Pages
▼
Tuesday, November 11, 2014
អ្នកធ្វើការនៅវិទ្យុអាស៊ីសេរី ត្រូវបានគេដឹងថា ជាមេខ្លោងញុះញង់ និងជម្រុញឲ្យមានការបិទផ្លូវសាធារណៈ
ពលរដ្ឋសហគមន៍បឹងកក់៧នាក់
និងមនុស្សមួយចំនួនទៀត ដែលសមត្ថកិច្ចចាប់ខ្លួន
និងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ
ត្រូវបានគេទំលាយឲ្យដឹងថា ការបិទផ្លូវសាធារណៈនៅខាងមុខសាលារាជធានីភ្នំពេញកាលពីម្សិលមិញ
គឺប្រជាពលរដ្ឋធ្វើតាមការញុះញង់និងការជម្រុញដោយបង្ខំពីអ្នកធ្វើការឲ្យវិទ្យុអាស៊ីសេរីតែប៉ុណ្ណោះ។
ប្រភពច្បាស់ការពីមន្ត្រីតុលាការបានឲ្យដឹងថា
នៅពេលសាកសួរចម្លើយ អ្នកភូមិបឹងកក់ បានបញ្ជាក់ថា អ្នកធ្វើការឲ្យវិទ្យុអាស៊ីសេរី បានបង្ខំពួកគាត់
ដោយនិយាយថា « បើប្រជាពលរដ្ឋនាំគ្នាបិទផ្លូវខាងមុខសាលារាជធានីភ្នំពេញ
គឺពួកគេ( វិទ្យុអាស៊ីសេរី) » នឹងជួយផ្សព្វផ្សាយឲ្យ។
នេះមិនមែនជាលើកទី១ទេ គឺជានិច្ចកាលវិទ្យុអាស៊ីសេរី
ត្រូវបានគេដឹងថា នៅពីក្រោយខ្នងនៃអំពើញុះញង់
អុចអាល បះបោរ ជម្រុញឲ្យមានការប្រព្រឹត្តអំពើល្មើសច្បាប់នានា។
មិនត្រឹមតែប៉ុណ្ណោះ អ្នកដឹកនាំមួយចំនួនធ្វើការឲ្យវិទ្យុអាស៊ីសេរី
គឺភាគច្រើនជាសាច់ញាតិរបស់លោក កឹម សុខា
ហើយបុគ្គលិករបស់វិទ្យុអាស៊ីសេរីតែងតែទទួលនូវការណែនាំពីមេដឹកនាំគណបក្សប្រឆាំង
ដើម្បីផលិតព័ត៌មានមិនពិត និងបំពុលសាធារណៈមតិជាញឹកញាប់។ ដោយការបំរើនយោបាយឲ្យគណបក្សសង្គ្រោះជាតិនេះហើយ
ទើបវិទ្យុអាស៊ីសេរីតែងតែផ្សព្វផ្សាយនូវព័ត៌មានភូតកុហក ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈរបបអ្នកសារព័ត៌មានជាប់រហូតមក
ក្នុងអ្វីដែលគេដឹងយ៉ាងច្បាស់ថា បេសកកម្មដ៏ចម្បងរបស់វិទ្យុអាស៊ីសេរី
ក្រៅពីការផលិតព័ត៌មានបំភ្លើស លំអៀង គាំទ្រគណបក្សប្រឆាំង ដើម្បីបានទទួលប្រាក់ខែដ៏ច្រើនពីសហរដ្ឋមេរិក
វិទ្យុអាស៊ីសេរី មានទិសដៅរបស់ខ្លួនដ៏សំខាន់មួយទៀត គឺចេទនាបំផ្លាញស្ថិរភាពនយោបាយ
សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងមានបំណងរុញច្រាន សង្គមកម្ពុជាឲ្យធ្លាក់ចូលក្នុងសភាពវឹកវរចលាចល។
យោងតាមការប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ
ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១០
ខែវិច្ឆិកា ឆ្នាំ២០១៤ មានប្រជាពលរដ្ឋតំបន់បឹងកក់ប្រមាណ៤០នាក់
បានមកប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញ
ក្នុងគោលបំណងស្នើសុំឲ្យមានការដោះស្រាយបញ្ហាលិចទឹកតំបន់បឹងកក់
ហើយថា ចំពោះសំណើរនេះសាលារាជធានីភ្នំពេញ បានទទួលយក
និងកំពុងមានចំណាត់ការជាបន្តបន្ទាប់ក្នុងការដោះស្រាយទឹកចេញផុតពីការជន់លិចក្នុងតំបន់នោះ។
ប៉ុន្តែ ប្រជាពេលរដ្ឋទាំងនោះបានធ្វើសកម្មភាពតវ៉ាទាំងបំពានច្បាប់
ដោយបានប្រមូលផ្តុំគ្នាបិទផ្លូវព្រះមុន្នីវង្ស
ដែលស្ថិតនៅចំខាងមុខសាលារាជធានីភ្នំពេញ បង្កឲ្យមានការកកស្ទះជាខ្លាំងដល់ចរាចរណ៍សាធារណៈ ។
ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់
និងផលប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋទូទៅ
ទើបអាជ្ញាធរមានសមត្ថកិច្ចបង្ខំចិត្តចាត់វិធានការតាមផ្លូវច្បាប់ ។
យោងតាមច្បាប់ចរាចរណ៍ផ្លូវគោកមាត្រា៧៨ បានចែងយ៉ាងច្បាស់ថា ជនណាបានប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបកសគ្គដល់ចរាចរណ៍សាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ
ពីមួយ(១)ខែ ទៅមួយ(១)ឆ្នាំ និងពិន័យជាប្រាក់ ពីម្ភៃម៉ឺនរៀល ទៅពីរលានរៀល ។
គេនៅរង់ចាំមើលថា
តើបញ្ហានេះ នឹងត្រូវបានក្រុមប្រឆាំងពង្រីកសាច់រឿង និងបង្វែជាបញ្ហានយោបាយដោយវិធីយ៉ាងណាទៀតនោះទេ
ពីព្រោះ ករណីចាប់ខ្លួនប្រជាពលរដ្ឋតំបន់បឹងកក់ ក៏មានការបកស្រាយប្រាស់ចាកអំពីគោលការណ៍ច្បាប់ ដោយមន្ត្រីអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយចំនួន
បាននិយាយគាំទ្រទង្វើល្មើសច្បាប់ទាំងទទឹងទិសថា ការចាប់ខ្លួន ជាការបំបិទសិទ្ធិបញ្ចេញមតិ
និងជាការគំរាមកំហែងទៅលើក្រុមអ្នកតវ៉ា ប៉ុន្តែ ពួកអង្គការសង្គមស៊ីវិលទាំងនោះ
មិនបានលើកឡើងសូម្បីតែមួយម៉ាត់អំពីមេខ្លោងនៅពីក្រោយខ្នង និងទង្វើបំពានច្បាប់ នៃការបិទផ្លូវសាធារណៈ
ដែលនាំឲ្យមានការរំខាន និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់សង្គមនោះឡើយ៕