Pages
▼
Monday, March 03, 2014
សម្តេចតេជោ៖ទិវាវប្បធម៌ជាតិនឹងក្លាយជាចលនាសកម្មក្នុងការបណ្តុះគំនិតអប់រំផ្សព្វផ្សាយ
ដោយចាត់ទុកទិវាវប្បធម៌ជាតិ ៣មីនា ជាចលនាសកម្មមួយទៀត ក្នុងការបណ្តុះគំនិតអប់រំ និងផ្សព្វផ្សាយចំណេះដឹងអំពីតម្លៃវប្បធម៌ជាតិ សកម្មភាពសិក្សាស្រាវជ្រាវ និងស្វែងយល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ បានមានប្រសាសន៍ជំរុញឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈយកចិត្តទុកដាក់ ប្រកាន់យកវិធានការច្បាប់ឱ្យបានហ្មឺងម៉ាត់ ដើម្បីលើកកម្ពស់មោទនភាព និងកិត្យានុភាពជាតិ ដោយត្រូវទប់ស្កាត់ឲ្យបាននូវការលួចចម្លងស្នាដៃសិល្បៈបរទេស ក៏ដូចជាយកចិត្តទុកដាក់បំផុសលើវប្បធម៌ម្ហូបខ្មែរផងដែរ។
ដោយមានវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា ហ៊ុនសែន អមដំណើរ នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៦ ឆ្នាំ ២០១៤ ក្រោមប្រធានបទ៖ “អ្វីៗទាំងអស់ដើម្បីសុខដុមភាពវប្បធម៌ជាតិ” នៅសាលសន្និសីទចតុមុខ សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ខ្ញុំនៅតែយល់ថា ទោះបីជាទិវានេះត្រូវបានរំលឹកឡើងតែក្នុងរយៈពេលមួយថ្ងៃក៏ពិតមែន ប៉ុន្តែស្មារតីនៃទិវាវប្បធម៌ជាតិនេះនឹងមានអត្ថិភាពគ្របដណ្តប់ ទៅលើចិត្តគំនិត ឥរិយាបថ និងសកម្មភាពអនុវត្តន៍របស់ប្រជាជនយើងពីគ្រប់មជ្ឈដ្ឋានក្នុងការ ចូលរួមអភិរក្ស និងអភិវឌ្ឍន៍វិស័យវប្បធម៌ជាតិនៅក្នុងគ្រប់ពេល វេលា ទាំងបច្ចុប្បន្ន និងតទៅអនាគត។
សម្តេចតេជោថ្លែងថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ខែមី នាជារៀងរាល់ឆ្នាំដើម្បី ប្រារព្ធទិវាវប្បធម៌ជាតិនេះនៅទូទាំងប្រទេសក្នុងគោលបំណងបំផុស មនសិការស្នេហាជាតិ ស្មារតីស្រឡាញ់សម្បត្តិវប្បធម៌ដ៏សម្បូណ៌បែបរបស់ជាតិដល់ប្រជា ជាតិខ្មែរពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលតាមរយៈទិវានេះបានលើកទឹកចិត្តឲ្យធ្វើការផ្សព្វផ្សាយបញ្ជ្រាប និងអប់រំអំពីវប្បធម៌ និងសីលធម៌ដ៏ល្អផូរផង់របស់ជាតិ អំពីផលិតផលវប្បធម៌ខ្មែរ ដ៏សម្បូណ៌បែប ដើម្បើឲ្យស្រទាប់យុវជន និងប្រជាជនចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ ដែលជាដួងព្រលឹងជាអត្តសញ្ញាណជាតិប្រកបដោយកិត្យានុភាព និងភាពថ្លៃថ្នូរនោះ។
សម្តេចតេជោបានមានប្រសាសន៍លើកទឹកចិត្តថា ត្រូវខិតខំបង្កើតផលិតផលវប្បធម៌ថ្មីឲ្យបានច្រើន ដែលនឹងបម្រើឲ្យផលប្រយោជន៍ថែមទៀត ដល់សង្គមជាតិ និងប្រជាជន ប៉ុន្តែដាច់ខាតមិនអាចអភិវឌ្ឍវប្បធម៌សិល្បៈ ដែលប្រាសចាកពីទម្រង់ នៃវប្បធម៌ជាតិ ប្រាសចាកពីសេចក្តីថ្លៃថ្នូរ និងគុណធម៌របស់មនុស្សជាតិបានឡើយ។
