Pages
▼
Thursday, October 31, 2013
បទអត្ថាធិប្បាយ ដោយ ស្វាយ សុវណ្ណរិទ្ធ «ការប៉ុនប៉ងបំផ្លិចបំផ្លាញសេដ្ឋកិច្ចជាតិ គឺជានយោបាយអត្តឃាតខ្លួនឯង»
បទអត្ថាធិប្បាយ
ការប៉ុនប៉ងបំផ្លិចបំផ្លាញសេដ្ឋកិច្ចជាតិ គឺជានយោបាយអត្តឃាតខ្លួនឯង
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ
បានចេញលិខិតចំហមួយរបស់ខ្លួនដែលធ្វើឲ្យមតិជាតិ និង អន្តរជាតិ មានការភ្ញាក់ផ្អើល
និង នឹកស្មានមិនដល់ មិនគួរគណបក្សនេះ ហ៊ានសម្រេចចិត្តបែបនេះ ដែលផ្ទុយពីបំណងប្រាថ្នាជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
គោលដៅរបស់បក្សប្រឆាំង នៃការបញ្ជាក់ជំហរចំពោះប្រទេសនានា ស្ថាប័នផ្តល់ប្រាក់កម្ចី និង ក្រុមហ៊ុនវិនិយោគ គឺជាការប៉ុនប៉ងបង្វែរការចាប់អារម្មណ៍របស់ស្ថាប័នទាំងនោះ
ឲ្យផ្អាកសកម្មភាពផ្តល់ជំនួយ និង ការវិនិយោគរបស់ពួកគេ នៅកម្ពុជា
នៅពេលដែលសកម្មភាពនយោបាយរបស់បក្សប្រឆាំង នាពេលកន្លងមក ទាំងការធ្វើបាតុកម្ម សមាជគណបក្ស (នៅទីលានប្រជាធិបតេយ្យ) និង
ការប្រមូលស្នាមមេដៃអ្នកគាំទ្រខ្លួន ទទួលបរាជ័យ គ្មានប្រសិទ្ធភាពណាមួយមកលើរាជរដ្ឋាភិបាល
និងរដ្ឋសភា ក៏ដូចជាគ្មានការគាំទ្រពីអន្តរជាតិនោះ។
ជម្រើសចុងក្រោយរបស់ពួកគេ គឺការចាប់យកសេដ្ឋកិច្ចជាតិ មកចោទជាបញ្ហា
ដោយពួកគេយល់ថា ជាអាវុធនយោបាយមួយ អាចបង្កចលាចលសេដ្ឋកិច្ច សង្គម ដោយជំរុញឲ្យទំនិញឡើងថ្លៃ
ប្រាក់រៀលចុះថ្លៃ លទ្ធភាពរបស់រដ្ឋក្នុងការបន្តសាងសង់ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីពេទ្យ ប្រព័ន្ធស្រោចស្រប់។ល។ ជាពិសេសបច្ចុប្បន្ន កម្ពុជាកំពុងជួបប្រទះការលំបាក នៅក្រោយពេលទឹកជំនន់ដែលប៉ះពាល់ដល់អាយុជីវិត
និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរដោយផ្ទាល់ និង ដោយប្រយោល ប្រមាណ១៥ ខេត្ត។ អំពើនេះ
ប្រទេសខ្លះ គេចាត់ទុកថាជាអំពើក្បត់សេដ្ឋកិច្ចជាតិទៅហើយ ដែលអាចចោទប្រកាន់ឲ្យមានទោសគុកអស់មួយជីវិត
ឬក៏ទោសប្រហារជីវិត។
តើជម្រើសនេះ មានផលអ្វីខ្លះ មកលើសង្គមជាតិ និង
ប្រជាពលរដ្ឋខ្មែរ? ប្រសិនបើល្បិចកលនយោបាយនេះ បានសម្រេចនោះ មិនមែនរាជរដ្ឋាភិបាល និង គណបក្សប្រជាជនកម្ពុជា ជាអ្នកចាញ់នោះឡើយ
គឺប្រជាជនកម្ពុជាទូទាំងប្រទេសនោះទេ ដោយប្រជាជន គ្រប់ស្រទាប់វណ្ណៈ ជួបប្រទះការលំបាក់ជីវភាពប្រចាំថ្ងៃ ប្រជាជនគ្មានការងារធ្វើ
ផលិតផលកសិកម្ម ស្រូវអង្ករ ពោតសណ្តែក ដំឡូងមី សិប្បកម្ម សេវាកម្ម ឧស្សាហកម្ម គ្មានទីផ្សា ដែលប្រជាជន ជាអ្នកចាញ់ទៅវិញ គឺចាញ់ប្រកបដោយមហន្តរាយបំផុត
មិនមែនគណបក្សប្រឆាំង ដែលកំពុងតែចាញ់នោះទេ។
ជម្រើសនេះ មានចេតនា ទី១ ធ្វើឲ្យបរទេសមួយចំនួនដែលស្គាល់កម្ពុជា មិនច្បាស់នោះ យល់ថា មានបញ្ហា ដែលជាហេតុនាំឲ្យប្រឡាក់ដល់ភាពស្របច្បាប់របស់រដ្ឋសភា
និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ទី២ ធ្វើឲ្យប្រជាជន
