Pages
▼
Tuesday, June 25, 2013
បទវិចារណកថា៖ ប្រជាពលរដ្ឋកម្ពុជាបានឃើញកាន់តែច្បាស់នូវ ពុតត្បុតទុច្ចរិតរបស់គណបក្សប្រឆាំង
ប្រតិទិននៃការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត គឺចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១២ខែតុលានៃឆ្នាំនីមួយៗរៀងរាល់ឆ្នាំ ដើម្បីឲ្យផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋក្នុងការបំពេញសិទ្ធិ និងកាតព្វកិច្ចតាមច្បាប់សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួននៅមូលដ្ឋាន និងមេដឹកនាំប្រទេស។
ស្របជាមួយគ្នាពេលនោះគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត ក៏បានជូនដំណឹង និង ប្រកាសជាសាធារណៈ ក៏ដូចជាផ្តល់ពត៌មានដល់គ្រប់គណបក្សនយោបាយទាំងអស់ឲ្យត្រៀមឬរៀបចំ និងបញ្ជូនបញ្ជីឈ្មោះអ្នកសង្កេតការណ៏របស់គណបក្សនយោបាយនីមួយៗឲ្យចូលរួមពិនិត្យឈ្មោះក៏ដូចជាជួយត្រួតពិនិត្យ ដើម្បីលប់ឈ្មោះស្ទួនក្នុងបញ្ជីបោះឆ្នោត ដែលជាគោលបំណងឲ្យមានតម្លាភាព និងមានភាពស្មើគ្នាក្នុងសិទ្ធិនយោបាយ ប៉ុន្តែបំណងដ៏ល្អនេះត្រូវបានគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបដិសេធមិនចូលរួមទេ។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ គណបក្សប្រឆាំងទាំងពីរនេះបានចេញសេចក្តីថ្លែងការណ៏ប្រកាសថា « មិនបញ្ជូនតំណាងគណបក្សទៅចូលរួមសង្កេតការណ៏ អំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២.......ក្រោមលេសចោទប្រកាន់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនអាចជួយឲ្យការបោះឆ្នោតសកលឆ្នាំ២០១៣ ប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌បានឡើយ»។
ការពិត ជុំវិញការបដិសេធមិនចូលរួម វាគ្រាន់តែជាសិទ្ធិនៃការសម្រេចចិត្តផ្នែកនយោបាយរបស់គណបក្សនីមួយៗតែប៉ុណ្ណោះ ដែលវាមិនបានបង្កជាឧបសគ្គដល់ដំណើរការបោះឆ្នោតនៅពេលខាងមុខឡើយ ពីព្រោះបើទោះបីជាគ្មានគណបក្សប្រឆាំងពីរនេះ ក៏គ្មានរាំងស្ទះការងារបោះឆ្នោតដែរ ដោយយោងថា ក្រៅពីគណបក្សនយោបាយជាច្រើនទៀតដែលបានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន ក៏មានអង្គការជាង១០ បានបញ្ជូនក្រុមការងាររបស់ខ្លួនសម្រាប់ដំណើរការការងារនេះដែរ។
ប៉ុន្តែ ផ្ទុយទៅវិញ ការបង្កើតគណបក្សនយោបាយហើយ បែរជាបដិសេធមិនបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ពិនិត្យការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ គឺវាគ្រាន់តែជាបទចម្រៀងចាស់ដដែលៗដែលគេចាក់ឡើងវិញនៅពេលរដូវបោះឆ្នោតខិតជិតចូលមកដល់តែប៉ុណ្ណោះ។
ការបដិសេធមិនចូលរួម គឺជាការបោះបង់ចោលសិទ្ធិរបស់ខ្លួនឯង ដូច្នេះ ក៏ពុំគួរនឹងមានហេតុផលណាមួយមកចោទប្រកាន់ថា ការបោះឆ្នោតនៅពេលខាងមុខមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌បានដែរ ប៉ុន្តែ ផ្ទុយទៅវិញ ទង្វើនេះ គឺជាការបង្ហាញឲ្យឃើញកាន់តែច្បាស់នូវពុតត្បុតទុច្ចរិតនៃក្រុមគណបក្សប្រឆាំង គឺការដេកចាំតែប្រឆាំងផ្កាប់មុខ ដោយពួកគេគ្មានបានបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់ឡើយ។
រៀងរាល់មុនការបោះឆ្នោតម្តងៗ ក្រុមគណបក្សប្រឆាំង ជាទម្លាប់តែងតែរិះគន់ និងស្តីបន្ទោសដល់គ.ជ.ប ថា មិនឯករាជ្យ មិនបានផ្សព្វផ្សាយឲ្យទូលំទូលាយ និងបង្កការរាងស្ទះមិនឲ្យអង្គការសង្គមស៊ីវិលឲ្យចូលរួមសង្កេតការណ៍ដោយសេរី ។ល។
គណបក្សប្រឆាំងចេះតែរិះគន់មកលើ គ.ជ.ប ឬរាជរដ្ឋាភិបាលក្រោមហេតុផលជាច្រើន។ មានជាសំនួរចោទសួរថា ចុះហេតុអ្វីនៅពេលដែលគ.ជ.ប ប្រកាសឲ្យបញ្ជូនតំណាងគណបក្សចូលរួមសង្កេតការណ៏ពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែលជាឱកាសរបស់គណបក្សប្រឆាំងដើម្បីពិនិត្យមើលនូវចំណុចខ្សោយរបស់គ.ជ.ប ប្រសិនបើមានចំណុចអវិជ្ជមាននោះ តែបែជាកំសាកមិនហ៊ានបញ្ជូនតំណាងអ្នកសង្កេតការណ៏របស់គណបក្សខ្លួនឬក៏គណបក្សសម រង្ស៊ី និងតំណាងគណបក្សសិទ្ធិមនុស្ស គ្មានអ្នកសង្កេតការណ៏ ហើយម្យ៉ាងទៀតក៏គ្មានថវិការផ្តល់ថ្លៃសេវាដល់អ្នកសង្កេតការរបស់ខ្លួន ហើយចាំតែស្រែកនោះ? ។
បញ្ហាដូចគ្នានេះដែរ គេនៅចាំបានថា នៅពេលមិនទាន់មានច្បាប់ប្រឆាំងអំពើពុករលួយ ក្រុមគណបក្សប្រឆាំងទាំងនោះតែងតែយកអំពើពុករលួយមកធ្វើជាយុទ្ធសាស្រ្ត ឬយកធ្វើជាគោលនយោបាយរបស់ខ្លួនថា បើសិនគណបក្សខ្លួនឈ្នះឆ្នោតនោះ គណបក្សនឹងបង្កើតច្បាប់ប្រឆាំងអំពើពុករលួយ ប៉ុន្តែដល់ពេលដែលរដ្ឋាភិបាលមានឆន្ទៈបង្កើតច្បាប់ប្រឆាំងអំពើពុករលួយរួចហើយ ស្រាប់តែក្រុមគណបក្សប្រឆាំងបន្តស្រែកទៀតថា ច្បាប់ប្រឆាំងអំពើពុករលួយដែលរាជរដ្ឋាភិបាលបង្កើតនោះដូចជាឆាប់រហ័សណាស់ ហើយយកលេសថា រាជរដ្ឋាភិបាលមិនបានផ្តល់សិទ្ធិឲ្យគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលចូលរួមផ្តល់មតិយោបល់ជាដើម។ ការពិតច្បាប់នេះត្រូវបានអនុញ្ញាត្តឱ្យអ្នកជំនាញច្បាប់ទាំងជាតិ និងអន្តរជាតិ រួមទាំងអង្គការសង្គមស៊ីវិលជាច្រើនចូលរួម រហូតបង្កើតបានជាច្បាប់ ដែលត្រូវបានអនុម័តដោយរដ្ឋសភា ប៉ុន្តែ ជាទម្លាប់របស់ក្រុមគណបក្សប្រឆាំងមិនបានអបអរសាទ ឬកោតសរសើរម្តងណាឡើយ ពីព្រោះគេមានឈ្មោះជាបក្សប្រឆាំងទៅហើយ បើសិនជាគាំទ្រ គឺវាអាចខុសពីគោលនយោបាយរបស់ពួកគេ ដូច្នេះហើយ បើទោះណាជាឃើញថាត្រូវ ក៏ពួកគេបដិសេធដែរ នេះ គឺជាវប្បធម៌របស់បក្សប្រឆាំង គ្មានអ្វីចម្លែកនោះទេ។
ដូច្នេះ ការបដិសេធមិនបញ្ជូនអ្នកសង្កេតការណ៏ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះ គឺជាការយករឿងចាស់មកផ្សាយឡើងវិញដោយក្រុមបក្សប្រឆាំង ពីព្រោះខួរក្បាលរបស់ពួកគេ គិតអ្វីមិនចេញរឿងល្អទេ គឺគិតចេញតែវិធិណាដែលប្រឆាំង ៗ ៗ ប្រឆាំងគ្រប់ទិដ្ឋភាព ប្រឆាំងទាងច្បាប់ ប្រឆាំងទាំងផ្កាប់មុខ។
ជារួមទង្វើរបស់គណបក្សសម រង្ស៊ី និងគណបក្សសិទិ្ធមនុស្ស គឺគ្រាន់តែជាពុតត្បុតទុច្ចរិតរបស់បក្សប្រឆាំង និងបានបង្ហាញឲ្យប្រជាពលរដ្ឋឃើញកាន់តែច្បាស់ក្រឡែតនូវមាយាទអាក្រក់ និងខ្ជឹលច្រអូស ចាំតែថា មិនដែលធ្វើជាដុំកំភួនក្នុងការជួយជាតិសោះ វាផ្ទុយពីគណបក្សប្រជាជនកម្ពុជាតែងតែខិតខំកសាងអភិវឌ្ឍន៏ប្រទេស និងរក្សាបាននូវសន្តិសុខ សន្តិភាព ដែលជាទីកក់ក្តៅរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ៕
អត្ថបទដោយៈ រួម ជាតិ
បទវិចារណកថា៖ ល្បិចថ្មី៖ បក្សអ្នកចាញ់ សង្គ្រោះបក្សអ្នកទោស
គណបក្សប្រឆាំងពីរ « មួយជាបក្សអ្នកចាញ់ និងបក្សមួយទៀតដែលមានមេបក្សជាអ្នកទោស » បាន នឹងកំពុងទូងស្គរ ប៉ាវឃ្មោះ ប៉ុន្មានថ្ងៃនេះ ដោយយកលេសថា អំពាវនាវអ្នកស្នេហាជាតិ អ្នកស្រលាញ់ប្រជាធិបតេយ្យឲ្យចូលរួមចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ។
