Pages

Tuesday, December 30, 2014

ហោរាសាស្ត្រល្បី​នៅ​ថៃ​បាន​ទស្សទាយ​ថា នៅ​ដើមឆ្នាំ​២០១៥ ឬ​យ៉ាង​យូរ​បំ​ផុត​ពាក់​កណ្តាល​ឆ្នាំ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជួប​គ្រោះ​ធំ​ ប្រៀប​ដូច « ​ពោះដាច់ក្បាល និង​ដាច់​ដង​ខ្លួន » !

(ប្រែសម្រួល​ពី​សារព័ត៌មាន​ ម៉ៈទិឆុន ចុះ​ផ្សាយ​ថ្ងៃ​ទី២៦ ខែ​ធ្នូ ឆ្នាំ​២០១៤)

លោក ភិនយ៉ូ ភុងចារឺន អាយុ៤៩ឆ្នាំ​ ជា​ហោរាដែល​មាន​ឈ្មោះល្បីនៅថៃ បាន​ទាយ​​ថា នៅ​ដើមឆ្នាំ​២០១៥ ឬ​យ៉ាង​យូរ​បំ​ផុត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ គណបក្ស​សង្គ្រោះ​​​ជាតិ​​នឹង​ជួប​គ្រោះ​ធំ​ ប្រៀប​ដូច « ​ពោះដាច់ក្បាល និង​ដាច់​ដង​ខ្លួន » !

លោក ភិនយ៉ូ បានសង្កត់​ធ្ងន់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដើរដល់​ផ្លូវ​បំ​បែក​ហើយ គឺ​ចំ​ណង​មេត្រីភាព​ដែល​ធ្លាប់​​ផ្អែម​ល្អែមដូច​កូន​ក្រមុំ​កម្លោះទើបនឹង​រៀប​ការ​ថ្មី​ថ្មោងនោះ ​រួម​រស់​​នៅ​ជាមួយ​គ្នា​គ្រាន់​តែ​ជាង​១ឆ្នាំ​ប៉ុណ្ណោះ​ក៏​ប្រះ​ឆា។ ការ​​មិនចុះ​សម្រុង​គ្នា​ពី​ព្រោះ​តែ​មេបក្ស​ទាំង​ពីរ លោក សម រង្ស៊ី និង​លោក កឹម សុខា មាន​សារជាតិ​ពុល ​ជា​ពីស បាន​ធ្វើ​ឲ្យ​ជម្ងឺ​ចាស់ ដែល​ធ្លាប់​តែ​ប្រះ​ស្រាំ​ស្រាប់​នោះ រើ​ងើប​ឡើង​វិញ​ មក​កាត់​ផ្តាច់​​សម្ព័ន្ធ​ភាពដ៏​ផុយ​ស្រួយរបស់​គណបក្ស​​សិទ្ធិ​មនុស្ស និង​​គណបក្ស​សម រង្ស៊ី​ ដែល​ធ្លាប់​ឈ្លោះ​គ្នា​មុន​រៀប​ការ​ និង​សន្ធំ​លើ​រូប​កាយ​ ខួរ​ក្បាល​របស់​​មេបក្ស​ទាំង​ពី ឲ្យ​ងងឹត មោហ៍បាំង​ គឺ​ដល់​ម៉ោង​ ដល់​ពេល​វេលា ដែលមិន​អាច​​នរណាម្នាក់​មក​ផ្សះ​ផ្សារ​បាន​ឡើយ។

ប្រធាន​សមាគមហោរាសាស្ត្រ​ថៃ លោក​ ភិន​យ៉ូ បាន​អះ​អាង​ដ៏​ម៉ឺង​ម៉ាត់ប្រាប់​អ្នក​​តំ​ណាង​​រាស្ត្រ​មួយ​រូប​​របស់​គណបក្ស​សង្គ្រោះ​​​ជាតិ​ ដែល​ទៅរកពឹង​​រូប​គាត់​​ឲ្យ​ទស្សទាយ​ កាល​ពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ទីក្រុង​បាង​កក ប្រទេស​ថៃ តាម​ការ​ណែ​នាំ​ពី​លោក សម រង្ស៊ី ដែល​​លោក សម រង្ស៊ី ​ធ្លាប់​ដឹងល្បី​តតគ្នា​​ថា លោក​ ភិយ៉ូ ជា​ហោរាដ៏​ល្បី​​ម្នាក់​មក​នោះ​។

លោក​ ភិន​យ៉ូ បាន​ព្យាករណ៍​ថា ១រយភាគ​រយ បក្ស​សង្គ្រោះ​ជាតិនឹង​រលាយ បែក​បាក់​ផ្ទៃ​ក្នុង​ទាំង​ស្រុង​ ដោយ​សារ​ជម្ងឺប្រជែង​អំ​ណាចគ្នា​​ បក្ខពួក​និយម​ វ័ណ្ឌកជាមួយ​លុយ​កាក់ និង​ការ​មិនទុកចិត្ត​គ្នា​។

លោក ភិនយ៉ូ នៅ​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ជើង​លេខ « លោក​ សម រង្ស៊ី ប្រធានបក្ស​ស្ថិត​នៅ​ចំ​ផ្កាយព្រះ​គ្រោះ ចំ​ណែក​លោក កឹម សុខា ស្ថិត​នៅ​ចំ​លើ​ផ្កាយ​ចោរ  ​ងងឹតពេញ​បន្ទុក​»។ លោក​បាន​បន្ថែម​ថា ធាតុ​របស់​អ្នក​ទាំងពីរល្អ​តែ​សំ​បក​ក្រៅ​ រីឯចិត្តខាង​ក្នុង​វិញ​ផ្សេង​គ្នា ប៉ុន្តែ ដោយ​សារ​ផល​ប្រយោជន៍​​នយោបាយ​ ពួក​គាត់​ទាំង​ពីររូប​ធ្វើ​ជា​បង្ខំ​ចិត្ត​រួម​រស់នៅ​ជាមួយ​គ្នា​​ទាំង​អារម្ម​ណ៍​ភិត​ភ័យ និង​បន្លំ​ភ្នែក​គេឯង​​ជាប់​រហូត​មក​។ ហោរារូប​នេះ បាន​និយាយ​ចំ​ៗដោយ​ឥត​លាក់​លៀម​​ថា មេបក្សសង្គ្រោះ​ជាតិ​ នឹង​ប្រឈម​មុខបាត់​បង់​ម្ចាស់​ការ​ ដោយ​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ​​ចេញ​ពីកណ្តាល​ទី​ស្នាក់ការ​នយោបាយ​បក្ស​ រាល​ដាល​ពាសពេញ​ផ្ទៃ​ប្រទេស​ និង​ជះ​ឥទ្ធិពល​អាក្រក់​នេះ​ទៅ​ឯក្រៅ​ប្រទេស នឹង​មាន​ភាព​ច្របូក​ច្របល់​អាប់អួរ​ លាយ​ឡំ​ជាមួយ​នឹងជម្លោះ​ប្តឹង​ផ្តល់​ ទាស់​ទែង​ ខ្វែង​គំ​និតគ្នា​ បាត់​បង់​សេចក្តី​ថ្លៃ​ថ្នូរ អស់​ទំ​នុក​ចិត្ត​ទាំង​ស្រុង​ពី​សកម្មជន​ អ្នក​គាំ​ទ្រនិង​នៅ​ក្នុង​បក្ស​មាន​រឿង​អាស្រូវ​ពាក់​ព័ន្ធ​នឹង​​​ស្រី​ញី​ ប្រពន្ធ​‑ ប្តី បែក​បាក់​ ស្រឡាញ់​គ្នា​ខុសតម្រា កើត​​ឡើង​ព្រោង​ព្រាតលើ​ថ្នាក់​ដឹក​នាំ​កំ​រិត​នយោ​បាយ ស្អុយ​ឈ្មោះ ​ក្រឡាប់​ចាក់ « យល់​សជាខ្មៅ និង​ខ្មៅថា​ជា​ស» ។  ជម្លោះ​ដ៏​តាន​តឹង​បាន​នាំ​ឲ្យ​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​ដល់​អ្នកគាំ​ទ្រ ផ្តាច់​ជំ​នួយ​​​ កើតវិបត្តិកោលាហល​​ ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​គ្រប់​មជ្ឈដ្ឋាន​ងើប​ឡើងផ្ទុះ​កំ​ហឹង​ បកអាក្រាត​ថ្នាក់​ដឹក​នាំ​ និង​ហ៊ាន​និយាយបរិហារិះ​គន់​ដោយ​ឥត​សំ​ចៃ​មាត់​។

