Pages
▼
Wednesday, March 18, 2020
រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19)
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19)។
សូមអានសេចក្ដីសម្រេចទាំងស្រុងដូចខាងក្រោម៖
សូមអានសេចក្ដីសម្រេចទាំងស្រុងដូចខាងក្រោម៖
ទស្សនៈមិត្តអ្នកអាន៖ រួមគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 !
មកដល់ពេលនេះពិភពលោកទាំងមូលកំពុងខ្វាយខ្វល់ជាមួយជំងឺរលាកផ្លូវដង្ហើមថ្មី ឬហៅថា Covid-19 ។ មានប្រទេសចំនួន១៥០ហើយដែលត្រូវបានរាតត្បាតដោយជំងឺនេះ។ នៅប្រទេសកម្ពុជាយើងក៏មានអ្នកឆ្លងចំនួន៣៥នាក់ហើយគិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះ។ ដើម្បីឱ្យមានការប្រុងប្រយ័ត្នកាន់តែខ្លាំងនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយនាដើមសប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 បានរីករាលដាលខ្លាំងនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះនៅទូទាំងពិភពលោកក្រៅពីចិន ដែលបង្ខំឲ្យប្រទេសជាច្រើនចាត់វិធានការកាន់តែតឹងរ៉ឹង ក្នុងនោះមានទាំងការបិទព្រំដែន ដាក់ការរឹតបន្តឹងលើអ្នកដំណើរបរទេស ឬហាមពួកគេចូលក្នុងប្រទេសរបស់ខ្លួន និងបូករួមទាំងការបិទសាលារៀន ព្រមទាំងបំរាមគោចរក្នុងស្រុកជាដើម។
ជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសនេះ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលកម្ពុជា បាន និងកំពុងចាត់វិធានការដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានា និងធានាឱ្យបានក្នុងការគ្រប់គ្រង ព្យាបាលអ្នកជំងឺដែលភាគច្រើនគឺជាករណីចំលងនាំចូលពីក្រៅប្រទេសនាពេលនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរណែនាំឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ និងប្រជាពលរដ្ឋ បញ្ឈប់ការធ្វើដំណើរទៅអឺរ៉ុប អាមេរិក និងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាននោះ ដោយហេតុថាប្រទេសមួយចំនួនខាងលើកំពុងមានការរាលខ្លាំងបំផុតនៃជំងឺCovid-19នេះ។
ទោះបីជាចំនួនអ្នកផ្ទុកជំងឺCovid-19 នាពេលនេះនៅមានចំនួនតិចតួចនៅឡើយនៅក្នុងប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងចំនួនអ្នកជំងឺនៅប្រទេសជិតខាង តែរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈសម្បត្តិជាមុនរួចជាស្រេចដើម្បីឆ្លើយតបក្នុងករណីដែលមានការរាតត្បាតធ្ងន់ធ្ងរចេញពីសហគមន៍។ ជាក់ស្តែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំរេចជួលសណ្ឋាគារ Great Duck ដែលជាអតីតសណ្ឋាគារ អាំងទែរកុងទីណង់តាល់ ធ្វើជាទីតាំងមន្ទីរពេទ្យបណ្តោះអាសន្នដើម្បីត្រៀមទុកសំរាប់ព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងករណីដែលការឆ្លងមានទំហំធំ។ ទន្ទឹមគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានសហការគ្នាជាមួយក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ត្រៀមកំលាំងគ្រូពេទ្យ ទាំងគ្រូពេទ្យកងទ័ព និងពេទ្យនគរបាលដើម្បីជួយអប់រំ បង្ការ និងព្យាបាលអ្នកជំងឺនៅតាមអង្គភាពរបស់ខ្លួនក្នុងករណីចាំបាច់ទៀតផង។ ដោយឡែក មហាមិត្តចិនដែលមានបទពិសោធន៍ខ្ពស់ លើការប្រយុទ្ធប្រឆាំងនិងជំងឺ Covid-19នេះ ទទួលបានជោគជ័យនៅប្រទេសចិននោះ ក៏បានផ្តល់នូវជំនួយយ៉ាងទាន់ពេលវេលាដល់កម្ពុជា ជាប្រតិបត្តិករក្នុងការវិភាគរកជំងឺCovid-19នេះ និងសំភារៈវេជ្ជសាស្ត្រជាច្រើនទៀតរួចជាស្រេច។
ដើម្បីកាត់បន្ថយការឆ្លងនេះ រាជរដ្ឋាភិបាលកម្ពុជា បានសំរេចផ្អាកនៅទូទាំងប្រទេសនូវកម្មវិធីដែលមានការជួបប្រជុំមនុស្សនៅតាមទីសាធារណៈនានា ទាំងកម្មវិធីកំសាន្ត និងកម្មវិធីសាសនាផ្សេងៗក្នុងនោះមានទីតាំងច្រៀងខារ៉ាអូខេ ក្លិបកំសាន្ត រង្គសាល ការប្រគុំតន្ត្រី រោងភាពយន្ត ។ល។ ជាបណ្តោះអាសន្នមួយរយៈក្នុងស្ថានភាពដែលជំងឺ Covid-19 កំពុងរីករាលដាលជាសកលនាពេលនេះ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋកម្ពុជា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ក៏ត្រូវចូលរួម និងអនុវត្តឱ្យបានសកម្មនូវវិធានការ ការពារ និង ទប់ស្កាត់ ការឆ្លងនៃជំងឺ Covid-19 នេះ ដោយប្រតិបត្តិឱ្យបានតាមវិធានរបស់ក្រសួងសុខាភិបាល ក្នុងនោះរួមមានការពិនិត្យកំដៅដល់មន្ត្រីរាជការទាំងអស់មុនពេលចូលធ្វើការដោយប្រើម៉ាស៊ីនវាស់កំដៅ ត្រូវលាងដៃសំអាតជាប្រចាំ ជាមួយនិងទឹកអាល់កុលដែលបានដាក់នៅមាត់ច្រកចេញចូលកន្លែងធ្វើការ និងត្រូវបង្កើនអនាម័យផ្ទាល់ខ្លួន និងនៅកន្លែងធ្វើការតាមរយៈការលាងសំអាតដៃជាមួយទឹកអាល់កុល ឬទឹកសាប៊ូឲ្យបានញឹកញាប់ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងត្រូវរក្សាគម្លាតនៃការប្រាស្រ័យទាក់ទងគ្នាឱ្យបានចំងាយ ១,៥០ម៉ែត្រ ជាដើម ។
ទោះបីជាមានការខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងនេះក្តី ក៏នៅតែមានក្រុមប្រឆាំងផ្កាប់មុខ និងអ្នកវិភាគប្រឆាំងផ្កាប់មុខរត់ចោលស្រុក មិនបានមើលឃើញនូវកិច្ចខិតខំប្រឹងប្រែងនេះឡើយ ក្រុមអគតិទាំងនោះបែរជាបានទម្លាក់កំហុសនៃករណីឆ្លងមួយចំនួនតូចនៅកម្ពុជាថាជាការធ្វេសប្រហែសរបស់រាជរដ្ឋាភិបាល និងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញ ខណៈដែលប្រទេសនានាដែលមានបច្ចេកវិទ្យាទំនើបជាងកម្ពុជាបែរជាគ្មានសមត្ថភាពទប់ស្កាត់បាន និងមានការរាតត្បាតខ្លាំង និងមានអ្នកស្លាប់ជាច្រើននាក់ទៅហើយនោះទៅវិញ។ ការសំដែងមតិប្រឆាំងនៅគ្រប់រឿងមិនទំនងបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមើលឃើញកាន់តែច្បាស់ថាក្រុមប្រឆាំងទាំងនោះកាន់តែអស់តំលៃខ្លួន និងក្លាយទៅជាអ្នកវិភាគជជុះយ៉ាងពិតប្រាកដ។
