Tuesday, December 19, 2017

នៅស្អែកនេះ កម្ពុជា-ជប៉ុន នឹងចុះហត្ថលេខាលើហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់២៨លានដុល្លារអាមេរិក

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៩និង៣០នាទី ស្អែកនេះ នៅទីស្តីការក្រសួងការបរ​ទេស និងសហប្រតិ បត្តិការអន្តរជាតិ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរ​ទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រ​ចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុពិភាក្សាស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុប ៣១៧០លានយ៉េន (ប្រមាណ ២៨ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំ​ពេញ និងខេត្តបាត់ដំបង។

នៅក្នុងសេចកក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស ក៏បានបញ្ជាក់ថា ហិរញ្ញប្បទានឥតសំ​ណង​នេះ ត្រូវបានផ្តល់ជូនរដ្ឋាភិបាលកម្ពុជា ដោយរដ្ឋាភិបាលជប៉ុនដើម្បីលើកកម្ពស់សមត្ថភាព​ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាក្នុងការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-ស​ង្គម​របស់ជាតិ៕




Monday, December 18, 2017

(សូមទស្សនាវីដេអូ) មេធាវីកងយោធពលខេមរភូមិន្ទ ចូលបំភ្លឺលើសំណុំរឿងប្តឹងទណ្ឌិត សម រង្ស៊ី ដែលញុះញង់ឱ្យកងទ័ពប្រឆាំងរដ្ឋាភិបាល

អភិបាលរាជធានីភ្នំពេញ ជូបពិភាក្សាការងារជាមួយ លេខាអចិន្ដ្រៃយ៍នៃសមាគមអភិបាលក្រុងនិយាយភាសាបារាំង (AIMF)

នៅថ្ងៃច័ន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Pierre BAILLET លេខាអចិន្ដ្រៃយ៍នៃសមាគមអភិបាលក្រុងនិយាយភាសាបារាំង (AIMF)។ ដោយមានគោលបំណងបង្កភាពងាយស្រួលក្នុងការទំនាក់ទំនងផ្ទាល់រវាងការិយាល័យនៅក្នុងតំបន់អាស៊ាន និងការិយាល័យកណ្តាលនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង សមាគមអភិបាលក្រុងនិយាយភាសាបារាំង នឹងបង្កើតការិយាល័យប្រចាំតំបន់អាស៊ាននៅក្នុងទីក្រុងភ្នំពេញរបស់យើង។ អភិបាលរាជធានីភ្នំពេញបានស្វាគមន៍ និងផ្តល់នូវកិច្ចសហប្រតិបត្តិការក៏ដូចជាការបង្កលទ្ធភាពគ្រប់បែបយ៉ាងចំពោះសំណើខាងលើនេះ។

គួរបញ្ជាក់ថារាជធានីភ្នំពេញ គឺជាទីក្រុងអាស៊ីតែមួយគត់ដែលជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍របស់សមាគមអន្តរជាតិ នៃបណ្តាអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ហៅកាត់ថា AIMF តាំងពីឆ្នាំ១៩៩០៕






លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញបញ្ចុះបឋមសិលាកសាងអគារមណ្ឌលសុខភាព១ខ្នង ស្ថិតនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង

ស្វាយរៀង៖ នៅថ្ងៃច័ន្ទ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ គ.ស.២០១៧ លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៃកម្មវិធីបញ្ចុះបឋមសិលាកសាងអគារ មណ្ឌលសុខភាព០១ខ្នង ស្ថិតនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន ក៏បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល បានសម្តែងនូវការកោតសសើរចំពោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋបាលខេត្តស្វាយរៀង រដ្ឋបាលស្រុករមាសហែក លោក លោកស្រី ដែលបានខិតខំរួមគ្នាជាមួយមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ជាពិសេសក្រុមការងារប្រតិបត្តិការបោសសំអាត គ្រាប់បែកគីមី អាជ្ញាធរអាវុធគីមីបានរកឃើញនិងវាយតម្លៃយកគ្រាប់បែកគីមីចំនួនមួយគ្រាប់ក្នុងបរិវេណវត្តគគីរ ហើយបានជួយសម្រួលក្នុងការជម្លៀសពលរដ្ឋពីកន្លែងបោសសំអាតគ្រាប់បែកគីមី មកកាន់ទីកន្លែងមានសុវត្ថិភាព និងបានពិនិត្យ ព្យាបាលហើយសិក្សាស្រាវជ្រាវ និងវាយតម្លៃផលប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋ។ ចំណែកឯក្រសួងសុខាភិបាលវិញ ក៏បានយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាព ជូនបងប្អូន និងបានចុះសិក្សាស្រាវជ្រាវជាបន្តបន្ទាប់ បានរកឃើញអ្នកជំងឺរងផលប៉ះពាល់ ដោយសារធាតុគីមីនៅក្នុងឃុំគគីនេះ រោគសញ្ញាទាំងនោះមាន៖ រោគសញ្ញាមិនធម្មតាក្បាលធំ ស្វិតដៃ ស្វិតជើង ថប់ដង្ហើម អាឡាក់ស៊ីស្បែក និងរមាសជាដើម។

លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន បានបន្តទៀតថា ការកសាងមណ្ឌលសុខភាពនេះឡើង បើទោះបីជាចំនួនប្រជាពលរដ្ឋនៅឃុំគគីរពុំទាន់សមាមាត្រសមស្របនឹងការបង្កើតមណ្ឌលសុខភាពយ៉ាងណាក្តី ប៉ុន្តែដោយការគិតគូរខ្វល់ខ្វាយយ៉ាងខ្លាំងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះសុខភាពប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ដោយសារគ្រាប់បែកគីមី របស់អាមេរិក ដែលបានទម្លាក់នៅចន្លោះឆ្នាំ១៩៧០-១៩៧៥ ដើម្បីពិនិត្យ ព្យាបាល និងថែទាំសុខភាពជូន ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ៕







រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ប្រកាសលុបកាសែតជាង៣០០អង្គភាព ដែលហួសសុពលភាព

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រកាសលុបឈ្មោះកាសែត​ដែល​​ហួសសុពលភាព ដែលមិនចេញផ្សាយចំនួន៣៣០អង្គភាព។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅក្នុងទំព័រ Facebook ផ្លូវការរបស់លោក នៅព្រឹកថ្ងៃនេះ។
​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានសរសេរយ៉ាងដូច្នេះថា «​ថ្ងៃ​នេះ​ លុបកាសែត​ដែល​ហួស​សុពលភាព​ ដែល​មិនចេញ​ផ្សាយ​​ចំនួន​​៣៣០​អង្គភាព​។​ កាសែត​ដែ​ល​នៅ​បន្ត​សកម្មភាព​មាន​​៣៨៨ ​ទស្សនាវដ្តី​​២០៧​ និង​ព្រឹត្តបត្រ​​២៥» ៕


កម្ពុជាជំរុញកីឡាវាយកូនហ្គោលដើម្បីឆ្ពោះទៅការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាវាយកូនហ្គោលពានរង្វាន់ «សម្តេចតេជោនាយករដ្ឋមន្រ្តី» ដែលធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ការប្រកួតកីឡាវាយកូនគោលនេះគឺបានប្រព្រឹត្តទៅមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៦-១៧ ខែធ្នូ ដោយមា​នកីឡាករ កីឡាការិនីចូលរួមជាង ២០០នាក់ ដែលរួមមានជាឯកអគ្គរាជទូត រដ្ឋទូតរបស់ប្រ​ទេ​សនានា ប្រ​ចាំនៅកម្ពុជាចំនួន៧ ហើយការរៀបចំប្រកួតកីឡាវាយកូនហ្គោលនេះ ដើម្បីរឹតចំ​ណងសាមគ្គីភាព មិត្តភាព ហើយក៏ជាការជំរុញវិស័យកី​ឡាវាយកូនហ្គោលប្រចាំនៅកម្ពុជាដើ​ម្បីឆ្ពោះទៅការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

