Pages
▼
Wednesday, November 27, 2013
ប្រធានរដ្ឋសភាកូឌីវ័រសរសើរការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍន៍ដោយសម្តេចតេជោ
ឯកឧត្តម គ្រីយូម គីតបាវូរី សូរ៉ូ (Guillaume Kigbafori SORO) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូឌីវ័រ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ បានមានប្រសាសន៍កោតសរសើរសម្តេចតេជោនាយក រដ្ឋមន្ត្រី ចំពោះការដឹកនាំប្រទេសមានការរីកចម្រើន និងឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។
ឯកឧត្តម អ៊ាង សុផល្លែត ឲ្យដឹងថា នៅក្នុងជំនួបសំដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ឯកឧត្តម គ្រីយូម គីតបាវូរី សូរ៉ូ (Guillaume Kigbafori SORO) បានពាំនាំនូវការផ្តាំផ្ញើសាកសួរអំពីឯកឧត្តមប្រធានាធិបតី ថ្នាក់ដឹកនាំ និងប្រជាជនកូឌីវ័រ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងបានសំដែងនូវការកោតសរសើរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសមួយ ដែលរងនូវការខ្ទេចខ្ទាំដោយសង្គ្រាម មកកាន់ប្រទេសមួយ ដែលមានការអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿន និងឆាប់រហ័ស។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវអំណរគុណចំពោះឯកឧត្តម គ្រីយូម គីតបាវូរី សូរ៉ូ (Guillaume Kigbafori SORO) ក្នុងការសង្កេតឃើញការអភិវឌ្ឍន៍ និងលទ្ធិប្រជាធិបតេយ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍ថា យើង(កម្ពុជា-កូឌីវ័រ)គួរស្វែងរកនូវទំនាក់ទំនងតាមរយៈអ្វីដែលអាចធ្វើបាន ដែលគួរមាន៣ ចំណុចគឺទី ១-តាមរយៈទំនាក់ទំនងនយោបាយ ការផ្លាស់ប្តូរទស្សនកិច្ចរវាងគណៈប្រតិភូ ទី២-ខិតខំស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ និងពិនិត្យមើលអ្វីដែលអាចធ្វើសហប្រតិបត្តិការជាមួយគ្នាបាន និងទី៣-សម្តេចតេជោបានស្នើពិចារណាលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ក្របខ័ណ្ឌអង្គការមិនចូលបក្សសម្ព័ន្ធហ្វ្រង់កូហ្វូនី និងចលនាប្រទេសអភិវឌ្ឍន៍ត្បូង ត្បូងជាដើ៕
ឯកអគ្គរាជទូតចក្រភពអង់គ្លេសសុទិដ្ឋិនិយមចំពោះការរីកចម្រើនលើវិស័យពាណិជ្ជកម្មជាមួយកម្ពុជា
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ឯកឧត្តម Mark Gooding ឯកអគ្គរាជទូត ចក្រភពអង់គ្លេសចប់អាណត្តិការទូតនៅកម្ពុជា បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ចក្រភពអង់គ្លេស ទាំងវិស័យនយោបាយ វិស័យពាណិជ្ជកម្ម ដោយឯកឧត្តមឯកអគ្គរដ្ឋទូតអង់គ្លេសវាយតម្លៃថា ទំហំនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកើនឡើងកាន់តែខ្ពស់ជាមិនខានឡើយ។
ក្នុងឱកាសចូលជួបសំដែងការគួរសម និងជម្រាបលាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមានសន្តិភាពកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ឯកឧត្តម Mark Gooding បានថ្លែងថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរបានកើនឡើង ជាពិសេសលើវិស័យពាណិជ្ជកម្ម ដែលទំហំពាណិជ្ជកម្មបានកើនឡើងដល់ ៧៥០លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០១៣ នេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស បានសំដែងនូវជំនឿជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកើនរហូតដល់ ១០០០លានដុល្លារ នៅចុងឆ្នាំនេះជាមិនខានឡើយ។
