Pages

Tuesday, June 03, 2014

ឯកឧត្តម​​បណ្ឌិត​​សភា​ចារ្យ​អញ្ជើញ​​ជា​​អធិ​បតី​ ស្វាគមន៍​​ការ​​វិល​​មក​​ទីឋាន​​កំណើត​​របស់​បដិមា​ ទុរយោធន៍ ភីម និង​ ពលរាម​ ដែល​​បាន​​បាត់​​បង់​​កាល​​ពី​​ជាង ៤០​ឆ្នាំ​មុន​

“បន្ទាប់​ពី​ដំណើរ​ដ៏​វែង​ឆ្ងាយ​ជាង​ ៤០ឆ្នាំ ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល ការ​លួច ការ​ជួញ​ដូរ​ខុស​ច្បាប់​ និង​ការ​ធ្វើ​ដំណើរ​ទូទាំង​ពិភពលោក នៅ​ពេល​នេះ បដិមា​ទាំង ៣ បាន​ទទួល​នូវ​សេរី​ភាព និង​បាន​ត្រឡប់មក​កាន់​ទីឋាន​កំណើត​របស់​ខ្លួន​វិញ​ហើយ “ នេះ​ជា​ប្រសាសន៍​វាយ​តម្លៃ​របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ នា​រសៀល​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៤ ក្នុង​ពិធី​ស្វាគមន៍​ការ​វិល​ត្រឡប់​មក​វិញ​នៃ​បដិមា​ទាំង​៣ ​នៅ​វិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី។

វត្តមាន​ចូលរួម​នៅក្នុង​ពិធី​នេះ​ដែរ គឺ​មាន លោក Jeff Daigle អនុប្រធានបេសកកម្មនៃស្ថានទូត​សហរដ្ឋ​អាមេរិក លោក Walter Timoshuk ប្រធានសារមន្ទីរ Norton Simon ​លោក Martin Wilson សហ​ប្រធាន​សាកល​ផ្នែក​កិច្ចការ​ច្បាប់ និង​ហានិភ័យ លោក​ស្រី Sandra Cobden អគ្គមេធាវី និង​លោកស្រី Dadhya Jain-Patel ប្រធាន​លក់​ផ្នែក​វត្ថុសិល្បៈឥណ្ឌា និង​អាស៊ី​អាគ្នេយ៍ នៃ​ក្រុមហ៊ុន Christie’s អន្តរជាតិ និង​លោកស្រី អាឡឺម៉េស តំណាង​អង្គការ​យូណេស្កូ ប្រចាំ​នៅ​កម្ពុជា​។

ក្នុង​នាម​តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នា​យក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​ថា បដិមា​ដ៏​ធំ នៃ​ដៃ​គូ​ប្រយុទ្ធ​គ្នា​ គឺ ទុរយោធន៍ និង​ ភីម រួម​ជាមួយ​នឹង​ ពលរាម ដែល​ជា​សាក្សី​នៃ​ឆាក​ប្រយុទ្ធ​ដ៏អស្ចារ្យ​នោះ បាន​ត្រឡប់​មក​កាន់​ទីឋាន​កំណើត​របស់​ខ្លួន​វិញ ដោយ​សារ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រកប​ដោយ​ជោគ​ជ័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​តេជោ ហ៊ុន សែន ដោយ​មានការ​ចូល​រួម​ជា​ដៃគូ​ជា​មួយ​​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក អង្គការ​យូណេស្កូ សាលា​បារាំង​ចុង​បូព៌ា (EFEO) និង​អ្នក​ជំនាញ​ដទៃ​ទៀត​ជា​ច្រើន​នាក់។

​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បដិមា​ ទុរយោធន៍ ត្រូវ​បាន​ប្រគល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​កាល​ពី​ខែឧសភា ឆ្នាំ​២០១៤ នៅ​ទីក្រុង​ញូវយ៉ក បន្ទាប់​​ពី​ជោគ​ជ័យ​នៃការ​តស៊ូ​ក្តី​ដែល​រៀប​ចំ​ឡើង​ដោយ​ការិយាល័យ​អគ្គ​រដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក​​ប្រចាំ​តំបន់ Southern District of New Youk រួម​ជាមួយ​នឹង​ការ​គាំទ្រ​យ៉ាង​សកម្ម​របស់​ក្រុម​អ្នក​ច្បាប់​កម្ពុជា ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ច័ន្ទ តានី។