ក្នុងគោលដៅបន្តផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី សិល្បៈដ៏ល្អផូរផង់របស់កម្ពុជា និងការលើកកម្ពស់ជីវភាពរបស់សិល្បៈករ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ខ្ញុំគាំទ្រចំពោះកម្មវិធីទៅសម្តែងនៅតាមបណ្តាប្រទេសនានា (របស់សិល្បៈករខ្មែរ) ប៉ុន្តែត្រូវមានយន្តការគ្រប់គ្រងឲ្យបានហ្មត់ចត់បំផុត។ ព្រមជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យបណ្តាផលិតកម្មនៅកម្ពុជា លុបបំបាត់ចោលនូវវប្បធម៌ លួចចម្លងកម្មសិទ្ធិបញ្ញា ក៏ដូចជា ការលួចចម្លងពីបរទេសផងដែរ។ សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា “សូមកាត់បន្ថយ និងចៀសវាងការលួចចម្លងទាំងដុលនូវ ស្នាដៃសិល្បៈរបស់បរទេស។
សម្តេចតេជោបានមានប្រាសន៍បញ្ជាក់ថា កុំភ្លេចថា ការលួចចម្លង គឺជាទោសកំហុសមួយ ហើយលើសពីនេះទៅទៀត ជាភាពអាបឱនមួយរបស់ជាតិ ហើយជាទង្វើមួយដែលប្រឆាំងនឹង “កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌” និង “កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ” ដូច្នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវប្រកាន់យកវិធានការច្បាប់ឲ្យបានហ្មឹងម៉ាត់ ដើម្បីលើកកម្ពស់មោទនភាព និងកិត្យានុភាពជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់ការណែនាំថា ដើម្បីមានស្នាដៃល្អ ត្រូវមានជំនាញ និងចំណេះដឹងច្បាស់លាស់ ប្រកបដោយគុណភាព ដូច្នេះក្រសួងវប្បធម៌ត្រូវបង្កើតវគ្គបណ្តុះបណ្តាល វគ្គបំប៉ន ឬវគ្គវិក្រឹត្យការឲ្យបានច្រើន ទាំងនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន រាជធានី-ខេត្ត ពិសេសខេត្តណា ដែលមានសក្តានុពលវប្បធម៌ និងទេសចរណ៍។
ក្រៅពីជំរុញឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអនុវត្តច្បាប់កម្មសិទ្ធបញ្ញា ដើម្បីលើកស្ទួយកិត្យានុភាពវប្បធម៌ និងគំនិតច្នៃប្រឌិតរបស់ខ្មែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យមានការយកចិត្តទុកដាក់លើវប្បធម៌ម្ហូបខ្មែរ ដូចជា ត្រសក់ចាវ ម៉ាំល្ហុង និង ត្រីឆ្អើរ ជាដើម ដែលត្រូវធ្វើឲ្យវាក្លាយទៅជាអត្តសញ្ញាណមួយរបស់ខ្មែរ ដែលអាចពង្រីកទៅជាឧស្សាហកម្មម្ហូបខ្មែរ ដែលត្រូវបានធ្វើពាណិជ្ជកម្មនៅទូទាំងប្រទេស និងពិភពលោកផងដែរ។
ដោយបានលើកឧទាហរណ៍ពីគីមជី ដែលជាម្ហូបប្រពៃណីរបស់ប្រជាជនកូរ៉េ សម្តេចតេជោ បានមានប្រសាសន៍អំពីម្ហូបខ្មែរថា ចំណុចនេះយើងមិនត្រូវមើលរំលងទេបណ្តាប្រទេសនិមួយៗ គេបានខិតខំណាស់ នៅពេលដែលយើងបានទៅដល់ប្រទេសគេៗ ក៏ចាប់ផ្តើមដាក់ម្ហូបជាប្រពៃណីរបស់គេមក ទទួលយើង។ សម្តេចតេជោបានបន្តថា ដូចនេះពេលជប់លៀងម្តងៗយើងក៏អាចបង្ហាញ ម្ហូបរបស់យើងដែរ ដើម្បីឲ្យគេឃើញពីម្ហូបរបស់យើង ដែលមានត្រសក់ចាវ ម៉ាំល្ហុង និងត្រីឆ្អើរ។