ដកសេចក្តីទុកចិត្តលើរាជររដ្ឋាភិបាល និង រដ្ឋសភា ដែលកើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ
សេរីពហុបក្ស។
ក៏ប៉ុន្តែជម្រើសនយោបាយរបស់បក្សប្រឆាំង គឺកំពុងដើរផ្ទុយពីបំណងប្រាថ្នាជាក់ស្តែង និង ជាមូលដ្ឋាន របស់ប្រជាពលរដ្ឋខ្មែរ
ដែលចង់ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពោលគឺចង់ឲ្យមានទីផ្សារលក់ផលិតផលកសិកម្ម ឲ្យបានកាន់ទូលំទូលាយថែមទៀត ស្ថានភាពតម្លៃគ្រឿងឧបភោគបរិភោគ
មានតម្លៃថោកសមរម្យ និង កាត់បន្ថយអត្រាអតិផរណា ឲ្យបានកាន់តែប្រសើរឡើងថែមទៀត
ហើយជីវភាពរស់នៅរបស់ពួកគាត់ ត្រូវបានកែលំអរ ដែលទាំងអស់នេះ គឺ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល
ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការធានាបន្តនិរន្តរភាពនៃភាពល្អប្រសើរ និង
ភាពរីកចំរើននៃសេដ្ឋកិច្ចសង្គមកម្ពុជា។
ជាងនេះទៅទៀត បណ្តាប្រទេស ស្ថាប័នផ្តល់ប្រាក់កម្ចី និង
ក្រុមហ៊ុនវិនិយោគទាំងនោះ បានយល់យ៉ាងច្បាស់អំពីភាពស្របច្បាប់នៃរដ្ឋសភា និង
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចំណងផ្លូវច្បាប់អន្តរជាតិ
ដែលទាមទារឲ្យរាជរដ្ឋាភិបាលនៅក្នុងអាណត្តិបន្តបន្ទាប់ មានកាតព្វកិច្ចត្រូវតែគោរពជាដាច់ខាត
មិនអាចប្រកែកបាន ពីព្រោះប្រជាពលរដ្ឋកម្ពុជា បានបោះឆ្នោតឲ្យគណបក្សប្រឆាំង ដើរតួនាទី
និង
ប្រើសិទ្ធិអំណាចគ្រប់គ្រាន់តាមផ្លូវច្បាប់ក្នុងការត្រួតពិនិត្យរាល់សកម្មភាពរបស់រាជរដ្ឋាភិបាល
នៅក្នុងអំណាចនីតិបញ្ញត្តិ គឺរដ្ឋសភា និង ព្រឹទ្ធសភា មិនមែនតាមរយៈការអំពាវនាវបែបនេះឡើយ។
ដូច្នេះជំហររបស់គណបក្សសង្គ្រោះជាតិ
ក្នុងការមិនទទួលស្គាល់ និង ការពិនិត្យសើរើកិច្ចសន្យា កិច្ចព្រមពៀងវិនិយោគ ក៏ដូចជាការផ្តល់បា្រក់កម្ចីវិនិយោគនានា
របស់រាជរដ្ឋាភិបាល គឺជាអំពើក្បត់សេដ្ឋកិច្ចជាតិ ជាការសម្លាប់ប្រជាជនខ្មែរទាំងមូល រួមទាំងសកម្មជន និងអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិរបស់ខ្លួនផងដែរ។
ម្យ៉ាងទៀត ជម្រើសនយោបាយបែបនេះ
គឺបានឆ្លុះបញ្ចាំងនូវភាពទល់ច្រកផង នូវចរិតនយោបាយផង និង ប្រៀបបានទៅនឹងចលនាជំរុញដល់នយោបាយអត្តឃាត
នៅពេលដែលគណបក្សនេះ មិនអាចឆ្លើយតបបាន ទៅនឹងការសន្យារបស់ខ្លួនចំពោះម្ចាស់ឆ្នោត។
ដោយ ស្វាយ
សុវណ្ណរិទ្ធ
Wednesday, October 30, 2013
Monday, October 28, 2013
Friday, October 25, 2013
បទអត្ថាធិប្បាយដោយ រ័ត្ន សណ្តាប់៖ “ដូរ ដូរ ដូរ”...ក្រោយការបោះឆ្នោត គឺជាការធ្វើរដ្ឋប្រហារ!
“ដូរ ដូរ ដូរ”...ក្រោយការបោះឆ្នោត
គឺជាការធ្វើរដ្ឋប្រហារ!
នៅថ្ងៃទី២៥ តុលានេះ គឺជាថ្ងែគម្រប់ខួប១ខែ នៃដំណើរការរាជរដ្ឋាភិបាលស្របច្បាប់អាណត្ដិទី៥នៃរដ្ឋសភា
ដែលត្រូវបានប្រសូត្រចេញពីឆន្ទ:ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត នៅថ្ងៃទី២៨កក្កដា២០១៣
ដែលត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ បញ្ជាក់ថា ដំណើរការបោះឆ្នោតបានប្រព្រឹត្ដទៅដោយសេរី