តើសង្គមជាតិដែលមានសន្តិភាពពេញបរិបូរណ៍ និងការអភិវឌ្ឍរីកចំរើនដូចសព្វថ្ងៃនេះ ត្រូវការសង្គ្រោះ ដូចអ្វីដែលពួកគេបាននាំគ្នាចុះហត្ថលេខាព្រមព្រៀងគ្នារវាងលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងទណ្ឌិតសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ីនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនដែរឬទេ។ ការពិតមិនមែនជាចលនាសង្គ្រោះជាតិទេ គឺពួកគេនាំគ្នាបង្កើតចលនាសង្គ្រោះគ្នាទៅវិញទៅមកដើម្បីកេងចំណេញនយោបាយរបស់ក្រុមប្រឆាំង ដើម្បីសម្រេច គោលបំណងផ្តួលរំលំរដ្ឋាភិបាលតែប៉ុណ្ណោះ។ ប៉ុន្តែ ផែនការនោះនឹងមិនអាចទទួលបានជោគជ័យឡើយ ពីព្រោះសន្តិភាពសព្វថ្ងៃបានស្ថិតជ្រៅដក់ជាប់នៅក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋទៅហើយ។
គណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី ដែលប្រកាសធ្វើចលនាសង្រ្គោះជាតិនិងយកមកឃោសនាយ៉ាងគគ្រឹកគគ្រេងនោះ ត្រូវបានអ្នកវិភាគវាយតម្លៃថា ហាក់ដូចជា គណបក្សទាំងពីរប្រើពាក្យសង្រ្គោះជាតិខុសសម័យកាលទៅហើយ ពីព្រោះថា បើនិយាយនៅទសវត្សទី៧០ទើបសមជាង ពីព្រោះនៅទសវត្សឆ្នាំ១៩៧០ ដល់១៩៧៨ ប្រទេសកម្ពុជាជួបការលំបាកដូចជាមានសង្រ្គាម ខ្មែរបាក់បែកគ្នាមានខ្មែរ ស ខ្មែរក្រហម ខ្មែរស៊ីជម្ពូរ ខ្មែរឥស្សរៈ។ ជាពិសេសសម័យ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ពេលនោះប៉ុលពតកាប់សម្លាប់ ប្រជាជនកម្ពុជាអស់ជាង៣លាននាក់ នៅសម័យនោះបើប្រើពាក្យថាសង្រ្គោះទើបត្រូវ តែមកដល់ សម័យតេជោសែន ប្រជាពលរដ្ឋមានជីវភាពសមរម្យ មានហេដ្ឋារចនា ផ្លូវថ្នល់ ស្ពានតូចធំ មន្ទីរពេទ្យ សាលារៀននៅជិតប្រជាពលរដ្ឋ សួរថា តើចលនាសង្រ្គោះជាតិនេះ សង្រ្គោះពីប្រជាពលរដ្ឋដែលរស់នៅសុខដមរម្យនា ជួបជុំក្រុមគ្រួសារ រស់នៅក្នុងប្រទេសដែលមានសន្តិភាព និងសន្តិសុខស្ងប់ស្ងាត់ដូចសព្វថ្ងៃតើនាំគ្នារត់ចោលផ្ទះសម្បែងទៀតឬ? គឺប្រជាពលរដ្ឋនឹងមិនចូលរួមចលនានោះឡើយ។
ប្រទេសកម្ពុជា បាន និងមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ ជាពិសេសឆ្នាំ២០១២នេះរាជរដ្ឋាភិបាលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ានគួរណាស់គណបក្សប្រឆាំងចូលរួមគាំទ្រ និងមានមោទភាពជាមួយគ្នា ហេតុអ្វីគណបក្សប្រឆាំងទាំងនោះចេះតែធ្វើព្យុះធ្វើផ្គរទៅវិញ ? ។
កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១២ វិទ្យុបរទេសដែលផ្សាយជាខេមរៈភាសារបានបំពងសំឡេង ឬបន្ទរនូវចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ និងគ្រោងបង្កើតគណបក្សថ្មីដែលក្នុងនោះលោក សម រង្ស៊ី ជាប្រធានលោក កឹម សុខា អនុប្រធាន និងបានរៀបចំរចនាសម្ព័ន្ធជាបីគណៈកម្មាការ គឺគណៈកម្មាធិការនីតិប្រតិបញ្ញត្តិ គណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការវិន័យ។
តាមការវិភាគនិងការតាមដានសភាពការណ៍នយោបាយប៉ុន្មានសប្តាហ៏នេះ ចាប់តាំងពីគណបក្សប្រឆាំងទាំងពីរជួបគ្នានៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៦ -១៧ កន្លងមកយើងឃើញមានវិទ្យុបរទេសនិយាយខេមរៈភាសារមួយចំនួនតូច ជួយបន្ទរនូវយុទ្ធនាការគណបក្សប្រឆាំង នេះសបញ្ជាក់ឲ្យឃើញថា ទាំងគណបក្សប្រឆាំង ទាំងវិទ្យុ ទាំងនោះបាន នឹងកំពុងតែប្រើការឃោសនាបោកប្រាស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតដោយគ្មានការអៀនខ្មាស ពីព្រោះប្រជាពលរដ្ឋបានដឹងហើយថា គណបក្សប្រឆាំងទាំងពីរនេះធ្លាប់ចុះហត្ថលេខាកាលពីខែឧសភា ឆ្នាំ២០០៩ ក្រោយពេលដែលគណបក្សប្រឆាំងទាំងពីរនេះចាញ់ឆ្នោតកាលពីឆ្នាំ២០០៨ ហើយក៏ធ្លាប់ធ្វើកិច្ចព្រមព្រៀងជាមួយគ្នា តើសាធារណៈជនបានដឹងទេថា មិនបានប៉ុន្មានខែផងស្រាប់តែក្រុមគណបក្សទាំងពីរបានឈ្លោះទាស់ទែងគ្នា ហែកហួរគ្នាមិនចេះអៀនខ្មាសម្តងហើយម្តងទៀតប្រៀបដូចជាប្តីប្រពន្ធដែលធ្លាប់ឈ្លោះទាស់ទែងគ្នា រហូតដល់ឈានដល់ការលែងគ្នាទោះបីជួបជុំរស់នៅជាមួយគ្នាវិញ ក៏មិនដូចការស្រលាញ់នាគ្រាដំបូងឡើយ។ ចំណែកគណបក្សសិទ្ធមនុស្ស និង គណបក្សសម រង្ស៊ី គឺខុសគ្នាប៉ុន្មាននោះទេ មានតែពិបាកជាងប្តីប្រពន្ធទៅទៀតពី ព្រោះប្តី ប្រពន្ធមានគ្នាតែពីរនាក់ ចំណែកគណបក្សនយោបាយមានរចនាសម្ព័ន្ធ និងសមាជិកដែលសុទ្ធ តែជាប់ពាក់ព័ន្ធនឹងផលប្រយោជន៏។
ការចុះហត្ថលេខានៅឆ្នាំ២០០៩ នៅទីស្នាក់ការគណបក្សសិទ្ធមនុស្សនៅភ្នំពេញនៅពេលនោះ គឺលោក សម រង្ស៊ី មិនទាន់មានទោសជាប់ខ្លួនផងបែរជាកិច្ចព្រៀមព្រៀងនោះ នៅតែរក្សាមិនបានទម្រាំស្ថានភាពឥឡូវនេះលោក សម រង្ស៊ី គ្មានកន្លែងឈរនឹងផង ម្តងនៅប្រទេសបារាំង ម្តងនៅប្រទេសហ្វីលីពីន ជាពិសេសលោក សម រង្ស៊ី មានទោស មិនមានសិទ្ធិបោះឆ្នោត នឹងក៏គ្មានសិទិ្ធឲ្យគេបោះឆ្នោតឱ្យផង វារិតតែងាយប្រេះបែកខ្លាំងណាស់នូវសម្ព័ន្ធភាពនោះ។
បើគណបក្សទាំងពីបង្កើតគណបក្សថ្មីមួយ ត្រូវតែមានសមាជិកថ្មី ហើយត្រូវឆ្លងកាត់ការចុះបញ្ជីពីក្រសួងមហាផ្ទៃនឹងត្រូវបញ្ជូនឈ្មោះគណបក្សឲ្យមុន៩០ថ្ងៃនៃការបោះឆ្នោត បើតាមការធ្វើបទសម្ភាសន៏របស់លោក កឹម សុខា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ពីទីក្រុងម៉ានីលប្រទេសហ្វីលីពីន តាមរយៈវិទ្យុសំឡេងសិទ្ធិមនុស្សបានឲ្យដឹងថាគណបក្សថ្មីមិនទាន់បង្កើត ប៉ុន្តែនៅពេលបោះឆ្នោតសកលឆ្នាំ២០១៣ លោក នឹងបញ្ជូនឈ្មោះអ្នកដែលឈរឈ្មោះតំណាងរាស្រ្តនៃខេត្តនីមួយៗក្នុងបញ្ជីគណបក្សថ្មី។
ចំណុចនេះ អ្នកវិវាគឯករាជ្យបានកត់សម្គាល់ឃើញថា បើសិនបេក្ខជនឈរឈ្មោះបោះឆ្នោតរវាងគណបក្សទាំងពីត្រូវរួមគ្នាមែននោះ ប្រាកដជាបាត់សមាសភាព៥០ភាគរយនៃគណបក្សនិមួយៗ ហើយបើស្ថានភាពអញ្ចឹងពិតណាស់វា នឹងមានជម្លោះផ្ទៃក្នុងរវាងសមាជិកធ្លាប់ឈរឈ្មោះកន្លងមកក៏ដូចជាសមាជិកនៃគណៈកម្មាធិការនីមួយៗនៃគណបក្សនីមួយៗអន់ចិត្ត។ ឧទាហរណ៏បុគ្គល «ក»ធ្លាប់ឈរឈ្មោះនៅមណ្ឌលភ្នំពេញនៅក្នុងបញ្ជីគណបក្សសិទ្ធិមនុស្ស ឬគណបក្សសម រង្ស៊ី នោះបានន័យថា មានចំនួន៤៨នាក់ ដោយគិតពីអ្នកពេញសិទ្ធ និងអ្នកបំរ៉ុង បើសិនបញ្ជូនឈ្មោះចូលគណបក្សថ្មី គឺបញ្ជូនបានតែ២៤តែប៉ុណ្ណោះ រួមទាំងអ្នកពេញសិទ្ធិ និងបំរ៉ុង តើគួរយកឈ្មោះពីគណបក្សសិទ្ធិមនុស្សប៉ុន្មាន និងគណបក្សសម រង្ស៊ី ប៉ុន្មាននាក់? ត្រង់នេះគឺជាចំណុចរសើប និងជាចំណុចដែលមានជម្លោះជាមិនខាន។
ជារួម ចលនាសង្គ្រោះជាតិដែលប្រកាសបង្កើតឡើងដោយបក្សប្រឆាំងទាំងពីរ វាគ្រាន់តែជាចលនាបោកប្រាស់ថ្មីមួយទៀត ដើម្បីកេងនយោបាយពីគ្នាទៅវិញទៅមក ជាពិសេស បង្កើតឡើងដើម្បីជួយសង្គ្រោះមេបក្សទណ្ឌិត ដែលនីរទេសខ្លួនតែប៉ុណ្ណោះ។
អត្ថបទដោយៈ រួម ជាតិ
បទវិចារណកថា ដំបូន្មានចំពោះបក្សសិទ្ធិមនុស្ស ៖ ដកមេបក្សមុខលុយ ដាក់មេបក្សថ្មីវិញប្រសើរជាង !
យុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនយោបាយ ដែលបានចុះឈ្មោះប្រកួត ប្រជែង បានកន្លងផុតជិតពីរសប្តាហ៍ទៅហើយ ដោយគណបក្សនីមួយៗតែងរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើការទាក់ទាញម្ចាស់ឆ្នោតឲ្យ ងាកមករកការគាំទ្រលើគោលនយោបាយ នៃគណបក្សរបស់ពួកគេរៀងៗខ្លួន ។
យ៉ាងណាមិញ ក្រុមគណបក្សប្រឆាំងបានព្យាយាមលើកយកចំណុចមួយចំនួនមកធ្វើការរិះគន់ និង ជេរប្រមាថ រាជរដ្ឋាភិបាលយ៉ាងចាស់ដៃ ដោយគ្មានគោរពនូវក្រមសីលធម៌អ្វីទាល់តែសោះ ក្នុងនាមជាគណបក្សនយោបាយ នៃប្រជាជាតិមួយ ។ មិនតែប៉ុណ្ណោះពួកក្រុមគណបក្សប្រឆាំងទាំងនោះ បានឆ្លៀតយកឱកាសនៃយុទ្ធនាការឃោសនា នេះ មកធ្វើការបន្តុះបង្អាប់ដល់មេឃុំ/ចៅសង្កាត់យ៉ាងអយុត្តិធម៌បំផុត ដោយមិនខ្វល់នឹងការអភិវឌ្ឍន៍ជាក់ស្តែងនៅនឹងកន្លែងឡើយ ។
ទោះបីក្នុងអំឡុងពេលកំពុងតែធ្វើយុទ្ធនាការនោះ ពួកគេបានដើរលើផ្លូវ ឆ្លងតាមស្ពាន ជ្រកក្រោម ម្លប់វត្ត ឬសាលារៀន ដែលសុទ្ធសឹងតែជាសមិទ្ធផលជាក់ ស្តែងកើតចេញពីការកសាង មួយចំណែក របស់រាជរដ្ឋាភិបាល និងមួយចំណែកទៀតពីគណបក្សប្រជាជនកម្ពុជាក្តី ក៏ពួកក្រុមគណបក្សប្រឆាំងទាំងនោះ ហាក់បីដូចជាពុំមានការខ្មាសអៀនសោះ នៅតែស្រែកក្តែងៗទាំងបំពានថា គ្មានការរីកចំរើននៅតាមមូលដ្ឋាន ភូមិ ឃុំ/សង្កាត់ ជាដដែល ។
នេះសបញ្ជាក់ឲ្យឃើញថាក្រុមគណបក្សទាំងនោះ ខ្វះការទទួលខុសត្រូវលើមនសិការរបស់ខ្លួន ដែលនេះមានលក្ខណៈផ្ទុយស្រឡះពីគណបក្សប្រជាជនកម្ពុជា តែងតែពុះពារគ្រប់ឧបសគ្គធ្វើអ្វីៗ ដើម្បីប្រជាជន ទោះជាស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកលំបិនយ៉ាងណាក៏ដោយ ក៏មិនរាថយ ឬរត់ចោល ស្រុក តួយ៉ាងដូចថ្ងៃរំដោះ ៧ មករា ១៩៧៩ ជាដើម ។
ប៉ុន្តែអ្វីដែលគួរឲ្យអស់សំណើច និងភ្ញាក់ផ្អើលខ្លាំងបំផុតនោះ គឺសកម្មជនឃោសនិក នៃគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា បានដើរស្រែកទាំងមិនដឹងអីទាល់តែសោះថា ដូរមេឃុំមុខលុយ ដាក់មេឃុំបំរើរាស្រ្ត នេះ ជារឿងអណោចអធមបំផុត ដែលសកម្មជនឃោសនិកពុំដែលបានដឹងរឿងពិតហើយស្រែកតាមលោក កឹម សុខា ។
ឆ្លៀតក្នុងឱកាសដ៏កម្រនេះ ក្នុងនាមខ្ញុំធ្លាប់ជាសមាជិកស្ថាបនិក និងជាអ្នកដឹកនាំម្នាក់ក្នុងជួរគណបក្ស ដើម្បីបង្កបង្កើតគណបក្សសិទិ្ធមនុស្សនេះឡើង ជាមួយលោក កឹម សុខា និងមិត្តភក្តិបងប្អូនខ្មែរនៅក្នុងស្រុក និងបងប្អូនខ្មែរ នៅបរទេសមួយចំនួនធំ ជាពិសេសបំផុតនោះ គឺលោកអគ្គលេខាធិការ យ៉ែម ប៉ុញ្ញាឫទ្ធិ ដែលជាអ្នកតំណាងរាស្រ្ត មណ្ឌលព្រៃវែងបច្ចុប្បន្ន និងលោកអគ្គលេខាធិការរង ជុន យ៉ុង នៃគណបក្ស សិទ្ធិមនុស្សបច្ចុប្បន្ន នេះ និងថ្នាក់ដឹកនាំផ្សេងជាច្រើនទៀត ពិតជាបានដឹង យ៉ាងច្បាស់មិនអាចប្រកែក បាន លុះត្រាតែមនុស្សទាំងនោះគ្មានឧត្តមគតិ គ្មានភាពសច្ចៈ គ្មានខួរក្បាល ឬថ្លើមប្រមាត់ និងក្បត់មិត្តភក្តិ តែប៉ុណ្ណោះទេ ទើបអាចនិយាយបានថា អ្វីដែលខ្ញុំលើកឡើងជាការមិនពិត ។
ប៉ុន្តែខ្ញុំនៅតែសង្ឃឹមយ៉ាងមុតមាំថាអ្នកទាំងនោះ មិនទាន់ភ្លេចអស់នៅឡើយទេ ថាលោក កឹម សុខា បានទាមទារយ៉ាងស្វិតស្វាញនូវប្រាក់ខែ ១០,០០០ ដុល្លារ រហូតមកសល់នៅត្រឹមតែ ៥,០០០ ដុល្លារ ក្នុង ១ខែ សម្រាប់តួនាទីជាប្រធានគណបក្ស ។
ខ្ញុំគិតថាបងប្អូនប្រជាពលរដ្ឋអាចធ្វើការពិចារណាឲ្យបានច្បាស់បន្តិចទៅមើល ហើយថែមទាំងសួរនាំអ្នកដែល ធ្លាប់ស្គាល់លោក កឹម សុខា តើប្រវត្តិរូបបុគ្គលនេះយ៉ាងដូចម្តេចដែរ ?
