Pages
▼
Friday, June 06, 2014
សន្និសីទសារព័ត៌មាន ស្តីពីការបកស្រាយបំភ្លឺទៅនឹងនយោបាយបោកប្រាស់
សន្និសីទសារព័ត៌មាន ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ស្តីពីការបកស្រាយបំភ្លឺទៅនឹងនយោបាយបោកប្រាស់ និងការដុតកំហឹងជាតិសាសន៍ របស់គណកប្សប្រឆាំង
គណបក្សប្រឆាំងកំពុងបំបោងព័ត៌មានគ្មានការពិតដើម្បីមូលង្កាច់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល
ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានអង្គភាពព័ត៌ មាន និងប្រតិកម្មរហ័ស បានប្រតិកម្មទៅនឹងសម្តីរបស់ ប្រធាន អនុប្រធានគណបក្សសង្គ្រោះជាតិដែលនិយាយនៅវត្តសាមគ្គីរង្ស៊ីថា ជាការបំភ្លៃ និងបំផ្លើសការពិតផ្ទុយពីប ្រវត្តិសាស្ត្រ និងកត្តាច្បាប់។
ក្នុងឱកាសធ្វើសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា គណបក្សប្រឆាំងបាន និងកំពុងបន្តការឃោសនាមូលបង្កាច់ តាំងពីយុទ្ធនាការឃោសនាបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៥ នាពេលកន្លងមក រហូតមកទល់នឹងបច្ចុប្បន្ននេះ ដែលបានធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេស បង្ករនូវភាពអយុត្តិធម៌ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ឯកឧត្តមបានបញ្ជាក់ថា “នៅពេលឃោសនានោះមេដឹកនាំគណបក្សសង្គ្រោះជាតិនិយាយកុហក់សុទ្ធសាធ ប៉ុន្តែធ្វើដូចជា មែនទែនពីព្រោះនៅពេលទៅឃោសនានៅជនបទបានទាមទារអោយអង្ករឡើងថ្លៃ ដើម្បីឲ្យប្រជាពលរដ្ឋលក់អង្ករបានថ្លៃ ប៉ុន្តែនៅពេលពួកគាត់ទៅឃោសនានៅទីប្រជុំជនដែលមានទីក្រុងភ្នំពេញជាដើម បែរជានិយាយថា ទំនិញសព្វសារពើ ព្រមទាំងអង្ករថ្លៃណាស់ ហើយនៅពេលបាន ជាប់ឆ្នោតនឹងធ្វើឲ្យស្រូវអង្ករចុះថោក”។
ករណីដែលគណបក្សប្រឆាំង ប្តឹងកាកបាទក្រហមកម្ពុជា ទៅកាកបាទក្រហមអន្តរជាតិ នៅទីក្រុងហ្សឺណេវ ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋខេត្តក្រចេះដែលមានទំនាស់ដីធ្លី ឯកឧត្តម កែវ រេមី បានពន្យល់ថា ភារកិច្ចរបស់កាកបាទក្រហមមិនមែនជាការរកដីធ្លី រកផ្ទះសម្បែងជូនប្រជាពលរដ្ឋទេ ទាំងកាកបាទក្រហមអន្តរជាតិក៏ដោយ។
ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា បើសិនជាកាកបាទក្រហមកម្ពុជាដឹកនាំដោយសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធ្វើការងារមិនល្អទេ ការកចំណូលសម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះធម្មជាតិ សួរថា ទឹកលុយហ្នឹងកើនអត់? យើងពិនិត្យមើលការរកថវិកាសម្រាប់ជួយជនរងគ្រោះ មានការកើនឡើងរហូតជារៀងរាល់ឆ្នាំ។ បើសិនជាការចំណាយគ្មានតម្លាភាព ធ្វើការងារគ្មានសុច្ចរិតភាពត្រឹមត្រូវ ថវិកាហ្នឹងម៉េចនឹងអាចកើនបាន រហូតដល់កាកបាទក្រហមអន្តរជាតិគេកោតសរសើរកាកបាទក្រហមយើង(កម្ពុជា)។
ទាក់ទងទៅនឹងការចោទប្រកាន់របស់គណបក្សប្រឆាំងលើបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ពន្យល់ថា នៅពេលដែលកម្ពុជាមានទំនាស់ជាមួយថៃជាមួយរដ្ឋាភិបាលអភីសិត ពួកក្រុមជ្រុលនិយមថៃដែលចង់បានទឹកខ្មែរប្រាសាទព្រះវិហារ ដែលយើងកំពុងតស៊ូស្វិតស្វាញគ្រប់វិធានការណ៍ទាំងអស់ (ច្បាប់ ការទូត កងទ័ពឈរនៅព្រំដែន) គាត់ (គណបក្សប្រឆាំង) ទៅឈរជាមួយពួកជ្រុលនិយមថៃដែលចង់បានទឹកដីយើង ហើយមានអ្នកខ្លះទៀតទៅអង្គុយធ្វើសន្និសីទកាសែតនៅទីនោះ។ ទង្វើរបស់គណបក្សប្រឆាំងដែលមិនធ្វើការថ្កោលទោសប្រទេសថៃដែលឈ្លានពានកម្ពុជានាពេលកន្លងមកនោះ ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនអាចទទួលយកបាន។
ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ថា ទាក់ទងបញ្ហាព្រំដែននេះ ខ្ញុំស្កប់ចិត្តក្រោយពីបានស្តាប់នូវការបំភ្លឺរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងអង្គសភា កន្លងមកនេះ ឆ្លើយចំពោះឯកឧត្តម សុន ឆ័យ ឃើញថា ល្អ ហើយតថភាពដែលយើងមិនអាចប្រកែកបាន។ តាមពិតគាត់ (សម្តេចតេជោ) អត់ចង់បង្ហាញលាតត្រដាងនៅក្នុងរដ្ឋសភាទេ ពីព្រោះវាទាក់រឿងប្រវត្តិសាស្ត្រ ម៉េចអាចកែប្រែបាន បារាំងកាន់កាប់ទឹកដីយើងជិត១០០ឆ្នាំ។ “អ្វីដែលសម្តេចមានប្រសាសន៍នៅក្នុងសភា ខ្ញុំស្ងប់ចិត្តទទួលយកបាន ក្នុងនាមខ្ញុំជាខ្មែរម្នាក់ ពីព្រោះទឹកដីមិនមែនជារបស់នរណាម្នាក់ទេ គឺរបស់យើងគ្រប់រូបទាំងអស់គ្នា”។ ឯកឧត្តមបញ្ជាក់ថា អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស អាចនឹងចាក់ផ្សាយបន្តទៅទៀត ទាក់ទងប្រសាសន៍សម្តេចតេជោដែលបានបំភ្លឺជូនជនរួមជាតិក្នុងសភារយៈពេលជាង ៥ម៉ោង គ្រប់គ្រាន់ទាំងផ្លូវច្បាប់ ស្ថានភាព ភាពជាក់ស្តែងនៃការរស់នៅរបស់ប្រជាពលរដ្ឋទាំងពីរ ដែលរស់នៅតាមប្រពៃណី ទាក់ទងទៅនឹងប្រវត្តិសាស្ត្រ ទាក់ទងទៅនឹងរដ្ឋធម្មនុញ្ញឃើញថា គ្រប់គ្រាន់។
ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍បន្តថា បើសិនជារាជរដ្ឋាភិបាលអនុញ្ញាតឲ្យប្រទេសវៀតណាម ខិតបង្គោលព្រំដែនយកទឹកដីយើងស្រេចចិត្ត សួរថា តើយើងបង្កើតគណៈកម្មការព្រំដែនក្នុងការចរចាបោះបង្គោលតំរុយព្រំដែនហ្នឹងធ្វើអ្វី?។ សម្តេចបានមានប្រសាសន៍ហើយ បើសិនជាអាយ៉ងមែន មិនគិតទឹកដីទេ យើងបង្កើតគណៈកម្មាធិការចរចាធ្វើអី? គាត់(វៀតណាម) បោះអីបោះទៅ យកចូលត្រង់ណាចូលទៅ អាហ្នឹងបើសិនជាមិនគិតទឹកដី។
ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍បញ្ជាក់ថា នៅក្នុងប្រសាសន៍របស់សម្តេចទាក់ទងនឹងបូរណភាពទឹកដី អធិបតេយ្យភាព គឺជាភារកិច្ច កាតព្វកិច្ចចម្បងបំផុតរបស់រាជរដ្ឋាភិបាលដែលចាំបាច់ត្រូវតែធ្វើកិច្ចការនេះ។
ដោយឡែកចំពោះទឹកដីកូសាំងសីនកម្ពុជាក្រោម ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍រំលឹកឡើងវិញថា បានបាត់ទាំងស្រុងនៅក្នុងឆ្នាំ១៩៤៩ លោក (សម្តេចតេជោ) កើតក្នុងឆ្នាំ១៩៥២ ហើយស្រាប់តែចោទថា លោកធ្វើឲ្យបាត់បង់ទឹកដីកម្ពុជាក្រោម ទឹកដីកោះ។ ឯកឧត្តមលើកជាសំណួរថា តើយុត្តិធម៌ទេ យើងទាំងអស់គ្នាគប្បីពិចារណាចំណុចហ្នឹង។
ទាក់ទងរឿងប្រវត្តិសាស្ត្រអាណានិគមបារាំងកាន់កាប់ទឹកដីខ្មែរ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា យើងអត់មានព្រំដែនច្បាស់លាស់រវាងវៀតណាម ជាមួយយើងទេ លោក (សម្តេចតេជោ) បានមានប្រសាសន៍ហើយថា ព្រំដែនខ្មែរជាមួយអាណ្ណាម គឺជាខ្សែព្រំដែនបែងចែកតាមខ្សែរបស់រដ្ឋបាលរបស់បារាំងទេ ក្នុងការគ្រប់គ្រងបែបរដ្ឋបាល ហើយយើងមានព្រំដែនច្បាស់លាស់ជាមួយកូសាំងសីនលក្ខណៈអន្តរជាតិ ហើយមានបង្គោលបោះកាលណោះមាន ១២៤បង្គោល។
ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ថា ការលើកឡើងទាំងឡាយរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏ដូចជាលោក កឹម សុខា គឺជាការលើកឡើងដោយគ្មានមូលដ្ឋានថាពិត ហើយជាការលើកឡើងបែបមិនដឹងអីទាល់តែសោះ។ ទាក់ទងទៅនឹងការលើកឡើងថា នៅពេលគណបក្សសង្គ្រោះជាតិជាប់ឆ្នោតនឹងអនុញ្ញាតឲ្យខ្មែរកម្ពុជាក្រោមចេញចូលដោយ មិនបាច់មានលិខិតឆ្លង ដែននោះ ត្រូវបានឯកឧត្តម កែវ រ៉េមី បញ្ជាក់ថា ការលើកឡើងនោះហាក់ដូចជាមិនយល់អ្វីទាល់តែសោះ ព្រោះការចេញចូលពីប្រទេសមួយទៅប្រទេសមួយដោយប្រើលិខិតឆ្លងដែនគឺជា រឿងធម្មតា បើមិនដូច្នោះទេវានឹងក្លាយទៅជាអនាធិបតេយ្យ។
ទាក់ទិនការចោទប្រកាន់លើរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាថា មានបំណងសម្លាប់ខ្មែរតាមការបញ្ជារបស់វៀតណាមនោះឯកឧត្តម កែវ រ៉េមី បានអះអាងថា បើមានបំណងសម្លាប់ពូជសាសន៍ខ្មែរដដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនចាំបាច់កសាងកំលាំងដើម្បីរំដោះប្រទេសពីរបប ប៉ុល ពត ថាបាននឹងកំពុងកាប់សម្លាប់ប្រជាពលរដ្ឋខ្លួនឯងយ៉ាងសាហាវព្រៃផ្សៃនោះឡើយ។ ម្យ៉ាងទៀតក្រោយពីសង្គ្រោះ ឬរំដោះប្រទេសឲ្យរួចផុតពីរបបដ៏សាហាវយង់ឃ្នងនោះឡើយ សម្តេចតេជោបានគិតគូរដល់ប្រជាពលរដ្ឋ គឺបានធ្វើការអភិវឌ្ឍន៍ប្រទេសតាំងពីបាតដៃទទេ និងយកចិត្តទុកដាក់គ្រប់បែបយ៉ាងដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយភាពក្រីក្រពីមួយឆ្នាំទៅមួយឆ្នាំ ហើយរហូតមកមានអ្វីគ្រប់យ៉ាងដូចពេលបច្ចុប្បន្ននេះ។
ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា ការចោទប្រកាន់ ឬការលើកឡើងដោយគ្មានមូលដ្ឋានបែប នេះគឺជារឿងគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិក្នុងនាមជាថ្នាក់ដឹកនាំ។ ឯកឧត្តមបន្តថា នេះមិនទាន់បានឡើងកាន់អំណាចផង ចុះទម្រាំឡើងកាន់អំណាចទៀតនឹងទៅជាយ៉ាងណា?។ ដូច្នេះប្រទេសនីមួយៗមានការចាំបាច់ណាស់ចំពោះការជ្រើសរើសមេដឹកនាំ ដែលចេះទទួលខុសត្រូវមានមនុស្សធម៌នៅក្នុងខ្លួន។
ទាក់ទង ទៅនឹងការចោទប្រកាន់មួយទៀតដែលលោក កឹម សុខា បានលើកឡើងថា រដ្ឋាភិបាលបានរៀបចំឲ្យមានការស្លាប់លើស្ពានលើកោះពេជ្រកាលពីប៉ុន្មានឆ្នាំមុននោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍អះអាងថា នេះជាការលើកឡើងមួយដោយគ្មានមូលដ្ឋានទាល់តែសោះ ដោយបានបញ្ជាក់ថា ករណីផ្អើលជាន់គ្នាស្លាប់នេះបានកើតឡើងនៅតាមបណ្តាប្រទេសមួយចំនួន លើពិភពលោកដែលគ្មានអ្នកណាចង់ឲ្យកើតឡើងទេ ពីព្រោះការកើតឡើងនេះវា គ្មានចំណេញបន្តិចសោះដល់រាជរដ្ឋាភិបាល ប៉ុន្តែផ្ទុយទៅវិញជាការចំណេញដល់គណបក្សប្រឆាំង។ ឯកឧត្តមបានលើកជាឧទាហរណ៍អំពីគ្រោះថ្នាក់រត់ជាន់គ្នាស្លាប់រាប់រយ រាប់ពាន់នាក់ថា មាននៅគ្រប់ទីកន្លែង ដូចជា នៅប្រទេសអ៊ីរ៉ាក់ ឥណ្ឌា និងបណ្តាប្រទេសមួយចំនួនទៀត។
ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ឲ្យដឹងថា បញ្ហាមួយទៀតនៅពេលដែលទៅឃោសនានៅខេត្តសៀមរាបទាក់ទងទៅនឹងអាជ្ញាធរអប្សរា ដោយគាត់លើកឡើងថា ប្រសិនបើឈ្នះឆ្នោតនឹងឲ្យប្រជាពលរដ្ឋសង់លំនៅដ្ឋាននៅក្នុងតំបន់អង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរាដោយសេរី ប៉ុន្តែនៅពេលដែលនិយាយជាមួយអង្គការយូនីស្កូ បែរជានិយាយថាប្រសិនបើគាត់ដឹកនាំប្រទេសមិនឲ្យមានការធ្វើផ្ទះសម្បែងអនាធិបតេយ្យនៅក្នុងតំបន់អង្គរបែបនេះទេ៕
