Pages

មជ្ឈ​មណ្ឌល​​វះកាត់​​ខួរក្បាល និង​​ឆ្អឹង​ខ្នង​​លើក​​ដំបូង​​នៅកម្ពុជា​​នឹង​​ដាក់​​ឲ្យ​ដំណើរ​ការ​​ក្នុង​​ពេល​​ឆាប់​ៗ​ខាងមុខ​នេះ

សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៤ បានអបអរសាទរ​ចំពោះ​ដំណើរ​វិវឌ្ឍន៍ នៃ​ការសាងសង់​មជ្ឈមណ្ឌល​វះកាត់​ខួរ​ក្បាល និង​ឆ្អឹង​ខ្នង​ជាលើក​ដំបូង​ដែល​ស្ថិត​នៅក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ដោយ​សម្តេច​បាន​ចាត់​ទុក​ថា​ ជា​តម្រូវការ​ចាំ​បាច់​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ថា នៅ​ពេលអនុញ្ញាត​ឲ្យ​លោក​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Franc,ois Xavier Roux ជំនាញ​ឯកទេស​ផ្នែក​វះកាត់​ខួរ​ក្បាល និងឆ្អឹង​ខ្នង​របស់​ប្រទេស​បារាំង​ចូល​ជួប​សម្តែង​ការគួរសម នៅ​វិមាន​សន្តិភាព កាល​ពីថ្ងៃ​ទី០៥ ខែ​ឧសភា ឆ្នាំ២០១៤ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​កម្ពុជា​បាន និង​កំពុង​តែប្រ​ឈម​ជាមួយ​នឹង​ជំងឺ​លើស​ឈាម ជំងឺដាច់​សសៃ​ឈា​ម និ​ង​ជំងឺដែល​ទាក់​ទិន​ទៅនឹ​ង​ឆ្អឹង​ខ្នង ហើយ​តាមរយៈ​កិច្ចការ មនុស្សធម៌នេះ សម្តេច​សូម​ចូលរួម​អបអរសាទរ​ចំពោះ​កា​រវិវឌ្ឍ​នៃ​ដំណើរ​ការសាង​សង់ មជ្ឈ​មណ្ឌ​ល​វះកា​ត់ខួរ​ក្បាល និង​ឆ្អឹង​ខ្នង​ជាលើក​ដំបូង​ក្នុងប្រទេស​កម្ពុជា​នោះ។

លោក​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Franc,ois Xavier Roux បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រូបលោក​បាន​មកកាន់​ប្រទេស​កម្ពុជា​ជាលើ​ក​ដំបូង​កាល​ពីឆ្នាំ១៩៨៩ និង​បាន​មក​ជាប​ន្ត​បន្ទាប់ក្នុង​ឆ្នាំ១​៩៩៦។ ទិសដៅ​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា នៅ​ពេល​នេះ គឺ​ដើម្បី​គោរពរាយ​ការណ៍ ជូន​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ស្តីពី​លទ្ធផល នៃ​ការសាង​សង់​អាគារ​វះ​កាត់ខួរ​ក្បាល និង​ឆ្អឹង​ខ្នង​ក្នុងបរិវេណ​នៃ​មន្ទីរ​ពេទ្យកាល់​ម៉ែត។ លោក​សាស្រ្តាចារ្យ​វេជ្ជ​បណ្ឌិតមាន​ប្រសា​សន៍បញ្ជាក់​ថា អាគារវះ​កាត់​នោះ​បាន​ដំណើរ​ការសាង​សង់ រួចរាល់ហើយៗ នៅពេល​នេះកំពុង​តែបំពាក់​បរិក្ខារ និងបរិក្ខារ​មួយ​ចំនួនទៀត​កំពុង​តែធ្វើការ​នាំចូល​មក​ដើម្បីបំពាក់​បន្ថែម​ទៀត។