ឯកឧត្តមឯកអគ្គរាជទូតក៏បានសំដែងនូវការចូលរួមមរណទុក្ខជូនចំពោះ ប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងគ្រោះដោយទឹកជំនន់នាពេលកន្លងមក និងបានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ក្នុងឱកាសនៃការបំពេញបេសកកម្មការទូតរបស់លោកនៅកម្ពុជាឲ្យទទួលបានជោគជ័យ និងបានមានប្រសាសន៍ថា អនាគតរបស់ព្រះរាជាណាចក្រកម្ពុជា មានភាពវិជ្ជមានយ៉ាងខ្លាំងឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន។
ឯកឧត្តម អ៊ាង សុផល្លែត បានឲ្យដឹងថា សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម Mark Gooding ដែល បានខិតខំប្រឹងប្រែងបំពេញការងារធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងចក្រភពអង់គ្លេសបានល្អទាំងខាងនយោបាយ និងពាណិជ្ជកម្ម និងបានសំដែងនូវការសប្បាយរីករាយចំពោះកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាកំណើនទេសចរអង់គ្លេស តាមនាវាទេសចរណ៍មកកាន់កម្ពុជាផងដែរ។ សម្តេចតេជោបានជូនពរឲ្យឯកឧត្តម ឯកអគ្គរាជទូតបានទទួលជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងបេសកកម្មរបស់ខ្លួននៅពេលអនាគត៕
សម្តេចតេជោថ្លែងអំណរគុណប្រធានគណៈប្រតិភូគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិក្នុងបេសកកម្មជាង ៣០ឆ្នាំនៅកម្ពុជា
លោក ហ្សាកគេ ស្ទូន (Jacques Stoun) ប្រធានគណៈប្រតិភូគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដែលត្រូវបញ្ចប់បេសកកម្មពីប្រទេសកម្ពុជា មានប្រសាសន៍ជម្រាបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅវិមានសន្តិភាពថា ក្នុងបេសកកម្មរយៈពេលជាង៣០ ឆ្នាំរបស់លោកនៅក្នុងប្រទេសកម្ពុជា លោកទទួលបាននូវកិច្ចសហប្រតិបត្តិការយ៉ាងល្អអំពី ស្ថាប័នរាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការងារមនុស្សធម៌ និងការងារកាកបាទក្រហមជាដើម ហើយលោកមានមោទនភាពណាស់ចំពោះកិច្ចសហប្រតិបត្តិការ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនរូបលោកនោះ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីឲ្យដឹងថា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះ លោក Jacques Stoun ដែលបានចំណាយពេលប្រមាណពាក់កណ្ដាលជីវិតរបស់ខ្លួនធ្វើការបម្រើ និងជួយដល់កម្ពុជា។
ចំពោះវីរភាពនេះ សម្ដេចនាយករដ្ឋមន្ត្រីសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះលោកប្រធានគណៈប្រតិភូគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងបានជូនពរឲ្យលោកទទួលបានជោគជ័យលើភារកិច្ចរបស់លោកជាបន្តបន្ទាប់នោះ៕
សម្តេចតេជោ៖កម្ពុជាត្រូវការទាំងថវិកានិងធនធានធនាគារខួរក្បាលដើម្បីអភិវឌ្ឍនប្រទេស
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូប្រព័ន្ធអង្គការសហប្រជាជាតិ(អ.ស.ប) នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ អំពីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាថា ដើម្បីទទួលបានជោគជ័យក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្ររបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជាត្រូវការទាំងថវិកា និងធនធានធនាគារខួរក្បាលផងដែរ ដើម្បីសម្រេចបានគោលដៅនេះ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីឲ្យដឹងថា នៅក្នុងជំនួបជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ(អ.ស.ប)នៅវិមានសន្តិភាព សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះប្រព័ន្ធ អ.ស.ប ទាំងមូលដែលបាន ធ្វើការជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព។ សម្តេចតេជោបានជម្រាបជូនគណៈប្រតិភូ ដែលដឹកនាំដោយលោកជំទាវ Claire Vander Vaeren ថា អ្វីដែលជាការទទួលបាននេះគឺជាជោគជ័យរួម និងជាមោទនភាពរួមរបស់ រាជរដ្ឋាភិបាល និងដៃគូគឺប្រព័ន្ធ អ.ស.ប ផងដែរ។