យុត្ដិធម៌ ត្រឹមត្រូវ និងក្នុងបរិយាកាសអហិង្សា សុវត្ថិភាពគ្មានការគំរាមគំហែង។
ប្រមុខរដ្ឋនៃប្រទេសមួយចំនួនក្នុងតំបន់ និងនៅលើពិភពលោក
មានជាអាទិ៍ បារាំង ចិន អូស្រ្ដាលី ជប៉ុន លោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ។ល។បានស្វាគមន៍
និងអបអរសាទរនូវព្រឹត្ដិការណ៍នេះយ៉ាងស្មោះស្ម័គ្របំផុត។
ផ្ទុយទៅវិញ គណបក្សប្រឆាំងបានប្រមូលពូនផ្ដុំជាបន្ដបន្ទាប់គ្នា
នាំគ្នាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត។ នៅថ្ងៃទី២៣ តុលា នេះ បក្សប្រឆាំងបានយកលេសជាថ្មីថា
ពួកគេប្រារព្ធពិធី២៣ តុលា ដើម្បីរំឭកខួបគម្រប់២២ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាព
ទីក្រុងប៉ារីស។ ការពិតពួកបក្សប្រឆាំងបានយកទិវានេះ
បំផុសបំផុលចលនាមិនទទួលស្គាល់ភាពស្របច្បាប់នៃរាជរដ្ឋាភិបាលថ្មី។ ចលនានេះ បានបង្ហាញយ៉ាងច្បាស់ពីចេតនាផ្ដួលរំលំរាជរដ្ឋាភិបាល
ដែលផ្ទុយពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ព្រោះថាការផ្លាស់ប្ដូររដ្ឋាភិបាល
អាច ធ្វើទៅបានតាមរូបភាពតែមួយគត់គឺការបោះឆ្នោត។ ហើយការបោះឆ្នោតកន្លងមកនេះ ទៀត សោតក៏បានសបញ្ជាក់យ៉ាងច្បាស់ថា
ប្រជាពលរដ្ឋនៅបន្ដការគាំទ្រគណបក្សប្រជាជនកម្ពុជា។
ដូចនេះ គណបក្សប្រឆាំងដែលយកលេសថា ទាមទាមរកយុត្តិធម៌ជូនម្ចាស់ឆ្នោត
ដែលបានបោះឆ្នោតគាំទ្រពួកគេ វាគ្រាន់តែជាវាំងននខ្មៅមួយផ្ទាំង បាំងមុខនៅក្នុងការបន្ដប៉ុនប៉ង
និងសាកល្បងធ្វើជាមេខ្យល់នាំមុខចលនាបះបោរតាមគ្រប់រូបភាព
ដែលអ្នកនយោបាយអាចបកស្រាយ បានថាជា “ចលនាផ្ដួលរំលំរាជរដ្ឋាភិបាល
” តាមរយៈ “រដ្ឋប្រហារតាមផ្លូវថ្នល់” ។ មានន័យថា អំណាចដែលគណបក្សប្រជាជនទទួលបានតាមការបោះឆ្នោតបែបប្រជាធិបតេយ្យ
បែរជាត្រូវបានគណបក្សប្រឆាំងចង់ដណ្ដើមអំណាចនេះ តាមបែបអនាធិបតេយ្យទៅវិញ។
ក្នុងការដែលពួកគេប្រកាសថា គេកំពុងតែធ្វើចលនាមហាបាតុកម្មនោះ
តើពួកគេធ្វើក្នុងគោលបំណងចង់បានអ្វីពិតប្រាកដ ក្នុងសភាពការណ៍ដែលប្រជាពលរដ្ឋកំពុងរស់នៅក្នុងសុខសន្ដិភាព
និងការអភិវឌ្ឍនោះ?
ជាការពិតណាស់ និងវាច្បាស់ដូចពន្លឺថ្ងៃអ៊ីចឹង! ក្រុមគណបក្សប្រឆាំងបានបង្ហាញពី
ចេតនាយ៉ាងច្បាស់ គឺពួកគេបានដើរធ្វើវិទ្ធង្សនានយោបាយ វិចេ្ឆទកម្មសេដ្ឋកិច្ច
តាមរយៈការបង្កភាពចលាចលក្នុងសង្គម ការស្រែកទ្បាំប៉ាឲ្យបរទេសផ្ដាច់ជំនួយ និងការឃោសនារារាំងមិនឲ្យ
ក្រុមហ៊ុនបរទេសចូលមកធ្វើវិនិយោគនៅស្រុកខ្មែរ
គឺជាការរាំងខ្ទប់ដល់ដង្ហើមសេដ្ឋកិច្ចជាតិ។ ក្នុង ន័យនេះ
គ្មាននរណាម្នាក់គេមិនជឿថា ពួកបក្សប្រឆាំងកំពុងខិតខំប្រឹងប្រែងបម្រើមហិច្ឆតាបក្ស
ខ្លួនឯងដែលជាមហិច្ឆតាបុគ្គល ដោយពុំបានគិតពីភាពសុខសាន្ដរបស់ប្រទេសជាតិទាល់សោះ។
តើនេ:ពុំមែនជាទង្វើស្រេកឃា្លនអំណាចតាមបែបអនាធិបតេយ្យ
ដោយបង្កចលនាកូដកម្ម ក្នុងគោលបំណងផ្ដួលរំលំរដ្ឋាភិបាលដោយខុសច្បាប់ទេឬអ្វី?