បដិមា ភីម ដែល​សារមន្ទីរ Norton Simon ​នៅ​ទីក្រុង Pasadena រដ្ឋ California ​បាន​ទិញ​នៅ​ក្នុង​ឆ្នាំ​១៩៧៦ ក៏​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ទីឋាន​កំណើត​របស់​ខ្លួន​វិញ តាម​រយៈការ​ចរចា​ដោយ​ផ្ទាល់​ដ៏​វែង​អន្លាយ ប៉ុន្តែ​ប្រកប​ដោយ​ភាព​យោគ​យល់​គ្នា​ជា​មិត្ត​ភាព រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សារមន្ទីរ​រួច​មក។ ទន្ទឹម​នឹង​នេះ​ដែរ បដិមា ពលរាម ក៏​បាន​ត្រឡប់​មក​វិញ តាម​រយៈ​ការ​ព្រម​ព្រៀង​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុម​ហ៊ុន​ដេញ​ថ្លៃ Christie’s។

ទាក់​ទង​នឹង​ការ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កំណើត​របស់​បដិមា​ទាំង​ ៣នេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ថ្លៃ​នេះ គឺ​ពិត​ជាថ្ងៃ​មួយ​ដ៏វិសេស​វិសាល ដែល​ឆ្លុះ​បញ្ចាំង​អំពី​សមិទ្ធផល​មួយ​ដ៏​សំខាន់​នៃ​គោល​នយោបាយ​របស់​យើង ដើម្បី​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​អនុវត្ត​យ៉ាង​សកម្ម​ និង​ខ្ជាប់​ខ្ជួន នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ “អនុសញ្ញា​អង្គការ​យូណេស្កូឆ្នាំ​១៩៧០ ស្តីពី​ការ​ហាម​ប្រាម និងការ​ទប់​ស្កាត់​ការ​នាំ​ចូល ការ​នាំ​ចេញ និង​ការ​បញ្ជូនដោយ​ខុស​ច្បាប់​នូវ​សម្បត្តិ​វប្បធម៌”។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ថ្លែង​អំណរគុណ និង​កោត​សរសើរ​ ​​ ដល់​​ភាគី​ពាក់​ព័ន្ធ ពិសេស​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ទីក្រុងភ្នំពេញ ចំពោះ​ការគាំទ្រ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ជួញ​ដូរ​ខុស​ច្បាប់ និង​ឆន្ទៈ​ដ៏​មុះមុត​ក្នុងការ​លើក​កម្ពស់​មិត្តភាព និង​សហ​ប្រតិបត្តិការ​រវាង​ប្រជាជាតិ​ទាំងពីរ (កម្ពុជា-សហរដ្ឋ​អាមេរិក)។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​ជឿជាក់​ថា មិន​មែនគ្រាន់​តែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ គឺពិភព​លោក​ទាំង​មូល ដែល​នឹង​មាន​សេចក្តី​រីក​រាយ ចង់​ឃើញនូវ​ទីបញ្ចប់​នៃការបែក​ខ្ញែក​នៃ​ក្រុម​បដិមា​ដ៏មានសារ​សំខាន់ និង​ការ​វិល​ត្រឡប់​មក​ទីឋាន​កំណើត​របស់​បដិមា​ទាំង​នេះ។

ទន្ទឹម​នឹង​ការ​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា ​នឹង​បន្ត​យុទ្ធ​នាការ​ទាមទារ​យក​ត្រឡប់​មក​វិញ​នូវ​បដិមា​ចំនួន ៣​ទៀត ដែល​នៅ​បាត់​នៅ​ឡើយ ដើម្បី​បង្ក្រប់​​ឆុត​ឆាក​នេះ​ឡើង​វិញ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​​អំពាវនាវថា រាជរដ្ឋាភិបាល​កម្ពុជា​សូម​អំពាវ​នាវ​ដល់​សារមន្ទីរដទៃទៀត និងអ្នករក្សាទុកវត្ថុបុរាណ​នៅ​ទូទាំង​ពិភពលោក​ទាំង​អស់ សូម​ធ្វើ​តាម​គំរូ​នេះ ដោយ​ប្រគល់​វត្ថុ​បុរាណ​ដែលត្រូវ​បាន​លួច​ទៅ​ឱ្យ​ម្ចាស់​ដើម​ពិត​ប្រាកដ​វិញ ជា​ផ្នែកមួយ​នៃយុទ្ធនាការ​សកល​ដើម្បី​ការពារសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌។