បទវិភាគនយោបាយ៖ កម្ពុជាក្រោម និងដែនដីអតីតកាល
រ័ត្ន សណ្ដាប់
នៅក្នុងសម្រែកបន្លឺទ្បើង យ៉ាងព្រោងព្រាតតាមបណ្ដោញព៌ត័មានសង្គម កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ ដែលបងប្អូនខែ្មរកម្ពុជាក្រោមបានធ្វើពិធី គម្រប់ ៦៥ឆ្នាំ នៃការបាត់បង់ទឹកដី កម្ពុជាក្រោម ក្នុងនោះខ្ញុំក៏បានចាប់អារម្មណ៍អ្វី ដែលពួកគេ រៀបចំប្រារព្វពិធីរំលឹកខួប ទឹកដីនោះ ដែលបានប្រព្រឹត្ដិនៅវត្ដសាមគ្គីរង្ស៊ី ក្នុងរាជធានីភ្នំពេញ ហាក់ញាំងចិត្ដខ្ញុំឲ្យនឹក ឃើញទៅដល់ រឿងរ៉ាវ ប្រវត្ដិសាស្រ្ដ កាលពីសម័យអាណាចក្របារាំង ដែលជាអាណានិគមលើប្រទេស ឥណ្ឌូចិន និងមក លើ ប្រទេសកម្ពុជា ពី « ឆ្នាំ១៨៦៣ ដល់ឆ្នាំ ១៩៥៣ » ពិសេសការសម្រេចរបស់បារាំង នៅឆ្នាំ១៩៤៩ ប្រគល់ទឹកដីមួយភាគធំជាចុងក្រោយ គ្របដណ្ដប់លើភូមិសាស្រ្ដចំនួន ២១ខេត្ដ ដែលហៅថា « កម្ពុជាក្រោម» នោះឯង ។
ព្រឹត្ដិការណ៍នៃការប្រារព្ធខួបនេះ បានប្រព្រឹត្ដទៅជារៀងរាល់ឆ្នាំ ក្រោយពីមានកិច្ចព្រម ព្រៀងសន្ដិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលបានចុះហត្ថលេខាព្រមព្រៀងរវាងប្រទេស១៨ ក្នុងនោះមានមហាអំណាចធំៗទាំង៥ រួមទាំងអង្គការសហប្រជាជាតិ និងប្រទេស វៀតណាម ផងដែរ ។
ខ្ញុំតែងតែតាមដានកម្មវិធីនេះ យ៉ាងយកចិត្ដទុកដាក់ ព្រោះជាបទពិសោធន៍មួយនៃ ប្រវត្ដិសាស្រ្ដ ដែលយើងជាខ្មែរត្រូវចងចាំនូវមេរៀនដ៏ជូរចត់នៃការបែកបាក់សាមគ្គីជាតិដែលបានកើតមានកាលពីអតីតកាល ប៉ុន្ដៃដែលបែរជា ធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល និងខកចិត្ដយ៉ាងខ្លាំងនាពេលនេះ គឺនៅពេលឃើញមេដឹកនាំ គណបក្សសង្រ្គោះជាតិយកវេទិកានេះ ទៅបំភ្លៃ ឲ្យទៅជា វេទិការបស់គណបក្សខ្លួនទៅវិញ ក្នុងន័យកេងចំណោញផលប្រយោជន៍ នយោបាយរបស់ខ្លួន ដោយធ្វើការបំភាន់មតិជាតិ និង អន្ដរជាតិ ញុំាងដល់សារព៌ត័មានបរទេសដែលបោះទីតាំងក្នុងស្រុកមួយចំនួន សរសេរពីរឿងនយោបាយ អធិបតេយ្យរបស់ប្រទេសប្រាសចាក ច្បាប់ជាតិ នឹងច្បាប់អន្ដរជាតិ ទាំងស្រុង។ មេដឹកនាំបក្សប្រឆាំងទាំងពីររូប លោកសម រង្ស៊ី និង លោក កឹម សុខា បានលើកចំណុចសំខាន់ៗមួយចំនួន ដែលញុំាំងដល់ការបញ្ជោះឲ្យមានកំហឹងរវាង ប្រជាជាតិនៃប្រទេសទាំងពីរ និងយកច្បាប់អន្ដរជាតិស្ដីពីព្រំដែនមកជាន់ឈ្លីនោះគឺ៖
- បានចោទថា រដ្ឋាភិបាលបច្ចុប្បន្ន បានអនុញ្ញាតឲ្យវៀតណាម រំកិលព្រំដែន។ ត្រង់ចំណុចនោះ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើការឆ្លើយបំភ្លឺយ៉ាងគ្រប់ជ្រុងជ្រោយ នៅក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ គឺរាល់ការចុះកិច្ចព្រមព្រៀងគ្នាពីបញ្ហាព្រំដែនកម្ពុជា តែងតែឈរលើគោលជំហរ ផែនទីដែលព្រះករុណាសម្ដេច ព្រះបាទនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) ព្រះអង្គបានយកទៅតម្កល់នៅអង្កការសហប្រជាជាតិនៅឆ្នាំ១៩៦៤។
- បានចោទរាជរដ្ឋាភិបាលថា បានអនុញ្ញាតឲ្យប្រជាជនវៀតណាម ហូរចូល មករស់នៅក្នុងប្រទេសកម្ពុជា។ ត្រង់ចំណុចនេះ ត្រូវបានគេនឹកឃើញដល់សំដីអួតកេ្អងក្អាងរបស់មេបក្សប្រឆាំងថា ពេលបក្សខ្លួនជាប់ឆ្នោត ខ្លួននឹងធ្វើច្បាប់អនុញ្ញាតឲ្យប្រជាជនវៀតណាមចំនួន២៥០០០០នាក់ឲ្យបានចូលសញ្ជាតិកម្ពុជា។ ត្រង់ចំណុចនេះ តើជា អ្វីទៅវិញ ?