ជារួម ក្នុងនាមជាខ្មែរដូចគ្នា ខ្ញុំសូមការយោគយល់ពីសំណាក់បងប្អូនជនរួមជាតិដែលកំពុងប្រកបរបរលក់ដូរស្បៀងអាហារ ថ្នាំសង្កូវ និងសំភារៈប្រើប្រាស់ដែលជាតំរូវការចំពោះមុខរបស់ប្រជាជនកម្ពុជាយើង សូមមេត្តាកុំលក់តំឡើងថ្លៃហួសហេតុដែលជាអំពើមិនគប្បី និងអមនុស្សធម៌សំរាប់សង្គមជាតិយើង។ សូមបងប្អូនដែលជាអាជីវករទាំងអស់មេត្តាផ្តល់នូវសេចក្តីស្រឡាញ់ ក្តីមេត្តា និងក្តីអនុគ្រោះប្រកបដោយសង្គហធម៌ចំពោះជាតិខ្មែរយើងទាំងអស់គ្នា និងជៀសវាងប្រព្រឹត្តនូវទង្វើអមនុស្សធម៌ណាដែលពិភពលោក និងសង្គមជាតិយើងទទួលយកមិនបាន។ ក្នុងនាមជាខ្មែរដូចគ្នា យើងត្រូវចេះជួយគ្នាក្នុងគ្រាមានអាសន្ន។ បើយើងស្រឡាញ់ជាតិយើង ស្រឡាញ់ប្រជាជនយើង សូមបងប្អូនហ៊ានលះបង់ ហ៊ានចែលរំលែក និងហ៊ានបំពេញនូវប្រយោជន៍ដល់គ្នាទៅវិញទៅមក និងមិនត្រូវបង្ហាញនូវភាពលោភលន់ ចង់មាន ចង់បាន ចង់រស់តែឯងក្នុងគ្រាដែលប្រទេសជាតិទាំងមូលជួបការលំបាកនោះទេ។ ប្រជាពលរដ្ឋយើងត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺCovid-19 ឱ្យទទួលបានជោគជ័យ៕
ដោយ៖ ពង្ស សុក្រឹត្យ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ប្រកាសថាអត្រានៃការឆ្លងជំងឺ Covid 19 នៅតាមសហគមន៍នឹងអាចកើតមានឡើង!
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បានប្រកាសថា រហូតម៉ោង ១០:៣០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្ពុជាយើងរកឃើញអ្នកជំងឺ COVID19 សរុបទាំងអស់ ចំនួន ៣៥ករណី។ ក្នុងនោះ ៣៤ករណី នាំចូលពីប្រទេសក្រៅ និង១ករណីប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា «យើងពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍ឡើយទេ តែលទ្ធភាព នឹងអាចកើតមានឡើង»។
ជាមួយនឹងការប្រកាសដូច្នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺ ក៏បានផ្សព្វផ្សាយនូវតារាងករណីឆ្លងជំងឺ Covid19 នៅក្នុងប្រទេសកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដែលបានកើតឡើង នៅ ១២ រាជធានីខេត្ត។ ក្នុងនោះ ភ្នំពេញ ច្រើនជាងគេ រហូតដល់ ៩នាក់ ក្រៅពីនោះ នៅខេត្តព្រះសីហនុ ម្នាក់។ ខេត្តសៀមរាប ២នាក់។ ខេត្តកំពង់ចាម ៣នាក់។ បាត់ដំបង ៤នាក់។ ព្រះវិហារ ២នាក់។ បន្ទាយមានជ័យ ២នាក់។ កំពង់ឆ្នាំង ៣នាក់។ កំពត ២នាក់។ ខេត្តត្បូងឃ្មុំ ២នាក់។ កែប ៤នាក់។ កោះកុង ម្នាក់៕
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ប្រកាសទាត់ចោលព័ត៌មានក្លែងក្លាយដែលថាលោកជួបគ្រោះតាមឧទ្ធម្ភាគចក្រ និងស្នើឱ្យសមត្ថកិច្ចចាត់ការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត
លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានប្រកាសច្រានចោលទាំងស្រុងចំពោះការចុះផ្សាយរបស់ក្រុមទុច្ចរិត ដែលបានផ្សាយព័ត៌មានមិនពិតនិងក្លែងក្លាយតាមបណ្តាញសង្គម Facebook ថា រូបលោកបានជួបគ្រោះតាមឧទ្ធម្ភាគចក្រនៅក្នុងសមយុទ្ធនាគមារវាងកងទ័ពកម្ពុជា-ចិន ដែលធ្វើឲ្យមានការភាន់ច្រឡំ និងចេតនាអាក្រក់ ព្រមទំាងស្នើឲ្យសមត្ថកិច្ចចាត់វិធានការយ៉ាងតឹងរឹងបំផុតតាមផ្លូវច្បាប់។
តាមរយៈ Facebook នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោក ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ព័ត៌មានអំពីគ្រោះថ្នាក់របស់ខ្ញុំ ដែលបានផ្សព្វផ្សាយដោយ News Fast ជាព័ត៌មានមិនពិត មានគោលបំណងបង្កការភាន់ច្រឡំ និងចេតនាអាក្រក់ណាមួយ។ ខ្ញុំសុខសប្បាយជាធម្មតាទេ សូមបងប្អូនជ្រាបជាព័ត៌មាន»។
ការចុះផ្សាយនេះ គឺជាព័ត៌មានមិនពិតដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ ដូច្នេះ សូមក្រសួងព័ត៌មានចាត់វិធានការទៅតាមផ្លូវច្បាប់ ជាធរមាន ចំពោះការលើកឡើងបែប ប្រមាថមាក់ងាយដល់ប្រមុខដឹកនាំក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមពី Facebook លោក ទៀ បាញ់៕
ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរព័ត៌មាន ខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួម ពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមន្រ្តីរាជការ តាមបណ្ដាក្រសួង មន្ទីរ អង្គភាពនានាយ៉ាងច្រើនកុះករ។
យោងប្រកាសលេខ ០៦៩ ព.ម ប្រក របស់ក្រសួងព័ត៌មាន សម្រេចតែងតាំងលោក លាង ទិតដ្ឋាន ប្រធានមន្ទីរស្តីទី ឱ្យចូលកាន់តំណែងជាប្រធានមន្ទីរព័ត៌មានថ្មី ខេត្តពោធិ៍សាត់ ខណៈដែលលោក ឡាយ ចេងលៀង ប្រធានមន្ទីរព័ត៌មានចាស់ ត្រូវបានចូលនិវត្តន៍។
ក្នុងពិធីនោះដែរ លោករដ្ឋមន្រ្តី បានធ្វើការណែនាំនិងផ្ដាំផ្ញើដល់លោកប្រធានមន្ទីថ្មីអោយយកចិត្តទុកដាក់ការងារហើយសាមគ្គីផ្ទៃក្នុងអោយស្អិតរមួតត្រូវចេះសិក្សាស្វែងយល់បន្ថែមនៅរាលព័ត៌មានថ្មីៗហើយត្រូវសហការជិតស្និតជាមួយបណ្ដាមន្ទីអង្គភាពនានាជុំវិញខេត្តស្ដាប់អាជ្ញាធរដែនដីដែលជាម៉ែជាឪដែលនៅជិតបំផុត៕
ស្ថានទូតចិនប្រចាំនៅកម្ពុជា ប្រកាសថា ចិនបានស្រាវជ្រាវរកឃើញវ៉ាក់សាំងជម្ងឺកូវីដ១៩បានយ៉ាងជោគជ័យ!
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ប្រទេសចិន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅប្រទេសកម្ពុជា បានអោយដឹងថា ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តរបស់ខ្លួនដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19យ៉ាងជោគជ័យ!
តាមរយៈស្ថានទូតដដែល ក៏បានលើកឡើងថា វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺហើយ។ តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និង ការផលិតក្នុងទ្រង់ទ្រាយធំ៕
ខាងក្រោមនេះជាសារទាំងស្រុងដែលបង្ហោះដោយស្ថានទូតចិនប្រចាំនៅកម្ពុជា៖