ទី១ ពេលប្រជាជនទើបងើបចេញពីរបបខ្មែរក្រហម ក៏លោក កឹម សុខា អាចលួចអង្ករជាតិដើម្បីធ្វើមានបានដែរ។
ទី២ កាលនៅជាប្រធានអង្គការវីជីលេន លោក កឹម សុខា កិបកេងលុយជំនួយយ៉ាងច្រើនយកទៅធ្វើ នយោបាយជាមួយគណបក្សលោកតា សឺន សាន ។
ទី៣ កាលនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សបានកិបកេងលុយអង្គការជាច្រើន រហូតដល់សហរដ្ឋអាមេរិក បានកាត់ជំនួយតែទុកមុខមាត់ឲ្យ ដោយមិនហែកកេរ្តិ៍ នេះតាមទម្លាប់របស់សហរដ្ឋ អាមេរិក ។
ទី៤ កិបកេងលុយបេក្ខជន និងសមាជិកគណបក្ស យកទៅបំពេញភាពហឺហារ និង ទិញដី សម្រាប់ ធ្វើចំការកៅស៊ូនៅខេត្តកំពង់ចាម ។
ទី៥ បោកប្រាស់លុយពីអតីតអគ្គហិរញ្ញឹក ១៧,៣០០ ដុល្លារ ខ្ចីសម្រាប់ទិញរថយន្តម៉ាក លុចស៊ីស ៤៧០ ពណ៌ខ្មៅ តែមិនព្រមសងត្រឡប់វិញ ទោះជាមានប្រាក់ខែតំណាងរាស្រ្តហើយក៏ដោយ ។
សរុបសេចក្តីមក តើពាក្យថា ដកមេឃុំមុខលុយ ដាក់មេឃុំបំរើរាស្ត្រ វាសាកសមនឹងលោក កឹម សុខា ឬសកម្មជនឃោសនិក នៃគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា ស្រែកដែរឬទេ ? ចំពោះខ្ញុំគិតថា ត្រូវពិចារណាថា គួរ ដកមេបក្សមុខលុយ ដាក់មេបក្សថ្មីវិញ ប្រសើរជាង ហើយខ្ញុំសូមផ្តល់ យោបល់ទៅចុះ ដើម្បីកុំឲ្យពិបាកគិតគឺលោក សឺន សូបែរ្តិ៍ កូនប្រុស លោកតា សឺន សាន សមជាមេគណបក្សសិទិ្ធមនុស្សជាង។
ម្យ៉ាងទៀត ពេលដកមេបក្សមុខលុយហើយ គឺសកម្មជនឃោសនិក និងថ្នាក់ដឹកនាំទាំងអស់ នៃ គណបក្សសិទិ្ធមនុស្សក៏គួររកមធ្យោបាយរ៉ៃអង្គាសគ្នាយ៉ាងម៉េច ដើម្បីសងលុយ លោក រាជ សម្រេច ជាអតីតអគ្គហិរញ្ញឹក ហើយបច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាលផង ចៀសវាងខូចពូជខាងលោក កឹម សុខា ខានបានធ្វើនយោបាយបោកប្រាស់គ្នាឯងទៀត ព្រោះការរំលោភលើសេចក្តីទុកចិត្ត គឺជាបទល្មើសព្រហ្មទណ្ឌសូមជ្រាប ។
ពីខ្ញុំ ភូមិន្ទ
សូមលោកចាងហ្វាងកាសែតទាំងអស់មេត្តាជួយចុះយកតែ
បុណ្យផង ដើម្បីកុំឲ្យរាស្រ្តខែ្មរចាញ់ឧបាយកលបោកប្រាស់
លោក កឹម សុខា ទៀត ព្រមទាំងបងប្អូនខ្មែរបានដឹងដំណើរ
រឿងពិតខ្លះរបស់បុគ្គលមេគណបក្សមុខលុយនេះផង ។
បទវិចារណកថា៖ ប្រជាពលរដ្ឋនៅតែគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត
ថ្មីៗនេះមេបននយោបាយតូចមួយដដែល បានប្រឹងប្រែងសន្យាភូតកុហកប្រជាពលរដ្ឋបន្តទៀតហើយ ទោះបីជាពីមុនៗមកការភូតរបស់ជននោះត្រូវបានប្រជាពលរដ្ឋមើលឃើញថាជានយោបាយរវើរវាយ ធ្វើឲ្យរាស្ត្រត្រេកត្រអាលក៏ដោយ។ តាមពិតការស្រែករបស់គាត់នោះគឺមិនមែនជាគោលនយោបាយនោះទេ តែជាការសន្យាខ្យល់ ពីព្រោះជននោះតែងតែប្រើពាក្យថា ប្រសិនបើៗ ជាប់មិនដាច់ពីមាត់ឡើយ។
ជាក់ស្តែងគេបានស្រែកថា ប្រសិនបើមេឃុំរបស់ខ្លួនជាប់ឆ្នោត នឹងធ្វើនេះ ឬធ្វើនោះជាដើម។ ចំណុចដែលគួរឲ្យកត់សំគាល់នោះគឺ សមាសភាពឈរឈ្មោះមេឃុំរបស់បននយោបាយមួយនេះ គឺគ្មានសមត្ថភាពដឹកនាំជម្រុញការអភិវឌ្ឍឃុំសង្កាត់តែម្តង ពីព្រោះមេបននយោបាយនេះបានបញ្ជាក់ច្បាស់ណាស់ថា ប្រសិនបើមេឃុំរបស់ខ្លួនឈ្នះឆ្នោត គឺគេនឹងយក មេឃុំនោះទៅបង្រៀនសិន ទើបអាចធ្វើការកើត។ ដូច្នេះបើធនធានមនុស្សរបស់បក្សនយោបាយ នោះខ្សោយយ៉ាងនេះ តើឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យម្តេចកើត?។
ជនប្រជាភិថុតមួយនេះ ក៏បានប៉្រូទៀតថា ប្រសិនបើ ឃុំណាគេឈ្នះ គេអាចស្នើខ្ចីលុយពីអង្គការនានាដើម្បីអភិវឌ្ឍភូមិឃុំទាំងនោះ។ ត្រង់នេះ គឺប្រជាពលរដ្ឋគ្មានជំនឿឡើយ ពីព្រោះមេបននយោបាយនេះក៏ធ្លាប់បានខ្ចីលុយប្រជាពលរដ្ឋម្នាក់ចំនួន១ម៉ឺន ៧ពាន់បីរយដុល្លារ យកទៅទិញរថយន្ត ឡិចស៊ីស ជិះមកទល់ពេលនេះ គឺពុំទាន់សងនៅឡើយទេ ហើយពលរដ្ឋម្នាក់នោះ ធ្វើអ្វីមិនកើតមានតែពាក្យទារប្រាក់វិញថា « សង ឬមិនសង » តែប៉ុណ្ណោះ ដូច្នេះ តើជនកំហូចនោះមានសមត្ថភាពឯណាទៅស្នើខ្ចីលុយអង្គការនានានោះ? គឺប្រាកដជាមិនសងគេទៀតឡើយ។ នេះបានចំជាកំពូលជនបោកប្រាស់ពិតៗមែន។
ដូច្នេះមុននឹងបោះឆ្នោតសូមប្រជាពលរដ្ឋពិចារណាអំពីភាពគ្មានគុណធម៌ អំពីចរិតមាយាទមិនថ្លៃថ្នូរ និងឧបាយកលទុច្ចរិតរបស់មេបននយោបាយមួយនេះឲ្យបានច្បាស់លាស់សិន។
ចំណែកគណបក្សប្រជាជនកម្ពុជា មិនមែនជាគណបក្សដែលដើរសន្យានោះទេ តែជាគណបក្សដែលកើតចេញពីប្រជាជន ហើយហ៊ានធ្វើអ្វីៗ ចេញជាសមិទ្ធផលពិតៗជូនប្រជាជន និងបានរំដោះប្រជាជនឲ្យរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ រស់នៅរួមសុខរួមទុក្ខជាមួយប្រជាជន ហើយបានកសាងប្រទេសពីបាតដៃទទេរ កសាងហេដ្ឋារចនាសម្ព័ន្ធច្រើនសន្ធឹកសន្ធាប់ មានស្ពាន ថ្នល់ វត្តអារាម សាលារៀន ប្រព័ន្ធធារាសាស្ត្រ ភ្លើងអគ្គិសនី ទៅដល់ទីជនបទជាបន្តបន្ទាប់។
ទស្សនៈរបស់ប្រជាពលរដ្ឋ ទាំងបងប្អូននៅជនបទ ទាំងបងប្អូននៅទីក្រុង គឺគាត់សប្បាយរីករាយណាស់ ចំពោះសមិទ្ធផលជាតិ ដូចជាស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ ដែលកើតមាននៅលើទឹកដីរបស់យើង បងប្អូនតែងតែយល់ថា សុទ្ធសឹងជាសមិទ្ធផលដែលបងប្អូនទាំងនោះអាចទាញយកប្រយោជន៍ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់បានប្រសើរឡើងជាលំដាប់។ ប៉ុន្តែសម្រាប់គណបក្សប្រឆាំង ជាពិសេសបននយោបាយតូចតាចមួយនោះ ត្រូវបានប្រជាពលរដ្ឋមើលមិនឃើញក្នុងការចូលរួមការអភិវឌ្ឍន៍អ្វីសោះឡើយ។ ប្រជាពលរដ្ឋឃើញមានតែរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ដែលបានចូលរួមអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាតែម្តង។
ដូច្នេះហើយទើប រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន មានការគាំទ្រពីប្រជាពលរដ្ឋរហូតដល់ទៅជាង៨០% ឯណោះ។ នេះបញ្ជាក់ថាប្រជាពលរដ្ឋ មានជំនឿជឿជាក់ចំពោះគណបក្សប្រជាជនកម្ពុជា ហើយនៅតែបន្តបោះឆ្នោតគាំទ្រគណបក្សនេះតទៅទៀត ដើម្បីបន្តអភិវឌ្ឍភូមិឃុំរបស់បងប្អូនឲ្យកាន់តែរីកចម្រើន និងដើម្បីកាត់បន្ថយនូវភាពក្រីក្រនៅជនបទឲ្យបានជាអតិប្បរមា៕
អត្ថបទដោយៈ ពង្ស សុក្រិត
បទវិចារណកថា៖ ដឹងមុនថាចាញ់ឆ្នោត ខិតខំបង្កើនការភូតកុហក
ក្នុងរយៈពេលដែលគណបក្សនយោបាយនានាកំពុងធ្វើការឃោសនា ស្វែងរកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០១២ ខាងមុខនេះ យើងសង្កេតឃើញថាគណបក្សប្រឆាំងបានប្រើប្រាស់នូវយុទ្ធសាស្ត្រប្រជាភិថុត ដើម្បីបោកប្រាស់ ភូតភរប្រជាពលរដ្ឋដោយគ្មានអៀនខ្មាស់។ ជាក់ស្តែងមេបននយោបាយរបស់ បក្សរវើរវាយមួយនោះ តែងតែលើកឡើងទាំងប្រថុយប្រថានឲ្យរួចពីមាត់ថា បើខ្លួនឈ្នះឆ្នោតនឹងរកប្តីឲ្យស្ត្រីម៉េម៉ាយ សន្យាដាក់ធ្មេញមាសឲ្យលោកតា លោកយាយ ឬយកមេឃុំដែលជាប់ឆ្នោតទៅដើរលេងនៅ អាមេរិកជាដើម។ ថ្មីៗនេះគាត់បានភូតទៀតថា ផ្លែចេកគឺគាត់អាចលក់បាន១ផ្លែ ថ្លៃ១ដុល្លារ អញ្ចឹងបើផ្លែចេកមួយស្និតឡើងដល់ប៉ុន្មាន? មួយស្ទងឡើងដល់ប៉ុន្មាន? ដល់មួយចំការឡើងដល់ប៉ុន្មាន? យើងឃើញថាការកុហករបស់គាត់នេះគឺថោកជាងចៅចាក់ស្មុគ្រទៅទៀត។ សូម្បី តែប្រមុខ រដ្ឋាភិបាល ក៏លោកបានស្នើឲ្យរដ្ឋមន្ត្រីកសិកម្មជួយសម្រួលដល់ការនាំចេញរបស់ក្រុមហ៊ុន អា រហ័ន មួយនេះផងដែរ។ មួយទៀត គាត់បានលើកឡើងថា នៅអាមេរិកគឺគេគោរពទៅដល់សិទ្ធិរបស់កង្កែបទៅទៀត ដូចជាបើរដ្ឋាភិបាលអាមេរិកធ្វើផ្លូវណាមួយ ហើយប៉ះនឹងរូងកង្កែបនៅខាងមុខនោះ គឺគេ ធ្វើផ្លូវនោះវាងទៅទៀត។ នេះគឺជារឿងមួយដែលគួរឲ្យចង់សើចមែនទែន។ ដូច្នេះយើងឃើញថា នយោបាយភរភូតរបស់បក្សរវើរវាយមួយនេះ គួរតែប្រជាពលរដ្ឋគិតពិចារណាឲ្យមែនទែន។