- បានសន្សាថាបើបក្សប្រឆាំងជាប់ឆ្នោត និងធ្វើច្បាប់ឲ្យកម្ពុជាក្រោមទៅជាខេត្ដមួយ របស់ ព្រះរាជាណាចក្រកម្ពុជា។ ត្រង់ចំណុចនេះគឺកាន់តែធ្វើឲ្យខ្ញុំហួសចិត្ដទៅទៀត ព្រោះជាការ ប្រមាថជាន់ឈ្លីអធិបតេយ្យនៃប្រទេសនីមួយៗ ដែលផ្ទុយពីច្បាប់អន្ដរជាតិទាំងស្រុង។
ក្នុងនាមខ្ញុំជាអ្នកប្រវត្ដិសាស្រ្ដ ជាប្រជាពលរដ្ឋខ្មែរមួយរូប ដែលរស់នៅលើទឹកដី ដែលមាន អធិបតេយ្យពេញលេញ មានខ្សែព្រំដែនអន្ដរជាតិច្បាស់លាស់ ត្រូវបានសម្ដេចព្រះបាទនរោត្ដម សីហនុព្រះប្រមុខរដ្ឋ (ព្រះបរមរតនកោដ្ឋ) ដែលព្រះអង្គបានតម្កល់ទុកផែនទីរបស់ប្រទេសខ្មែរ នៅ អង្គការសហប្រជាជាតិកាលក្នុងឆ្នាំ ១៩៦៤កន្លង មកនេះ។ ការតម្កល់នេះ មានន័យយ៉ាង ជាក់ស្ដែងថា កម្ពុជាបានស្នើសុំឲ្យបណ្ដាលប្រទេសទាំងឡាយក្នុងពិភពលោកទទួលស្គាល់ព្រំដែន បច្ចុប្បន្នរបស់កម្ពុជា បន្ទាប់ពីឆ្លងកាត់សម័យសង្គ្រាមជាមួយប្រទេសជិតខាងកន្លងមក ឆ្លងកាត់ អាណានិគមរាប់ទស្សវត្សរ៍ ឆ្លងកាត់សង្គ្រាមលោកទាំងពីរលើកព្រះមហាក្សត្រខ្មែរ កាលណោះទ្រង់ ចង់ឃើញ ព្រះរាជាណាចក្រកម្ពុជាមួយ នៅគង់វង្សស្ថិតស្ថេរ តកូន តចៅ រៀងទៅ។
ជាការពិតណាស់នរណាក៏ដឹងដែរថា នាសម័យអង្គរ ពូជពង្សខ្មែរជាអាណាចក្រមួយ ធំធេង ណាស់ ល្បីរន្ទឺពាសពេញពិភពលោក ដែលជាអាណាចក្រមួយមានអនុភាពនៅក្នុងភូមិភាគ អាស៊ីអាគ្នេយ៍។ អាណាចក្រខ្មែរ ដោយសារតែមានវិបត្ដិផ្ទៃក្នុង ដោយសារតែការដណ្ដើមឥទ្ធិពល ពី ជាតិសាសន៍នៃប្រទេសជិតខាង ទើបមានព្រឹត្ដិការណ៍អាណានិគមន៍មកលើកម្ពុជាពីឆ្នាំ ១៨៦៣ នេះឡើង។ ក្នុងកាលៈទេសៈនោះ កម្ពុជាបានឆ្លងកាត់សង្គ្រាមដណ្ដើម ផលប្រយោជន៍នៃ ប្រទេសធំៗក្នុងពិភពលោក និងសង្គ្រាមក្នុងតំបន់ជាច្រើនលើក ច្រើនសារជាបន្ដបន្ទាប់ ដែលជាកត្ដាញ៉ាំងឲ្យមាតុភូមិដ៏បឋររបស់យើង ត្រូវបាត់បង់ដោយសារសេចក្ដីសម្រេច របស់អាណានិគម បារាំង។
បើងាកមកនិយាយពីប្រទេសទាំងទ្បាយ ដែលរស់នៅលើភូមិភាគអាស៊ីអាគ្នេយ៍កាល ណោះ ពុំមានបច្ចេកទេស និង ឯកទេសច្បាប់អន្ដរជាតិច្បាស់លាស់ ទើបការ បែងចែកខ្សែបន្ទាត់ព្រំដែនឲ្យមានលក្ខណៈជាអន្ដរជាតិ ដែលប្រទេសសាមីទាំងអស់អាចទទួលបាននោះ គឺអាស្រ័យទៅលើការចរចារ ពឹងផ្អែកទៅលើបច្ចេកទេសរបស់មហាអំណាចទាំងអស់ ក្នុងនោះរួមមាន បារាំង ជប៉ុន និងអាមេរិក។ល។
ក្នុងន័យនេះ តាមទស្សនៈរបស់អ្នកប្រវត្ដិសាស្ដ្រ ក៏ដូចជាអ្នកឯកទេសផ្នែកច្បាប់អន្ដរជាតិ ជំនាញខាងកំណត់ខ្សែបន្ទាត់ព្រំដែននោះ គឺពុំអាចបកក្រោយវិញបានឡើយ។ ខ្សែបន្ទាត់ព្រំដែនដែលចែកខ័ណ្ឌសីមា រវាងប្រទេសជិតខាងមួយ និងប្រទេសជិតខាងមួយ គឺត្រូវតែខិតខំថែរក្សាឲ្យបានភ្ជាប់ខ្ជួនចាប់ពីថ្ងៃចុះហត្ថលេខាដែលបានព្រមព្រៀងរួចហើយនះ។
ការព្រមព្រៀងលើខ្សែបន្ទាត់ព្រំដែនថ្មី តែងតែមានប្រទេសខ្លះត្រូវបាត់បង់ទឹកដីដូនតារបស់ ខ្លួននិងប្រទេសខ្លះបានកើនទំហំផ្ទៃដីរបស់ខ្លួន។ ឧទាហរណ៍ ខ្មែរបានដណ្ដើមមកវិញនូវខេត្ដ មួយចំរៀកបាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង។ល។ ដែលត្រូវសៀមដណ្ដើមយកនោះបង្ខំបង្វែរមកឲ្យខ្មែរវិញ ប៉ុន្ដែជាអកុសល គឺបារាំងបានសំរេចកាត់ដែនដីកូសាំងស៊ីន និងដែនដី កោះខ្មែរមួយចំនួនទៀតឲ្យទៅវៀតណាម។