នៅ​ពេល​អ្នក​តំ​ណាង​រាស្ត្រ​រូប​នោះ​បានលឺ​ការ​ទស្សទាយ​របស់​ លោក ភិនយ៉ូ​ គឺ​ខ្លួន​គាត់​ផ្ទាល់​ហាក់​មាន​ការ​ព្រឺ​រោម​ តក់​ស្លុត​ក្នុង​ចិត្ត​ជា​ខ្លាំង​ និង​ពុំ​ហ៊ាន​ហារមាត់​និយាយតប​ថា ការ​​ទាយ​​នោះត្រូវ​ ឬ​ខុស​ឡើយ​។ ប៉ុន្តែ ព័ត៌មាន​នេះ​ បាន​បែក​ធ្លាយ​ខណៈរូប​គាត់​និយាយ​ប្រាប់​ទៅ​​អ្នក​រួម​ដំ​ណើរជាមួយ​ និង​លឺបន្ត​ដល់​អ្នក​សារព័ត៌មាន​ ហើយ​ដំ​ណឹង​នេះ​ក៏​បាន​ចុះ​ផ្សាយ​ផង​ដែរនៅ​ក្នុង​ប្រទេស​ថៃ​។

សូម​បញ្ជាក់​ថា លោក ភិនយ៉ូ ភុងចារឺន បច្ចុប្បន្នជា​ប្រធាន​សមាគម​ហោរាសាស្ត្រថៃ​ កន្លង​មក​ លោក​ធ្លាប់​បាន​ទស្សទាយ​អំ​ពី​ការ​ប្រែ​ប្រួល​នៃ​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​ថៃ​ ជា​ពិសេស​ គឺ​គាត់​ទាយ​មិន​ដែល​ខុសម្តង​ណា​ឡើយ ​អំ​ពី​ការ​​ធ្លាក់​ពី​ដំ​ណែង​របស់​នាយក​រដ្ឋ​មន្ត្រី​​ថៃ​ជា​បន្ត​បន្ទាប់​ តាំង​ពី​ជំ​នាន់​លោក​ ថាក់​ស៊ីន ស៊ី​ណាវ៉ាត្រា​ លោក​ជូ​ឡាណុល សាម៉ាក់ ស៊ុន​ដារ៉ា​វ៉េត ស៊ុម​ឆៃ វង្ស​សាវ៉ាត លោក​អាប់​ភី​ស៊ីត វេចាជី​វ៉ាក់ និង​ លោក​ស្រី​ យីង​ឡាក់ ស៊ី​ណា​វ៉ាត់​ត្រា សុទ្ធ​តែត្រូវ​បាន​លោក​ ភិន​យ៉ូ ទស្សទាយ​ត្រូវ​ទាំង​អស់​ ពី​អាយុ​ខ្លី​នៃជី​វិត​នយោបាយ​​របស់​អ្នក​ទាំង​នោះ ដែល​នាំ​ឲ្យ​ប្រជា​ពលរដ្ឋ​ថៃ​មាន​ជំ​នឿភ្លូក​ទឹក​ភ្លូក​ដី​នឹង​ការ​ទាយឆុត​​របស់​លោក​ជា​ខ្លាំង​ ។​ ក្រៅ​ពី​នេះ លោក​ ភិន​យ៉ូ ក៏​ទស្សទាយ​ផង​ដែរពី​ការ​ងារ​រកស៊ី​ ជី​វិត​ក្នុង​គ្រួសារ​ ការប្រកប​មុខ​ជំ​នួញ​តូចធំ​ និង​ជោគ​វាសនាមនុស្សពី​បច្ចុប្បន្ន និង​ទៅ​អនាគត។

គេនៅ​មិន​ទាន់​ដឹង​ថា ដំ​ណឹង​នៃ​ការ​បែក​បាក់ រលំ​រលាយ​ ​ដូច​ទឹក​បាក់​ទំ​នប់​ តាម​រយៈ​ហោរាសាស្ត្រ​ដ៏​ល្បី​នៅប្រទេស​ថៃ​ម្នាក់​នេះ​បានទស្សទាយ​ លេចលឺដល់​ថ្នាក់​ដឹក​នាំគណបក្ស​សង្គ្រោះ​ជាតិ​​ហើយ​ឬ​នៅនោះ​ទេ​  ប៉ុន្តែ ក្រុម​អ្នក​តាមដាន​អំ​ពី​ស្ថាន​ការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​មើល​ឃើញ​ថា វិបត្តិ​ផ្ទៃ​ក្នុង​បក្សសង្គ្រោះ​ជាតិ​ ​ពិត​ជា​កំ​ពុង​កើត​មាន​ ហើយ​ការ​បរាជ័យ​ជា​ថ្មី​ទៀត​ នឹង​កើត​មាន​ឡើងដោយ​​ចៀសមិន​ផុត​ ដោយ​សារថ្នាក់​ដឹក​នាំ​​គណបក្ស​ប្រឆាំង​ខ្វែង​គំ​និត​គ្នា​ បក្ខពួក​និយម​ គិត​តែ​ពី​រឿង​ល្មោភ​អំ​ណាច និង​ចង់​បាន​ផល​ប្រយោជន៍​សួន​តួជាង​ប្រយោជន៍​ជាតិ​ ជា​ពិសេស គ្មាន​សមត្ថភាព​ និង​គ្មានទិស​ដៅ​ជាយុទ្ធសាស្ត្រ​ក្នុង​ការ​ដឹក​នាំ​គណបក្ស​នោះ​ឡើយ៕
ថេម​ ចារ៉ា​ណុន

គណបក្សសង្គ្រោះជាតិ បណ្តេញលោកស្រី ឡាក់ សុភាព ចេញពីបក្ស បន្ទាប់ពីអំពើពុករលួយរបស់មេបក្សត្រូវបានបកអាក្រាត