តើនេះពុំមែនជាទង្វើប្រឆាំងនឹងប្រវត្ដិសាស្រ្ដទេឬអ្វី? មជ្ឈដ្ឋានទូទៅបានស្គាល់យ៉ាងច្បាស់អំពី
បរិបទនយោបាយនៅកម្ពុជាពិសេសគោលនយោបាយ ឈ្នះ-ឈ្នះ របស់ សម្ដេចតេជោ
ហ៊ុន សែន ដែលបានធ្វើឲ្យសង្គម មានសនិ្ដភាព និងអភិវឌ្ឍលើគ្រប់វិស័យរហូតធ្វើឲ្យអន្ដរជាតិទទួលស្គាល់ថា
កម្ពុជាគួរត្រូវបាន ទុកជាគំរូសម្រាប់បណ្ដាប្រទេសនានាលើពិភពលោកទៀតផង។
គណបក្សប្រឆាំងបានយកលេសពីការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត
ស្រែកប្រកូកប្រកាសច្រំដែលៗថា រាជរដ្ឋាភិបាលមិនបានអនុវត្ដតាមខ្លឹមសារ
កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសទេ។ តាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសបានបញ្ជាក់យ៉ាងច្បាស់
គឺបញ្ចប់ នូវសង្រ្គាមផ្ទៃក្នុងប្រទេស ជំរុញឲ្យកម្ពុជាទទួលបាននូវសន្ដិភាពជានិរន្ដន៍
ប្រជាពលរដ្ឋរស់នៅ ប្រកបដោយសុវត្ថិភាព វឌ្ឈនភាព សេរីភាព គ្មានការជ្រៀតជែ្រកគ្មានការគាបសង្កត់ពីអំណាចបរទេស។
កម្ពុជាត្រូវដើរតាមលំអានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយ:ការបោះឆ្នោត ដោយសេរី
យុត្ដិធម៌ពីសំណាក់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់។
ម្ភៃឆ្នាំបានកន្លងផុតទៅ។
ការបោះឆ្នោតសកលបានប្រព្រឹត្ដទៅប្រាំលើកហើយ។ កម្ពុជាបានដើរតាមលំអានលទ្ធិប្រជាធិបតេយ្យជានិច្ច។បានទទួលនូវការអបអរសាទរពីមតិជាតិ
និងអន្ដរជាតិជានិច្ច។ ដូចេ្នះបំណងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលក្រោយការបោះឆ្នោត
គឺស្មើនឹងការ ធ្វើរដ្ឋប្រហារសុទ្ធសាធ។
ការខិតខំប្រឹងប្រែងអស់រយៈពេលជាង
១ទស្សវត្សន៍ ដើម្បីសម្រេចឲ្យបាននូវការឯកភាពមួយរវាងប្រទេសទាំង ១៨
រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងនោះ មានប្រទេសមហាអំណាចទាំង៥
ចិន រុស្ស៊ី បារាំង អង់គ្លេស សហរដ្ឋអាមេរិក សង្គ្រោះប្រទេសមួយ គឺកម្ពុជាឲ្យផុតពីការរងគ្រោះ
គឺមិនជាការធម្មតាទេ។ ប្រវត្តិសាស្ដ្រមិនអាចបកក្រោយបានទេ។
អង្គការសហប្រជាជាតិពុំអាចអនុញ្ញាតឲ្យកម្ពុជាវិលថយក្រោយ
ទៅរកភាពវិនាសកម្មបានទៀតឡើយ។
កំណត់ អ្នកនិពន្ធ
បុរាណវិទូ :
អតីតអនុប្រធានអាជ្ញាធរជាតិទេសចរណ៍កម្ពុជា
សាស្រា្ដចារ្យ : និពន្ធនិងបោះពុម្ពផ្សាយ ប្រវត្ដិប្រដាល់ក្បាច់ខ្មែរ Email
rathsandab@yahoo.com
Thursday, October 24, 2013
បទអត្ថាធិប្បាយ៖ តើអ្នកណាមានសិទ្ធិរំលាយ គ.ជ.ប?
បទអត្ថាធិប្បាយ
តើអ្នកណាមានសិទ្ធិរំលាយ គ.ជ.ប?
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)
ជាស្ថាប័នឯករាជ្យ ដែលបានបង្កើតឡើងដោយរដ្ឋសភា
ដើម្បីបំពេញកិច្ចការដ៏ឧត្តុង្គឧត្តមក្នុងការបំរើប្រជាពលរដ្ឋ តាមរយៈការរៀបចំដំណើរការបោះឆ្នោតដោយផ្ទាល់
ដោយសម្ងាត់ សេរី ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ផ្អែកតាមគោលការណ៍ច្បាប់
និងបទដ្ឋាននានា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
បន្ទាប់ពីបរាជ័យក្នុងការបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិឱ្យចូលក្នុងអន្ទាក់នៃការបោកប្រាស់របស់ខ្លួនពុំបានសម្រេច
មេដឹកនាំគណបក្សសង្គ្រោះជាតិ បានបង្វែរការចាប់អារម្មណ៍សាធារណមតិជាថ្មីទៀត
តាមរយៈគំរាមត្រង់ៗ «ឱ្យរំលាយចោលជាបន្ទាន់នូវស្ថាប័ន គ.ជ.ប» ដើម្បីអ្វីមួយដែលពួកគេ
ចោទប្រកាន់ថា ការបោះឆ្នោតអាណត្តិទី៥នេះ គ្មានឯករាជ្យភាព គ្មានយុត្តិធម៌
និងមាននូវភាពមិនប្រក្រតីជាច្រើន។ល។
តើមានបុគ្គលណាមួយដែលតាំងខ្លួនឯងថា ជាបញ្ញាជន
បែរជាទម្លាក់ចោលនូវភាពជាអ្នកចេះដឹងអំពីច្បាប់ទម្លាប់
ហើយហ៊ានមកសម្រចចិត្តក្នុងការរំលាយ ឬកំទេចចោលនូវស្ថាប័ន គ.ជ.ប
ដែលបានបង្កើតឡើងដោយច្បាប់ និងមានអាណត្តិរបស់ខ្លួនដ៏ត្រឹមត្រូវនោះ?