ហេតុដូច្នោះហើយបានជាយើងឃើញថា ជនជាតិខ្មែររាប់លាននាក់ដែលគេហៅ រត់មាត់ថា ខ្មែរសូរិនបានស្ថិតក្នុងទឹកដីព្រះរាជាណាចក្រថៃ រីឯជនជាតិខ្មែររាប់លាននាក់ទៀត ដែលគេហៅថា ខ្មែរកម្ពុជាក្រោមនោះនៅក្នុងប្រទេសវៀតណាម។ ជាក់ស្ដែងយើងឃើញថា វប្បធ៌ម សាសនា ទំនាមទំលាប់ ប្រពៃណី អក្សរសាស្រ្ដរបស់ជនជាតិមួយ គឺមិនអាចក្លាយទៅជាជាតិសាសន៍ ដទៃទៀតបានឡើយ។
ខ្ញុំយល់ថា អ្វីដែលបានរៀបរាប់ខាងលើ មិនគួរពួកបក្សប្រឆំាងយករឿងរ៉ាវពីអតីតកាលមករក ស៊ីបោកប្រាសប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកដែលបានបោះឆ្នោតគាំទ្របក្សខ្លួន និង បោក ប្រាសបងប្អូនខ្មែរកម្ពុជាក្រោម និងអុចបញ្ជោះកំហឹងនៃជនជាតិទាំងពីរគឺខ្មែរ និង វៀតណាម ដែលបច្ចុប្បន្នកំពុងរស់នៅយ៉ាងសុខក្សេមក្សាន្ដជាប្រទេសជិតខាងគ្នានោះទេ។ ព្រោះ ថាអ្វីៗដែល អតីតអ្នកដឹកនាំរបស់ខ្មែរយើងក្ដី របស់ប្រទេសជិតខាងក្ដី ក្រោមការសំរបសំរួល របស់មហាអំណាច នាពេលនោះក្ដី គឺចង់ឃើញប្រជាជន ប្រជាជាតិទាំងអស់ចេះរស់នៅជាមួយគ្នា យោគយល់គ្នា រកស៊ីជាមួយគ្នា ដោយសន្ដិភាពក្នុងរង្វង់ខ្សែបន្ទាប់ព្រំដែនមួយដែលជាខ័ណ្ឌ សីមាអន្ដរជាតិ។
បទអត្ថាធិប្បាយ ៖ សម្តីបំភ្លើសការពិតរបស់មេបក្សប្រឆាំង គឺដើម្បីបិទបាំងនូវភាពបរាជ័យ
ទោះបី
ជាបក្សប្រឆាំងខំប្រឹងបើកយុទ្ធនាការ បំពុលបរិយាកាសនយោបាយទាំងនៅក្នុង
និងក្រៅប្រទេស ក៏លទ្ធផលរបស់ពួកគេ ត្រូវទទួលបរាជ័យជាបន្តបន្ទាប់។ នយោបាយអុចអាល
ញុះញង់ប្រជាពលរដ្ឋឲ្យធ្វើបាតុកម្មនៅក្នុងប្រទេស
ក៏ត្រូវសហគមន៍អន្តរជាតិមិនគាំទ្រ ហើយត្រូវបានប្រទេសទាំងនោះ
ជំរុញឲ្យមានការចរចានយោបាយវិញទើបជាការប្រសើរ។
មកដល់ពេលនេះរាជរដ្ឋាភិបាលអាណត្តិទី៥
បានដឹកនាំប្រទេសជិតមួយឆ្នាំទៅហើយ និងមិនមានការជាប់គាំង សេដ្ឋកិច្ច
ឬការមិនទទួលស្គាល់ពីបណ្តាប្រទេសនានា ដូចការស្រែកអះអាងរបស់
បក្សប្រឆាំងឡើយ។ ជាក់ស្តែង ពីធីប្រកាសប្រគល់
ទទួលបដិមា បីអង្គត្រូវបានប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី
នាពេលថ្មីៗនេះ ពិតជាកើតចេញពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ
ហ៊ុន សែន និងដោយមានការចូលរួមជាដៃគូ និងការទទួលស្គាល់រាជរដ្ឋាភិបាលស្របច្បាប់អាណត្តិទី៥នេះ
ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក
អង្គការយូណេស្កូ សាលាបារាំងចុងបូព៌ា(EFEO) និងអ្នកជំនាញដទៃទៀតជាច្រើននាក់ផងនោះ ទើបឈានដល់ការប្រកាសប្រគល់បដិមាដ៏ធំទាំងបី គឺ ទុរយោធន៍ ភីម និង ពលរាម ត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញ
ដោយសុវត្ថិភាព បន្ទាប់ពីវត្ថុបុរាណទាំងនោះបានបាត់បង់ទៅអស់រយះពេលជាង៤០ឆ្នាំ
។
ជោគជ័យថ្មីមួយទៀត
របស់រាជរដ្ឋាភិបាល គឺពិធីបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៣របស់
គណៈកម្មាធិការអន្តរជាតិ
សម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (អាយ ស៊ី ស៊ី អង្គរ)
នៅខេត្តសៀមរាប ដែលមានការចូលរួមពីបណ្តាប្រទេសជាច្រើនលើពិភពលោក។
ដូច្នេះ តើជារាជរដ្ឋាភិបាលបច្ចុប្បន្ន មិនស្របច្បាប់ដូចបក្សប្រឆាំងឃោសនាដែរឬទេ?