នៅ​ថ្ងៃទី​៣០​ ខែធ្នូ ​ឆ្នាំ២០១៤​ នេះ​ គណបក្ស​សង្រ្គោះ​ជាតិ បានចេ​ញសេចក្តី​សំរេច​យ៉ាងត​ក់ក្រ​ហល់​មួយ​រប​ស់ខ្លួន​ មានល​ក្ខណៈដូ​ចជាផ្តា​ច់ការ​ ដោយសំ​រេចប​ញ្ចប់ស​មាជិក​ភាព​ លោក​ស្រី ឡាក់​ សុភា​ព ដែល​មាន​តួនាទី​ជាសមា​ជិកគណៈ​កម្មា​ធិការ​នាយក ​នៃគណ​បក្ស​សង្រ្គោះជាតិ​ និងជា​ជំនួយកា​រផ្ទាល់​របស់​លោក ​កឹម​ សុខា​ ពីគណ​បក្សសង្រ្គ​ជាតិ ហើ​យបន្ទាប់ពីលោ​កស្រី​ បានទម្លា​យរឿ​ងអាស្រូវ ពាក់ព័ន្ធ​និងការប្រ​ព្រឹត្តអំពីពុ​ករលួយ​ របស់មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជា​តិ។
បន្ទា​ប់ពីមា​នការស​ម្រេច បញ្ច​ប់សមាជិកភា​ពលោកស្រី​ ឡាក់​ ​សុភាព ដោ​យគ​ណបក្សសង្គ្រោះ​ជាតិ ដែ​លមានលោ​ក អ៊ូ ច័ន្ទឬទ្ធិ​ ជាប្រធាន​គណៈកម្មា​ធិការវិន័​យនោះ ​នៅព្រឹ​កមិញ នេះ​​ដែរ ​លោ​កស្រី ឡាក់ សុ​ភាព បានធ្វើសន្និសីទកាសែតនៅមុខរដ្ឋសភា ដើម្បី​បង្ហាញ​ពីជំហ​រ របស់​លោ​ក​ស្រីក្នុងរឿ​ងនេះ។​ លោ​កស្រី​ ឡាក់ សុភាព បានប្រា​ប់អ្នកសា​​រព័ត៌មា​នថា​  លោ​កស្រីនៅ​តែប្រកា​ន់ជំហរជាដា​ច់ខាតមិនដើ​រចេញពីគណប​ក្សសង្រ្គោះជា​តិឡើយ ​បើទោះបីជាត្រូ​វបានបណ្តេ​ញចេ​ញក៏​ដោយ ​ព្រោះគណប​ក្សសង្គ្រោះ​ជាតិ ​មិនមែនជា​កម្មសិទ្ឋិ​ផ្តាច់​មុខរប​ស់បុគ្គល​ណា​ម្នា​ក់ឡើយ គឺជា​របស់​ប្រជាព​លរដ្ឋខ្មែរ ហើយលោ​កស្រីគឺជាបុគ្គលម្នា​ក់ដែល​បាន តស៊ូ​ធ្វើនយោ​បា​​យអស់ពេលជា​ង២០ឆ្នាំ​ ដើម្បីបំរើ​គណបក្ស​មួយនេះ។ លោ​កស្រីបានប​ន្តថា គ្មានន​រណាទិញចិត្ត​គាត់ឲ្យដើរនិយា​យពីកា​របែកបាក់ផ្ទៃ​ក្នុង ​នៅក្នុងបក្សរបស់ខ្លួន និងថា​មេបក្ស​ បានប្រ​ព្រឹត្តអំពើ​ពុករលួយទេ តែអ្វីដែ​លលោកស្រីបាន​ និងហ៊ាននិយាយនោះ គឺធ្វើឡើង​ក្នុងគោលបំណងកែលម្អ និងការពារផលប្រយោជ​ន៍ប្រជាពលរដ្ឋ​ ​ពិសេសគឺអ្នកគាំ​ទ្រដែលតែងតែ​ផ្តល់នូវជំនួយជាបន្តបន្ទាប់​មកគណបក្សសង្រ្គោះជា​តិ ដែលលោកស្រីចាត់ទុ​កថា ​ថវិកាទាំងនោះ​គឺជាញើសឈាមរបស់អ្នកគាំទ្រ។
នៅថ្ងៃនេះដែរ លោក អ៊ូ ច័​ន្ទ​​ឫទ្ធិ ប្រធាន​គណៈកម្មាធិការ​វិន័យ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់ឲ្យដឹង​ថា​ ​គណៈកម្មាធិការ​វិន័​យ របស់​គ​ណបក្ស​ស​ង្គ្រោះ​ជា​តិ បានសម្រេចជា​ផ្លូវការ​ហើយ ក្នុង​កា​រ​បញ្ចប់​សមា​ជិក​ភាព លោកស្រី ឡាក់ សុភាព ពី​គ​ណបក្ស​ស​ង្គ្រោះ​ជាតិ​​។ ការបញ្ច​ប់​សមាជិកភាព លោកស្រី ឡាក់ សុភាព ដោ​​យសារតែ​គា​ត់បាន​និយា​យ​ពាក់ព័​ន្ធ ថ្នាក់​ដឹកនាំ​ប្រព្រឹត្តអំពើពុករលួយ និង​ការបែកបាក់​ផ្ទៃ​ក្នុង​គណ​បក្ស ដែល​កា​រលើកឡើង​នេះ ត្រូ​វបានលោក អ៊ូ ច័ន្ទឬទ្ធិ និយា​យថាមិន​មែនជា​ការពិ​ត​។ នេះ​​ជា​ហេតុផ​ល ដែល​គណបក្សសម្រេច​បញ្ចប់សមាជិកភាព​របស់​គាត់​។​ ​លោក​​បាន​បន្តថា ចំពោះ​តួនាទី ជា​ជំនួយការ​លោ​ក កឹម សុខា ​អនុប្រធាន​ទី​១ រដ្ឋសភា​ គឺ​នៅ​មិនទាន់​សម្រេចដក​នៅឡើយ​ទេ ដោយ​ទុក​ឲ្យ​លោក កឹម សុខា ជា​អ្នកសម្រេច​។
 
ទោះជាយ៉ាងណា ការសម្រេចដោយតក់ក្រហល មិនមា​នការពិភាក្សា​ និងពិ​គ្រោះយោ​បល់ពីសំ​ណាក់អ្នកគាំទ្រ​ របស់គណបក្សសង្រ្គោះជាតិ ត្រូវបាន​សាធារណៈជនមើលឃើញថា ជាចំណាត់​ការដ៏ផ្តា​​ច់ការបំផុត​របស់ថ្នាក់ដឹកនាំគណបក្ស​មួយនេះ។
ដោយៈ ច័ន្ទ ទេវី


សុន្ទរកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ពីធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់ ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិការ​យុទ្ធ​សាស្ត្រ​លើ​វិស័យ​​ទេសចរណ៍ រវាង​ក្រសួង​ទេសច​រណ៍ និង​ក្រុមហ៊ុន​ទីភ្នាក់​ងារទេសចរណ៍​ជាតិចិន

ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤
         

- ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍
- ឯកឧត្តម វ៉ាង វ៉ៃមីង ប្រធានក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ជាតិចិន
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គណៈប្រតិភូ CITS ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ចូលរួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ ក្នុងពីធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ជាតិចិន (CITS Group Corporation)។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះឯកឧត្តម វ៉ាង វ៉ៃមីងនិងគណៈប្រតិភូនៃក្រុមហ៊ុន CITS របស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យ​ទេសចរណ៍កម្ពុជានិងចិន។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងទេសចរណ៍ ដែលបានខិតខំជំរុញឱ្យមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ជាតិចិន CITS រហូត​ឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ នាថ្ងៃនេះ។
អនុស្សរណៈយោគយល់នេះ ផ្តោតជាពិសេសលើការជំរុញនិងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ការពង្រឹង​ការផ្សព្វផ្សាយអំពីទេសចរណ៍កម្ពុជានៅប្រទេសចិន និងការសម្របសម្រួលរៀបចំបង្កើតសាខារបស់ក្រុមហ៊ុន CITS នៅកម្ពុជា ដែលទាំងនេះនឹងទាក់ទាញភ្ញៀវទេសចរចិន និងភ្ញៀវទេសចរអន្តរជាតិដែលទៅទស្សនាប្រទេសចិន ឱ្យមកទស្សនាកម្ពុជា ​កាន់តែច្រើនថែមទៀត។ អនុស្សរណៈយោគយល់នេះក៏មានសារសំខាន់ផងដែរ ក្នុងការជំរុញនូវលំហូរទេសចររវាង​សាធារណរដ្ឋ​ប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាគុណ​ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ជាមួយនឹងឧត្តមភាពប្រកួតប្រជែង និងធនធានមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ វត្តមានរបស់ក្រុមហ៊ុន CITS នឹងរួមចំណែកដល់ការអភិវឌ្ឍ និងការលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ដើម្បីឱ្យវិស័យនេះក្លាយទៅជាវិស័យមួយកាន់តែសំខាន់ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី

ទេសចរណ៍ គឺជាវិស័យដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ នៅឆ្នាំ១៩៩៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសប្រមាណជា ១១៨ពាន់នាក់ប៉ុណ្ណោះ ហើយចំនួននេះបានកើនឡើងរហូតដល់ ៤,២លាននាក់ ក្នុងឆ្នាំ២០១៣ និងតាមការប៉ាន់ស្មាន ភ្ញៀវទេសចរមកកម្ពុជានឹងកើនឡើងរហូតដល់ ៨លាន​នាក់ ក្នុងឆ្នាំ២០២០។ កំណើនយ៉ាងឆាប់រហ័សនេះកើតមានឡើង ដោយសារកត្តាអំណោយផលជាច្រើន រួមមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលសម្រេចបានតាមរយៈគោលនយោបាយ «ឈ្នះ-ឈ្នះ» របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងគោលនយោបាយ «បើកចំហរជើងមេឃ» និងគោលនយោបាយផ្សេងៗជាច្រើនទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តយ៉ាងសកម្ម។ ដោយសារកត្តាអំណោយផលទាំងនេះ និងធនធានទេសចរណ៍ដ៏សម្បូរបែបទាំងផ្នែកវប្បធម៌ និងធម្មជាតិ នៅកម្ពុជា វិស័យទេសចរណ៍នៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
តាមរយៈការចុះអនុស្សរណៈយោគយល់នាថ្ងៃនេះ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ជាតិចិន CITS នឹងក្លាយជាដៃគូយុទ្ធសាស្រ្ត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើនជាលំដាប់ ទៅថ្ងៃអនាគត។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមស្វាគមន៍ និងលើកទឹកចិត្តដល់អ្នកវិនិយោគបរទេសទាំងអស់ ដែលមានបំណងវិនិយោគលើវិស័យទេសចរណ៍និងវិស័យពាក់ព័ន្ធដទៃទៀត ជាពិសេសគម្រោងវិនិយោគរបស់ក្រុមហ៊ុន CITS មកវិនិយោគនៅកម្ពុជា។
        មុននឹងបញ្ចប់ ខ្ញុំសូមវាយតម្លៃខ្ពស់ជាថ្មីម្តងទៀត ចំពោះក្រសួងទេសចរណ៍ និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ជាតិចិន CITS ដែលបានសហការគ្នាជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ និង​លើកកម្ពស់វិស័យទេសចរណ៍កម្ពុជា-ចិន សំដៅបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ។ ជាមួយគ្នានេះដែរ ខ្ញុំសូមអំពាវនាវឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនទាំងអស់ បន្តសហការគ្នា ដើម្បីអភិវឌ្ឍវិស័យប្រកប​ដោយក្ដីសង្ឃឹមនេះ ឱ្យកាន់តែល្អប្រសើរឡើង​ថែមទៀត សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនថែមទៀត។
          ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ។
សូមអរគុណ!

ទស្សនៈ គណបក្សប្រឆាំងនៅ​កម្ពុជា​ ជានិច្ចកាលត្រូវ​បាន​គេមើល​ឃើញ​ថា បាន​​ដើរចេញឆ្ងាយ​ពីគោលការណ៍នីតិរដ្ឋ

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបើក​សន្និសីទ​ជាតិ ដើម្បីផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ចំ​នួន​បី ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ រួមមាន៖ ១‑ ច្បាប់ស្តី​ពី​លក្ខ​ន្តិកៈ​នៃចៅក្រម និងព្រះរាជាអាជ្ញា  ២‑ ច្បាប់ ស្តីពីការរៀបចំអង្គការតុលាការ និង ៣‑ ច្បាប់​ស្តីពីការរៀបចំ និងការប្រ​ព្រឹត្ត​ទៅនៃឧត្តមក្រុមប្រឹក្សានៃអ​​ង្គចៅក្រម ដែលចងក្រងដោយក្រសួងយុត្តិធម៌ ​និងកិច្ច​សហ​ប្រតិបត្តិ​ការអាល្លឺម៉ង។

សន្និសីទនេះបានបង្ហាញយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញា​ចិត្តដ៍មុតមាំរបស់​រាជរដ្ឋាភិបាល លើការបន្ត​អនុវត្តការងារកែទម្រង់ស៊ីជម្រៅរបស់ខ្លួននៅក្នុងវិស័យយុត្តិធម៌ សំដៅពង្រឹង​អភិ​បាលកិច្ចល្អ និងនីតិរដ្ឋ។ ជារួមសេចក្តីព្រាងច្បាប់នេះបានបង្កើតឲ្យមានអភិក្រមមួយច្បាស់លាស់ និង​រឹង​មាំបន្ថែមទៀត ដើម្បីធានាឯករាជ្យភាពនៃអំណាចតុលាការ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា ព្រមទាំងអាចធ្វើឲ្យសាលាក្តី និងអយ្យការអមសាលាជម្រះនៅគ្រប់ជាន់ថ្នាក់ អាច​ដំណើរ​ការ​​ប្រព្រឹត្ត​ទៅបានល្អប្រសើរ ជាពិសេស ការលើកកម្ពស់លើការផ្តល់សេវាយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព និង​​ការ​បង្កើនជំនឿទុកចិត្តរបស់សាធារណៈជនមកលើការផ្តល់សេវាសាធារណៈ ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៍បានប្រកាសអំពីការរៀបចំបង្កើតឲ្យមានសាលាឧទ្ធរណ៍តំបន់ ដើម្បី​បង្ខិត​សេវាយុត្តិធម៌ ឲ្យកៀកប្រជាពលរដ្ឋនៅតំបន់ឆ្ងាយ និងជៀសវាង​ការកាត់បន្ថយ​ការកកស្ទះសំណុំ​រឿង​​នៅសាលាឧទ្ធរណ៍ភ្នំពេញ ដោយបង្កើនភាពឆាប់រហ័សក្នុងការជំនុំជម្រះ​ក្តីនៅតុលាការជាន់​ខ្ពស់​ប្រកប​​​ដោយភាពយុត្តិធម៌។ ព្រមជាមួយការបង្កើតឲ្យមានគោលការណ៍​វិសមិតភាព ដើម្បីធានាដល់​ការ​កាត់​ក្តី​របស់ចៅក្រមដោយមិនលម្អៀង ជាពិសេសការហាមឃាត់មិនឲ្យចៅក្រមជំនុំជម្រះ​លើរឿងក្តី​តែមួយ​ដែល​មាន​​ភាគីជាសាច់ញាតិ ឬមេធាវី ការពាររឿងក្តីនោះជាសាច់ញាតិរបស់ខ្លួនទ្បើយ។