នៅក្នុងកាលៈទេសៈនេះ គឺប្រាកដជាមិនមានអ្នកច្បាប់ ឬក៏អ្នកនយោបាយណាម្នាក់ដែលប្រកបដោយឧត្តមគតិហ៊ានធ្វើនូវអំពើបំពានច្បាប់បែបនោះទេ
គឺមានតែក្រុមវង្វេងរដ្ឋធម្មនុញ្ញ និងពួកប្រឆាំងតែប៉ុណ្ណោះដែលប្រកាសខ្លួនធ្វើជាតួឯកក្នុងការប្រព្រឹត្តនូវរាល់សកម្មភាពទាំងនេះ។
តួឯកនៅក្នុងសាច់រឿងនេះ
គឺគ្មានអ្នកណាក្រៅពី សម រង្ស៊ី និង កឹម សុខា នោះទេ ពីព្រោះបុគ្គលទាំងពីរនាក់នេះ
មិនដែលឱ្យតម្លៃច្បាប់រដ្ឋធម្មនុញ្ញ ហើយក៏មិនខ្វល់អំពីផលប្រយោជន៍ជាតិដែរ ។ មិនតែប៉ុណ្ណោះ
ពួកគេតែងតែអង្គុយលើច្បាប់ជានិច្ច ដូចជា មាក់ងាយស្ថាប័នសភាជាតិ ថា
ជាសភាគូថមាន់ .. និងបានធ្វើការបន្ទាបបន្ថោកមកលើស្ថាប័ន គ.ជ.ប
ដោយពាក្យអសុរោះ ដូចជាចោទថា ជា គ.ជ.ប ជាចោរលួច ចោរប្លន់សន្លឹកឆ្នោតជាដើម។
ប៉ុន្តែ បើក្រឡេកមើលទៅលើគោលជំហររបស់រាជរដ្ឋាភិបាល
ដែលកើតឡើងដោយគណបក្សប្រជាជនកម្ពុជាវិញ
គឺប្រាកដជាគ្មានឆន្ទៈ ក្នុងការរំលាយ គ.ជ.ប នោះទេ ពីព្រោះ តែបានដឹងយ៉ាងច្បាស់ថា
គ.ជ.ប បានបំពេញកាតព្វកិច្ចរបស់ខ្លួនបានយ៉ាងត្រឹមត្រូវក្នុងការរៀបចំការបោះឆ្នោត
ប្រកបដោយភាពឯករាជ្យ ឥតលម្អៀង និងអនុវត្តតាមនិតិវិធី
និងច្បាប់ដូចបានកំណត់រួចហើយ។
ស្ថាប័ន គ.ជ.ប
ក៏ដូចជាស្ថាប័ន ឬក៏អង្គភាពប្រតិបត្តិករក៏ទៃទៀតដែរ បើសិនស្ថាប័ននោះត្រូវបានបង្កើតឡើងដោយសភាជាតិ
គេមិនអាចធ្វើការរំលាយទៅវិញដោយងាយៗនោះទេ បើល្គឹកណាគ្មានការឯកភាពគ្នាពីសមាជិកសភាតំណាងរាស្ត្រតាមរយៈនៃការបោះឆ្នោតអនុម័តជាថ្មី។
ហើយការបោះឆ្នោតផ្លាស់ប្តូរស្ថាប័ននេះទៀតសោត អាចធ្វើទៅបាន
លុះត្រាណាតែមានភាពចាំបាច់បំផុតក្នុងសង្គម
និងក៏ត្រូវពិនិត្យ ស្រាវជ្រាវឱ្យបានស៊ីជម្រៅផងដែរ ថា តើស្ថាប័ននោះពិតជាមិនបានដំណើរការ ឬអសកម្មក្នុងការបំពេញកិច្ចការរបស់ខ្លួន
ឬក៏បានប្រព្រឹត្តផ្ទុយពីគោលការណ៍ច្បាប់ដែលបានប្រគល់ភារកិច្ចឱ្យអនុវត្ត។ ក្នុងបរិបទនេះ
ស្ថាប័ន គ.ជ.ប មិនបានស្ថិតនៅក្នុងចំណាប់ខ្មាំងរបស់គណបក្សចាញ់ឆ្នោតនោះទេ។ ផ្ទុយទៅវិញ
វាគ្រាន់តែជាការចោទប្រកាន់របស់ក្រុមអ្នកចាញ់ឆ្នោតតែប៉ុណ្ណោះ ដែលប្រកាន់យកវប្បធម៌ មិនទទួលយកការពិតតាំងតែពីដើមរៀងមកម៉្លេះ។
ការប្រកួតប្រជែងការបោះឆ្នោតនៅលើទីលានប្រជាធិបតេយ្យ
គួរគប្បីអ្នកប្រកួតត្រូវធ្វើចិត្តឱ្យដូចជាអ្នកកីឡា« ចាញ់ត្រូវហ៊ានទទួលស្គាល់ថា
ខ្លួនខ្សោយ សុខចិត្តចុះចាញ់»។ ប៉ុន្តែ ចំឡែកតែនៅស្រុកខ្មែរ ចាញ់ឆ្នោត
បែរជាទម្លាក់កំហុស និងជេរប្រមាថទៅលើអាជ្ញារកណ្តាលទៅវិញ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥
កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅ អត្រាប្រជាពលរដ្ឋខ្មែរដែលបានទៅបោះឆ្នោតមានចំនួនជាង៦៩ភាគរយ
គឺជាចំនួនដ៏ច្រើនលើសលប់
បើធៀបទៅនឹងបណ្តាប្រទេសមួយចំនួន។ ប្រជាពលរដ្ឋបានប្រើសិទ្ធិរបស់ខ្លួនរួចហើយតាមរយៈសន្លឹកឆ្នោត
ដែល គ.ជ.ប បានប្រកាសជាផ្លូវការថា គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ
និងគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។
ប៉ុន្តែ គណបក្សសង្គ្រោះជាតិ
បន្ទាប់ពីចាញ់ឆ្នោតហើយ បានខិតខំប្រើគ្រប់ឧបាយកលទុចរិត និងគ្រប់មធ្យោបាយ
ទាំងការបំភ្លៃ ភូតកុហកដ៏សំបូរបែប និងបាននិយាយបោកប្រាស់ប្រជាពលរដ្ឋដោយឥតអៀនខ្មាស់
ដូចជាបន្លំម្ចាស់ឆ្នោត ថា គណបក្សរបស់ខ្លួនទេ ជាអ្នកឈ្នះ
ហើយធ្វើការចោទប្រកាន់មកលើ ស្ថាប័ន គ.ជ.ប និងគណបក្សកាន់អំណាចថា