ជាលទ្ធផលការប្រកួតដោយ ១ក្រុម មាន ៣នាក់ ចំពោះ លេខ១ បានទៅក្រុមលោក នាង ផាត លោក ហ៊ុយ ពិសិដ្ឋ និងលោក មាស សេង ដែលបានទទួលលទ្ធផល (-៩) ក្រុមលេខ២ លោក ប៊ិន ឈិន លោក ប៉ុល សារឿន និង លោក ទូច សៀងហៃ ដែលទទួលបានពិន្ទុ (-៨) ក្រុមលេខ ៣ បានទៅក្រុម លោក ទៀ វិញ លោក ខៀវ មុត និង លោក មាស សំអុល។ សម្រា​ប់ការប្រកួតឯកត្តជន គឺលេខ១ បានទៅលើលោកឧកញ្ញា លី ហុង ដែលទទួលបានពិន្ទុ (-3) លេខ២ បានទៅលោក Poh Ee Kiat ជនជាតិស៊ីងហ្គាពួ លេខ៣ បានទៅលោក សេក វ៉ាន់សីហា បានពិន្ទុ (+១) និង ការប្រកួតឯកត្តជនដែរ តែសម្រាប់ Net Score គឺលេខ១ បានទៅលើលោក ព្រំ សួនប្រសិទ្ធ លេខ២ បានទៅលោក នូ អ៊ីដែន លេខ៣ បានទៅលើលោក លី គា ។ ចំពោះក្រុមដែលប្រកួតតាមរយៈការគណនាបន្ទាន់ គឺលទ្ធផលលេខ១ បានទៅលោក Tomoyuki Yamashita ជនជាតិជប៉ុន លេខ២ បានទៅលោក Veat Tha ហើយផ្នែកនារី Gross Score បានទៅលើ កញ្ញា ស្រី ស្រីនី លេខ២ បានទៅកញ្ញា ឈន វិច្ឆិកា។

នៅក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសប្រគល់ពានរង្វាន់ដល់កីឡា ករ កីឡាការិនីជ័យលាភី «សម្តេចតេជោនាយករដ្ឋមន្រ្តី» លើកទី២ Samdech Techo Prime Minister Cup 2017 និងបន្ទាប់មកបានអញ្ជើញថតរូបអនុស្សាវរីយ៍ និងពិសារអាហារពេលល្ងាចនៅក្នុងបរិយាកាសស្និទ្ធស្នាល និងរីករាយក្រៃលែង៕







ខេត្តស្វាយរៀង រៀបចំយុទ្ធនាការផ្សព្វផ្សាយ​អប់រំពីបញ្ហា​គ្រឿងញៀន​ ដល់សិស្សានុសិស្ស​វិទ្យាល័យ​ ហ៊ុន សែន​ ស្វាយជ្រំ​

ស្វាយរៀង៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ នៅវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តស្វាយរៀង បានរៀបចំយុទ្ធនាការផ្សព្វផ្សាយអប់រំ អំពីបញ្ហាគ្រឿងញៀន ដល់យុវជន និងជនងាយរងគ្រោះ ក្រោមអធិបតីភាព លោក ហែម សារិទ្ធ អភិបាលរងស្រុកស្វាយជ្រំ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រីនាយិការងវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ និងសម្របសម្រួលធ្វើបទបង្ហាញដោយក្រុមការងារ ស.ស.យ.ក ខេត្តស្វាយរៀង ដែលមានប្អូនៗសិស្សានុសិស្សចូលរួមប្រមាណ១០០នាក់។

មានមតិទៅកាន់ប្អូនៗសិស្សានុសិស្ស លោកអភិបាលរងស្រុក បានផ្តាំផ្ញើទៅដល់ប្អូនៗ ត្រូវយកខ្លឹមសារដែលបានផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀននេះ ទៅប្រាប់ទៅដល់មិត្តភ័ក្តិ បងប្អូន អោយបានជ្រួតជ្រាប ពីឥទ្ធិពលអាក្រក់នៃការប្រើប្រាស់គ្រឿងញៀន និងត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន ដែលធ្វើឲ្យខូចសុខភាព ខាតបង់ថវិកា ត្រូវគេបញ្ឈប់ពីការងារ ប្រឈមមុខចំពោះច្បាប់ និងអាចគ្រោះថ្នាក់ដល់ជីវិត។

ជាចុងបញ្ចប់នៃកម្មវិធីនេះ ក៏មានការឆ្លើយសំនួរធ្វើតេសសមត្ថភាព យករង្វាន់ពីកម្មវិធីយុទ្ធនាការផ្សព្វផ្សាយគ្រឿងញៀនដល់ប្អូនៗសិស្សានុស្សផងដែរ៕