងមូល ជាពិសេស រដ្ឋាភិបាលនៃព្រះរាជាណាចក្រអេស្ប៉ាញ និង សហភាពអឺរ៉ុប ឱ្យទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច ៕