ជាចោរលួចសន្លឹកឆ្នោត ដោយពុំមានភ័ស្តុតាង ឬឯកសារណាមួយធ្វើជាមូលដ្ឋានច្បាស់លាស់សោះឡើយ។
តាមរយៈហេតុផលមួលបង្កាច់
ភូតកុហកដ៏អាក្រក់ទាំងនេះ គណបក្សសង្គ្រោះជាតិ បានយកធ្វើជាលេសដោយអត្តនោម័តជាឯកបក្ស ដើម្បីរំលាយចោលនូវ គ.ជ.ប
ដែលគ្មានកំហុស ក្នុងខណៈដែលគណបក្សប្រឆាំងមួយនេះ ជាបក្សចាញ់ឆ្នោត
និងមិនព្រមទទួលស្គាល់នូវការបរាជ័យ ថែមទាំងប៉ុនប៉ង
មិនត្រឹមតែចង់នាំប្រជាពលរដ្ឋងើបឡើងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះទេ
គឺ មានចេតនាកំទេចចោលទាំងស្រុងនូវរដ្ឋធម្មនុញ្ញ
និងច្បាប់ទាំងអស់របស់កម្ពុជា។ ជាជំនួសមកវិញ គណបក្សប្រឆាំងជ្រើសយកច្បាប់ព្រៃមកប្រើក្នុងសង្គមខ្មែរ
ក្រោមក្រសែភ្នែកមហាជនដែលបានមើលឃើញថា បក្សប្រឆាំងតែងតែប្រើពាក្យគំរាមថា
អន្តរជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោត
និងគាំទ្រនូវសកម្មភាពរបស់ក្រុមខ្លួន។ តែការពិត មកទល់ពេលនេះ
មានបណ្តាប្រទេសជាច្រើន ដែលជាមិត្តរបស់កម្ពុជា គឺគេមិនយល់ស្របតាមដូច្នោះទេ
គេស្គាល់ច្បាស់ណាស់អំពីដំណើរការប្រជាធិបតេយ្យ និងការបោះឆ្នោតជាពហុបក្សកន្លងមក
ថាបានប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌បំផុត។
ផ្ទុយទៅវិញ ការពិត ទាំង
សម រង្ស៊ី និង កឹម សុខា បានក្លាយខ្លួនជាមេដឹកនាំប្រឆាំងទាំងទទឹងទិស និងគ្មានហេតុផលច្បាស់លាស់
គឺអ្នកទាំងពីរ និងបក្ខពួក ហាក់ដូចជា បាន និងកំពុងអនុវត្តតាមការបង្គាប់បញ្ជាពីជនបរទេសណាមួយ
ដែលមានលក្ខណៈជាបុគ្គលប្រជាធិបតេយ្យជ្រុលនិយម និងប្រកាន់ខ្ជាប់នូវគំនិតអាស្មិមានៈ
គ្មានគោរពច្បាប់ទម្លាប់ និងគ្មាននូវទស្សនវិស័យនយោបាយវែងឆ្ងាយនោះឡើយ។
ការធ្វើអាជីវកម្មនយោបាយ
តាមភាពច្រឡោងខាមដែលបង្ហាញពីការដើរផ្ទុយពីផលប្រយោជន៍ប្រជាពលរដ្ឋម្ចាស់ឆ្នោតនោះ គឺសម្លេងនៃការចង់សម្លាប់ប្រជាពលរដ្ឋខ្លួនឯង តាមរយៈការប្រកូកប្រកាសឱ្យប្រទេសម្ចាស់ជំនួយផ្តាច់ជំនួយសម្រាប់ការអភិវឌ្ឍន៍នានា
ក្នុងខណៈដែលប្រជាពលរដ្ឋខ្លួនឯងកំពុងប្រឈមនឹងគ្រោះធម្មជាតិទឹកជំនន់ដ៏ធ្ងន់ធ្ងរ។
លើសពីនេះទៅទៀត មេបក្សប្រឆាំងហាក់ដូចជាមិនខ្វល់សូម្បីតែបន្តិចសោះឡើយ អំពីកង្វល់ជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ
គឺគិតតែពីការញុះញង់ឱ្យប្រជាពលរដ្ឋចូលរួមធ្វើមហាបាតុកម្មម្តងហើយ
ម្តងទៀត ដើម្បីតែបំរើមហិច្ឆិតារបស់ក្រុមខ្លួន
។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងធ្វើសកម្មភាពរំខាន ដើរគោះទ្វារប្រទេសដ៏ទៃឱ្យជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង
រំលោភលើអធិបតេយ្យរបស់កម្ពុជាថែមទៀតផង។
ដូច្នេះ ការប្រកាសរំលាយស្ថាប័ន
គ.ជ.ប ដោយមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺសបញ្ជាក់ឱ្យឃើញថា គណបក្សប្រឆាំងមួយនេះ
បានយករដ្ឋធម្មនុញ្ញដាក់ក្រោមបាតជើង ពីព្រោះ គជប បានបង្កើតឡើងដោយរដ្ឋសភា មិនមែនកើតចេញពីក្រុមអានាធិបតេយ្យដូចគណបក្សប្រឆាំងដែលប្រកាន់ទម្លាប់អនុវត្តតាមច្បាប់ព្រៃនោះទេ។
គណបក្សប្រឆាំង ល្មមដល់ពេលបញ្ចប់ទៅនូវទង្វើភូតកុហក បោកប្រាស់ប្រជារាស្ត្រ ដែលនាំគ្រោះថ្នាក់ដល់សង្គមជាតិ
និងធ្វើឱ្យមានភាព វឹកវរ កាឡាហលនោះ៕
អត្ថបទដោយ៖ សុខ សំណាង
Wednesday, October 23, 2013
Tuesday, October 22, 2013
ទស្សនៈវិភាគ៖ របបសភានិយម គ្មានទេបក្សមានសម្លេងភាគតិចដឹកនាំរដ្ឋសភា!
