Pages
▼
Friday, January 22, 2016
អាស៊ានកំពុងខិតខំអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀត ខណៈឆ្នាំ២០១៥ ទទួលបានភ្ញៀវទេសចរ១០៥លាននាក់
ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី១៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ អាស៊ានបានដាក់ចេញនូវគោលការណ៍មួយចំនួន ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងតំបន់ ខណៈដែលឆ្នាំ២០១៥កន្លងទៅនេះ អាស៊ានទទួលបាន ភ្ញៀវទេសចរណ៍ប្រមាណ១០៥លាននាក់។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលបានដឹកនាំប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី១នេះ បានផ្សព្វផ្សាយថា ក្នុងកិច្ចប្រជុំនោះ អាស៊ានអនុម័តផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៥ ដែលមានចក្ខុវិស័យនៅឆ្នាំ ២០២៥ សំដៅធ្វើឲ្យអាស៊ានក្លាយជា គោលដៅទេសចរណ៍ប្រកបដោយគុណភាព ផ្តល់នូវបទពិសោធន៍ ដ៏វិសេសប្រកបដោយភាពសំបូរបែប និងដោយឈរលើ គោលការណ៍ការទទួលខុសត្រូវ និរន្តរភាពនិងគ្រប់ជ្រុងជ្រោយ ជាមួយនឹងការអភិវឌ្ឍ ទេសចរណ៍ដែលមានតុល្យភាព រួមចំណែកក្នុងការលើកកំពស់សុខមាលភាព សេដ្ឋកិច្ច-សង្គម របស់ប្រជាពលរដ្ឋអាស៊ាន។
អាស៊ានបានកំណត់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព តាមរយៈការអនុវត្ត ស្តង់ដារទេសចរណ៍សណ្ឋាគារបៃតងអាស៊ាន (ASEAN Green Hotel Standard) ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន ( ASEAN Clean Tourist Standard ដែលត្រូវចាប់ផ្តើមយកចិត្តទុកដា ចាប់ពីពេលនេះទៅ ដើម្បីឈានឆ្ពោះទៅការប្រកាស លទ្ធផលលើកទីមួយនៅ វេទិកាទេសចរណ៍អាស៊ាន ២០១៨ នៅប្រទេសថៃ) ស្តង់ដារផ្ទះស្នាក់អាស៊ាន (ASEAN Homestay Standard) ស្តង់ដារបង្គន់សាធារណអាស៊ាន (ASEAN Public Toilet Standard) ស្តង់ដារស្ប៉ាអាស៊ាន(ASEAN SPA and Wellness Standard) ស្តង់ដារទេសចរណ៍សហគមន៍នៃអាស៊ាន (ASEAN Community-Based Tourism Standard)។
ក្រៅពីនោះកិច្ចប្រជុំ ក៏បានកំណត់រៀបចំឆ្នាំទស្សនាអាស៊ាន ក្រោមប្រធានបទ “ទស្សនាអាស៊ាន ខួបលើកទី៥០” (Visit ASEAN@50) ដើម្បីអបអរសាទរខួបលើកទី៥០នៃការបង្កើតសមាគមអាស៊ាននៅឆ្នាំ២០១៧ទៀតផង៕
ជំនួបរវាងឯកឧត្តម ហោ ណាំហុង និងលោកជំទាវ អាយសេ ស៊ីនៀលីអូគ្លូ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិបានអនុញ្ញាតឱ្យលោកជំទាវ អាយសេ ស៊ីនៀលីអូគ្លូ (AYSE Sinirlioglu) ទីប្រឹក្សាជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិរបស់ប្រធានាធិបតីតួកគី (Sherpa) ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារនៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៦ នៅទីស្តី ការក្រសួង។
នៅក្នុងឱកាសនោះ លោកជំទាវ អាយសេ ស៊ីនៀលីអូគ្លូ បានរម្លឹកពីសំណើរបស់ ឯកឧត្តម រីសិប ថៃយីប អឺឌូហ្គាន់ (Recep Tayyip Erdoğan) ប្រធានាធិបតីតួកគី សូមអញ្ជើញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសំណើរបស់ ឯកឧត្តម មេវលូត សាវូសុកគ្លូ (Mevlüt Çavuşoğlu) រដ្ឋមន្រ្តីការបរទេសតួកគី សូមអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទៅបំពេញទស្សនកិច្ចនៅតួកគី ក្នុងឆ្នាំ២០១៦នេះ និងបានបញ្ជាក់ថា ទស្សនកិច្ចនេះនឹងបើកទំព័រថ្មីនៃការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកជំទាវបានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីពីសំណើរបស់ប្រធានា ធិបតីតួកគីសូមអញ្ជើញតំណាងជាន់ខ្ពស់របស់កម្ពុជាចូលរួម “កិច្ចប្រជុំកំពូលមនុស្ស ធម៌ពិភពលោកឆ្នាំ២០១៦” (World Humanitarian Summit 2016) នៅទីក្រុងអ៊ីស្តង់ប៊ូល (Istanbul) ពីថ្ងៃទី ២៣-២៤ ខែឧសភា ឆ្នាំ២០១៦ និងកិច្ចប្រជុំ “ការពិនិត្យឡើងវិញក្នុងពាក់កណ្តាលអាណត្តិនូវផែនការសកម្មភាពទីក្រុងអ៊ីស្តង់ប៊ូល” (Midterm Review of Istanbul Programme of Action) នៅទីក្រុងអន់តាល់យ៉ា (Antalya) ប្រទេសតួកគី នៅថ្ងៃទី ២៧-២៩ ខែឧសភា ឆ្នាំ២០១៦ ដើម្បីពិនិត្យការវាយតម្លៃការអនុវត្ត ផែនការសកម្មភាព ទីក្រុងអ៊ីស្តង់ប៊ូល របស់ប្រទេសមានការអភិវឌ្ឍតិច និងដៃគូអភិវឌ្ឍន៍។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ អាយសេ ស៊ីនៀលីអូគ្លូ បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នា អំពីការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបការទ្វេភាគី ពិសេសលើ ផ្នែកសេដ្ឋកិច្ច។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដូចជាការបង្កើតក្រុមប្រឹក្សាធុរកិច្ច និងគណៈកម្មការចម្រុះសហប្រតិបត្តិការសេដ្ឋកិច្ច សម្រាប់ជំរុញអនុវត្តន៍ឱ្យបានសម្រេចនូវ គោលដៅផ្លាស់ប្តូរពាណិជ្ជកម្មទំហំ ៥០០លានដុល្លារ ក្នុងឆ្នាំ២០២០។ ដោយឡែកក៏មាន ឯកសារមួយចំនួនទៀតដែលប្រទេសទាំងពីរបានចុះហត្ថលេខារួចហើយដូចជា កិច្ចព្រម ព្រៀងសេវាកម្មអាកាសចរណ៍ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទុន និងកិច្ចព្រមព្រៀងស្តីពីវិស័យទេសចរណ៍ ហើយនិងការត្រៀមចុះហត្ថលេខាលើអនុស្ស រណៈស្តីពីកិច្ចសហប្រតិបត្តិការការទូត កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការវប្បធម៌។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើការជំរុញការអនុវត្តឯកសារដែលបានចុះហត្ថលេខាខាងលើនេះ ជាអាទិ៍ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករបស់សភាពាណិជ្ជកម្ម (Chamber of Commerce) និងធុរកិច្ចជន ការបង្កើតឱ្យមានជើងហោះហើរត្រង់ និងការរៀបចំឱ្យមានការតាំងបង្ហាញផ្នែកទេសចរណ៍របស់កម្ពុជានៅប្រទេសតួកគី សំដៅជំរុញទេសចរណ៍ទួរគីឱ្យមកបំពេញ ទស្សនកិច្ចនៅ កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យតួកគីពិនិត្យលទ្ធភាពក្នុងការនាំចូលអង្ករ ពីកម្ពុជាដែលទទួលបានចំណាត់ថ្នាក់ជាអង្ករលេខ១នៅលើពិភពលោក ក្នុងរយៈពេល៤ឆ្នាំជាបន្តបន្ទាប់ ពីឆ្នាំ២០១២-២០១៥។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលទួរគី ដែលបានផ្តល់អាហារូបករណ៍សម្រាប់ការបណ្តុះបណ្តាលអ្នកការទូតវ័យក្មេងរបស់ កម្ពុជាចំនួន៩នាក់។
ជាមួយគ្នានេះភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាផងដែរ អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវេទិកាអន្តរជាតិ និងការរៀបចំ ឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់រវាងប្រទេសទាំងពីរ។
នៅក្នុងកិច្ចសន្ទនា លោកជំទាវបានសម្តែងការកោតសរសើរចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅកម្ពុជាផងដែរ៕
អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយអំពីផែនការការពារសុវត្ថិភាពប្រជាពលរដ្ឋ អំឡុងបុណ្យចូលឆ្នាំ ចិន-វៀតណាម
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រជុំស្តីពីការផ្សព្វផ្សាយផែនការការពារប្រជាពលរដ្ឋ នៅអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម សម្រាប់ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បានលើកយកបញ្ហាសំខាន់ៗមួយចំនួន ដាក់ឲ្យកម្លាំងក្រោមឱវាទទាំងអស់ត្រូវអនុវត្តឲ្យបាន។ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ដូចជា៖
១. ដោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម ជិតចូលមកដល់ អាវុធហត្ថរាជធានី ភ្នំពេញទាំងអស់ ត្រូវយកចិត្តទុកដាក់ពីឥឡូវទៅ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជាពិសេស ត្រូវឃ្លាំមើលតាមចាប់មុខសញ្ញា និង បក្សពួកជនល្មើសដែលនៅសេសសល់កន្លងមកឲ្យបាន។
២. កម្លាំងអាវុធហត្ថរាជធានីភ្នំពេញគ្រប់រូប ត្រូវមានក្រមសីលធម៌ សុជីវធម៌ គោរពសិទ្ធមនុស្ស គ្រប់ពេលបំពេញបេសសកម្មរបស់ខ្លួនទាំងក្នុងនិងក្រៅអង្គភាព។
៣. ត្រូវចះដាស់តឿនក្រើនរំលឹកក្រុមគ្រួសារបងប្អូនសាច់ញាតិ ព្រមទាំងខ្លួនឯងផ្ទាល់ ត្រូវគោរពនិងអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់ ពិសេសច្បាប់ចរាចរ ដើម្បីការពារសុវត្ថិភាព និងអាយុជិវិតរបស់យើងទាំងអស់គ្នា។
៤. ត្រូវលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា បំរើការពារប្រជាពលរដ្ឋ និងសុខ សន្តិភាពក្នុងសង្គម ជាពិសេសត្រូវស្មោះត្រង់ បំរើការពាររាជរដ្ឋាភិបាលស្របច្បាប់ នាពេលបច្ចុប្បន្ន និងទប់ស្កាត់ឲ្យខាងតែបាននូវរាល់ការប៉ុងប៉ងណាមួយដែលមានគោលបំណផ្តួលរំលំរាជរដ្ឋាភិបាល និងបំផ្លិចបំផ្លាញដល់ ស្ថេរភាពនយោបាយសុខសន្តិភាព ក្នុងសង្គមជាតិកម្ពុជា ជាដើម។
ក្រោយពីបញ្ចប់កិច្ចប្រជុំ លោក រ័ត្ន ស្រ៊ាង បានធ្វើការបើកចែកសម្ភារៈ ដែលបានដោះស្រាយទិញបំពេញបន្ថែមលើគោលរបប បំពាក់ជូនដល់នាយ នាយរង អាវុធហត្ថទាំងអស់ទូទាំងរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជំនួសឲ្យសម្ភារៈ ដែលប្រើប្រាស់ចាស់ឬខូចខាតកន្លងមក។ សម្ភារៈទាំងអស់នោះរួមមាន ៖ សម្លៀកបំពាក់កាត់ជូនថ្មីម្នាក់ ១កំប្លេរ, ស្បែកជើង កវែងម្នាក់១គូ, ខ្សែក្រវ៉ាត់, ម៉ូកប៉េរេខៀវ, មួកម៉ូតូ, ខ្សែសាំងតេរ៉ុង, អាវកាក់ពន្លឺ និងស្រោមអាវុធខ្លី K54 ម្នាក់១ឈុតដូចៗគ្នា៕
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជួបសាកសួរសុខទុក្ខប្រជាពលរដ្ឋបងប្អូនអាជីវករ នៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ
ល្ងាចថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញជួបសាកសួរសុខទុក្ខប្រជាពលរដ្ឋ ពិសេស បងប្អូនអាជីវករនៅក្នុង សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បន្ទាប់ពីបានស្តាប់ ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ ជំរាបពី ការអបអរសាទរចំពោះ ដំណោះស្រាយថ្មីៗ ដែលរាជរដ្ឋាភិបាល បានផ្តល់ជូនប្រជាពលរដ្ឋ និងបញ្ហាប្រឈម ការព្រួយបារម្ភរបស់ប្រជាជននៅមូលដ្ឋាន ដូចជា បញ្ហាសណ្តាប់ ធ្នាប់សាធារណៈ មុខរបរ ការរកស៊ីប្រចាំថ្ងៃ បញ្ហាគ្រឿងញៀន … ។ល។ សម្តេចភក្តី បានលើកសរសើរ ចំពោះការខិតខំ បំពេញភារកិច្ចការងារ ផ្តល់សេវា បំរើប្រជាជន ការដោះស្រាយបញ្ហាប្រឈម ទុក្ខកង្វល់ នៅក្នុងមូលដ្ឋានរបស់មន្ត្រី អាជ្ញាធរភូមិ សង្កាត់ ខ័ណ្ឌ និងការរួមសហការល្អពីប្រជាពលរដ្ឋ កន្លងមក ។ក្នុងឱកាសនោះដែរ សម្តេច ក៏បានជំរាបជូនអំពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងដោះស្រាយរាល់បញ្ហាទុក្ខកង្វល់របស់ប្រជាជន … ព្រមជាមួយ នេះដែរ សម្តេច ក៏បានសំណូមពរ សូមបងប្អូនអត់ធ្មត់ និងអាធ្យាស្រ័យចំពោះការដោះស្រាយមិនបានទាន់ពេលវេលា ឬមិនទាន់បានល្អ កន្លងមក និងសូមអាជ្ញាធរគ្រប់ថ្នាក់ បន្តខិតខំតទៅទៀត … មុននឹងជំរាបលា សម្តេចភក្តី បានឧបត្ថម្ភសម្រាប់ការងាររួមក្នុងសង្កាត់ ចំនួន ៣លានរៀល និងប្រជាពលរដ្ឋម្នាក់ៗផងដែរ … ៕