Pages
▼
Thursday, October 31, 2013
បទអត្ថាធិប្បាយ ដោយ ស្វាយ សុវណ្ណរិទ្ធ «ការប៉ុនប៉ងបំផ្លិចបំផ្លាញសេដ្ឋកិច្ចជាតិ គឺជានយោបាយអត្តឃាតខ្លួនឯង»
បទអត្ថាធិប្បាយ
ការប៉ុនប៉ងបំផ្លិចបំផ្លាញសេដ្ឋកិច្ចជាតិ គឺជានយោបាយអត្តឃាតខ្លួនឯង
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ
បានចេញលិខិតចំហមួយរបស់ខ្លួនដែលធ្វើឲ្យមតិជាតិ និង អន្តរជាតិ មានការភ្ញាក់ផ្អើល
និង នឹកស្មានមិនដល់ មិនគួរគណបក្សនេះ ហ៊ានសម្រេចចិត្តបែបនេះ ដែលផ្ទុយពីបំណងប្រាថ្នាជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
គោលដៅរបស់បក្សប្រឆាំង នៃការបញ្ជាក់ជំហរចំពោះប្រទេសនានា ស្ថាប័នផ្តល់ប្រាក់កម្ចី និង ក្រុមហ៊ុនវិនិយោគ គឺជាការប៉ុនប៉ងបង្វែរការចាប់អារម្មណ៍របស់ស្ថាប័នទាំងនោះ
ឲ្យផ្អាកសកម្មភាពផ្តល់ជំនួយ និង ការវិនិយោគរបស់ពួកគេ នៅកម្ពុជា
នៅពេលដែលសកម្មភាពនយោបាយរបស់បក្សប្រឆាំង នាពេលកន្លងមក ទាំងការធ្វើបាតុកម្ម សមាជគណបក្ស (នៅទីលានប្រជាធិបតេយ្យ) និង
ការប្រមូលស្នាមមេដៃអ្នកគាំទ្រខ្លួន ទទួលបរាជ័យ គ្មានប្រសិទ្ធភាពណាមួយមកលើរាជរដ្ឋាភិបាល
និងរដ្ឋសភា ក៏ដូចជាគ្មានការគាំទ្រពីអន្តរជាតិនោះ។
ជម្រើសចុងក្រោយរបស់ពួកគេ គឺការចាប់យកសេដ្ឋកិច្ចជាតិ មកចោទជាបញ្ហា
ដោយពួកគេយល់ថា ជាអាវុធនយោបាយមួយ អាចបង្កចលាចលសេដ្ឋកិច្ច សង្គម ដោយជំរុញឲ្យទំនិញឡើងថ្លៃ
ប្រាក់រៀលចុះថ្លៃ លទ្ធភាពរបស់រដ្ឋក្នុងការបន្តសាងសង់ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីពេទ្យ ប្រព័ន្ធស្រោចស្រប់។ល។ ជាពិសេសបច្ចុប្បន្ន កម្ពុជាកំពុងជួបប្រទះការលំបាក នៅក្រោយពេលទឹកជំនន់ដែលប៉ះពាល់ដល់អាយុជីវិត
និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរដោយផ្ទាល់ និង ដោយប្រយោល ប្រមាណ១៥ ខេត្ត។ អំពើនេះ
ប្រទេសខ្លះ គេចាត់ទុកថាជាអំពើក្បត់សេដ្ឋកិច្ចជាតិទៅហើយ ដែលអាចចោទប្រកាន់ឲ្យមានទោសគុកអស់មួយជីវិត
ឬក៏ទោសប្រហារជីវិត។
តើជម្រើសនេះ មានផលអ្វីខ្លះ មកលើសង្គមជាតិ និង
ប្រជាពលរដ្ឋខ្មែរ? ប្រសិនបើល្បិចកលនយោបាយនេះ បានសម្រេចនោះ មិនមែនរាជរដ្ឋាភិបាល និង គណបក្សប្រជាជនកម្ពុជា ជាអ្នកចាញ់នោះឡើយ
គឺប្រជាជនកម្ពុជាទូទាំងប្រទេសនោះទេ ដោយប្រជាជន គ្រប់ស្រទាប់វណ្ណៈ ជួបប្រទះការលំបាក់ជីវភាពប្រចាំថ្ងៃ ប្រជាជនគ្មានការងារធ្វើ
ផលិតផលកសិកម្ម ស្រូវអង្ករ ពោតសណ្តែក ដំឡូងមី សិប្បកម្ម សេវាកម្ម ឧស្សាហកម្ម គ្មានទីផ្សា ដែលប្រជាជន ជាអ្នកចាញ់ទៅវិញ គឺចាញ់ប្រកបដោយមហន្តរាយបំផុត
មិនមែនគណបក្សប្រឆាំង ដែលកំពុងតែចាញ់នោះទេ។