អត្តបទដោយ: សៅ សុភៈ
បក្សប្រឆាំងនៅកម្ពុជា
គួរណាស់ស្វែងយល់អំពីការបែងចែកដាច់ដោយទ្បែកពីរបៀបនៃការគ្រប់គ្រងរដ្ឋ
និងនីតិវិធីនៃការបោះឆ្នោតឲ្យបានច្បាស់ រវាងប្រទេសប្រកាន់របបប្រជាធិបតេយ្យបែបប្រធានាធិបតីនិយម
និងប្រជាធិបតេយ្យបែបសភានិយម។
ក្នុងបរិបទនេះ មានន័យថា
ការទាមទារដោយគ្មានភាពអៀនខ្មាសរបស់ប្រធានគណបក្សសង្គ្រោះជាតិ
ដើម្បីអ្វីមួយដែលក្រុមរបស់ពួកគេហៅថា ការធ្វើឲ្យមានឲ្យមានតុល្យភាពអំណាច
ទាល់តែគណបក្សសង្គ្រោះជាតិទទួលបានតំណែងប្រធានរដ្ឋសភា ដឹកនាំស្ថាប័ននីតិបញ្ញត្តិនោះ
គឺជាទង្វើមិនត្រឹមត្រូវឡើយ។ តើអ្វីទៅ ជា
តុល្យភាពអំណាចរបស់បក្សប្រឆាំង? តើគណបក្សចាញ់ឆ្នោត មានសំឡេងភាគតិចត្រូវតែដឹកនាំរដ្ឋសភា ទើបហៅថា
តុល្យភាពអំណាច ឬយ៉ាងណា?
ការធ្វើមិនយល់អំពីស្ថានការណ៍នយោបាយនៅកម្ពុជា
ដោយព្យាយាមភ្ជាប់ពីរបៀបនៃការគ្រប់គ្រងរដ្ឋ
និងនីតិវិធីនៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិកមកសាបព្រួស អនុវត្តនៅកម្ពុជា ដោយមិនខ្វល់អំពីរដ្ឋធម្មនុញ្ញកម្ពុជា គឺដើម្បីតែបំពេញមហិច្ឆតាល្មោភអំណាចរបស់ខ្លួនតែប៉ុណ្ណោះ
។
ប្រជាធិបតេយ្យបែបប្រធានាធិបតីនិយមរបស់សហរដ្ឋអាមេរិក
គឺការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងការបោះឆ្នោតសភាជាតិ ចែកដាច់ពីគ្នា
ពោលគឺខុសពីការបោះឆ្នោតនៅកម្ពុជាទាំងស្រុង។ ការបោះឆ្នោតនៅកម្ពុជា បោះតែម្តង
គឺបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ដើម្បីបង្កើតសភាជាតិ
ហើយសភាជាអ្នកផ្តល់សេចក្តីទុកចិត្តបង្កើតគណៈរដ្ឋមន្ត្រី។ កម្ពុជាមិនមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី
និងបោះឆ្នោតសភាផ្សេងពីគ្នានោះទេ។ ដូច្នេះ បើយោងតាមគោលការណ៍នៃការរៀបចំបែបផែននៃក្បាលម៉ាស៊ីនរដ្ឋសភា
និងគណៈរដ្ឋមន្ត្រីរបស់ប្រទេស
ដែលប្រកាន់យករបបប្រជាធិបតេយ្យបែបសភានិយមនៅលើពិភពលោកនេះ គឺគណបក្សនយោបាយណាដែលទទួលបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភាដាច់ខាត
បក្សនយោបាយនោះត្រូវតែដឹកនាំរដ្ឋសភា
មិនអាចឲ្យគណបក្សនយោបាយដែលមានសំឡេងភាគតិចក្នុងសភា ទៅដឹកនាំរដ្ឋសភានោះទេ។
ប៉ុន្តែ ក្រុមបក្សប្រឆាំងបានព្យាយាមបកស្រាយទាំងបំពានលើរដ្ឋធម្មនុញ្ញ តាមរយៈការទាមទារដណ្តើមអំណាចចង់ធ្វើជាប្រធានសភា
ក្រោមហេតុផលថា នោះ គឺជាតុល្យភាពអំណាច ។
គណបក្សប្រឆាំងគួរណាស់យល់អោយបានច្បាស់
ថា នៅសហរដ្ឋអាមេរិក ដែលគេប្រកាន់របបប្រធានាធិបតីនិយមនោះ
ក៏គ្មានតុល្យភាពអំណាចរវាងប្រធានាធិបតី និងសភាដែរ លើកលែងតែប្រធានាធិបតីដែលឈ្នះឆ្នោត និងសភាដែលឈ្នះឆ្នោតនោះ គឺចេញពីគណបក្សតែមួយ។ ឧទាហរណ៍
នៅឆ្នាំ២០០៩ ប្រធានាធិបតី អូបាម៉ា
ដែលជាប់ជាប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ
និងសភាតំណាងរាស្ដ្រក៏ជាប់ភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យ
និងព្រឹទ្ធសភាភាគច្រើនក៏មកពីគណបក្សប្រជាធិបតេយ្យ
បានអនុញ្ញាតឲ្យប្រធានាធិបតី អូបាម៉ា
និងសភាទាំងពីរធ្វើការយ៉ាងស្អិតរមួតជាមួយគ្នា ពិសេស គឺការធ្វើច្បាប់ម្ដងៗ។
ក៏ប៉ុន្ដែនៅដើមឆ្នាំ២០១៣
នេះ
បន្ទាប់ពីគណបក្សសាធារណរដ្ឋបានជាប់ឆ្នោតភាគច្រើននៅក្នុងសភាតំណាងរាស្ដ្រ