ពាក្យសម្តីឃោសនាបែបនេះគឺគ្មានបានបញ្ជាក់អំពីគោលនយោបាយរបស់គណបក្សខ្លួនដើម្បីចូលរួមជម្រុញការអភិវឌ្ឍ ឃុំ សង្កាត់នោះទេ ផ្ទុយទៅវិញ គឺជាពាក្យបោកប្រាស់ប្រជាពលរដ្ឋមួយសុទ្ធសាធ ដើម្បីឲ្យអារម្មណ៍ប្រជាពលរដ្ឋរំភើប ស្រើបស្រាល ដើម្បីបននយោបាយកំប៉ិកកំប៉ុកនេះអាចទទួលសម្លេងឆ្នោតបានច្រើនមួយពេលតែប៉ុណ្ណោះ។
បើនិយាយពីប្រវត្តិមេបននយោបាយនោះវិញ យើងឃើញថា គឺជាបុគ្គលដែលគ្មានលក្ខណៈជាមេដឹកនាំទាល់តែសោះ ពីព្រោះធ្លាប់មានប្រវត្តិជាចោរលួចជាបន្តបន្ទាប់ ដូចជាលួចអង្ករដែលជារបបប្រជាពលរដ្ឋ លួចគោ និងបានប្រើបទពិសោធន៍បោកអង្គការ IRI ដើម្បីលួចលុយដុល្លារបានយ៉ាងស្អាត នៅពេលដែលខ្លួនកាន់ការតូចមួយ។ ដូច្នេះយើងឃើញថា តាមរយះប្រវត្តិ និងបទពិសោធន៍របស់មេបក្សនេះ គ្រាន់តែកាន់ការងារកំប៉ិកកំប៉ុកគឺហ៊ានលួចប៉ុណ្ណឹងទៅហើយ ចុះទម្រាំក្លាយជាអ្នកដឹកនាំប្រទេស តើជននោះនឹងលួចប៉ុណ្ណា? ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋពិចារណាឲ្យបានច្បាស់កុំចាញ់ឧបាយកលទុច្ចរិត និងនយោបាយរវើរវាយរបស់ក្រុមនេះឲ្យសោះ។
ម្យ៉ាងទៀត មេបក្សរវើរវាយដល់ឋានព្រះចន្ទ័មួយនេះ ក៏ធ្លាប់មានប្រវត្តិជំពាក់លុយសមាជិកបក្សរបស់ខ្លួនរហូតដល់ជាង១ម៉ឺនដុល្លារមិនព្រមសងទៀតផង ហើយឥឡូវនេះម្ចាស់បំណុលគេទារលុយវិញ ហើយសួរថា « សង ឬ មិនសង » ពីព្រោះដល់រដូវបោះឆ្នោតហើយ ប្រយ័ត្នត្រូវបណ្តាសារម្ចាស់បំណុលនាំឲ្យចាញ់ឆ្នោតខ្មាស់គេ។ មានន័យថា ភាពបរាជ័យរបស់ខ្លួនគឺត្រូវប្រជាពលរដ្ឋ គ្មានសេចក្តីទុកចិត្ត មិនមានជំនឿលើគណបក្សរវើរវាយហ្នឹងហើយ ដែលគេនឹងមិនបោះឆ្នោតឲ្យនោះឡើយ។ ម្យ៉ាងទៀត ដោយសារភាពអាណាធិបតេយ្យរបស់ខ្លួន អ្នកបោះឆ្នោត គេនឹងពិនិត្យតាំងពីគុណសម្បត្តិ ពីមាយាទ ពាក្យសំដី សកម្មភាពការងារ ចុះបើបននយោបាយខ្លួន ពីមួយអាណត្តិ ទៅមួយអាណត្តិ៥ឆ្នាំ មិនដែលឃើញចូលរួមដោះស្រាយនូវទុក្ខលំបាកដល់ប្រជាពលរដ្ឋបែបនេះ តើឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យយ៉ាងម៉េច?
ទាក់ទងរឿងលទ្ធផលបោះឆ្នោតនេះ គណបក្សប្រឆាំងគួរកែចរឹតដែលមិនថ្លៃថ្នូររបស់ខ្លួនហើយត្រូវធ្វើនយោបាយនៅក្នុងទីលានប្រជាធិបតេយ្យសេរីពហុបក្ស។ នៅពេលដែលបោះឆ្នោត ហើយ ទោះបីជា គ ជ ប ប្រកាសលទ្ធផលបណ្តោះអាសន្ន ឬក៏មិនទាន់ប្រកាសក៏ដោយ ក៏អ្នកអង្កេតការណ៍គេមានតួលេខពិនិត្យរួចទៅហើយ និងអាចដឹងថានរណាឈ្នះឬ អ្នកណាចាញ់។ ដូច្នេះនាំគ្នាទទួលយកលទ្ធផលនោះទៅ។ គណបក្សនីមួយៗមានសេរីភាពពេញលេញក្នុងការបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន គឺគ្មានអ្វីដែល គ.ជ.ប ធ្វើតែឯងនោះទេ ដូច្នេះខ្លួនគួរតែពង្រឹងអ្នកសង្កេតការណ៍របស់ខ្លួន ឲ្យបាន១០០% ហើយជៀសវាងប្រើវប្បធម៌ដ៏សែនថោកទាបក្នុងការទម្លាក់កំហុសទៅអ្នកដទៃ។ ការចោទប្រកាន់ គ.ជ.ប គឺត្រូវឲ្យមានភស្តុតាងបញ្ជាក់នូវអ្វី ដែល គ.ជ.ប មិនគោរពច្បាប់ តែបើគ្រាន់តែចោទច្បោលៗថា គ.ជ.ប មិនឯករាជ្យ គឺជាអំណះអំណាងដែលគ្មានប្រយោជន៍នោះទេ។
នេះគ្រាន់តែជាការមួយដាស់តឿនក្រើនរំលឹក ដល់គណបក្សប្រឆាំងកុំឲ្យប្រើយុទ្ធសាស្ត្រឡាំប៉ានៅពេលដែលដឹងថាខ្លួនចាញ់ឆ្នោត ហើយយើងចង់ឃើញអ្នកនយោបាយមានចេតនាសុច្ចរិតគោរពឆន្ទៈប្រជាពលរដ្ឋពិតប្រាកដ ដើម្បីចូលរួម កសាងជាតិ អភិវឌ្ឍន៍ជាតិ បំរើប្រយោជន៍ប្រទេសជាតិយើងទាំងអស់គ្នា៕
អត្ថបទដោយៈ ពង្ស សុក្រិត
វិចារណកថា៖ការចោទប្រកាន់ដោយគ្មានវិចារណញ្ញាណចំពោះករណីដីសម្បទានសេដ្ឋកិច្ច
វិចារណកថា
ការចោទប្រកាន់ដោយគ្មានវិចារណញ្ញាណចំពោះករណីដីសម្បទានសេដ្ឋកិច្ច
ដោយ រាជ្យ សុវណ្ណនគរ
នៅក្នុងរយៈពេលថ្មីៗនេះ និង ជាពិសេស បន្ទាប់ពីពិធីសំណេះសំណាលរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយយុវជនស្ម័គ្រចិត្ត ជាង១០០០ នាក់ ដើម្បីជួយវាស់វែង និង កសាងប័ណ្ណសំគាល់សិទ្ធិកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសរួចមក យើងសង្កេតឃើញថា កាសែត The Cambodia Daily បានធ្វើការចុះផ្សាយកែតម្រូវឡើងវិញកាលពីថ្ងៃទី២៧ ខែមិថុនានេះ តាមរបៀប អង្អែលខ្នង ខោកក្បាល និង អ្នកចេះដឹងខុសតម្រា គ្មានបទពិសោធន៍ពាក់ព័ន្ធនឹងការងារ និង មិនស្គាល់បែបបទនីតិវិធីរដ្ឋបាលបន្តិចសោះនោះ បានបន្តចោទប្រកាន់វិធានការរបស់សម្តេចតេជោ គឺជាការខុសនឹងច្បាប់។
អ្នកសារព័ត៌មានដែលតាំងខ្លួនឯងថាជាអ្នកមានវិជ្ជាជីវៈ អ្នកសង្គមស៊ីវិល និង អ្នកនយោបាយ ដែលបង្កបញ្ហាដើម្បីបំផ្លិចផ្លាញ ត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់អំពីវិធានការរបស់សម្តេចតេជោ និង បទបញ្ជាលេខ ០១ បប ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១២ ស្តីពីការពង្រឹង និង បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ទាំងពាក្យពេជ្រ និង បែបបទនីតិវិធីរដ្ឋបាលនៃចំណាត់ការការងារ។
នៅក្នុងបទបញ្ជានេះ បានចែងយ៉ាងច្បាស់អំពី ១.ការផ្អាកជាបណ្តោះអាសន្ននូវការផ្តល់សម្បទានដីសេដ្ឋកិច្ច ដោយរួមទាំងគម្រោងស្នើសុំទាំងឡាយណាដែលមិនទាន់ទទួលបានការឯកភាពជាគោលការណ៍ដោយអាជ្ញាធររដ្ឋបាលមានសមត្ថកិច្ច ២.ពង្រឹងការអនុវត្តគោលនយោបាយ និង លក្ខខណ្ឌទាំងឡាយដែលចេញដោយរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច ការអនុវត្តកិច្ចសន្យា សៀវភៅបន្ទុករបស់សម្បទានិក និង ជាពិសេសការអនុវត្តគោលនយោបាយរូបមន្តស្បែកខ្លា មានន័យថា បើប៉ះពាល់ដីសហគមន៍ ដីប្រជាពលរដ្ឋ ត្រូវផ្តល់អត្ថប្រយោជន៍ពិតប្រាកដ និង អត្ថិភាពជូនប្រទេសជាតិ និង ប្រជាពលរដ្ឋ ៣.ក្រុមហ៊ុនទាំងឡាយដែលមិនអនុវត្តតាមកិច្ចសន្យា សៀវភៅបន្ទុក គោលនយោបាយ និង បទបញ្ជារបស់រាជរដ្ឋាភិបាល នឹងត្រូវដកហូតមកវិញ និង ៤.ចំពោះសម្បទានដីសេដ្ឋកិច្ចដែលទទួលបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋាភិបាលរួចហើយ មុនបទបញ្ជាចេញ ត្រូវបន្តអនុវត្តតាមគោលការណ៍ច្បាប់ និង នីតិវិធីជាធរមាន។ ទាំងនេះ គឺជានីតិវិធីច្បាប់ដែលត្រូវប្រកាន់ភ្ជាប់ក្នុងនាមជាប្រទេសគោរពច្បាប់។
នៅត្រង់ចំណុចទី ៤ ចុងក្រោយនេះហើយដែលអ្នកសារព័ត៌មាន និង អ្នកនយោបាយមួយចំនួន បានចោទប្រកាន់រាជរដ្ឋាភិបាល និង ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថាបានអនុវត្តខុសច្បាប់ និង បទបញ្ជារបស់ខ្លួនឯងដែលបានចេញរួចហើយ។ ក៏ប៉ុន្តែផ្ទុយទៅវិញ អ្នកទាំងនេះ មានចេតនារិះគន់ ដើម្បីបង្កភាពរាំងស្ទះដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល បំភាន់មតិសាធារណៈជន និង កេងយកចំណេញផ្នែកនយោបាយតែប៉ុណ្ណោះ។
តែទោះបីជាយ៉ាងណាក៏ដោយ ការសម្រេចចិត្ត និង បទបញ្ជារបស់រាជរដ្ឋាភិបាលនេះ គឺជាការសម្រេចដ៏ត្រឹមត្រូវ និង ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាវិធានការដោះស្រាយបញ្ហាដីធ្លីស៊ីជម្រៅ ដល់ឫសគល់ និង ឈ្នះ-ឈ្នះ សម្រាប់ប្រជាជាតិ និងប្រទេសជាតិខ្មែរទាំងមូល ដែលជាបុរេលក្ខខណ្ឌមួយដ៏សមស្របបំផុត ដោយមានការអប់អរសាទរទទួលយក និង ចូលរួមពីសំណាក់ប្រជាជនគ្រប់ជាន់ថ្នាក់ ក្នុងការបញ្ចប់ទំនាស់ ការមន្ទិលសង្ស័យ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ជាពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅសហគមន៍ជនបទ៕
ទស្សនៈវិភាគ៖ តើជាបាបកម្ម ឬក៏ត្រូវបណ្តាសារ?