ដោយស្របតាមការពង្រឹងគោលការណ៍នីតិរដ្ឋនៅក្នុងលិទ្ធិប្រជាធិតេយ្យសេរី និងឆ្លើយតបទៅ​គោល​ការណ៍វិសមិតភាព នេះផងដែរ។ រាជរដ្ឋាភិបាលក៍បានស្នើរជូនបក្ស​ប្រឆាំងទាក់ទិនទៅនឹង​ការរៀបចំការ​កំណត់​សមាសភាពនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គួរកុំយកបក្ខពួកនិយម គ្រួសារនិយម ដែលជាការផ្ទុយពីគោលការណ៍ច្បាប់នេះ ហាមមិនឲ្យមានសាច់ញាតិ ឬញាតិពន្ធរបស់​មេដឹកនាំ​គណ​បក្ស​​ណាមួយ ចូលជាគណៈកម្មាធិការដែលនាំឲ្យកើតការលម្អៀង។ ដោយសារការកំណត់សមាសភាព​នេះ ទើបបក្សប្រឆាំងរារែកមិនចូលរួមបង្កើតច្បាប់ខាងលើឲ្យបានប្រត្សក្រ និងរលូនឆាប់រហ័ស ដោយ​យកលេស ការកំណត់សញ្ជាតិខ្មែរតែមួយគឺមិនសំខាន់ ពីព្រោះគណបក្ស​នេះ​យល់​ថា គោលបំណង​ចម្បង​របស់​ខ្លួន គឺចង់​បញ្ចូល​ញាតិពន្ធ និងសមាជិកក្រុមបក្សដែលមានសញ្ជាតិពីរ‑ បី ចូលទៅក្នុងគណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត នេះជាចំនុចសំខាន់ ដែលគោលការណ៍បក្សប្រឆាំងមិនអាចលះបង់​សញ្ជាតិបរទេស ដើម្បីបម្រើដល់ផលប្រយោជន៍រួមជូនជាតិមាតុភូមិបាន​ឡើយ។

បើទោះជាមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នៅក្នុងការចូលរួមតាក់តែង​សេចក្តី​ព្រាង​ច្បាប់​​​ជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ការផ្តល់យុត្តិធម៌សង្គម ដែលគេដឹងថា មកដល់​សព្វថ្ងៃនេះ​មានច្បាប់​ប្រមាណជាង៤០០ ត្រូវបានអនុម័ត និងប្រកាសឲ្យប្រើប្រាស់យ៉ាងណាក្តី ក៏គេបានសង្កេត​ឃើញថា ក្រុម​គណបក្សប្រឆាំងមិនត្រឹមតែមិនបានចូលរួមអនុម័ត និងគោរពតាមគោលការណ៍ច្បាប់ប៉ុណ្ណោះទេ មាន​ពេលខ្លះ ក្រុមបក្សប្រឆាំងបានរួមសហការជាមួយក្រុមស៊ីវិលមួយចំនួនក្នុងការបន្ទុច បង្អាក់បង្កជាឧបសគ្គ ក្នុងគោលបំណងរារាំងមិនឲ្យសេចក្តីព្រាងច្បាប់ទាំងនោះអនុម័តចូលជាធរមាន។ ដោយនៅពីក្រោយ    ចេត​នាប្រឆាំងគោលការណ៍ច្បាប់ ដែលក្រុមអង្គការសង្គមស៊ីវិល និងបក្សប្រឆាំង​បានសម្តែងការ​មិន​គ្រាំ​ទ្រ​នូវរាល់ការអនុម័តច្បាប់ម្តងៗ ពីព្រោះការមានច្បាប់ត្រូវបានពួកគេចាត់ទុកថា ជាការរឹត​ត្បិត​សិទ្ធិ​សេរីភាព ឬក៏ជាការខ្ទាស់ជើងទៅនឹងសកម្មភាពអាណាធិបតេយ្យនានា ដែលកន្លងមក​​ក្រុមប្រឆាំង​តែងតែ​ប្រើ​សិទ្ធិ​ដ៍​ហួស​ព្រំដែន ដើម្បីសម្លាប់គោលការណ៍នីតិរដ្ឋនៅកម្ពុជា។

ម៉្យាង​វិញ​ទៀត នៅតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្រុម​ប្រឆាំង​តែងតែបន្លំបោក​ប្រាស់ដល់​សាធារណៈ​មតិថា រាជរដ្ឋាភិបាលមិនអើពើលើការតាក់តែងឲ្យមានសេចក្តីព្រាងច្បាប់នេះ ច្បាប់នោះ ទៅ​តាមពួកគេចង់បានឡើយ ប៉ុន្តែ នៅពេលច្បាប់បានរដ្ឋសភា​អនុម័ត ក្រុមបក្សប្រឆាំងបែរជាលើកទ្បើងថា ហេតុអ្វីក៏ប្រញាប់ប្រញ៉ាល់ម្លេះ? ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងមិនធ្វើជាចំណាប់ខ្មាំង ឬ​ក៏ដេក​ចាំការ​ដឹក​ច្រមុះ​របស់​ក្រុម​ប្រឆាំង​នោះ​ឡើយ​។

ដោយប្រកាន់នូវទស្សនទាន « ឆ្កែចេះតែព្រុស មនុស្ស​ចេះ​តែ​ដើរ»​ បាន​ន័យ​ថា សេចក្តីព្រាង​ច្បាប់​នានា ត្រូវបានអនុម័តជាបន្តបន្ទាប់ដើម្បី​សម្រេចទិសដៅជាយុទ្ធ​សាស្រ្ត​ នៃ​កំណែ​​ទម្រ​ង់​​ដ៏ស៊ីជម្រៅនៅក្នុង​ប្រព័ន្ធ​យុត្តិ​ធម៌កម្ពុជា ពិតជាត្រូវការចាំបាច់នូវ​រាល់ឯកសារគតិយុត្តិ​ជាច្រើន​ទៀត ដើម្បីបំពេញសេចក្តីត្រូវការ​នៃ​របត់នយោបាយ សេដ្ឋកិច្ច សង្គម និងសាកលភាវូបនីយ៍កម្ម នៃ​ការ​ពង្រីកទំនាក់ទំនងអន្តរជាតិ​ជាមួយ​បណ្តា​​ប្រទេសនៅក្នុងតំបន់ និងសកលលោក។

ដូចនេះ តាមរយៈការត្រៀមខ្លួនទុកជាមុនរបស់កម្ពុជា លើការពង្រឹង លើកស្ទួយការគោរពច្បាប់ គឺជា​ជំហានដ៏វិជ្ជមានដែលឆ្លើយ​តបទៅនឹងតំរូវការរបស់កម្ពុជា​ក្នុង​ពេលបច្ចុប្បន្ន​ និង​សម្រាប់​សមា​ហរណ​កម្ម​​​​អាស៊ាន​នាឆ្នាំ២០១៥ខាងមុខ និងទៅអនាគត នៅ​ក្នុង​​​គោលដៅធានាបាននូវប្រព័ន្ធយុត្តិធម៌មួយ ដែល​​អាច​​ជឿទុក​ចិត្ត​ និងមានស្ថិរភាពសម្រាប់ការលើកស្ទួយការគោរពសិទ្ធិ និងសេចក្តី​ថ្លៃថ្នូររបស់​មនុស្សជាតិ​ ព្រមទាំងការបង្កើតការជឿទុកចិត្តសម្រាប់ទាក់ទាញការវិនិយោគ ក្នុងបរិយាកាស​នៃ​សេដ្ឋ​កិច្ច​​ទីផ្សារសេរី ៕  


អត្ថបទ៖ លី ចិន្តា (អ្នកសិក្សាស្រាវជ្រាវគោលការណ៍នីតិរដ្ឋនៅកម្ពុជា)

Sunday, December 28, 2014

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យសុខ អាន អញ្ជើញ​សម្ពោធ​សមិទ្ធ​ផល​នានា និងពិធី​អបអ​រសាទរ​ខួប​ទី ១៥ នៃការ​បង្កើ​តរាជ​បណ្ឌិត​សភា​ចារ្យ​កម្ពុជា (១៩៩៩-២០១៤)