មាន​ប្រសាសន៍​ក្នុង​ពិធី​ស្វាគមន៍​ការ​វិល​ត្រឡប់​មក​វិញ​នូវ​បដិមា ៣អង្គ​នេះ លោក Walter Timoshuk ប្រធានសារមន្ទីរ Norton Simon និង លោក Martin Wilson សហប្រធានសាកល​ផ្នែក​កិច្ចការ​ច្បាប់ និង​ហានិភ័យ បាន​សម្តែង​ទឹក​រីក​រាយ​ក្នុង​ការ​ចូល​រួម​ចំណែក​នាំ​យក​បដិមា ទាំង​៣ មកកាន់​ប្រទេស​កម្ពុជា​វិញ។ ដោយ​ឡែក លោក Jeff Daigle អនុប្រធាន​បេសក​កម្ម​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​ចាត់​ទុក​ការ​វិល​ត្រឡប់​មក​កាន់​ប្រទេសកម្ពុជា ​នៃ​បដិមា​៣ នា​ថ្ងៃ​នេះ​ជា​តំណាង​​ភាពរឹងមាំ​នៃការ​រីក​ចម្រើន​ក្នុង​ភាព​ជា​ដៃគូ​ជាង ២ទសវត្ស​កន្លង​ទៅ រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា ក្នុង​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌ជាតិ។

សូម​បញ្ជាក់​ថា ក្រៅ​ពី​បដិមា​ទាំង​៣ ខាង​លើ​នេះ ​​បដិមា២ ទៀត នៅក្នុងក្រុមតែមួយនេះគឺ សហទេព និង នកុល ដែល​ជាទេវរូបពីរ​អង្គក្នុង​ចំណោម​បងប្អូន បណ្ឌវ ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ដោយ​សារមន្ទីរ Metropolitan នៅទីក្រុងញូវយ៉ក កាលពីខែមិថុនា ឆ្នាំ២០១៣ កន្លងទៅ នៅ​អំឡុង​សម័យ​ប្រជុំ​លើក​ទី៣៧ នៃ​គណៈកម្មាធិការបេតិក​ភណ្ឌ​ពិភពលោក។ ដែល​ធ្វើ​ឲ្យ​បដិមា​ក្នុង​ឈុត​ឆាក​ប្រយុទ្ធ​ដ៏​ល្បី​ល្បាញ​មួយ នៅ​ក្នុង​រឿង​ទេវកថា​សាសនា​ហិណ្ឌូ មហា​ភារតៈ ដែល​ព្រះ​បាទ​ជ័យរវ្ម័ន​ទី៤ សម្រេច​ឲ្យ​កសាង​ក្នុង​រជ្ជកាល​ព្រះ​អង្គ ចំនួន​៩ ឥឡូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន៦ ហើយ​។

នៅ​ក្នុង​ពិធី​ស្វាគមន៍​ការ​វិល​មក​វិញ​នូវ​បដិមា​ទាំង​៣ នេះ ក៏​មាន​ការ​បំពាក់​គ្រឿងឥស្សរិយសព្រះ​រាជាណាចក្រកម្ពុជាជូន​ ដល់​អ្នក​មាន​ស្នាដៃ និង​គុណ​បំណាច ក្នុង​ការ​នាំ​បដិមា៣ មក​កាន់​ព្រះ​រាជាណាចក្រកម្ពុជា​វិញ​ផង​ដែរ៕

សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន តំណាង​ដ៏ខ្ពង់​ខ្ពស់ សម្តេចអគ្គ​ម​ហាសេនា​បតី​តេជោ ហ៊ុន សែន​​នាយក​រដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា ពិធីប្រគល់បដិមា ទុរយោធន៍ ភីម និងពលរាម

រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា​ ឆ្នាំ២០១៤

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ថ្ងៃនេះ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុង​ពិធី​ស្វាគមន៍​​ការវិលត្រឡប់មកវិញ​នៃបដិមា​ទាំង​បី​នេះ​​មក​កាន់​​មាតុភូមិរបស់យើង នាពេលនេះ។ ដំណើររឿងនេះ​​បានចាប់ផ្ដើមតាំងពីជាងមួយពាន់​ឆ្នាំ​មុន​ម្ល៉េះ នៅ​ពេល​ដែល​ព្រះបាទ​ជ័យវរ្ម័នទី៤​ បាន​សម្រេចឱ្យ​គេ​​ឆ្លាក់​រូបពិព័ណ៌នាអំពីឈុតឆាក​ប្រយុទ្ធ​​​ដ៏ល្បី​ល្បាញ​​មួយ នៅក្នុងរឿងទេវកថា​សាសនា​ហិណ្ឌូ មហា​ភារតៈនៅលើប្រាសាទចិន ដែល​ជាប្រាសាទ​មួយ​​ក្នុងចំណោម​ប្រាសាទនានារបស់ព្រះអង្គ។ បន្ទាប់​​​ពី​ដំណើរដ៏វែងឆ្ងាយជាង​៤០​ឆ្នាំ ឆ្លងកាត់​សង្គ្រាម​​ស៊ីវិល ការលួច ការជួញដូរខុសច្បាប់​ និងការធ្វើដំណើរទូទាំងពិភពលោក នៅពេលនេះ បដិមា​ទាំងបី​បានទទួល​នូវ​សេរីភាព​និងបានត្រឡប់មកកាន់ទីឋាន​កំណើត​របស់ខ្លួនវិញ​ហើយ​។

បដិមាដ៏ធំនៃដៃគូប្រយុទ្ធគ្នាគឺ ទុរយោធន៍ និង ភីម រួមជាមួយ​នឹង ពលរាម ដែលជា​សាក្សី​នៃឆាកប្រយុទ្ធដ៏អស្ចារ្យនោះ បាន​ត្រឡប់​មកកាន់​ទីឋានកំណើត​របស់ខ្លួនវិញ ដោយសារ​កិច្ច​ខិត​ខំប្រឹងប្រែងប្រកបដោយជោគជ័យ​របស់រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំប្រកប​ដោយ​គតិ​បណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដោយ​មាន​ការចូលរួមជាដៃគូជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក អង្គការយូណេស្កូ សាលា​បារាំង​ចុងបូព៌ា(EFEO) និងអ្នក​ជំនាញ​ដទៃទៀត​ជាច្រើន​នាក់​។

បដិមា ទុរយោធន៍ ត្រូវបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាវិញកាលពីខែមុន​នៅទី​ក្រុង​ញូវ​​​យ៉ក បន្ទាប់ពីជោគជ័យនៃការតស៊ូក្ដីដែលរៀបចំឡើង​ដោយការិយាល័យអគ្គរដ្ឋអាជ្ញា​សហ​រដ្ឋ​​អាមេរិកប្រចាំតំបន់ Southern District of New York រួមជាមួយនឹងការគាំទ្រយ៉ាងសកម្ម​របស់​ក្រុម​អ្នក​ច្បាប់​កម្ពុជា ដែលដឹកនាំដោយឯកឧត្តម ច័ន្ទ តានី។

រីឯបដិមា ភីម ដែលសារមន្ទីរ Norton Simon នៅទីក្រុង Pasadena រដ្ឋ California បានទិញនៅក្នុងឆ្នាំ១៩៧៦ ក៏ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ទីឋាន​កំណើររបស់ខ្លួនវិញដែរ បន្ទាប់ពី​មាន​កិច្ចចរចារដោយផ្ទាល់ ដ៏វែងអន្លាយ ប៉ុន្តែប្រកប​ដោយភាពយោគយល់គ្នាជាមិត្តភាព រវាង​រាជរដ្ឋាភិបាល​កម្ពុជា និងសារមន្ទីររួចមក។ ទន្ទឹម​នឹងនេះដែរ បដិមា ពលរាម ក៏បានត្រឡប់ មកវិញ តាមរយៈការព្រមព្រៀងគ្នារវាងរាជរដ្ឋាភិបាល​កម្ពុជា និងក្រុមហ៊ុនដេញថ្លៃ Christie’s។