ជាមួយនឹងការលើកឡើងឲ្យដឹងថា ក្នុងឆ្នាំ ២០១៣ កន្លងទៅនេះកម្ពុជាសម្រេចបានចំនួនភ្ញៀវទេសចរ អន្តរជាតិមកទស្សនាកម្ពុជាប្រមាណជាង ៤លាននាក់ ក្នុងអត្រាកំណើន ១៧,៥% ធៀប នឹងឆ្នាំ ២០១២ ហើយនៅក្នុង ក្នុងឆ្នាំ ២០១៣ កន្លងទៅកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧,៦% ក៏ដូចជារំពឹងទុកថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចរក្សាបានក្នុងអត្រាកំណើនលើសពី ៧% សម្រាប់ ឆ្នាំនេះ និងក្នុងរយៈពេលមធ្យមទៅមុខទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍កត់សំគាល់ថា "ទាំងអស់នេះជាទិដ្ឋភាពដែលយើង អាចមើលឃើញអំពីភាពប្រទាក់ក្រឡាគ្នារវាងវិស័យវប្បធម៌ ទេសចរណ៍ និងសដ្ឋកិច្ច ។ ដូច្នេះគឺជាការចាំបាច់ណាស់ដែលយើងទាំងអស់គ្នាត្រូវផ្តោតការយក ចិត្តទុកដាក់ ដោយមិនត្រឹមតែលើការថែរក្សា ការពារ និងអភិរក្សឲ្យបានគង់វង្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវរួមគ្នាបន្ត អភិវឌ្ឍន៍សម្បត្តិវប្បធម៌ទាំងអស់នោះឲ្យកាន់តែមានជីវិតរស់រវើកថែម ទៀតផង"។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន សូមចូលរួមធ្វើសកម្មភាពបំផុសស្មារតីទិវាវប្បធម៌នេះឲ្យបានសកម្ម ផុលផុសទាំងក្នុង និងក្រៅប្រទេស និងបានឧទ្ទិសទិវាវប្បធម៌ជាតិ៣ មីនាលើកទី១៦ ជាថ្ងៃរំលឹកដល់គុណូបការៈបុព្វបុរស និងដូនតាខ្មែរ និងសូមឲ្យទិវានេះ ស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាជនគ្រប់រូបប្រកបដោយមនសិការចូលរួម ថែរក្សាការពារ និងលើកស្ទួយបេតិកភណ្ឌវប្បធម៌ជាតិឲ្យមានវឌ្ឍនភាពជានិច្ចនិរន្តរ៍៕
សម្ដេចតេជោរំលឹកឲ្យរួមគ្នាបញ្ចប់អាជីវកម្មស៊ីសាដែលរកឃើញថាមានសារធាតុញៀន
នៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងទេសចរណ៍ នៅមជ្ឈមណ្ឌលសន្និបាទ និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍រំលឹកសារជាថ្មី ដោយបានអំពាវនាវឲ្យប្រជាជាតិទាំងមូលរួមគ្នាបញ្ចប់អាជីវកម្ម «ស៊ីសា» ដែលត្រូវបានរកឃើញថា មានជាតិគ្រឿងញៀនកម្រិតខ្ពស់។