ថ្លែងក្នុងពិធីអបអរសាទរខួបទី១៥ នៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា និងពិធីសម្ពោធសមិទ្ធផល​​នានា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីទទួលនបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី តំណាងដ៍ ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ដ្រាចារ្យ មន្ដ្រីរាជ​ការគ្រប់​ជាន់ថ្នាក់​នៃរាជ​បណ្ឌិត្យសភាកម្ពុជា ដែល​បាន​ខិតខំបំពេញការងារនាពេលកន្លងមក ដោយទទួល បានលទ្ធផលល្អ ទាំងផ្នែកបណ្ដុះបណ្ដាល និងការសិក្សា​ស្រាវជ្រាវ ព្រមទាំងការកសាង ហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តនានា ក៍ដូចជាការបង្កើត «ឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» សម្រាប់ការសិក្សា​ស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការការពារបេតិកភណ្ឌជាតិ បរិស្ថាន និងធនធានធម្មជាតិ ក្នុងតំបន់ប្រាសាទព្រះវិហារ ជាពិសេសការសិក្សា​ស្រាវជ្រាវអំពីការស្លដែក របស់បុព្វបុរសខ្មែរ តាំងពីមុន សម័យអង្គរ។

កិច្ចខិត​ខំប្រឹង​ប្រែង​របស់ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ គឺពិតជាកូនសោរគន្លឹះ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជាឆ្ពោះទៅរកជោគជ័យថ្មីបន្ថែមទៀតដើម្បីធ្វើឱ្យស្ថាប័ននេះ​​ក្លាយ​ជាគំរូសម្រាប់គ្រឹះស្ថាន​ដទៃទៀតពាក់ព័ន្ធនឹងវិស័យអប់រំ និងការសិក្សាស្រាវជ្រាវ ឈានឆ្ពោះទៅដល់ការ​ទទួល​ស្គាល់​​កម្រិតតំបន់ និងអន្ដរជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍បន្ដទៀតថា៖ ធនធានមនុស្ស គឺជាកត្ដា​មូល​ដ្ឋាន​​ដ៏សំខាន់មិន​អាចខ្វះបាន​សម្រាប់​ការអភិវឌ្ឍ និងការ​ធានា​បាន​នូវសមត្ថភាពប្រកួត​ប្រជែងរបស់ប្រទេស ជាតិនីមួយៗនៅក្នុងយុគ​សម័យ​នៃសាកល​ភាវូបនីយកម្ម និងតំបន់ភាវូបនីយកម្ម ដែល​មានការរីកចម្រើន ជាបន្តបន្ទាប់ ផ្នែកបច្ចេកវិទ្យាព័ត៌​មាន និងទូរគមនាគមន៍។ ដូចនេះ នាពេលបច្ចុប្បន្ន និងទៅអនាគត កម្ពុជាពិត ជាត្រូវការ​ជាចាំបាច់​នូវធន​ធាន​​មនុស្ស​ប្រកបដោយភាពស្ទាត់ជំនាញ គំនិតច្នៃប្រឌិត កម្រិតបច្ចេកទេសខ្ពស់ និងរបកគំហើញ​​ថ្មីៗ ផ្នែកវិទ្យាសាស្ដ្រ ដើម្បីធា​នាបាន​នូវសក្ដានុពលភាពសម្រាប់ ការប្រកួតប្រជែង ជាអន្តរជាតិ និងនិរន្ដរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

ឯកឧត្តម​បាន​បន្ត​ថា ដើម្បី​ឆ្លើយ​តបទៅនឹងតម្រូវការចាំ​បាច់និង​បន្ទាន់​​​ចំពោះ​​​មុខនេះ គោលនយោបាយ យុទ្ធសាស្ដ្រ និងផែនការសកម្មភាពរយៈពេលខ្លី មធ្យម និងវែងរបស់រាជរដ្ឋាភិបាល មិនត្រឹមតែ​សំដៅ​ទៅលើការអភិវឌ្ឍធន​​ធាន​មនុស្ស​ទាំង​បរិមាណ ​និងគុណភាពប៉ុណ្ណោះទេ ប៉ុន្ដែ​ រាជរដ្ឋាភិបាល​បាន​និង​កំពុង​ផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ផងដែរ ដល់​ការដាក់​ចេញ​នូវវិធានការ​​ និងយុទ្ធសាស្ត្រនានា ​សំដៅ​ដោះ​ស្រាយ​បញ្ហាការងារធ្វើរបស់ប្រជាពលរដ្ឋផងដែរជាអាទិ៍យុទ្ធសាស្ដ្រពង្រឹងសកម្មភាព ​បណ្ដុះបណ្ដាលវិជ្ជា​ជីវៈ និង​បច្ចេកទេស រួមជាមួយនឹង​ការបង្កើត​ឱ្យ​មាន​ទីភ្នាក់​ងារ​ជាតិ​មុខរបរ និងការងារ ដែលជាយុទ្ធសាស្ដ្រ​សំដៅ​ធ្វើឱ្យការ​បណ្ដុះ​បណ្ដាលមាន​ភាពស៊ីសង្វាក់គ្នាជាមួយនឹងតម្រូវការ​ទីផ្សារពលកម្ម នាពេលបច្ចុប្បន្ននិង​​អនាគត​ ៕

អត្ថបទ៖ សាវឿន








ក្រុមអាជីវករសត្តឃាតនៅទូទាំងខេត្តតាកែវ ផ្ទុះការជំទាសតវ៉ាសុំឲ្យអជ្ញាធរបញ្ចប់​កិច្ចសន្យាក្រុមហ៊ុន​គ្រប់​គ្រង​អាជីវកម្មសត្តឃាត​របស់លោកហ៊ន​ ហៀង និងស្នើឲ្យមានការដេញថ្លៃជាសាធារណៈ

ក្រុមអាជីវករសត្តឃាតនៅទូទាំងខេត្តតាកែវ ផ្ទុះការជំទាសតវ៉ាសុំឲ្យអជ្ញាធរបញ្ចប់​កិច្ចសន្យាក្រុមហ៊ុន​គ្រប់​គ្រង​អាជីវកម្មសត្តឃាត​របស់លោកហ៊ន​ ហៀង និងស្នើឲ្យមានការដេញថ្លៃជាសាធារណៈ ដើម្បី​ជ្រើសរើស​ក្រុម​ហ៊ុនថ្មី។

ក្រុមហ៊ុន​គ្រប់​គ្រង​សត្តឃាតដ្ឋានរបស់លោកហ៊យ ហៀង កំពុងប្រឈមនិង​ការប្រឆាំងតវ៉ា​ពីក្រុមអាជីវក​រ​ពិឃាដ​សត្វ ជ្រូក គោ ​ក្នុង​ស្រុកទាំង១០របស់ខេត្តតាកែវ ដោយពួកគាត់មិនពេញចិត្តចំពោះ​ប្រតិបត្តិការអាជីវកម្ម​ផ្តាច់មុខ​ដោយគ្មាន​នការ​ទទួល​ខុសត្រូវ​ពីសំណាក់ក្រុមហ៊ុន ដោយបាននាំគ្នាមកដាក់ញាត្តិស្នើ​ឲ្យ​អជ្ញាធរ​បញ្ចប់​កិច្ចសន្យា​បញ្ឈប់​សកម្ម​ភាព​ធ្វើអាជីវកម្មរបស់ក្រុមហ៊ុនមួយនេះ  និង ស្នើ​ឲ្យអាជ្ញាធរ​ធ្វើការដេញថ្លៃជា​សាធា​រណៈ​ឲ្យបាន​ត្រឹម​​ត្រូវ និង​មានតម្លាភាព ដើម្បី​ជ្រើស​រើសក្រុមហ៊ុនថ្មីមកគ្រប់គ្រងជំនួយ។