តម្លៃខ្លួនរបស់មេបក្សនយោបាយប្រឆាំង១រូប គឺលោក កឹម សុខា បច្ចុប្បន្ននេះបានចុះមកនៅត្រឹមប្រមាណក្រោម៣ភាគរយតែប៉ុណ្ណោះ ឬអាចបន្តធ្លាក់ចុះជាងនេះទៀត នៃការគាំទ្ររបស់ប្រជាជនកម្ពុជា នេះបើពិនិត្យមើលអំពីទិដ្ឋភាពជាក់ស្តែងនៃជីវិតនយោបាយរបស់មេបក្សស្តីទីរូបនេះក្នុងដំណាក់កាលចុងក្រោយ។
ការសន្មត់សម្លេងគាំទ្រចំពោះ កឹម សុខា ក្នុងកំរិតក្រោម៣ភាគរយនេះ វាជារបៀបដ៏សាមញ្ញបំផុត និងងាយយល់សម្រាប់ការវិភាគរបស់ប្រជាពលរដ្ឋខ្មែរ ហើយវាក៏ជាតួលេខថ្មី ដែលគួរត្រូវបានដាក់បញ្ចូលក្នុងការស្ទង់មតិរបស់ IRI ផងដែរ ពីព្រោះវាជាស្ថានការណ៍ពិតនៅកម្ពុជា ប៉ុន្តែ វាពិតជាខុសចិត្តទាំងស្រុងទៅនឹងការស្ទង់មតិរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលគាំទ្របក្សប្រឆាំង មានទំលាប់លើកជើង បញ្ចើចបញ្ចើ និងតែងតែធ្វើរបាយការណ៍ភូតកុហក។
បញ្ហាធំៗយ៉ាងតិចចំនួនបួន ដែលបង្ហាញថា « ការព្យាករណ៍ចុងក្រោយនេះមានភាពច្បាស់លាស់ » ពីព្រោះ វាបានផ្អែកលើហេតុផលជាក់ស្តែងដ៏រឹងមាំ និងបានកើតឡើងក្នុងពេលតែមួយចំពោះអ្វីដែល លោក កឹម សុខា បានប្រព្រឹត្ត ជាប់ពាក់ព័ន្ធ និងទាមទារឱ្យ លោក កឹម សុខា ត្រូវប្រឈមមុខដោះស្រាយ ។ ប៉ុន្តែ បញ្ហាទាំងអស់នោះ គ្មានវិធីណាមួយដែលអាចនឹងជួយសម្រាល ដោះស្រាយ ឬជួសជុលឱ្យល្អប្រសើរឡើងវិញបានឡើយ គឺវាប្រៀបបានទៅនឹង កឹម សុខា កំពុងជួបនូវពហុគ្រោះ បាបកម្ម ឬក៏ដល់ថ្ងៃត្រូវបណ្តាសារ ដូច្នោះដែរ។
បញ្ហាទី១‑ គឺការធ្វើសកម្មភាពនយោបាយបោកប្រាស់នៅតាមមូលដ្ឋានដែលប្រជាពលរដ្ឋធុញទ្រាន់ មិនចង់ឮ មិនចង់ស្តាប់ ហើយវាក៏បានរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះគឺ ការសន្យាខ្យល់ច្រើនរាប់មិនអស់នៅពីក្រោយអ្វីដែលលោក កឹម សុខា និងបក្ខពួក បញ្ឆោតប្រជាពលរដ្ឋថា បក្សប្រឆាំងនឹងឈ្នះឆ្នោតនៅពេលខាងមុខ ក្នុងខណៈពួកគេកំពុងខ្សោះខ្យល់ បែកបាក់ផ្ទៃក្នុង ប្រេះស្រាំ ខ្ទេចខ្ទាំ និងជួបនូវវិបត្តិដ៏ធ្ងន់ធ្ងរ គឺ « បក្សមានតែខ្លួនអត់ក្បាល » ហើយដងខ្លួននោះទៀតសោត ត្រូវបានកាត់ផ្តាច់សរសៃ។ អ្នកកាត់ផ្តាច់សរសៃបក្សនោះ គឺ សម រង្ស៊ី និង កឹម សុខា នេះតែម្តង ដែលអតីតជាគូសត្រូវឈ្លោះប្រកែកគ្នាដ៏ខ្លាំងក្លា បាន និងកំពុងប្រើល្បិចកលបោកប្រាស់គ្នាដើម្បីផលប្រយោជន៍នយោបាយរៀងៗខ្លួន គឺអ្នកទាំងពីរនេះហើយ ជាអ្នកបង្ករបង្កើតបញ្ហាដោយខ្លួនឯង ហើយរកលេសទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលថា ជាអ្នកបំបែកបំបាក់ផ្ទៃក្នុងរបស់ពួកគេទៅវិញ។
បញ្ហាទី២‑ ការបន្លំប្រជាពលរដ្ឋ តាមរយៈសកម្មភាពឃោសនានៅតាមមូលដ្ឋាន ដែល មានតែពាក្យភូតកុហកដ៏សំបូរបែប ដូចជា សន្យាដាក់ធ្មេញមាសឱ្យចាស់ៗ សន្យាតម្លើងប្រាក់បៀវ ត្សរ៍ សន្យារកប្តីឱ្យស្រ្តីមេម៉ាយនៅទូទាំងប្រទេស..........។ ស្តាប់ទៅ វាជារឿងគួរឱ្យអស់សំណើច និងមិនអាចជឿបាន ហើយដែលពុំគួរគប្បីគណបក្សប្រឆាំងជ្រើសរើសយកមកធ្វើជាល្បែងនយោបាយបោកប្រាស់ប្រជាពលរដ្ឋឡើយ។
បញ្ហាទី៣‑ មហាបាតុកម្មអហិង្សារដឹកនាំដោយលោកអ៊ុំ ជុំ ម៉ី និងប្រជាពលរដ្ឋគាំទ្របាតុកម្មនៅទូទាំងប្រទេស វាដូចជាខ្យល់កំបុតត្បូង ឬរលកយក្សស៊ូណាមិ បក់រុញផ្ទប់អ្នកនយោបាយរូបនេះបោកទៅនឹងផ្ទាំងថ្ម។ វា ជាកំហឹងរបស់ជនរងគ្រោះកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលឈឺចាប់នូវពាក្យសម្តីប្រមាថកាតទានចំពោះវិញ្ញាណក្ខន័្ធអ្នកស្លាប់ និងជនរងគ្រោះដែលនៅរស់រានមានជីវិត ឆ្លើយតបទៅនឹងការគេចវេសមិនទទួលខុសត្រូវរបស់ កឹម សុខា ដែលបាននិយាយថា «គុកទួលស្លែង ជាកន្លែងសប្បនិម្មត្តិ»។ កម្លាំងមហាបាតុកម្មកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ ក៏អាចថាជាសារមួយផងដែរបង្ហាញអំពីទឹកចិត្តរបស់ប្រជាពលរដ្ឋដែលស្អប់ខ្ពើមអ្នកនយោបាយក្រឡិចក្រឡុច ប្រជាភិថុត បែបបុគ្គល កឹម សុខា ក៏ដូចជាអ្នកនយោបាយប្រឆាំងដ៏ទៃទៀតដែលនិយមបោកប្រាស់ និងកែកាឡៃប្រវត្តិសាស្ត្រ។
និងបញ្ហាទី៤ ដែលជាចំណោទសម្រាប់លោក កឹម សុខា ត្រូវដោះស្រាយជាបន្ទាន់នោះ គឺ ការលេចមុខប្រពន្ធចុងទី២ របស់ កឹម សុខា និងម្តាយក្មេក ក្នុងហ្វូងបាតុកម្មមហាជនប្រឆាំងលោក កឹម សុខា និងទាមទារឱ្យលោក កឹម សុខា ទទួលខុសត្រូវជួយចិញ្ចឹមកូនតូចៗ២នាក់ក្នុងបន្ទុក ម្នាក់ជាកូនស្រីអាយុ ៨ឆ្នាំ និងម្នាក់ទៀតជាកូនប្រុសរបស់ កឹម សុខា អាយុ៦ឆ្នាំ។ជាពិសេសទៅទៀតនោះ លោក កឹម សុខា ត្រូវតែជាអ្នកធានាទទួលខុសត្រូវក្នុងការព្យាបាលជម្ងឺរបស់ប្រពន្ធដែលមានការវះកាត់បេះដូង និងរបួសបាក់ដៃ កំពុងរស់នៅយ៉ាងវេទនា។ ប្រសិនបើបញ្ហាក្នុងរង្វង់គ្រួសារផ្ទាល់ខ្លួន លោក កឹម សុខា មិនមានសមត្ថភាពដោះស្រាយបានទេនោះ ឬក៏គេចវេសពីការទទួលខុសត្រូវ បានន័យថា ការសន្យាឧបត្ថមថវិកាដល់ចាស់ៗ និងការសន្យាផ្សេងៗទៀត សុទ្ធតែជានយោបាយភូតកុហកទាំងស្រុង។
បញ្ហា២ចំពោះមុខ ក្នុងចំណោមបញ្ហាជាអាទិភាពទាំង៤ ដូចបានជម្រាបជូនសាធារណជន ដោយមិនរាប់បញ្ចូលផងនូវការចេញមុខបកស្រាយអំពី នយោបាយភូតកុហករបស់ កឹម សុខា ដោយប្អូនប្រុសបង្កើតរបស់លោក គឺ លោក កឹម សុខុន នាពេលថ្មីៗនេះ គឺបានទាញទម្លាក់ប្រជាប្រិយភាពរបស់ កឹម សុខា ធ្លាក់ចុះដល់កម្រិតមួយដ៏អាក្រក់បំផុត ដែលវា គឺកើតចេញពីការថ្លោះធ្លោយគំនិតផ្ទាល់របស់ កឹម សុខា ប្រៀបបាននឹង កឹម សុខា សម្រេចចិត្តហែកបំផ្លាញសន្លឹកឆ្នោតចោលដោយខ្លួនឯង ។
ការបន្ទាបបន្ថោកតម្លៃកិត្តយស សេចក្តីថ្លៃថ្នូររបស់ខ្លួនដោយខ្លួនឯង បាននាំឱ្យលោក កឹម សុខា យល់ខុសអំពីអ្វីទៅហៅថា «ខ្លឹម»ក្នុងអត្តភាពជាអ្នកនយោបាយ ដែលគួរត្រូវតែជាអ្នកមានការទទួលខុសត្រូវកំរិតខ្ពស់បំផុត។
ការដកសេចក្តីទុកចិត្តរបស់អ្នកគាំទ្រចំពោះបុគ្គល កឹម សុខា ដែលមានតែពាក្យភូតកុហក បោកប្រាស់ ដើម្បីធ្វើជាមធ្យោបាយក្នុងការប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល គឺជារឿងមួយដ៏ពិបាកជាទីបំផុត ដែលពុំគួរគប្បីក្រុមប្រឆាំងមានសុទិដ្ឋិនិយមជ្រុលពេកនោះទេ។