ទាក់ទងនឹងអាជីវកម្មស៊ីសានេះ សម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងថា តាមការបញ្ជាក់ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស៊ីសានេះ មានសារជាតិញៀនខ្ពស់ដូចកញ្ជាដែរ ហើយថាអាជីវកម្មនេះ បានធ្វើឱ្យយុវជនអាយុក្រោម១៨ឆ្នាំ ចំនួន៩១នាក់ជក់ ប្រើប្រាស់ស៊ីសានេះ ដោយគ្រាន់តែ ២កន្លែង ប៉ុណ្ណោះនៅរាជធានីភ្នំពេញ ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា «យើងត្រូវបិទក្រោលសេះ មុនពេលដែលសេះចេញផុត ឬក៏សេះដែលទើបនឹងចេញពីក្រោល យើងត្រូវចាប់ចូលក្រោលវិញ ព្រោះវាមិនទាន់យឺត ពេលពេកទេ យើងត្រូវធ្វើសកម្មភាពបន្ទាន់បំផុតអំពីបញ្ហាស៊ីសា»។ សម្តេចតេជោថ្លែងថា ស៊ីសា មិនមាននៅក្នុងបម្រាមហាមឃាត់ទេ ប៉ុន្តែតាមការពិសោធន៍រួចហើយ គឺវាមានជាតិគ្រឿងញៀនកម្រិតខ្ពស់តែម្តង ដែលយើងត្រូវដោះស្រាយរួមគ្នាក្នុងកម្រិតជាតិរបស់យើង ព្រោះវា បានក្លាយជាប្រធានបទក្តៅគគុក ដែលត្រូវចាត់ការជាបន្ទាន់។ “ ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរគ្រប់ទី កន្លែងទាំងអស់ត្រូវគ្រប់គ្រងឲ្យបានល្អបញ្ចប់អាជីវកម្មជក់ស៊ីសានេះ” ។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា យើងបញ្ចប់ការធ្វើ អាជីវកម្មស៊ីសា ហើយក្នុងករណីមិនរាងចាលថ្ងៃក្រោយយើងបិទទីតាំងតែម្តង។ ខ្ញុំសូមអំពាវនាវដល់អ្នកធ្វើអាជីវកម្មស៊ីសា សូមបញ្ចប់ជាបន្ទាន់ សូមមេត្តាយោគយល់ទៅដល់សង្គមជាតិរបស់យើង សូមមេត្តាយោគយល់ដល់អនាគតរបស់កូនខ្មែរ សូមមេត្តាកុំចង់បានផលចំណេញ ហើយបង្កើតនូវទុក្ខសោកសម្រាប់យុវជន និងវ័យជំទង់របស់ខ្មែរ ។ សូមមាតាបិតា ឬអ្នក អាណាព្យាបាលជួយអប់រំកូនចៅ ដែលមានសាច់ញាតិរបស់យើងដែលបានជ្រុលជ្រួស ដោយត្រូវទាញពួកគេត្រឡប់មកវិញ ហើយយុវជនដែលជាអ្នកជក់ខ្លួនឯងក៏ត្រូវតែភ្ញាក់រលឹកថា ស៊ីសានេះជាប្រភេទគ្រឿងញៀន ដែលត្រូវតែបញ្ឈប់ខ្លួនឯងជាបន្ទាន់។
នៅក្នុងសុន្ទរកថា បិទអង្គសន្និបាតក្រសួងទេសចរណ៍សម្ដេច តេជោនាយករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ណែនាំថា៖ សម្រាប់កម្ពុជាចំពោះមុខនៃការធ្វើសមាហរណកម្មវិស័យទេសចរណ៍ ក្នុងសហគមន៍ សេដ្ឋកិច្ចអាស៊ាន យើងចាំបាច់ត្រូវក្ដាប់ឱ្យបាននូវជីពចរសំខាន់ៗ ដោយឈរលើទស្សនៈ «សមាហរណកម្មបម្រើឱ្យវិស័យទេសចរណ៍ វិស័យទេសចរណ៍បម្រើឱ្យ សមាហរណកម្ម» ដែលកិច្ចការនេះ ទាមទារឱ្យយើងទាំងអស់គ្នា ផ្ដោតការយកចិត្ដទុកដាក់ ជាសំខាន់លើដង្ហើមនៃវិស័យទេសចរណ៍។ សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា៖ មូលដ្ឋានពីរ សំខាន់ដែលត្រូវដើរទន្ទឹមគ្នា គឺការបង្កើនភាពប្រកួតប្រជែង និងការធានាឱ្យបានចីរភាពដែលកើតចេញការអភិវឌ្ឍវិស័យទេសចរណ៍។ ក្នុងន័យនេះ យើងចាំបាច់ត្រូវចាប់យកឱ្យបាននូវកាលានុវត្ដភាពថ្មីៗ ក្នុងការវិវត្ដនៃវិស័យទេសចរណ៍ក្នុងតំបន់ និងសកលលោក