ឯកឧត្តម ឡាយ  វណ្ណៈ អភិបាល នៃ​គណៈអភិបាលខេត្តតាកែវ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងកិច្ចសម្ភាសន៏ថា ឯកឧត្តមបាន​ទទួល​រួច​ហើយនូវព័ត៌មានដែលអាជីវករពិឃាដសត្វ មិនពេញចិត្ត​ចំពោះភាពអសកម្មរបស់​ក្រុមហ៊ុន​អាជីវកម្មគ្រប់គ្រងសត្តឃាតនៅខេត្តតាកែវនេះ  ឥឡូវពួកគាត់កំពុងដាក់ញ្ញាត្តិស្វែងរកការ​ជួយអន្តរាគមន៏​មកអាជ្ញា​ធរ សុំឲ្យបញ្ចប់កិច្ច​សន្យា​របស់​ក្រុមហ៊ុន​មួយនេះ ។  ឯកឧ​ត្តមបានបញ្ជាក់ថា តាម​ការសុំ​ឲ្យលប់កិច្ចសន្យានោះ ខាង​សាលា​​ខេត្តមិន​មាន​សិទ្ធអ្វី​ឡើយ  ប៉ុន្តែចំពោះបំណងដែល​បងប្អូនអាជីវករស្នើសុំឲ្យធ្វើការដេញថ្លៃ​ជាសាធារណៈ​ក្នុងការ​ជ្រើសរើស​ក្រុម​​ហ៊ុន​ថ្មី​ ឯកឧត្តម យល់ស្រប ។ ​ឯកឧត្តមបាន​ថ្លែង​ថា«អញ្ចឹងទេសំណូមពរគាត់ ថ្មីៗនេះ​គាត់​កំពុងប្រជុំដើម្បី​ធ្វើញ្ញាតិតវ៉ាមកខ្ញុំជាអភិបាលខេត្តថ្មី ឲ្យជួយ​ដោះ​ស្រាយបញ្ហានេះ ទី១គាត់សុំឲ្យលប់នូវកិច្ចសន្យា ដែលបន្តឲ្យក្រុមហ៊ុនចាស់ចេញ​​និងសុំឲ្យ​មាន​ការដេញថ្លៃ​ជាសា​ធា​រណៈ ដើម្បីឲ្យពួកគាត់មានការចូលរួមដេញ​ថ្លៃផងដែរ​។ទី២ គាត់សុំមិនឲ្យរកស៊ីផ្តាច់មុខ  គឺ​មិន​ចង់​ឲ្យមានតែក្រុមហ៊ុន១ .ក្រុមហ៊ុន​២ឬ ៣ក្រុមហ៊ុនចេះ​តែបន្តកិច្ចសន្យាដោយមិនមានការដេញថ្លៃជាសាធរណៈនោះទេ។​ ហើយថ្មីៗនេះ​មានសារាចរណែនាំលេខ០០៤​របស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក៏បានចែងដែរថា ត្រូវតែមានការដេញថ្លៃជាសាធារណៈ។​ ជាជំហររបស់​គណៈ​អភិបាលខេត្ត ខ្ញុំចង់ឲ្យអ្វីៗទាំងអស់មានការដេញថ្លៃធ្វើឲ្យមានតម្លាភាពចំពោះប្រជាពលរដ្ឋយើងទាំងអស់។​អញ្ចឹងទេតាមសេចក្តីរាយការណ៏ពីគ្រប់ស្រុកប្រជាពលរដ្ឋនិងអាជីវករផ្សារគាត់កំពុងប្រជុំដាក់ញ្ញាត្តិតវ៉ាមកខ្ញុំ  ហើយនៅពេលញ្ញាត្តិនេះមកដល់ខ្ញុំ ខ្ញុំនឹងកោះប្រជុំគណអភិបាលខេត្ត ដើម្បីស្វែងរកវិធីក្នុង​ការ​ដោះស្រាយ។ និង​បន្ថែមថា បញ្ហា​ទាំង​នេះ នឹង​សុំ​ការ​សម្រេច​ពី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ និង​ក្រសួង​កសិកម្មរុក្ខាប្រម៉ាញ់​ និង​នេសាទ ជា​ក្រសួង​សាមីសម្រេច​។

លោកហ៊ុន ​​សេងលី និងលោកម៉ី ផន អាជីវករកាប់ជ្រូកនៅទីតាំងសត្តឃាតភូមិថ្នល់បែក​  សង្កាត់រការក្រៅ ស្រុក ដូនកែវ បង្ហាញពីការមិនសប្បាយចិត្តចំពោះ ក្រុមហ៊ុនលោក ហ៊យ ហៀង ថាពួកគាត់មិនអាចទទួលយក​ក្រុមហ៊ុន​ដែលគ្មានការទទួលខុសត្រូវនេះទៀតបានឡើយ ក្រុមហ៊ុននឹងមិនអាចទទួលយកបាន តែបើគាត់ចេះកែ​លម្អ​ឲ្យ​បាន​ត្រឹមត្រូវយល់ស្របតាមអាជ្ញាធរ ធ្វើអ្វីឲ្យ​បាន​​ត្រឹមត្រូវ​គេអាចបន្ត ប៉ុន្តែបើនៅតែអញ្ចឹងតមិនកើត។ខ្ញុំ​ថាបើ​ក្រុម​ហ៊ុននឹងនៅតែអត់អើពើរធ្វើអ្វីទាំងអស់អញ្ចឹង អត់​មានលទ្ធភាពណាជួយក្រុមហ៊ុនហ្នឹងឲ្យធ្វើទេ។​ រីឯតំណាង​ក្រុម​អាជីវករ​នៅស្រុកព្រៃកប្បាសលោកលីវ សុផល ​ក៏បានមកដាក់ញ្ញាត្តិឲ្យអាជ្ញាធរជួយដោះស្រាយផង​ដែរ ​យើងខ្ញុំ​ទាំង​អស់គ្នាតំណាងអាជីវករស្រុកព្រៃកប្បាស​បានធ្វើញ្ញា​ត្តិ​ដាក់ជូនលោកអភិបាលស្រុក ដើម្បីឲ្យលោក​អភិ​បាល​ស្រុក​ជួយដោះស្រាយដល់អាជីវករយើងខ្ញុំ។

 ចំពោះបញ្ហានៅស្រុកសំរោង លោកញ៉ែម  ​​ស្រស់ អភិបាលស្រុក បានឲ្យដឹងដែរ​ថាលោកក៏បានទទួល​រួច​ហើយ​នូ​វ​សំណើរ​ពីប្រជាពលរដ្ឋ​ បានប្តឹងចោទ ក្រុមហ៊ុនលោក ហ៊យ ហៀង ថា មិនមានការទទួលខុស​ត្រូវលើការ​គ្រប់​គ្រងអាជីវកម្ម​របស់ខ្លួន ក្នុងនាម​រដ្ឋបាលស្រុកលោកសូមគាំទ្រក្នុងការបញ្ចប់​កិច្ចសន្យារចំពោះក្រុមហ៊ុន​ណា​ដែលរកស៊ីគ្មាន​ការទទួលខុស​ត្រូវនោះ​ « ក្នុងនាមរដ្ឋបាលស្រុកគឺ ខ្ញុំមានការសប្បាយ​រីករាយណាស់​ប្រសិន​បើ​យើងបញ្ឈប់ នូវការវិនិយោគដែលមិនទទួលខុសត្រូវនេះ ​នឹងសូមឲ្យ ដាក់ដេញថ្លៃជាសាធារណៈ​មាន​ការ​ចូល​រួមពី​អាជីវករ​ទាំង​អស់ឲ្យគាត់សប្បាយចិត្ត ពីព្រោះយើងទាមទាឲ្យមានតម្លាភាព។ កន្លងមកក្រុមហ៊ុននេះ​មិន​បាន​អនុវត្ត​គោរព​តាម​សៀវ​ភៅបន្ទុកក៏ដូចជាកិច្ចសន្យារបស់កាត់ទេ។ ខ្ញុំទទួលយកសំណូមពរពីអាជីវករ និង​ធ្វើ​លិខិត​លាយ​ល័ក្ខ​អក្ស​រ​រាយការណ៏ជូនអភិបាលខេត្តដើម្បីមានវិធានការជួយសម្រួលដោះស្រាយជូនពួកគាត់»។