លោក​សាស្ត្រា​ចារ្យ​វេជ្ជ​បណ្ឌិត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ដំណើរការ​ពេញលេញ​ហើយ​នោះ មជ្ឈមណ្ឌល​នោះ​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​គំរូ​មួយ សម្រាប់​ការ​វះ​កាត់ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ខួរ​ក្បាល និង​ឆ្អឹង​ខ្នង និង​ការ​ដុះ​សាច់​នៅ​ឆ្អឹង​ខ្នង​ផងដែរ សម្រាប់​ព្យាបាល​ជូន​យុវជន និង​កុមារ​ទាំង​អ្នក​មាន និង​អ្នក​ក្រ។ មជ្ឈមណ្ឌល​នេះ​នឹង​បញ្ចប់​សព្វគ្រប់​ទាំង​ដំណើរ​ការ​សាងសង់ និង​បំពាក់​បរិក្ខារ​នៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខ។

លោក​វេជ្ជបណ្ឌិត Franc,ois Xavier Roux បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​នេះមាន​ក្រុម​គ្រូពេទ្យ ដែល​ជា​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស​ខាងវះ​កាត់​ខួរក្បាល ដាក់​ថ្នាំ​សណ្តំ និង​ដាក់​ថ្នាំ​ធ្វើឲ្យដឹង​ខ្លួន​វិញ​គ្រប់​គ្រាន់​ហើយ ប៉ុន្តែ​ទោះ​បីជាយ៉ាង​នេះក៏ដោយ​រូប​លោក នឹងធ្វើ​ការ​បណ្តុះ​បណ្តាល​បន្ថែម​ទៀត​ដល់​គ្រូពេទ្យ​កម្ពុជា ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មជ្ឈមណ្ឌលនេះ​មាន​សម្ភារ​គ្រប់​គ្រាន់ និង​គ្រូពេទ្យ​បម្រើ​ការ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ។ ​លោកសាស្រ្តា​ចារ្យ​វេជ្ជបណ្ឌិត ក៏​បាន​ជម្រាប​ជូន​សម្តេចតេជោ​នាយករដ្ឋ​មន្រ្តី​ផង​ដែរ​អំពី​គោល​បំណង​នៃការ​រៀបចំ​មហោ​ស្រប​ភាពយន្ត​បារាំង-កម្ពុជា ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​ខាង​មុខ​នេះ។

ទាក់​ទិន​ទៅនឹង​ការសហការ​រៀប​ចំ​មហោ​ស្រប​ភាពយន្ត​បារាំង-កម្ពុជា​នេះ សម្តេច​តេជោ បាន​ស្នើ​ដល់​លោក​សាស្រ្តា​ចារ្យ​វេជ្ជបណ្ឌិត​បន្ត​ពិភាក្សា ជាមួយ​នឹង​លោក​ជំទាវ​រដ្ឋ​មន្រ្តីក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ព្រោះ​កម្មវិធី​នេះជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់ប្តូរ​វប្បធម៌ នៃប្រទេស​ទាំងពីរ​កម្ពុជា-បារាំង៕

ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​រុស្ស៊ី​​ប្តេជ្ញា​​ជំរុញ​​កិច្ច​​សហ​ប្រតិ​បត្តិការ និង​​ចំណង​មិត្ត​ភាព​រវាង​​ប្រទេស​​ទាំង​​ពីរ​