យើង​មាន​ក្ដី​សោមនស្ស​រីករាយជាខ្លាំង ដោយមានការចូលរួម​នៅក្នុងពិធីថ្ងៃនេះពី ​លោក Jeff Daigle អនុប្រធានបេសកកម្ម​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក លោក Walter Timoshuk ប្រធាន​សារមន្ទីរ Norton Simon និងពីលោក Martin Wilson សហប្រធានសាកល​ផ្នែក​កិច្ចការ​ច្បាប់​និងហានិភ័យ លោកស្រី Sandra Cobden អគ្គមេធាវី និងលោកស្រី Dadhya Jain-Patel ប្រធានលក់​ផ្នែកវត្ថុសិល្បៈ​ឥណ្ឌា​និង​អាស៊ី​អាគ្នេយ៍ នៃក្រុមហ៊ុន Christie’s អន្តរជាតិ។

បដិមាពីរទៀត នៅក្នុងក្រុមតែមួយនេះគឺ សហទេព និង នកុល ដែលជាទេវរូបពីរ​អង្គ​ក្នុង​ចំណោម​បងប្អូន បណ្ឌវ ត្រូវបាន​បញ្ជូន​ត្រឡប់មកកាន់ប្រទេស​កម្ពុជាវិញ ដោយសារមន្ទីរ Metropolitan នៅទីក្រុងញូវយ៉ក កាលពីខែមិថុនា ឆ្នាំ២០១៣ កន្លងទៅ នៅអំឡុងសម័យប្រជុំ​លើក​ទី​៣៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ បដិមាទាំងបីដែលទើបបញ្ជូនមកថ្មី​នេះ​នឹងត្រូវដាក់បង្ហាញជាសាធារណៈ រួមជាមួយ​នឹងបដិមាទាំងពីរ នៅសារមន្ទីរជាតិកម្ពុជា ដោយ​ត​​ភ្ជាប់​ទៅ​នឹងជើងទម្ររៀងៗខ្លួន។

ឥឡូវនេះ ការពិតនានាត្រូវបានរកឃើញ ហើយដំណើរផ្សងព្រេងដ៏វែងឆ្ងាយ​ត្រូវបាន​បញ្ចប់​នៅទីនេះ។ និមិត្តរូបដ៏មានតម្លៃ​នៃបេតិកភណ្ឌរបស់យើងនេះ​ បានជួប​ម្ចាស់​ដើម​ពិតប្រាកដ​របស់​ខ្លួន​វិញហើយ។

ថ្ងៃនេះ គឺពិតជាថ្ងៃមួយដ៏វិសេសវិសាល ដែលឆ្លុះបញ្ចាំងអំពីសមិទ្ធផល​មួយ​ដ៏សំខាន់​នៃ​គោល​នយោបាយ​​របស់យើងដើម្បីការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ដែលរាជរដ្ឋាភិបាលកម្ពុជា​បាន​និង​កំពុងអនុវត្តយ៉ាងសកម្ម​និងខ្ជាប់ខ្ជួន នៅក្នុងក្របខ័ណ្ឌនៃ «អនុសញ្ញាអង្គការយូណេស្កូ​​ឆ្នាំ​១៩៧០ស្ដីពី​ការ​ហាម​​ប្រាមនិងការទប់ស្កាត់ការនាំចូល ការនាំចេញ និងការបញ្ជូន​ដោយខុស​ច្បាប់​​​នូវសម្បត្តិ​វប្បធម៌​។»