ដោយសារតែភាពចចេស
រឹងរូស មានៈ មិនព្រមទទួលស្គាល់នូវបរាជ័យ ពីការបោះឆ្នោតរបស់ខ្លួន
មេបក្សព្រះអាទិត្យទាំងពីរនាក់ កាន់តែក្រពុលមុខ ម្លោះហើយតែងឆ្លៀតយកគ្រប់វេទិកា
វាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ដោយភ្លេចគិតពីប្រយោជន៍ជាតិ
។ វោហាសាសន៍របស់ លោក កឹម សុខា និងលោក សម រង្ស៊ី ដែលបាននិយាយនៅវត្តសាមគ្គីរង្សី
កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ ថ្មីៗនេះ គឺជាសម្តីឥតខ្លឹមសារ
គ្មានគិតពីអធិបតេយ្យជាតិ បន្តនយោបាយភូតកុហក
សន្យាខ្យល់ជាមួយប្រជាពលរដ្ឋម្តងហើយម្តងទៀត។
លោក សម រង្ស៊ី សន្យាទៀតហើយថា
ប្រសិនបើគណបក្សខ្លួនឈ្នះ នឹងអនុញ្ញាត្តិឲ្យខ្មែរក្រោម ដែលបច្ចុប្បន្ន
គឺជាប្រជាជនវៀតណាម រស់នៅអតីតកម្ពុជាក្រោមចូលមកទឹកដីកម្ពុជាដោយសេរី
មិនចាំបាច់មានលិខិតស្នាម ឬលិខិតឆ្លងដែនអ្វីទាំងអស់ ហើយសន្យាផ្តល់អត្តសញ្ញាណប័ណ្ណឲ្យគ្រប់ៗគ្នាថែមទៀតផង
ទន្ទឹមពេលដែលខ្លួនទៅជួបប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផ្សេងៗនិយាយថា
បើខ្លួនឈ្នះនឹងមិនអនុញ្ញាត្តិឲ្យជនជាតិវៀតណាមហូរចូលកម្ពុជា
ជាដាច់ខាត ឬថានឹងប្រើច្បាប់អន្តោប្រវេសន៍្ត ចំពោះពួកគេ
ឬលើកពីការបន្លំចុះឈ្មោះឲ្យជនជាតិវៀតណាម ដើម្បីបានបោះឆ្នោត។ល។ នយោបាយឡប់ៗ ម្តងទៅមុខ ម្តងថយក្រោយ មិនច្បាស់លាស់បែបនេះ តើប្រជាពលរដ្ឋគួរបោះឆ្នោតឲ្យដឹកនាំប្រទេសដែរឬទេ?
តាមពិត
វាជាពាក្យដើម្បីបិទបាំងនូវការបរាជ័យរបស់បក្សសង្គ្រោះជាតិតែប៉ុណ្ណោះ។
ចំណែក លោក កឹម សុខា
វិញ រឹតតែពុលទឹកមាត់ថែមទៀត។ ដើម្បីឲ្យលើសលោកប្រធាន សម រង្ស៊ី
ក្នុងន័យទាក់ទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋ លោកបាននិយាយរហូតដល់ហ៊ានស្នើច្បាប់ក្នុងរដ្ឋសភា
ដើម្បីឲ្យប្រជាជនវៀតណាមទាំងនោះមករស់នៅក្នុងទឹកដីកម្ពុជា ដោយស្របច្បាប់ទៀតផង។
ចំណុចនេះបញ្ជាក់ថា ដោយសារតែភាពចង់ឈ្នះ ចង់ឡើងកាន់អំណាច
និងដើម្បីកេងចំណេញខាងនយោបាយ លោក កឹម សុខា ហ៊ានយកអធិបតេយ្យជាតិ
ទៅសន្យាដោះដូរ ដោយបើកចំហរឲ្យខ្មែរក្រោម ដែលជាប្រជាជនវៀតណាម ហូរចូលមកកម្ពុជាដោយសេរី
។ ឧបមាថា បើបក្សសង្គ្រោះជាតិ កាន់អំណាច នៅពេលដែលឈ្នះឆ្នោត ហើយប្រសិនបើ
រដ្ឋាភិបាលវៀតណាម បញ្ជូនជនជាតិរបស់គេ ពីតំបន់ផ្សេងៗទៀត
មករស់នៅតំបន់កម្ពុជាក្រោម ហើយធ្វើលិខិតបញ្ជាក់ថាពិតជាខ្មែរក្រោម
ពេលនោះជនជាតិវៀតណាម អាចមករស់នៅយ៉ាងស្របច្បាប់ ដូចការសន្យារបស់
លោក កឹម សុខា និងលោក សម រង្ស៊ី ជាមិនខាន។ តើពួកលោកទាំងពីរ
ជាអ្នកស្នេហាជាតិ ឬជាអ្នករៀបគម្រោងលក់ជាតិឲ្យវៀតណាម ដោយឈាមត្រជាក់?