ក្នុង​ឱកាស​ជំនួប​សម្តែងការ​គួរ​សម ជាមួយ​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រកម្ពុជា នា​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ នៅ​វិមាន​សន្តិភាព​ ឯក​ឧត្តម Dmitri Tsvetkov ដែល​ទើប​ត្រូវ​បាន​តែង​តាំង ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និងពេញ​សមត្ថភាព នៃ​សហព័ន្ធរុស៊្សី​ប្រចាំ​កម្ពុជា បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ជម្រុញ​ឲ្យ​មាន​ផែនការ និង​សកម្មភាព​ក្នុង​ការអញ្ជើញ​ថ្នាក់ដឹកនាំ​កម្ពុជា​គ្រប់​ផ្នែក និង​គ្រប់​ស្ថាប័ន ដើម្បី​បំពេញទ​ស្សនកិច្ច​ពី​គ្នា​ទៅវិញ​ទៅមក សំដៅ​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ (កម្ពុជា-រុស្ស៊ី) ឲ្យ​កាន់​តែរឹងមាំ​ឡើង។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ឲ្យ​ដឹង​ថា ឯកឧត្តម Dmitri Tsvetkov បាន​ជម្រាប​ជូន​សម្តេចតេជោ​ថា ស្ថិត​លើមូលដ្ឋាន​កម្ពុជា និង​រុស៊្សី គឺ​ជាមិត្ត​ចាស់ដ៏យូរ​លង់ណាស់​មក​ហើយ។ ផ្នែក​លើ​កត្តា​នេះ ឯកឧត្តម​នឹង​ខិតខំ​ជំរុញ​ទំនាក់​ទំនង​នៃប្រទេស​ទាំង​ពីរ ធ្វើ​យ៉ាងណា​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​វិស័យ​ដទៃទៀត ដែល​ប្រទេស​ទាំងពីរ​កំពុង​តែ​មាន​សក្តានុពល​ជាមួយ​គ្នា​យ៉ាង​ខ្លាំង​។

សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី បាន​សម្តែង​បាន​វាយ​តម្លៃខ្ពស់​ចំពោះ​ការប្តេជ្ញា​ចិត្ត និង​ផែន​ការ​សកម្មភាព​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​រុស្ស៊ីថ្មី​ ដោយ​សម្តេច​មាន​ប្រសាសន៍​ថា សម្តេចសូម​គាំទ្រ​ទាំងស្រុង​លើផែនការ​សកម្មភាព​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ហើយ​អ្វី​ដែលឯកឧត្តម បាន​លើក​ឡើង​នោះ គឺ​ជាមូលដ្ឋាន​ដ៏​សំខាន់ ពោល​គឺឈរ​លើមូលដ្ឋាន​មិត្ត​ចាស់ និងសក្តា​នុពល ដែល​ប្រទេសទាំងពីរ​មាន​ស្រាប់ នោះ​ហើយ​គឺជាកត្តា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នៃប្រទេស​ទាំង​ពីរ (កម្ពុជា-រុស៊្សី) កាន់​តែរឹងមាំ​ទ្វេ​ឡើង​ថែម​ទៀត។

សម្តេចតេជោ​បាន ក៏​ស្នើ​ដល់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​រុស្ស៊ីថ្មី ធ្វើ​យ៉ាងណា​នៅក្នុង​អាណត្តិបេសក​កម្ម​ការទូត​របស់​ឯកឧត្តម ជំរុញ​ឲ្យ​មាន​ការហោះហើរ​ត្រង់​ពី​សហព័ន្ធ​រុស៊្សី​មក​កាន់កម្ពុជា និង​ពី​កម្ពុជា ទៅ​កាន់​សហព័ន្ធរុស៊្សី សំដៅ​ធ្វើយ៉ាង​ណា​ឲ្យទំនាក់​ទំនង​លើ​វិស័យសេដ្ឋ​កិច្ចពាណិជ្ជ​កម្ម វិនិ​យោគ និង​ទេសចរណ៍​នៃប្រទេស​ទាំង​ពីរ កាន់​តែ​មាន​ភាពប្រកួត​ប្រជែង​ទ្វេឡើង​ថែម​ទៀត៕

ឯកអគ្គ​រដ្ឋ​​ទូត​​ឥ​ណ្ឌូ​​ណេស៊ី​​សម្តែង​ការ​​ចាប់​​អារម្មណ៍​​កំណើន​​សេដ្ឋ​កិច្ច​​ខ្ពស់​របស់​​កម្ពុជា​