កាលពីពីរឆ្នាំកន្លងទៅនេះ យើងបានដាក់ជើងទម្រនៃបដិមា ទុរយោធន៍ និង ភីម នៅផ្លូវ​ចូល​ទីស្នាក់ការអាជ្ញាធរអប្សរានៅខេត្តសៀមរាប រួមជាមួយ​នឹងរូបថតនៃបដិមាដែលត្រូវបាន​គេ​លួច ដើម្បី​​បង្ហាញ​អំពី​ការប្តេជ្ញាចិត្តក្នុងការយកត្រឡប់មកវិញឱ្យបាននូវបដិមាទាំងនោះ។ ថ្ងៃនេះ បន្ទាប់​ពី​​កិច្ច​ខិត​​ខំ​ប្រឹងប្រែង​​ដ៏លំបាក បដិមាទាំងពីរនិងជើងទម្រ ឈរជាមួយគ្នានៅចំពោះ​មុខយើង​ទាំង​អស់​គ្នា ដោយត្រៀមខ្លួន​រួចរាល់សម្រាប់ការតភ្ជាប់គ្នាវិញ ដោយក្រុមជំនាញនៃ​សារមន្ទីរ​ជាតិ​កម្ពុជា​។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ខ្ញុំសូមសម្តែងនូវ​ការកោត​សរសើរ​​យ៉ាងជ្រាលជ្រៅ ​ចំពោះភាគីពាក់ព័ន្ធ​ទាំងអស់​ដែលបានរួមចំណែកធ្វើឱ្យសម្រេចបាននូវ​សមិទ្ធិផល​​ដ៏វិសេសវិសាលនេះ។

ជាបឋម ខ្ញុំសូមកោតសរសើរជាពិសេស ចំពោះ​កិច្ចការរបស់លោក Simon Warrack ដែលនៅក្នុងឆ្នាំ២០០៧ ជាមនុស្សទីមួយរកឃើញនូវទំនាក់ទំនង​រវាងជើងទម្រ​នៅឯប្រាសាទចិន នៃរមណីយដ្ឋានកោះ​កេរ ដែលស្ថិតនៅតំបន់ដាច់ស្រយាលភាគខាងជើង​នៃ​ប្រទេស​កម្ពុជា ជាមួយ​នឹង​​បដិមាដែលបានបាត់បង់។

ខ្ញុំក៏សូមអបអរសារទរផងដែរចំពោះសាលាបារាំងចុងបូព៌ា(EFEO) ជាពិសេស​លោក​បណ្ឌិត​ Eric Bourdonneau និងលោកបណ្ឌិត Bertrand Porte ដែលបានធ្វើការងារជាច្រើន ​ពាក់ព័ន្ធ​នឹង​ប្រាសាទចិន ដែលបាននាំទៅដល់ការបញ្ជាក់យ៉ាងជាក់ច្បាស់​នូវ​ភាពជាម្ចាស់កម្មសិទ្ធិ​របស់​កម្ពុជា​​លើបដិមា ទុរយោធន៍។

យើងក៏​មិនត្រូវ​ភ្លេច​ឡើយថា ការប្តេជ្ញាចិត្តនិង​សមត្ថភាពជំនាញ​របស់​អង្គការយូណេស្កូគឺ​ជា​​ជំនួយដ៏ចាំបាច់ មិន​មែនត្រឹមតែនៅក្នុង​រឿង​ក្ដី​នេះ​មួយ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​​សម្រាប់​​ការ​អភិរក្ស​​វប្បធម៌ផ្សេងៗទៀតរបស់កម្ពុជាផងដែរ។

ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ​ដល់រដ្ឋាភិបាល​សហរដ្ឋអាមេរិក ជាពិសេស​​ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំនៅភ្នំពេញ ចំពោះការគាំទ្រនៅក្នុងការប្រយុទ្ធប្រឆាំងនឹង​ការជួញ​ដូរខុសច្បាប់ និងឆន្ទៈដ៏មុះមុតក្នុងការលើកកម្ពស់មិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជាតិ​យើង​ទាំងពីរ។ ខ្ញុំក៏​សូមសម្តែងនូវ​ការអបអរសាទរផងដែរចំពោះអ្នកទាំងឡាយ ដូចជា ក្រុមការងារ​នៃ​ក្រសួង​សន្តិសុខ​ជាតិសហរដ្ឋអាមេរិកនៅក្នុងដំណើរការសើបអង្កេតរបស់ខ្លួន និងការិយាល័យ​រដ្ឋអាជ្ញាសហរដ្ឋអាមេ​រិក​ប្រចាំតំបន់ Southern District of New York ដែលដឹកនាំដោយ​លោកស្រី Sharon Levine នៅក្នុងដំណើរការ​ជម្រះក្ដី​នៅតុលាការ ដែលបាន​ធានាយ៉ាងម៉ឺងម៉ាត់​នូវការអនុវត្ត​ច្បាប់​ស្ដីពី​ការជួញដូរសម្បត្តិ​វប្បធម៌​ដោយ​ខុស​ច្បាប់។ មនសិការ​វិជ្ជាជីវៈ​របស់​ពួកគេ​គឺជាគំរូដ៏ល្អដែលស័ក្តិសមនឹងទទួលបានកោត​សរ​សើរ​។