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ពិចារណាឲ្យបានច្បាស់លាស់ ចំពោះនយោបាយ
បោកប្រាស់ ភូតកុហក សន្យាខ្យល់ របស់មេបក្សទាំងពីរ។
មេបក្សទាំងពីរ
ថែមទាំងបានបំភ្លើសអំពីរឿងឧបទ្ទវហេតុនៅស្ពានកោះពេជ្រថាជាគម្រោង
សម្លាប់មនុស្សរបស់រាជរដ្ឋាភិបាលថែមទៀត ។ ពាក្យចោទប្រកាន់ថា
រាជរដ្ឋាភិបាលបានបង្កើតព្រឹត្តិការណ៍សម្លាប់ខ្មែរនៅកោះពេជ្រ និងមានគោលបំណងសម្លាប់នៅពេលថ្ងៃបុណ្យអ៊ុំទូក
ដើម្បីយកហេតុការណ៍បំបិទចោលពិធីបុណ្យអ៊ុំទូក គឺជាបទបរិហារបំភ្លើសការពិត
របៀបប្រជាភិថុត ដើម្បីកេងចំណេញនយោបាយ សុទ្ធសាធ។ ការចោទប្រកាន់ដោយងងើលបែបនេះ
មិនគួរអត់ឱនដោយផ្លូវច្បាប់ឡើយ យើងសង្ឃឹមថារាជរដ្ឋាភិបាល
នឹងពិនិត្យមើលអំពីការចោទប្រកាន់តាមផ្លូវច្បាប់ចំពោះជន
ដែលបាននិយាយមួលបង្កាច់ បំភ្លើសការពិតនោះ។
ការផ្អាកប្រារព្ធពិធីបុណ្យអ៊ុំទូក គឺជាការចូលរួមរំលែកព្រះរាជមរណៈទុក្ខ
ចំពោះការចូលទីវង្គតរបស់អតីតព្រះមហាវីរៈក្សត្រនៃយើង
ដែលព្រះអង្គមានគុណបំណាច់ដ៏ខ្ពង់ខ្ពស់មិនអាចកាត់ថ្លៃបានចំពោះប្រទេសជាតិ។
ម្យ៉ាងទៀត ការផ្អាកនូវព្រះរាជពិធីបុណ្យនេះម្តងទៀត កាលពីឆ្នាំ២០១៣ ក៏ដើម្បីបច្ចៀសនូវអសន្តិសុខរបស់ប្រទេស
ដែលទើបតែបានរៀបចំនូវការបោះឆ្នោតសកលហើយដែលត្រូវគណបក្សប្រឆាំងបង្កព្យុះភ្លៀង
ហេតុនេះរាជរដ្ឋាភិបាលផ្អាកធ្វើពិធីនៅខាងមុខព្រះបរមរាជវាំង ប៉ុន្តែ
អនុញ្ញាតិអោយប្រជាពលរដ្ឋធ្វើពិធីនោះនៅតាមបណ្តាខេត្តជាធម្មតា
វាមិនមែនជាការអាក់ខានប្រារព្ធពិធីដោយសារវៀតណាមជាអ្នកបញ្ជាមកលើរាជរដ្ឋាភិបាល
ដូចការចោទប្រកាន់នោះទេ។
ជារួម ការលើកឡើងរបស់លោក កឹម សុខា និងលោក សម រង្ស៊ី គឺជារឿងភូតកុហក
ដើម្បីទាក់ទាញប្រជាប្រិយភាព នៅគ្រប់វេទិកាដែលខ្លួនបានចូលរួមតែប៉ុណ្ណោះ
ដោយមិនបានគិតពីកិត្តិយសរបស់ខ្លួន បន្តិចសោះឡើយ។ រហូតមកដល់ពេលនេះ
ការសន្យាខ្យល់របស់មេបក្សប្រឆាំង គឺបានត្រឹមនៅតែជាពាក្យសន្យាខ្យល់ដដែល
ហើយសូម្បីតែក្រុមតំណាងរាស្ត្ររបស់ខ្លួន ក៏អស់កម្លាំងកាយ
កម្លាំងចិត្ត ក្នុងការចុះមូលដ្ឋានដែរ ព្រោះម្នាក់ៗរីងខ្លួនអស់ទៅហើយ
ដោយការនាំគ្នាដើរតត្រុកតាមមេៗរបស់ពួកគេ៕
ដោយ ៖
ពង្ស សុក្រឹត្យ