ម៉្យាងវិញទៀត បក្សប្រឆាំងរិតតែពុំគួរគប្បីទៅទៀត ក្នុងការយកភាពក្មេងខ្ចីនៃនយោបាយរបស់ក្រុមខ្លួន មកសំដែងឬទ្ធិ៍រំលោភលើភាពចាស់ទុំនៃការចាក់ឬសដ៏ជ្រៅ និងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាដែលសំបូរទៅដោយធនធានមនុស្ស ។
កម្ពុជាបច្ចុប្បន្ន បាននិងកំពុងរស់នៅក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស និងការបើកសិទ្ធិសេរីភាពដ៏ទូលាយ ហើយសិទ្ធិសេរីភាពនេះ ត្រូវបានបក្សប្រឆាំង កំពុងប្រើប្រាស់យ៉ាងពេញទំហឹង។
វាគ្រាន់តែជាការបង្ហាញនូវភាពប៉ិនប្រសប់ក្នុងល្បែងលាបពណ៌ និងចោទប្រកាន់ដ៏ហួសសម័យ ក្នុងភាសាដដែលៗ និងគ្មានការទទួលខុសត្រូវរបស់អ្នកនយោបាយបក្សប្រឆាំងតែប៉ុណ្ណោះ ដែលទន្ទេញចាំមាត់នូវរបៀបជេរដ៏ស្ទាត់ជំនាញ ដើម្បីប៉ុនប៉ងផ្តួលរំលំគណបក្សកាន់អំណាច តាមរយៈការលើកឡើងពីបញ្ហាព្រំដែន ការចោទដ៏គ្រោតគ្រាតថា មានការដឹកនាំតាមរបៀបកុម្មុយនីស្តផ្តាច់ការ និងចោទថា បក្សប្រជាជនកម្ពុជា ជាអាយ៉ងរបស់ប្រទេសវៀតណាមជាដើម។ល។
ប៉ុន្តែ ការឃោសនាទាំងអស់នេះ វាមិនអាចទទួលបាននូវលទ្ធផលល្អត្រឡប់មកវិញឡើយ នៅពេលដែលបញ្ហាព្រំដែនជាមួយប្រទេស ថៃ វៀតណាម និងឡាវ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បកស្រាយពន្យល់យ៉ាងច្បាស់លាស់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ផែនទី កត្តាប្រវត្តិសាស្ត្រនិងការរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ គឺបាននាំឱ្យបក្សប្រឆាំងអស់ឥទ្ធិពលដោយងាយបំផុត។
ដូច្នេះ គ្មានអ្វីដែលជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ ដូចជាការទូងស្គររបស់បក្សប្រឆាំង ដែលមានចេតនារុញច្រានប្រជាពលរដ្ឋឱ្យងើបឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាលក្នុងដំណាក់កាលនេះទេ។
បច្ចុប្បន្ន ពលរដ្ឋកម្ពុជាកំពុងរស់នៅ និងសាទរជាមួយសន្តិភាព ក៏ដូចជាការអភិវឌ្ឍន៍រីកចំរើនគ្រប់វិស័យ ដែលសមិទ្ធផលទាំងនេះ ពិតជាកើតចេញពីស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ជាអ្នកបានធ្វើ កំពុងធ្វើ និងបន្តធ្វើទៅអនាគត ដើម្បីបំរើប្រជាពលរដ្ឋខ្មែរដោយឥតងាករេ។
ផ្ទុយទៅវិញ ការធ្វើនយោបាយប្រជាភិថុត បោកប្រាស់ បំភ្លៃប្រវត្តិសាស្ត្រ ដូចបុគ្គល កឹម សុខា ដែលពលរដ្ឋខ្មែរគ្រប់រូបបានដឹង បានឮ និងឃើញដោយផ្ទាល់ភ្នែក វាសក្តិសមបំផុតដែលគួរត្រូវបានថ្កោលទោសពីមហាជន ប្រសិនបើ អ្នកនយោបាយ ហ៊ាននិយាយ ហ៊ានបោកប្រាស់ប្រជាពលរដ្ឋដើម្បីកេងចំណេញនយោបាយរបស់ខ្លួន ប៉ុន្តែ ពុំមានសេចក្តីក្លាហានហ៊ានសុំទោស។
បើលោក កឹម សុខា នៅតែបន្តរឹងរូស មិនទៅអុជធូបសុំទោស នៅគុកទួលស្លែង និងមិនមានសេចក្តីក្លាហាន ចេញមុខទទួលខុសត្រូវលើការប្រព្រឹត្តបំពានចំពោះស្ត្រីភេទដែលជាប្រពន្ធចុងទី២ និងកូន២នាក់ទេនោះ គឺ កឹម សុខា គេចមិនផុតពីភាពបរាជ័យចំពោះមុខឡើយ។
ម៉្យាងវិញទៀត គេនៅចាំបានថា ការឃោសនានៅតាមទីកន្លែងមួយចំនួនកន្លងមក កឹម សុខា បានជេរប្រមាថមកលើគណបក្សប្រជាជនកម្ពុជា ក្នុងពាក្យដ៏អសុរោះបំផុត ថា បក្សប្រជាជនកម្ពុជា ជាបក្ស «យក្ខិនីលើកជើង» ដែលការប្រមាថទៅលើរូបទេវតាបែបនេះ ជាប្រផ្នូលអាក្រក់បំផុតសម្រាប់ជីវិតនយោបាយរបស់ កឹម សុខា។ គ្រោះថ្នាក់ដែល កឹម សុខា បាន និងកំពុងជួបប្រទះ និងប្រឈមមុខនេះ តើវាជាបាបកម្ម ឬក៍ត្រូវបណ្តាសារ? ៕
ដោយៈ ទិត សុធា
ទស្សនវិភាគ៖ ភាពខុសគ្នានៃស្នាដៃពិតរបស់គណបក្សប្រជាជនកម្ពុជា និងការសន្យាខ្យល់របស់បក្សប្រឆាំង
សមដូចពាក្យចាស់លោកពោលថា «អ្នកថា ចាំតែថា អ្នកធ្វើ ចេះតែធ្វើ»។ ពាក្យពុំនោលខាងលើនេះ កំពុងតែឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្តែងនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នយ៉ាងប្រត្យក្ស ស្តែងទ្បើងតាមរយៈតួរអង្គពីរ គឺរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំង ដែលកំពុងប្រកួតគ្នានៅលើទីលានប្រជាធិបតេយ្យសេរីពហុបក្ស។
តើតួអង្គណាមួយជាអ្នកសន្យាខ្យល់ ហើយតួអង្គណាជាអ្នកមានស្នាដៃពិតប្រាកដសម្រាប់ជូនជាតិមាតុភូមិ? ដោយសេចក្តីស្រេកឃ្លាន និងភាពចង់ឈ្នះទាំងពុំផ្អែកលើអ្វីដែលជាការពិត នៃគោលនយោបាយរបស់ខ្លួន បានធ្វើឲ្យអ្នកនយោបាយក្នុងសង្គមកម្ពុជាមួយចំនួនងប់ងល់ឆ្កួតវង្វេងទៅនឹងមហិច្ឆតាចង់កាន់អំណាច ដោយមិនខ្វល់អំពីភាពត្រឹមត្រឹមត្រូវ ឬអ្វីជាគុណធម៌ សីលធម៌ សច្ចធម៌ក្នុងភាពជាមនុស្ស។
ជាក់ស្តែង ដោយចេតនាចង់ឈ្នះជ្រុលហួសលើគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ បានដាក់ចេញនូវគោលនយោបាយបែបប្រជាភិថុតិប្រាសចាកពីការពិត ដោយគ្មានភាពខ្មាសអៀន ដើម្បីតែទាក់ទាញនូវការគាំទ្រ ដែលក្នុងនោះ គេសង្កេតឃើញមានដូចជា ការសន្យាឱ្យចាស់ៗពីអាយុ៦៥ឆ្នាំទ្បើងទៅ ៤០.០០០ រៀល ក្នុង១ខែ សន្យាតម្លើងប្រាក់បៀវត្សរ៍ដល់កម្មករ មន្រ្តីរាជការ កសិករទទួលបានការធានាតម្លៃកសិផល ប្រជាពលរដ្ឋក្រីក្រ ទទួលបានការព្យាបាលជំងឺដោយឥតគិតប្រាក់ និងការសន្យាបញ្ចុះតម្លៃប្រេង ជីកសិកម្ម អគ្គិសនី និងបញ្ចុះអត្រាការប្រាក់ ជាដើម។
ការពិតគោលនយោបាយរបស់គណបក្សប្រឆាំង ត្រូវបានក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា យល់ឃើញថា គណបក្សសង្គ្រោះជាតិកំពុងតែខិតខំបំប៉ោង ជាអតិបរមានូវសារនយោបាយភូតកុហក បោកប្រាស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ក្នុងគោលដៅបិទបាំងនូវសមិទ្ធផលដ៏ធំធេង ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ ក្នុងគោលនយោបាយដែលបានលើកទ្បើងដោយគណបក្សប្រឆាំង គឺមិនមែនជាភាពអច្ឆរិយនៃនយោបាយដ៏មហាអស្ចារ្យដល់សង្គមនោះឡើយ ផ្ទុយទៅវិញ ពួកគេបាននិងកំពុងទាញយកផលចំណេញពីសន្តិភាព និងក៏ដើម្បីបំផ្លាញសន្តិភាពឱ្យខ្ទេចខ្ទាំតែប៉ុណ្ណោះ។ ការពិត រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការធានាបាន នូវស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍ រីកចំរើនគ្រប់វិស័យ។