និងចាប់ឱ្យបានជាអតិបរមានូវឧត្ដមភាពប្រៀបធៀបរបស់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ក្នុងការរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍទេសចរណ៍ ២០១២-២០២០ ដែលចង្អុលបង្ហាញអំពីចក្ខុវិស័យ, ទិសដៅជាយុទ្ធសាស្ដ្រ និង ការដាក់ចេញ នូវវិធានការ, ផែនការច្បាស់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ស្របតាមផែនការយុទ្ធសាស្ដ្រ អភិវឌ្ឍទេសចរណ៍អាស៊ាន (ATSP–2012-2015) និងស្របតាមទស្សនាទាននៃការធ្វើសមាហរណកម្មអាស៊ាន ដែលបណ្ដា ប្រទេសសមាជិកនីមួយៗ បាននឹងកំពុង រួមគ្នាអភិវឌ្ឍដោយឈរលើទស្សនាទាន «គិតជាសកល ធ្វើផែនការថ្នាក់តំបន់ និងប្រតិបត្ដិថ្នាក់ជាតិ»។
ដោយឡែកក្នុងការជំរុញការធ្វើសមាហរណកម្មវិស័យទេសចរណ៍កម្ពុជា ទៅក្នុងសហគមន៍អាស៊ានសម្ដេចតេជោបានមានប្រសាសន៍ផ្តល់ជាអនុសាសន៍ចំនួន ៣ចំណុចសំខាន់ៗ រួមមាន៖ (១).ជំរុញការវិនិយោគលើវិស័យទេសចរណ៍ និងអភិវឌ្ឍផលិតផល ទេសចរណ៍ប្រកប ដោយភាពច្នៃប្រឌិត និងផ្ដល់ភាពចងចាំ ដល់ភ្ញៀវទេសចរ ព្រមទាំងបង្កើនការសិក្សា ទីផ្សារ និងការផ្សព្វផ្សាយ (២).ពង្រឹង គុណភាពផលិតផលទេសចរណ៍ និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ (៣). ជំរុញការតភ្ជាប់ និងសម្រួលការធ្វើដំណើរ។
នៅក្នុងការប្រលងប្រណាំងទីក្រុងស្អាត សម្តេចតេជោមានប្រសាន៍កោតសរសើរអំពីវឌ្ឍនភាព និង លទ្ធផលនៃការវាយតម្លៃដំណាក់កាលបឋម ចំពោះក្រុងបាត់ដំបង ដែលបានពិន្ទុល្អឈានមុខគេ បន្ទាប់មកក្រុងសៀមរាប ក្រុងកែប និងក្រុងពោធិ៍សាត់។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់ក្រុង ខណ្ឌបេក្ខភាព បន្តខិតខំថែមទៀតអនុវត្តតាមសៀវភៅការងារ អនុវត្តកម្មវិធីការងារជាយុទ្ធសាស្រ្ត ដើម្បីឈានទៅទទួលជ័យលាភីផ្ការំដួល ២ ឬ ៣ទង នៅឆ្នាំ២០១៥ ដើម្បីឲ្យគ្រប់ក្រុង ខណ្ឌទាំងអស់អាចទទួលជ័យលាភី ជាទីក្រុងស្អាតទាំងអស់ ដែលធ្វើកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ស្របតាមពាក្យស្លោកអាស៊ាន «អាស៊ានៈមានអារម្មណ៍កក់ក្តៅ» ដែលជាកត្តាគន្លឹះពន្លឿនការធ្វើសមាហរណកម្ម នៃវិស័យទេសចរណ៍កម្ពុជាក្នុងសហគមន៍អាស៊ានប្រកបដោយប្រសិទ្ធភាពនោះ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ព្យាករណ៍ថា ឆ្នាំ២០១៤នេះកម្ពុជានឹងទទួលបានទេសចរអន្តរ ជាតិប្រមាណ ៤លាន៧សែននាក់ ហើយនៅឆ្នាំ ២០១៥ ប្រមាណ៥លាននាក់ និងនៅឆ្នាំ ២០១៨ ប្រមាណ៦លាន ១សែននាក់ ហើយរំពឹង ថានៅឆ្នាំ២០២០ កម្ពុជានឹងអាចទទួល ភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៧លាន ៥សែនទៅ៨លាននាក់ជាមួយនឹងចំណូលជាតិសរុបប្រមាណ ៥ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ ប្រមាណ ៨៥លាននាក់៕