ជម្រើសនេះ មានចេតនា ទី១ ធ្វើឲ្យបរទេសមួយចំនួនដែលស្គាល់កម្ពុជា មិនច្បាស់នោះ យល់ថា មានបញ្ហា ដែលជាហេតុនាំឲ្យប្រឡាក់ដល់ភាពស្របច្បាប់របស់រដ្ឋសភា
និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ទី២ ធ្វើឲ្យប្រជាជន
ដកសេចក្តីទុកចិត្តលើរាជររដ្ឋាភិបាល និង រដ្ឋសភា ដែលកើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ
សេរីពហុបក្ស។
ក៏ប៉ុន្តែជម្រើសនយោបាយរបស់បក្សប្រឆាំង គឺកំពុងដើរផ្ទុយពីបំណងប្រាថ្នាជាក់ស្តែង និង ជាមូលដ្ឋាន របស់ប្រជាពលរដ្ឋខ្មែរ
ដែលចង់ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពោលគឺចង់ឲ្យមានទីផ្សារលក់ផលិតផលកសិកម្ម ឲ្យបានកាន់ទូលំទូលាយថែមទៀត ស្ថានភាពតម្លៃគ្រឿងឧបភោគបរិភោគ
មានតម្លៃថោកសមរម្យ និង កាត់បន្ថយអត្រាអតិផរណា ឲ្យបានកាន់តែប្រសើរឡើងថែមទៀត
ហើយជីវភាពរស់នៅរបស់ពួកគាត់ ត្រូវបានកែលំអរ ដែលទាំងអស់នេះ គឺ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល
ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការធានាបន្តនិរន្តរភាពនៃភាពល្អប្រសើរ និង
ភាពរីកចំរើននៃសេដ្ឋកិច្ចសង្គមកម្ពុជា។
ជាងនេះទៅទៀត បណ្តាប្រទេស ស្ថាប័នផ្តល់ប្រាក់កម្ចី និង
ក្រុមហ៊ុនវិនិយោគទាំងនោះ បានយល់យ៉ាងច្បាស់អំពីភាពស្របច្បាប់នៃរដ្ឋសភា និង
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចំណងផ្លូវច្បាប់អន្តរជាតិ
ដែលទាមទារឲ្យរាជរដ្ឋាភិបាលនៅក្នុងអាណត្តិបន្តបន្ទាប់ មានកាតព្វកិច្ចត្រូវតែគោរពជាដាច់ខាត
មិនអាចប្រកែកបាន ពីព្រោះប្រជាពលរដ្ឋកម្ពុជា បានបោះឆ្នោតឲ្យគណបក្សប្រឆាំង ដើរតួនាទី
និង
ប្រើសិទ្ធិអំណាចគ្រប់គ្រាន់តាមផ្លូវច្បាប់ក្នុងការត្រួតពិនិត្យរាល់សកម្មភាពរបស់រាជរដ្ឋាភិបាល
នៅក្នុងអំណាចនីតិបញ្ញត្តិ គឺរដ្ឋសភា និង ព្រឹទ្ធសភា មិនមែនតាមរយៈការអំពាវនាវបែបនេះឡើយ។
ដូច្នេះជំហររបស់គណបក្សសង្គ្រោះជាតិ
ក្នុងការមិនទទួលស្គាល់ និង ការពិនិត្យសើរើកិច្ចសន្យា កិច្ចព្រមពៀងវិនិយោគ ក៏ដូចជាការផ្តល់បា្រក់កម្ចីវិនិយោគនានា
របស់រាជរដ្ឋាភិបាល គឺជាអំពើក្បត់សេដ្ឋកិច្ចជាតិ ជាការសម្លាប់ប្រជាជនខ្មែរទាំងមូល រួមទាំងសកម្មជន និងអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិរបស់ខ្លួនផងដែរ។
ម្យ៉ាងទៀត ជម្រើសនយោបាយបែបនេះ
គឺបានឆ្លុះបញ្ចាំងនូវភាពទល់ច្រកផង នូវចរិតនយោបាយផង និង ប្រៀបបានទៅនឹងចលនាជំរុញដល់នយោបាយអត្តឃាត
នៅពេលដែលគណបក្សនេះ មិនអាចឆ្លើយតបបាន ទៅនឹងការសន្យារបស់ខ្លួនចំពោះម្ចាស់ឆ្នោត។
ដោយ ស្វាយ
សុវណ្ណរិទ្ធ