ដូច្នេះ គោលនយោបាយរបស់បក្សប្រឆាំង មិនមានឥទ្ធិពល ដើម្បីគ្របដណ្តប់លើជោគជ័យ និងសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់របស់គណបក្សប្រជាជនកម្ពុជាបានឡើយ។ ម៉្យាងវិញទៀត ប្រជាពលរដ្ឋម្ចាស់ឆ្នោត គឺពួកគាត់នឹងមិនអាចផ្លាស់ប្តូរផ្នត់គំនិតនៃការស្រលាញ់គាំទ្ររបស់ខ្លួនចំពោះគណបក្សប្រជាជនកម្ពុជាបានទេ ។ ដោយគ្រាន់តែលើកឡើងនូវ សមិទ្ធផល និងស្នាដៃធំៗ ៨ យ៉ាង របស់គណបក្សប្រជាជនកម្ពុជា ក៏មានតម្លៃលើសលប់សម្រាប់សារឈ្នះនៃការដណ្តើមប្រជាប្រិយ៍ភាពលើគូប្រកួតបានដែរ នេះមិនគិតអំពីមហាសមិទ្ធផលថ្មីៗជាច្រើនដែលគ្របដណ្តប់ក្នុងសង្គមខ្មែរ។
សមិទ្ធផល និងស្នាដៃធំៗ៨យ៉ាងរបស់គណបក្សប្រជាជនកម្ពុជា រួមមាន៖
ទី១‑ គណបក្សប្រជាជនកម្ពុជាបានសង្រ្គោះជាតិឲ្យរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍ នាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ទប់ស្កាត់មិនឲ្យរបបដ៏យង់ឃ្នងនេះ វិលត្រឡប់មកវិញ និងបានធ្វើឲ្យអង្គការចាត់តាំងនៃរបបប្រល័យពូជសាសន៍ ត្រូវរលំរលាយទាំងស្រុង រកយុត្តិធម៌ជូនប្រជាជនកម្ពុជា តាំងពីឆ្នាំ ១៩៧៩ ហើយបានផ្តើមគំនិត និងជំរុញដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញ ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ទី២‑ បានដណ្តើមមក ជូនប្រជាជនវិញ និងធ្វើឲ្យមានការរីកចម្រើនឥតឈប់ឈរនូវសិទ្ធិសេរីភាពគ្រប់យ៉ាង កិត្តិយស សេចក្តីថ្លៃថ្នូរ និងលទ្ធិប្រជាធិបតេយ្យ ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍។ សម្រេចបានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ជាបន្តបន្ទាប់ ទាំងនៅថ្នាក់ជាតិ និងមូលដ្ឋាន ទាំងសកល និងអសកល។
ទី៣‑ បានធ្វើជាកម្លាំងស្នូលក្នុងដំណើរការបង្រួបបង្រួមជាតិ រហូតបានសម្រេចកិច្ចព្រមព្រៀងទីក្រុងប៉ារីស នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ និងជាកម្លាំងស្នូលក្នុងការកសាងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី ២ ដែលប្រកាន់យកប្រព័ន្ធនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។
ទី៤‑ បានអនុវត្តដោយជោគជ័យ នូវដំណើរការសន្តិភាវូបនីយកម្មប្រទេសជាតិទាំងមូល តាមរយៈនយោបាយឈ្នះឈ្នះ លើមូលដ្ឋានការបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងជាលើកដំបូង។
ទី៥‑ បានការពារយ៉ាងគត់មត់នូវរាល់សមិទ្ធផលរបស់ជាតិ ដោះស្រាយភាពជាប់គាំងខាងនយោបាយ ក្រោយពេលបោះឆ្នោត ហើយធ្វើជាកម្លាំងស្នូលក្នុងការដោះស្រាយស្ថិរភាពនៃរាជបល្ល័ង្ក ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពីប្រព័ន្ធ ២/៣ មកប្រព័ន្ធភាគច្រើនដាច់ខាត និងការរក្សាស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមបានរឹងមាំ ធ្វើឲ្យប្រជាជនបានរស់នៅយ៉ាងសុខសាន្ត។
ទី៦‑ បានស្តារខឿនសេដ្ឋកិច្ចសង្គមឡើងវិញ ជាជំហានៗ តាំងពីលេខសូន្យ រហូតមានការរីកចម្រើនយ៉ាងខ្លាំងដូចបច្ចុប្បន្ន។ ទាក់ទាញបានអ្នកវិនិយោគទុនក្នុងប្រទេស និងក្រៅប្រទេស បង្កើតរោងចក្រ សហគ្រាស ធនាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម កសិដ្ឋាន សំណង់ធំៗ សេវាកម្មទេសចរណ៍ បង្កើនបានការងារ និងមុខរបរជូនប្រជាជន។ កសាងសមិទ្ធផលលើគ្រប់វិស័យ មានផ្លូវ ស្ពាន ទំនប់ ប្រឡាយ ស្រះទឹក អណ្តូងទឹក មណ្ឌលអភិវឌ្ឍ សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ធ្វើឲ្យជីវភាពប្រជាជនកាន់តែបានល្អប្រសើរឡើង។
ទី៧‑ បានអនុវត្តប្រកបដោយជោគជ័យនូវការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ ធ្វើឲ្យការងារគ្រប់គ្រងរដ្ឋ គ្រប់គ្រងសង្គម គ្រប់គ្រងសេដ្ឋកិច្ច និងគ្រប់គ្រងធនធានធម្មជាតិ កាន់តែមានប្រសិទ្ធភាពឡើង ដែលធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការពង្រឹងយុត្តិធម៌ សមធម៌សង្គម និងការលើកកម្ពស់ជីវភាពប្រជាជន មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ។
ទី៨‑ បានស្តារកិតិ្តយស កិត្យានុភាពជាតិនៃព្រះរាជាណាចក្រកម្ពុជាឡើវិញ នៅលើឆាកអន្តរជាតិ ធ្វើឲ្យកម្ពុជាបានក្លាយជាប្រទេសដែលមានលក្ខណៈស្មើភាព និងស្មើសិទិ្ធជាមួយបណ្តាប្រទេសលើពិភពលោក មានទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេស និងដៃគូអន្តរជាតិនានា ដែលជំរុញបានខ្លាំងក្លាការអភិវឌ្ឍនសង្គមជាតិ។ សម្រេចបានជោគជ័យ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង តាមរយៈការចរចាដោយសន្តិវិធី ការពារបានយ៉ាងគត់មត់នូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃមាតុភូមិ។
ដូច្នេះ ស្នាដៃពិត ដែលស្តែងទ្បើងតាមរយៈសមិទ្ធផលទាំងអស់នេះហើយ ដែលជាគ្រឹះដ៏រឹងមាំ មិនអាចដួលរលំបានរបស់គណបក្សប្រជាជនកម្ពុជា តាំងថ្នាក់លើ រហូតដល់មូលដ្ឋាន នៃកម្លាំងគាំទ្ររបស់ប្រជាពលរដ្ឋ ហើយពួកគាត់ទាំងនោះថែមទាំងសច្ចាគាំទ្របេក្ខភាព សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិបន្តទៀត សមតាមការប្រកាសរបស់សម្តេចតេជោថា «បើស្រលាញ់ បើអាណិត បើពេញចិត្ត បើជឿទុកចិត្ត ហ៊ុន សែន សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា»។
សរុបមក សេចក្តីពិត និងអំពើល្អ រមែងតែឈ្នះអំពើអាក្រក់។ សមិទ្ធផលពិត តែងតែឈ្នះ នូវការសន្យាខ្យល់ បោកប្រាស់ ប្រជាភិថុតិ ព្រោះប្រជាពលរដ្ឋកម្ពុជាលោកមានគតិវិនិច្ឆ័យច្បាស់លាស់ យល់ និងស្គាល់នូវអ្វីដែលជាអំពើល្អ អ្វីជាអំពើអាក្រក់ ខុស ឬត្រូវ ពិសេសពួកគាត់មិនបណ្តោយខ្លួនឲ្យក្រុមបក្សប្រឆាំងបោកបញ្ឆោតពង្វក់បាន តាមតែទំនើងចិត្តរបស់ពួកគេនោះបានឡើយ។
អត្ថបទដោយៈ ឧត្តម សក្តិ