តែគណបក្សប្រជាធិបតេយ្យមានសម្លេងភាគច្រើននៅព្រឹទ្ធសភាយ៉ាងណាក៏ដោយ
ក៏លោកប្រធានាធិបតី អូបាម៉ា បានជួបប្រទះនូវការលំបាកយ៉ាងខ្លាំង
ពិសេសក្នុងពេលថ្មីៗនេះ
បានញ៉ាំងឲ្យរដ្ឋាភិបាលអាមេរិកកាំងបានបិទដំណើរការអស់រយៈពេលពីរសប្ដាហ៍។
ដោយឡែកនៅកម្ពុជាវិញ ការដែលគណបក្សប្រឆាំងព្យាយាមយករូបមន្តរបស់សហរដ្ឋអាមេរិក
ចាប់បង្ខំឲ្យអនុវត្តបែបនេះ ត្រូវបាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងកាលពីពេលកន្លងទៅ
បញ្ជាក់យ៉ាងច្បាស់ថា គ្មានប្រទេសណាមួយនៅលើលោកនេះ
អាចប្រគល់តំណែងប្រធានសភាទៅឲ្យគណបក្សដែលមានសំឡេងភាគតិចនោះឡើយ។
រដ្ឋសភា និងរដ្ឋាភិបាល នឹងត្រូវជាប់គាំង
ប្រសិនបើគេប្រគល់តំណែងប្រធានរដ្ឋសភាទៅឲ្យគណបក្សប្រឆាំង
ពីព្រោះប្រធានសភាមានសិទ្ធិបដិសេធមិនលើកយកសេចក្តីព្រាងច្បាប់ណាមួយដែលមានតម្រូវការចាំបាច់
មកជជែកនៅក្នុងអង្គសភា ។
ដូចនេះ
ជុំវិញការទាមទារឲ្យមានតុល្យភាពអំណាចរបស់បក្សប្រឆាំងជារឿងមួយដែលមិនអាចទៅរួចទេ
ហើយក៏គ្មានការចាំបាច់សម្រាប់ច្បាប់របស់កម្ពុជាដែរ
ព្រោះគេបានដឹងយ៉ាងច្បាស់ណាស់ថា តុល្យភាពអំណាចរបស់កម្ពុជាមានរួចជាស្រេចទៅហើយ
គឺការចែកដាច់រវាងអំណាចទាំង ៣ គឺស្ថាប័ននីតិបញ្ញត្តិ
នីតិប្រតិបត្តិ និងតុលាការ។ ជាងនេះទៅទៀតនោះ យោងតាមមាត្រា ៩៨ ថ្មី បានបញ្ជាក់យ៉ាងច្បាស់ណាស់ថា រដ្ឋសភាអាចទម្លាក់សមាជិកគណៈរដ្ឋមន្ត្រី ឬទម្លាក់រដ្ឋាភិបាលពីតំណែង
ដោយអនុម័តញត្តិបន្ទោស តាមសំឡេងឆ្នោតគាគច្រើនដាច់ខាតនៃចំនួនសមាជិកសភាទាំងមូល។
ញត្តិបន្ទោស ត្រូវបានលើកទ្បើងជូនរដ្ឋសភា ដោយតំណាងរាស្ត្រចំនួន៣០ នាក់
ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន។
ការដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យបក្សប្រឆាំង
៥៥ អាសនៈនោះ គឺដើម្បីធ្វើកិច្ចការបម្រើឆន្ទៈរាស្ត្រក្នុងរដ្ឋសភា
មិនមែនឲ្យបង្កចលាចលសង្គមតាមដងផ្លូវ ជាហេតុនាំដល់ វិបត្តិនយោបាយ បង្អាក់ដំណើរនៃការអភិវឌ្ឍន៍ បង្កនូវអសន្តិសុខជាតិ បង្កើតភាពអនាធិបតេយ្យ ដែលនាំដល់ការភ័យខ្លាចយ៉ាងធ្ងន់សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេសនោះទេ។
ម្យ៉ាងវិញទៀត ការដែលគណបក្សប្រជាជនកម្ពុជាប្រគល់តំណែងអនុប្រធានសភាមួយ
ប្រធានគណៈកម្មការ ៤ និងអនុប្រធានគណៈកម្មការ ៥ បានបង្ហាញពីសមាមាត្រតុល្យភាពអំណាចដែលកើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋ
ជាក់ស្តែងរួចស្រេចទៅហើយ។
ជារួម
ការទាមទារតុល្យភាពអំណាចរបស់គណបក្សប្រឆាំង គឺមិនឈរលើមូលដ្ឋានច្បាប់ នោះទេ ។
ផ្ទុយទៅវិញ វាគ្រាន់តែជាការធ្វើវិទ្ធង្សនារដ្ឋធម្មនុញ្ញ
តាមរយៈការប្រើប្រាស់អំណាចនៃការបំភ្លៃ ភូតកុហក
និងបំភាន់សាធារណមតិតែប៉ុណ្ណោះ។ ដូច្នេះ ដោយយោងលើលទ្ធផលបោះឆ្នោតផ្លូវការដែលគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ
ក្នុងន័យថា លើសពី៥០ភាគរយបូក១ គឺតម្រូវឱ្យស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាលត្រូវតែដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលឈ្នះដាច់
ហើយការទាមទាររបស់គណបក្សប្រឆាំង
គឺគ្មានទម្ងន់ផ្លូវច្បាប់ណាមួយដើម្បីនឹងទទួលបានដំណែងប្រធានរដ្ឋសភាទេ៕