Pages
Monday, December 06, 2021
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ
អភិបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ និងមនុស្សចាស់ត្រូវថែទាំសុខភាពឱ្យបានល្អ ពេលអាកាសធាតុចុះត្រជាក់ ការពាកុំឱ្យឆ្លងជំងឺកូវីដ និងការពារកុំឱ្យឆ្លងជំងឺផ្តាសាយ
ព្រះសីហនុ៖ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងនៅបរិវេណសាលាដុនបូសស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីទុកប្រើប្រាស់ក្នុងរដូវរងារ។
ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងមកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ មានចំនួន ៥០២នាក់ ក្នុងនោះ៖
-សង្កាត់លេខ១ ចំនួន ៣៨នាក់
-សង្កាត់លេខ២ ចំន ៤៣នាក់
-សង្កាត់លេខ៣ ចំនួន ១៤៨នាក់
-សង្កាត់លេខ៤ ចំនួន ២៧៣នាក់។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងក្នុងក្រុងព្រះសីហនុ។ សម្តេចតេជោបានធ្វើការណែនាំឱ្យអាជ្ញាធរពិនិត្យមើលប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង និងមានអាយុច្រើន ម្យ៉ាងដោយសារអាកាសធាតុចុះត្រជាក់ចាប់ពីដើមខែធ្នូនេះ ជាការគំរាមកំហែងដល់សុខភាពរបស់បងប្អូននៅក្នុងមូលដ្ឋាន។ ហើយជារៀងរាល់ឆ្នាំនៅពេលចុះខ្យល់ត្រជាក់ប្រជាពលរដ្ឋមានការឆ្លងនូវជំងឺផ្តាសាយ ក៏ប៉ុន្តែឆ្នាំកន្លងមក ក៏ដូចឆ្នាំនេះ កម្ពុជាក៏ដូចជាពិភពលោកទាំងមូលមានការគំរាមកំហែងនឹងជំងឺកូវីដ-១៩ ហើយនៅពេលចុះត្រជាក់ប្រជាជនយើងអាចប្រឈមនឹងជំងឺផ្តាសាយ។
ដូច្នេះយើងត្រូវការគ្រប់គ្រងជំងឺផ្តាសាយ និងជំងឺកូវីដទាំងអស់ គ្នា។ តាមការព្យាករណ៍កម្ពុជា មានការចុះត្រជាក់ជាងឆ្នាំកន្លងមក ទើបសម្តេចតេជោ បានធ្វើការណែនាំដល់អាជ្ញាធរយកអាវរងារ ភួយ ចែកជូនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ដើម្បីប្រើប្រាស់ពាក់រក្សាកំដៅ ទប់ទល់ នឹងភាពត្រជាក់ ហើយនេះជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់សម្តេចតេជោ ក៏ជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងដោះស្រាយឆ្លើយតបបានទាន់ពេលវេលា។
លោកអភិបាលខេត្ត ក៏បានកោតសរសើរដល់អាជ្ញាធរភូមិសង្កាត់ ក្រុមប្រឹក្សាសង្កាត់ គណៈអភិបាលក្រុងព្រះសីហនុ តែងតែគិតគូរពីការងារសន្តិសុខ សុវត្ថិភាព និងបរិស្ថាននៅមូលដ្ឋាន ជាពិសេស គឺសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា នៅក្នុងមូលដ្ឋាន និងស្វែងយល់ពីការលំបាក ការខ្វះខាតរបស់លោកយាយ លោកតាគ្រប់ពេលវេលា សូមលោកតាលោកយាយ បន្តគាំទ្រដល់ពួកគាត់ ដើម្បីគាត់មានលទ្ធភាពបំរើបងប្អូនបន្តទៀត។ ជាមួយគ្នានេះ លោកអភិបាលខេត្តព្រមទាំងបានអំពាវនាវដល់លោកយាយលោកតា ត្រូវថែទាំសុខភាពពេលអាកាសធាតុចុះត្រជាក់ត្រូវ ទី១.កុំឱ្យឆ្លងជំងឺកូវីដ ទី២.កុំឱ្យឆ្លងជំងឺផ្តាសាយ ត្រូវពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ជែល អាល់កុល និងរក្សាគម្លាតសុវត្ថិភាព ជាការ សំខាន់សម្រាប់ខ្លួនយើងក្រុមគ្រួសារកូនចៅរបស់យើងមានសុខភាពល្អ។
អំណោយដែលសម្តេចតេជោ ផ្តល់ជូនរួមមាន៖ អាវរងា ១ ភួយ ១ ក្រម៉ា ១ តែ ១កញ្ចប់ ស្ករស ១គីឡូក្រាម ទឹកគោខាប់ ៦កំប៉ុង នំ ១ប្រអប់ ម៉ាស់ ១០ និងថវិកា ៥ម៉ឺនរៀល៕
សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺផ្តោតការយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋជាសំខាន់គ្រប់កាលៈទេសៈ
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ អ្នកលឿង-ថ្នល់ទទឹង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានគិតពីសុខមាលភាពប្រជាពលរដ្ឋជារឿងសំខាន់នៅគ្រប់កាលៈទេសៈ។ ទាក់ទិនបញ្ហានេះ សម្តេចតេជោ បានជំរុញឱ្យមន្ត្រីអាជ្ញាធរ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើសុខភាពរបស់ប្រជាពលរដ្ឋក្នុងរដូវរងារនះ ដោយរហ័សចែកអាវរងារជូនប្រជាពលរដ្ឋ ជាពិសេសលោកតា លោកយាយ ជាមនុស្សចាស់ ជៀសវាងមានភាពរងារ អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដោយប្រការណាមួយ ដោយសាររដូវរងារ ហើយមិនបានដឹង មិនបានជួយទាន់ពេលវេលា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នេះជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយផ្តោតទៅលើសុខទុក្ខប្រជាពលរដ្ឋជាសំខាន់ ហើយដូចជាកម្មវិធីសង្គម ដែលផ្តល់អំណោយឧបត្ថម្ភជូនដល់គ្រួសារចំនួន ៧០ម៉ឺនគ្រសារ គឺនៅបន្តអនុវត្កកម្មវិធីជំនួយមួយនេះដដែល ទោះបីប្រទេសកម្ពុជា ជួបនឹងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ តែរាជរដ្ឋាភិបាលនៅបន្តផ្តល់ជំនួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋដដែល និងនៅមានកម្មវិធីអនុគ្រោះពន្ធផងដែរ៕
សម្ដេចតេជោ ហ៊ុន សែន ក្រើនរំលឹកឱ្យអាជ្ញាធរនិងប្រជាជនយកចិត្តទុកដាក់ថែរក្សាសុខភាពក្នុងពេលអាកាសធាតុចុះត្រជាក់
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារក្រើនដល់បងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះអាកាសធាតុចុះត្រជាក់ដែលតាមការព្យាករណ៍នឹងអូសបន្លាយរហូតដល់ខែកុម្ភៈឆ្នាំ២០២២។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ចុះជួយគ្រួសារដែលជួបការលំបាកនៅក្នុងពេលអាកាសធាតុចុះត្រជាក់ ដោយមានការចែកអំណោយទាំងអាវរងារ មុង ភួយ និងថវិកាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់ដល់សុខភាពសមាជិកក្នុងគ្រួសារក្នុងពេលចុះត្រជាក់ជាពិសេសតាយាយ និងឪពុកម្តាយចាស់ៗជាដើម។ សម្តេចបានបន្តថា នៅខាងអឺរ៉ុប និងប្រទេសមួយចំនួនទៀត មានការស្លាប់បាត់បង់ជីវិតដោយសារអាកាសធាតុចុះត្រជាក់នេះផងដែរ៕
សម្ដេចតេជោ ហ៊ុន សែន៖ មិនត្រូវទុកឱ្យប្រជាជនខ្មែរណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីប្រសាសន៍ប្តេជ្ញាចិត្តរបស់សម្តេចដែលបានលើកឡើងកាលពីឆ្នាំ១៩៨៥នៅក្នុងរដ្ឋសភាថា មិនត្រូវទុកឱ្យប្រជាជនខ្មែរណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ហើយការប្តេជ្ញាចិត្តនេះទទួលបានការគាំទ្រពីរដ្ឋសភា១០០%ដែលគាំទ្រលោកធ្វើជានាយករដ្ឋមន្រ្តីចាប់ពីពេលនោះមក។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ទោះបីបញ្ហាកូវីដ-១៩បានធូរស្បើយមែន ប៉ុន្តែនៅតែបន្តកម្មវិធីជំនួយសង្គមផ្សេងៗ ការអនុគ្រោះពន្ធទៅលើវិស័យប្រឈមនានាហើយថែមទាំងពង្រីកដល់មនុស្សចាស់ ពិសេសគឺប្រជាជនដែលក្រីក្រពិតប្រាកដ៕
ផ្សាយបន្តផ្ទាល់៖ សម្ដេចតេជោ ហ៊ុន សែន រួមជាមួយនឹង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង។ ព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១