សម្តេចតេជោបានលើកឡើងអំពីស្ថានភាព ដែលត្រូវបានដោះស្រាយ និងស្ថានភាពដែលកំពុងប្រឈម និងបានលើកឡើងអំពីគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ដែលធ្វើយ៉ាងណាជំរុញឲ្យមានកំណើនសេដ្ឋកិច្ចជាមធ្យម ៧% និងធ្វើពិពិធកម្មសេដ្ឋកិច្ចឲ្យមានការប្រកួតប្រជែង បង្កើតការងារឲ្យបានកាន់តែច្រើន ជាពិសេសឲ្យប្រជាជនកម្ពុជា និងយុវជន និងកាត់បន្ថយភាពក្រីក្រឲ្យបាន ១%ក្នុងមួយឆ្នាំ និងបន្តពង្រឹងអភិបាលកិច្ច និងប្រសិទ្ធភាពស្ថាប័នផងដែរ។
សម្តេចតេជោមានប្រសាសន៍ថា ដើម្បីទទួលបានជោគជ័យ រាជរដ្ឋាភិបាលបានដាក់ចេញនូវ អាទិភាពចំនួន៤ ទៀតគឺ ១-ការពង្រឹងភាពប្រកួតប្រជែងតាមរយៈធនធានមនុស្ស ទី២-ការបន្តជំរុញ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលពាណិជ្ជកម្ម ទី៣-អភិវឌ្ឍន៍បង្កើនតម្លៃបន្ថែមលើវិស័យ និងផលិតផលកសិកម្ម និងទី៤-ពង្រឹងអភិបាលកិច្ចស្ថាប័ន។ សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា ដើម្បីឲ្យទទួលបានជោគជ័យ គឺទាមទារនូវធាតុចូលរួមពីប្រព័ន្ធ អ.ស.ប ផងដែរ ដែលក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែត្រូវការថវិកាប៉ុណ្ណោះទេ ប៉ុន្តែត្រូវការធនធានធនាគារខួរក្បាលផងដែរ។
លោកជំទាវ Claire Vander Vaeren អ្នកសម្របសម្រួលប្រព័ន្ធ អ.ស.ប តំណាងកម្មវិធីអភិ វឌ្ឍន៍ អ.ស.ប និងជាប្រធានក្រុមទីភ្នាក់ងារ អ.ស.ប ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនកងរក្សាសន្តិសុខកម្ពុជាទៅកាន់ប្រទេសម៉ាលី និងបានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ប្រព័ន្ធ អ.ស.ប បានធ្វើការជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជាកាន់តែជិតស្និទ្ធឡើងៗជារៀងរាល់ឆ្នាំ ហើយប្រព័ន្ធ អ.ស.ប បានយកចិត្តទុកដាក់ ធ្វើការយ៉ាងណាឲ្យស្របទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច យុវជន យ៉េនឌ័រ និងការគាំពារសង្គម ក៏ដូចជាសិទ្ធិមនុស្សផងដែរ។ ចំពោះករណីគ្រោះទឹកជំនន់នាពេលកន្លងមកនេះ លោកជំទាវ Claire Vander Vaeren បានមានប្រសាសន៍ឲ្យដឹងថា ប្រព័ន្ធ អ.ស.ប បានទទួលកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយ នឹងស្ថាប័ននានា រួមមាន ទាំងកាកបាទក្រហមកម្ពុជា ក៏ដូចជាមូលដ្ឋានដែលទទួលរងផលប៉ះពាល់។ លោកជំទាវ Claire Vander Vaeren បានសំដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមកនេះ៕
បទអត្ថាធិប្បាយ ដោយ ប៉ែន ងឿន សមាជិកនៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស «តើវាជាល្បិចដោយចេតនា ការធ្វេសប្រហែស ឬភាពល្ងង់ខ្លៅ?»
បទអត្ថាធិប្បាយ
តើវាជាល្បិចដោយចេតនា ការធ្វេសប្រហែស
ឬភាពល្ងង់ខ្លៅ?
តើប្រជាជនថៃអាចដឹងការពិតយ៉ាងណាទៅកើតអំពីប្រាសាទព្រះវិហារ
ប្រសិនបើ ហើយ និងក្នុងពេលដែលនិពន្ធនាយកថៃនៅក្រុម the Nation Multimedia Group លោក Thanong Khanthong ខ្លួនឯងបន្តបញ្ចេញព័ត៌មានមិនពិតដល់អ្នកអានការសែត
The Nation ?