ជាការពិត ការបញ្ជូនត្រឡប់មកវិញ​នូវបដិមាទាំងប្រាំរូបនេះ នឹងមិនអាច​សម្រេច​បាន​ឡើយ ប្រសិនបើគ្មានកិច្ចខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់របស់​ក្រុម​ការ​ងារកម្ពុជា​​យើងនោះទេ។ ខ្ញុំសូម​​ថ្លែងអំណរគុណជាពិសេសចំពោះឯកឧត្តម ច័ន្ទ តានី ពីទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ហាប់ ទូច ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរអប្សរា ​ក្រុមអភិរក្ស​នៃ​សារមន្ទីរ​ជាតិ និងក្រុម​អ្នកច្បាប់ដែលដឹកនាំដោយ​លោក Bretton Sciaroni ។

បដិមាទាំង៥នេះ នឹងត្រូវចូលរួមដោយបដិមាទី៦មួយទៀតមកពីក្នុងឈុតឆាកតែមួយនេះ ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ យើងនឹងបន្តយុទ្ធនាការទាមទារយកត្រឡប់មកវិញនូវបដិមា​ចំនួន៣​ទៀត​ដែលនៅបាត់នៅឡើយ ដើម្បីបង្គ្រប់ឈុតឆាកនេះឡើងវិញ។

ខ្ញុំក៏សូមសម្តែងនូវការវាយតម្លៃខ្ពស់ផងដែរ ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ​និង​អន្តរ​ជាតិ​​ទាំងអស់ ដែល​បាន​ចូល​រួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងអំពី​ភាពធ្ងន់ធ្ងរនៃ​បញ្ហា​លួច​​​វត្ថុបុរាណនៅលើ​ពិភព​លោកនាសម័យទំនើបយើងនេះ។

ខ្ញុំជឿជាក់ថា មិនមែនគ្រាន់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺពិភពលោកទាំងមូល​ ដែល​នឹងមានសេចក្តី​រីករាយ ចង់ឃើញនូវទីបញ្ចប់នៃការបែកខ្ញែកនៃក្រុមបដិមា​ដ៏មានសារសំខាន់ ​និង​ការ​វិល​ត្រឡប់មកទីឋានកំណើតរបស់បដិមាទាំងនេះ។

ជាទីបញ្ចប់ រាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវដល់សារមន្ទីរដទៃទៀត និងអ្នករក្សាទុក​វត្ថុ​បុរាណនៅទូទាំង​ពិភពលោកទាំងអស់ សូមធ្វើតាមគំរូនេះ ដោយប្រគល់វត្ថុបុរាណដែលត្រូវបានលួច​ទៅឱ្យម្ចាស់ដើមពិតប្រាកដវិញ ជាផ្នែកមួយ​នៃយុទ្ធនាការសកលដើម្បី​ការពារសម្បត្តិ​បេតិក​ភណ្ឌ​​វប្បធម៌។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ខ្ញុំសូមអរគុណជាអនេកចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបាន​ចូលរួម​​សប្បាយរីករាយជាមួយយើងខ្ញុំ និងដែលបានអញ្ជើញមកចូល​រួម​នៅក្នុង​ការប្រារព្ធ​ពិធី​នេះ​។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស ជាតិនិងអន្តរជាតិ សូមមាន​សុខភាពល្អ ជោគជ័យក្នុងការងារ និងសុភមង្គលក្នុងគ្រួសារ។
សូមអរគុណ!