លោកមូល  វិចិត្រ អភិបាលក្រុងដូនកែវ បានថ្លែងថា បន្ទាប់ពីទទួលបានញាត្តិពីអាជីវករសត្តឃាត ​លោក​បាន​កោះ​ប្រជុំ​សមាជិកក្រុមការងារបញ្ញាតិករបន្ទាន់ភ្លាម​ដើម្បីជួយដោះស្រាយបញ្ហាជូនពួកគាត់ គាត់ទាមទា លប់ក្រុមហ៊ុនថ្មី ហើយដាក់ដេញថ្លៃជាសាធារណៈឡើងវិញ។​ ដូច្នេះក្រោយពីកិច្ចប្រជុំជាង២ម៉ោង​ក្រុមការងារ​បញ្ញាតិ​​ករបាន​សម្រេច​ទី១​ ធ្វើជាសំណើរដាក់ជូនទៅអភិបាលខេត្ត ដើម្បីសិក្សាលើក្រុមហ៊ុនថ្មីនេះបើបង្កើតខុស​ពីនី​តិវិធីច្បាប់គួរ​តែ​លប់​ក្រុមហ៊ុននេះចោលរួចដាក់ដេញថ្លៃជាសាធារណៈឡើងវិញ។ទី២ បើក្រុមហ៊ុន​នេះមានសម្ពន្ធ័​ភាព​ជាមួយ​និង​ក្រុមហ៊ុនចាស់មែន ហើយក្រុមហ៊ុននេះបងប្អូនអាជីវករគាត់មិនពេញចិត្តតើយើងគួរទុកដែរឬទេ ជា​យោបល់​រួម​របស់ក្រុមប្រឹក្សាបញ្ញាតិករ គឺស្នើសុំទៅថ្នាក់ខេត្តដើម្បី​លប់ក្រុមហ៊ុនថ្មី​នេះរួចដាក់ដេញ​ថ្លៃជាសាធា​រណៈ​​ឡើងវិញ។

គួរបញ្ជាក់ថាលោក ហ៊យ ហៀង បាន​ទទួលសិទ្ធិ​ផ្តាច់​មុខក្នុង​ការ​​គ្រប់​គ្រងទីតាំង​អាជី​វកម្ម​សត្ត​ឃាតដ្ឋាន​ទូ​ទាំង​ខេត្ត​តាកែវ​ ចាប់​តាំង​ពី​ឆ្នាំ​២០០២ មក​ដល់​បច្ចុ​ប្បន្ន​នេះ គឺមាន​រយៈពេល​១៣ឆ្នាំ​មក​ហើយ​។ការ​ទទួល​សិទ្ធិ​ធ្វើ​អាជី​កម្ម​ផ្តាច់​​មុខ​របស់​លោក ហ៊យ ហៀង កន្លង​មក​  ក្រុមហ៊ុនមិន​បាន​អនុវត្តត្រឹមត្រូវ​តាម​កិច្ច​សន្យា​នោះឡើយ​ដោយ​ពលរដ្ឋ​​ចោទថាក្រុមហ៊ុននេះធ្វើនំអត់ម្សៅ គឺដឹងតែពីកៀបប្រមូលលុយពីក្រុមអាជីវករ ដោយមិនមាន​ការទទួល​ខុស​ត្រូវជួយដោះស្រាយទុក្ខលំ​បាករបស់អាជីវករឡើយ។ កត្តានេះហើយបានជំរុញឲ្យក្រុមអាជីវករ​ពិឃាដ​សត្វ​បង្ខំចិត្ត​ដាក់ញ្ញាត្តិ​ស្នើឲ្យអាជ្ញាធរបញ្ចប់កិច្ចសន្យា បញ្ឈប់មិន​ឲ្យ​​ក្រុម​ហ៊ុននេះបន្តគ្រប់គ្រងអាជីវកម្មតទៅទៀតឡើយ៕

អត្ថបទ៖សុវណ្ណតារា













  

ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ច្រូត​ស្រូវ​ជូន​ប្រជា​ពល​រដ្ឋ ឃុំ​កុមារ​រាជា ស្រុក​បាទី

នៅព្រឹក​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម ទិត សុធា  ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ អនុប្រធា​ន​ក្រុមកា​រងារ​ថ្នាក់​ជាតិ​ចុះជួយ​ឃុំ​កុមារ​រាជា តំណាង​ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខា​ធិ​ការ និង​ជាប្រធាន​អង្គភាពព័ត៌មាន និង​ប្រតិកម្មរហ័ស​នៃទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ដែលជា​ប្រធាន​ក្រុម​ការងារ​ចុះជួយ​ឃុំកុមាររា​ជា បានដឹ​កនាំ​ឯកឧត្តម លោក លោកស្រី ជាក្រុម​ការងារ និង​ក្រុម​ការ​ងា​រ​សម្រប​សម្រួល​កម្មករ​ខេត្តតា​កែវ ចុះជួយ​ច្រូត​ស្រូវ​ជូន​ប្រជា​ពលរដ្ឋ នៅក្នុង​ឃុំកុមារ​រាជា ស្រុកបា​ទី​ក្នុងឱកាស​នៃការ​ប្រមូល​ផល​ស្រូវ​របស់​បងប្អូន​ប្រជា​កសិករ។

ការចុះជួយ​ច្រូតស្រូវ​ជូនប្រជា​ពលរដ្ឋ​នេះ គឺជា​កាយ​វិការ​ដ៏ប្រពៃ​ដែល​បង្ហាញឱ្យ​ឃើញ​នូវ​ការ​យកចិត្តទុក​ដាក់ខ្ពស់​របស់​ក្រុម​ការងារ​ចុះជួយ​មូលដ្ឋាន ជា​ពិសេស​នៅក្នុង​ឃុំកុមារ​រាជា ក្រោម​ការដឹក​នាំ និង​ការ​ចង្អុល​បង្ហាញ​ដ៏ខ្ពង់​ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយ​ក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុកទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ ចុះជួយ​ខេត្ត​តាកែវ​ទាំងមូល។

សកម្មភាព​នេះ ក៏បាន​បង្ហាញ​ឱ្យឃើញ​ផងដែរ នូវស្មារតី​រួបរួម​សាមគ្គី​គ្នារវាង​ថ្នាក់​ដឹកនាំ និង​ប្រជាពល​រដ្ឋនៅ​តាម​មូល​ដ្ឋាន​ដែល​រំលេច​ឱ្យឃើញ​នូវវប្បធម៌​ចែករំលែក និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅមក ជាពិសេស​ការចុះទៅ​ជួយ​សម្រួល​ដោះស្រាយ​ការងារ​ជាក់ស្ដែង ដោយ​ផ្ទាល់​ជាមួយ​ប្រជា​ពល​រដ្ឋ។

ក្នុង​បរិយា​កាស​ដ៏រីក​រាយ​នៃកា​រប្រមូល​ផល​ស្រូវ​នេះ ដែល​វត្តមាន​ក្រុម​ការងារ​ថ្នាក់​ជាតិ ចុះជួយ​ឃុំ​កុមារា​ជា បាន​រួបរួម​យ៉ាង​សស្រាក់​សស្រាំ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជា​កសិករ គឺជាការ​អនុវត្ត​នូវ​គោល​នយោបាយ​យុទ្ធសា​ស្ត្រច​តុកោណ​របស់​រាជ​រដ្ឋា​ភិបាល ក្នុងការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ចង់​បាន​របស់​ប្រជា​ពល​រដ្ឋ ដែល​ជា​ម្ចាស់​ឆ្នោត។

អត្ថបទ​ដោយ៖ ក្រុម​ការងារ​ថ្នាក់ជាតិ (ឃុំកុមាររាជា)