ខ្ញុំមិនជឿថា
លោក Thanong Khanthong មិនដឹងថាតុលាការយុត្តិធម៌អន្តរជាតិ ICJ តាម រយៈសាលដីការរបស់ខ្លួនចុះថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ១៩៦២
បានប្រគល់កម្មសិទ្ធិលើប្រាសាទ ព្រះវិហារមកឲ្យកម្ពុជា
ហើយសាលដីការរបស់ ICJ
នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០១៣ បាន បកស្រាយតែអំពី “បរិវេណជុំវិញ” ប្រាសាទប៉ុណ្ណោះ។ បញ្ហានេះធ្វើឲ្យខ្ញុំជឿថានៅក្នុងការសរសេរ
និងការចុះផ្សាយ សូម្បីតែការនិយាយយោងយ៉ាងខ្លីដល់សាលដីការរបស់ ICJ នៅថ្ងៃទី ១១ ខែ
វិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងអត្ថបទវិភាគដ៏សំខាន់មួយស្តី ពីនយោបាយថៃ មានចំណងជើងថា “ពេលសម្ពាធកើនឡើងត្រូវតែបរិច្ចាកអ្វីមួយទើបបាន - As the pressure rises, something’s got to give” ចុះថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៣ លោក Thanong Khanthong អាស្រ័យដោយសារ ល្បិចគិតទុកពីមុន
ហើយដែលមានបំណងបង្ហាញថាខ្លួនជាអ្នកជាតិនិយម នៅពេលដែលលោក និយាយដល់ប្រទេសជិតខាងរបស់ថៃនៅខាងកើត។
ឥរិយាបថបែបនេះអាចធ្វើឲ្យអ្នកជាតិនិយម ជ្រុលរបស់ថៃសប្បាយចិត្ត ទោះបីត្រូវបោះបង់ភាពជាអ្នកមានវិជ្ជាជីវៈ
និងបញ្ញាវន្តភាពក៏ដោយ។
ដើម្បីរក្សាខ្លឹមសារនៃអត្ថបទវិភាគពោពេញទៅដោយការយល់ដឹងរបស់លោក
អំពី នយោបាយថៃ និងដើម្បីភាពស្មោះត្រង់
និងសុភវិនិច្ឆ័យ ខ្ញុំសូមដកស្រង់ប្រយោគនិពន្ធទាំងស្រុង ដែលមានខ្លឹមសារថា
“ជារឿងចម្លែកដែលប្រធានសភា និងអ្នកគាំទ្រលោកមិនបានចេញលិខិត តវ៉ាលើសាលដីការបស់តុលាការពិភពលោក
កាលពីសប្តាហ៏មុនប្រឆាំងនឹងកម្មសិទ្ធិរបស់ថៃលើ ប្រាសាទព្រះវិហារ។” តាមពិតទៅ ដូចបានពន្យល់ខាងលើរួចហើយ
ការវិនិច្ឆ័យរបស់ ICJ “សប្តាហ៏មុន”
មិនពាក់ព័ន្ធទៅនឹង “កម្មសិទ្ធិលើប្រាសាទព្រះវិហារទេ”។
ការបញ្ជូនព័ត៌មានមិនពិតអំពីអធិបតេយ្យភាព និងបូរណភាពទឹកដី
គឺជាល្បែងនយោបាយ ដ៏គ្រោះថ្នាក់ខ្លាំងមួយ។ វាប្រឆាំងនឹងកិច្ចប្រឹងប្រែងក្នុងការឈានទៅសំរេចបានអំពីតំបន់ព្រំដែន
សន្តិភាពមួយ សំរាប់ការអភិវឌ្ឍដោយរដ្ឋាភិបាលថៃ
និងកម្ពុជា។ ការភ្ជាប់ទំនាក់ទំនងស្ថានការណ៏ នៃព្រឹត្តិការណ៏នយោបាយផ្ទៃក្នុងសុទ្ធសាធរបស់ថៃ
ជាមួយស្ថានការណ៏ពាក់ព័ន្ធជាមួយកិច្ចការ តុលាការអន្តរជាតិ
ដើម្បីទាញយកភាពដូចគ្នា ឬភាពខុសគ្នាផ្សេងៗ មិនមែនជាទង្វើរឆ្លាតវៃឡើយ។
វាអាចត្រូវបានចោទសួរ។ វាបើកចំហរឲ្យមានការ វាយតបតវិញ។
ជារឿងអកុសលដែល លោក Thanong Khanthong បានបញ្ជូនព័ត៌មានមិនពិតអំពីប្រាសាទ ព្រះវិហារសំរាប់អ្នកអានកាសែត The Nation ដោយចេតនា។ ផ្ទុយទៅវិញ លោកអាចដើរនៅជួរ មុខក្នុងការសរសេរលើកកម្ពស់ការពិត
និងគតិបណ្ឌិតស្តីអំពីប្រវត្តិសាស្រ្ត លក្ខណៈជាផ្លូវច្បាប់
និងភាពស្របច្បាប់នៃប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏រុងរឿងមួយ។
ថ្ងៃទី ២៦ ខែ
វិច្ឆិកា ឆ្នាំ ២០១៣
ប៉ែន ងឿន
សមាជិកនៃអង្គភាពព័ត៌មាន
និងប្រតិកម្មរហ័ស
ទីស្តីការគណៈរដ្ឋមន្រ្តី