ឯកឧត្តម Pitono Purnomo ដែល​ទើប​ត្រូវ​បានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ និង​ពេញសមត្ថភាព​ថ្មី របស់​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍យ៉ាង​ខ្លាំង ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែល​មានកំណើន​ជាង ៧% និង​មាន​អតិផរណា​ទាប កត្តា​នេះ គឺ​ជាមូលដ្ឋាន​ក្នុង​ការលើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោនាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងជំនួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព ឯកឧត្តម Pitono Purnomo បាន​មាន​ប្រសាសន៍​ថា កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​អតិផរណា​ទាប​នេះ គឺទទួល​បាន​មក​ពីស្ថិរភាព​នយោបាយ​ដ៏ល្អ​របស់​កម្ពុជា ដែល​កត្តា​នេះ​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌូ​ណេស៊ី បាន​មកវិនិយោគ​នៅកម្ពុជា​កាន់តែ​ច្រើន​ឡើង ហើយ​តាមរយៈ​នៃ​អាណត្តិបេសក​កម្ម​ការទូត​នៅ​កម្ពុជានេះ ឯកឧត្តម​នឹង​ខិត​ខំប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព ក្នុង​ការជំរុញ​កំណើន​នៃ​ទំហំពាណិជ្ជកម្ម ជំរុញ​វិនិយោគ​មក​កាន់​កម្ពុជា ពិសេស គឺលើក​ស្ទួយ​ជំរុញសហ​ប្រតិបត្តិការ​លើវិស័យ​ទេសចរណ៍។

ឯកឧត្តម ឯកឧត្តម​អគ្គរដ្ឋ​ទូត​ឥណ្ឌូ​ណេស៊ី ក៏​បាន​សម្តែងនូវក្តី​រីក​រាយ​ចំពោះ​ជោគ​ជ័យ ដែល​កម្ពុជា​សម្រេច​បាន ចំពោះ​ការប្រារព្ធ​ពិធីបុណ្យអង្គរ​សង្រ្កាន្ត​នៅ​ខេត្តសៀមរាប​កាលពី​ពេល​កន្លង​មក។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ថ្លែង​អំណរគុណ​ជូន​ចំពោះ​ឯកឧត្តមរដ្ឋ​ទូត​ឥណ្ឌូណេស៊ី ដែល​បានអញ្ជើញ​ចូលរួម​ក្នុងព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត កាល​ពីពេល​កន្លងមក ដែល​រៀបចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។

សម្តេច​តេជោបាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា អង្គរសង្រ្កាន្ត គឺ​បាន​ឆ្លុះបញ្ចាំង​ពី​សក្តានុពលលើ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា។ សម្តេចតេជោ​ក៏​បាន​ស្នើដល់​ឯកឧត្តម​ទូត​ឲ្យបន្ត​ធ្វើយ៉ាង​ណា​ជួយ​ជំរុញ​អ្នក​វិនិយោគ អ្នក​ទេសចរ និង​ការហោះហើរ​ត្រង់​ពីឥណ្ឌូណេស៊ី​មកកាន់​កម្ពុជា ពិសេស​បន្តជួយ​ដល់​កម្ពុជា​ក្នុងការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាសំដៅ​ធ្វើយ៉ាង​ណា​ជួយ​ដល់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា។

សម្តេចតេ​ជោនាយក​រដ្ឋមន្រ្តី ក៏​បានមាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ចំពោះ​ការ​ពាំនាំការសាក​សួរសុខ​ទុក្ខពី​សំណាក់​ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ជូន​ចំពោះ​សម្តេច។ សម្តេច​តេជោ​បាន​មានប្រសាសន៍​ថា ទំហំ​វិនិ​យោគ និង​ពាណិជ្ជកម្ម​នៃ​ប្រទេសទាំងពីរ​(កម្ពុជា-ឥណ្ឌូណេស៊ី) មិន​ទាន់​ស័ក្តិសម​នៅឡើយ​ទេ ពោល​គឺយើង​នៅ​មានសក្តានុពល​ច្រើន​ណាស់​ក្នុង​ការពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​មាន​សក្តានុពល​បន្ថែមទៀត ពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍៕

ប្រ​ជា​ពល​រដ្ឋ​ គាំទ្រ​គណបក្សប្រជាជនជានិច្ច​



(​ បទពាក្យប្រាំពីរ )

សាមសិបប្រាំឆ្នាំបានកន្លង                     ចិត្តនៅចាំចង ជាក់ច្បាស់ថា
ថ្ងៃដែលរស់រានមានជីវ៉ា                         ផុតពីមរណាដល់សព្វថ្ងៃ                 
ពិតជាបានមកដោយពលិកម្ម                 សស្រាក់សស្រាំពុំសំចៃ
បក្សប្រជាជនខំកែខៃ                            ប្តូរជីវិតក្ស័យដើម្បីខ្មែរ                    
អភិវឌ្ឍប្រទេស ជាបណ្តើរ                      ទៅតាមដំណើរជាហូរហែ
នៅតាមទីក្រុងជនបទស្រែ                     វាលភ្នំផងដែរជ្រលងអូ                  
សាងថ្នល់ទំនប់ គ្រប់ទិសទី                     វារីអគ្គិសនីទប់ទឹកហូរ
បង្កើនផលស្រូវបានបរិបូរណ៍                 ចេញលក់ដោះដូរទៅបរទេស          
បង្កើនជីវភាពកសិករ                            ពាណិជ្ជ កម្មករពុំមានធ្វេស
កូនសិស្សនិស្សិតផ្តិតចំណេះ                  បង្កើតម្រេះ ចេះដឹងខ្ពស់                
មានកង់ម៉ូតូ ស៊ីក្លូឡាន                           ទូរស័ព្ទគ្រប់ប្រាណ ស្ទើរគ្មានលោះ
គោយន្តត្រាក់ទ័រផ្តល់ផលខ្ពស់                ផ្តល់ទាំងកិត្តិយសខ្ពស់ចំណាន        
ចំណេះវប្បធម៌ អក្សរសាស្រ្ត                   ប្រសើរល្អល្អះហួសការស្មាន
ទីក្រុងជនបទ ទាំងប៉ុន្មាន                       កន្លែងកំសាន្តលំហែកាយ               
សំណង់អាគារ កើនយ៉ាងឆាប់                 រីកជាលំដាប់ទាំងជិតឆ្ងាយ
សាលាវត្តវ៉ា ផ្សារសុសសាយ                  ហួសពីបរិយាយឆ្ងាយរិះរេ               
កាកបាទក្រហមឈានជួរមុខ                 ជួយអ្នមានទុក្ខខ្លាំងជាងគេ
ពិការទុរគតគ្មានទំនេរ                           លោកតែងគ្នាន់គ្នេ រិះរេដល់              
ផ្តល់ផ្ទះផ្តល់ស្បៀងម្ហូបអាហារ                ភួយមុងក្រមា ជាកុសល
ពេលមានមហន្តរាយព្យុះភ្លៀងខ្យល់        លោកតែខ្វាយខ្វល់ជួយដោះស្រាយ
ពេលណាទីណាមានទុក្ខធ្ងន់                  បក្សប្រជាជនគ្មាននឿយណាយ       
ធ្វើពលិកម្មជួយដោះស្រាយ                   លះបង់រូបកាយគ្រប់ៗគ្រា               
ប្រជាស្រឡាញ់ និងពេញចិត្ត                  គោរពអាណិតគ្រប់វេលា
ប្តេជ្ញាដើរតាម គោលមាគ៌ា                      ពុំមានរួញរា ជារៀងទៅ                   
                                                         ដោយ ហូយ គឹមអាន