Tuesday, September 22, 2015

ប្រសាសន៍ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន, ពិធីបើក សន្និបាត​បូកសរុប​ចលនា​ប្រឡងប្រណាំង «រមណីយ​ដ្ឋានស្អាត សេវាល្អ ឆ្នាំ ២០១៤» និងទិស​ដៅប្រឡង​ប្រណាំង «រមណីយ​ដ្ឋានស្អាត សេវាល្អ ដបិសណ្ឋារ​កិច្ចល្អ​ឆ្នាំ ២០១៥-២០១៦»

បទយក​ការណ៍ ស្តីពី​ឱកាស​ការងារ​សម​រម្យ និង​ការ​អភិ​វឌ្ឍ​ជំនាញ​នៅក្នុង​វិស័យ​កសិឧស្សាហ​កម្មចំការ​កៅស៊ូ ម៉ុងរិទ្ធីគ្រុប ​ (១៥៤)

សុន្ទរកថាស្វាគមន៍ ឯកឧត្តម ថោង ខុន ក្នុងឱកាស សន្និបាតបូកសរុប ការងារប្រឡងប្រណាំង ”រមណីយ ដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤”








សុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រឡងប្រណាំង «រមណីយដា្ឋនស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ឆ្នាំ២០១៥-២០១៦» និងការប្រគល់ «រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យ ទេសចរណ៍»

សុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រឡងប្រណាំង «រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤» និងទិសដៅប្រឡងប្រណាំង «រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ឆ្នាំ២០១៥-២០១៦» និងការប្រគល់ «រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍»ព្រមទាំងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០១៥
រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥
-          ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួង​ទេសចរណ៍
-          ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ
-          អង្គសន្និបាតទាំង​មូលជាទីមេត្រី!
         ថ្ងៃនេះ ខ្ញុំមានសេច​ក្ដីសោមនស្ស​រីករាយ ចូលរួមជា​មួយឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្នុងពិធីបើក​សន្និបាតបូកសរុប​ការងារ​ប្រឡងប្រណាំង «រមណីយ​ដ្ឋានស្អាត សេវាល្អ ឆ្នាំ២០១៤»និងទិសដៅ​ប្រឡងប្រណាំង «រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារ​កិច្ចល្អ ឆ្នាំ២០១៥-២០១៦» និងការ​ប្រគល់«រង្វាន់សម្តេច​តេជោនាយក​រដ្ឋមន្ត្រី​សម្រាប់ធុរកិច្ច​បៃតងក្នុងវិស័យ​ទេសចរណ៍» ព្រមទាំង​ពិធីអប​អរសាទរ​ទិវាទេសចរណ៍​ពិភពលោក​ឆ្នាំ២០១៥។ ក្នុងនាមសម្ដេចតេជោ​នាយករដ្ឋមន្ត្រី និងក្នុង​នាមខ្លួនខ្ញុំ​ផ្ទាល់ ខ្ញុំសូម​កោតសរសើរ និងវាយតម្លៃ​ខ្ពស់ចំពោះ​សមិទ្ធផល និងកិច្ចខិត​ខំប្រឹងប្រែង​កន្លងមករបស់​ថ្នាក់ដឹកនាំ និងមន្ដ្រី​រាជការគ្រប់​លំដាប់​ថ្នា​ក់របស់ក្រសួង​ទេសចរណ៍ និងគណៈកម្មាធិការ​ជាតិវាយតម្លៃទី​ក្រុងស្អាត ក្នុងការ​បំពេញភារកិច្ច និងការអនុវត្ដ​នូវសកម្មភាព​ជាអាទិភាពនានា ជាពិសេសការជំរុញ​ចលនាប្រឡង​ប្រណាំង «រមណីយដ្ឋាន​ស្អាត សេវាល្អ បដិសណ្ឋារ​កិច្ចល្អ» ដែលជាការរួមចំណែក​យ៉ាងសំខាន់ដល់ការ​អភិវឌ្ឍវិស័យ​ទេសចរណ៍​កម្ពុជា សំដៅធ្វើឱ្យ​កម្ពុជាក្លាយ​ទៅជាគោលដៅ​ទេសចរណ៍ដ៏ទាក់​ទាញប្រកប​ដោយគុណ​ភាព និងភាពប្រកួត​ប្រជែងខ្ពស់។
            ជាក់ស្ដែងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការវាយតម្លៃ​ទីក្រុងស្អាត បានរៀបចំពិធីចែក​ពានរង្វាន់ជ័យលាភីទី​ក្រុងស្អាត លើកទី១ ក្រោមអធិបតី​ភាពដ៏ខ្ពង់​ខ្ពស់​របស់ សម្តេចតេជោ​នាយករដ្ឋមន្ត្រី ដែលចលនាប្រឡង​ប្រណាំងនេះ គឺជាការចូល​រួមដ៏សំខាន់​ក្នុងការពង្រឹងគុណ​ភាពនៃផលិតផលទេស​ចរណ៍ទីក្រុង ក៏ដូចជាការទ្រទ្រង់​ឧត្តមភាពប្រៀបធៀបនៃ​​វិស័យទេសចរណ៍នៅទូទាំង​ព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក នៅថ្ងៃនេះ ក៏មានការរៀបចំពិធីប្រ​កាស​ជ័យលាភី «រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រី​សម្រាប់ធុរកិច្ច​បៃតងក្នុងវិស័យ​ទេសចរណ៍​» លើកទី១ ក្នុងប្រវត្តិសាស្ត្រនៃឧស្សាហ​កម្មទេសចរណ៍កម្ពុជា ដែលនេះគឺជាមូលដ្ឋាន​គ្រឹះមួយសម្រាប់វាយតម្លៃ និងនាំជោគជ័​យដល់ចលនាប្រឡង​ប្រណាំង «រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»
         ការជួបជុំ​គ្នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍​ដ៏មាន​អត្ថន័យយ៉ាង​ជ្រាលជ្រៅ ឆ្លុះបញ្ចាំងឱ្យ​ឃើញនូវការបន្តយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។ នេះក៏ជា​វេទិកាដ៏មាន​សារៈសំខាន់សម្រាប់ថ្នាក់​ដឹកនាំក្នុងវិស័យ​ទេសចរណ៍ វាគ្មិនជាតិ អន្តរជាតិ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធ​ដទៃទៀតក្នុងវិស័យ​ទេសចរណ៍ ក៏ដូចជា​វិស័យបរិស្ថាន ស្ថាបត្យកម្ម​និងសំណង់​បៃតង ដើម្បីពិភាក្សា​និងផ្លាស់ប្ដូរបទ​ពិសោធន៍ ព្រមទាំង​ឧត្តមានុវត្តនានា សំដៅ​ទ្រទ្រង់ចលនា​ប្រឡងប្រណាំង «ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» សំដៅធានា​ឱ្យបាននូវ​ការគ្រប់គ្រង និងការអភិវឌ្ឍ​ស័យ​ទេសចរណ៍ប្រកប​ដោយចីរភាពនិង​ប្រសិទ្ធភាព និង​ធ្វើ​ឱ្យ​កម្ពុជាក្លាយ​ជាគោលដៅទេសចរណ៍​ប្រកប​ដោយ «ភាពស្អាត និងបៃតង» ពិតប្រាកដ។
        - ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី !
         កន្លងមក រាជរដ្ឋាភិ​បាលកម្ពុជា បានដាក់ចេញ​នូវផែនការ និងយុទ្ធសាស្ដ្រ​សំខាន់ៗជាអាទិភាព​​ជាច្រើន ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម សំដៅ​លើកកម្ពស់ជីវភាព​រស់នៅ និងការ​កាត់បន្ថយភាពក្រីក្រ​របស់ប្រជាពលរដ្ឋ ក៏ដូចជា​ការធានាឱ្យបាន​នូវសុខសន្ដិភាព ស្ថិរភាពនយោ​បាយ សុវត្ថិភាព​សង្គម សណ្ដាប់ធ្នាប់​សាធារណៈ ជូន​ប្រជាជន និងជាតិ​មាតុភូមិ។ តាមរយៈ​ការអនុវត្តគោល​នយោបាយ​ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន កម្ពុជា​ទទួលបានសុខ​សន្តិភាពយ៉ាង​ពេញលេញ ដែលពុំធ្លាប់​មានក្នុងរយៈកាល​ជិត ៥០០ឆ្នាំ ចុងក្រោយ​នៃប្រវត្តិសាស្ត្រ​ដ៏វែងរបស់​កម្ពុជា​។ សុខ​សន្តិភាព និងស្ថិរភាព​នយោបាយ​គឺជាមូលដ្ឋាន​ដ៏រឹងមាំសម្រាប់ធានា​បាននូវការអភិវឌ្ឍ​លើគ្រប់វិស័យ សំដៅ​លើក​​​​​កម្ពស់​ជីវភាពរស់នៅ និងកាត់បន្ថយភាព​ក្រីក្ររបស់​ប្រជាជ​ន។ ជាក់​ស្តែង​ ក្នុងឆ្នាំ២០១៤ កម្ពុជា​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ចមធ្យម​ប្រចាំឆ្នាំ​ប្រមាណ ៧% និងនៅតែបន្ត​ក្នុងរង្វង់ ៧% នៅឆ្នាំ២០១៥ នេះ ដោយរក្សា​បាន​​នូវអតិផ​រ​ណា​​ទាប។ ផ្អែកលើកំណើន​ដ៏ខ្ពស់នេះ កម្ពុជា​ជាប់ចំណាត់​ថ្នាក់ទី១១ ក្នុងចំណោមប្រទេសដែល​សម្រេចបានកំណើន​សេដ្ឋកិច្ចខ្ពស់លើ​ពិភពលោក​ក្នុងរយៈពេល ១០ឆ្នាំ កន្លងមកនេះ និងជាប់ចំណាត់​ថ្នាក់ទី៥ ក្នុងចំណោម​ប្រទេសកំពុងអភិវឌ្ឍន៍​ដែលសម្រេចបាន​គោលដៅអភិវឌ្ឍន៍​សហស្សវត្សរ៍។ លើសពី​នេះទៀត ក្នុងពេលអនាគត​ដ៏ខ្លីខាងមុខ កម្ពុជានឹង​ក្លាយជាប្រទេស​ដែលមានប្រាក់​ចំណូលមធ្យម​កម្រិតទាប ហើយនិងឈាន​ទៅជាប្រទេស​ដែលមានប្រាក់ចំណូល​មធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០។
         ដោយឡែក វិស័យទេស​ចរណ៍នៅកម្ពុជា ដែលត្រូវ​បានគេចាត់ទុក​ថាជា «មាសបៃតង» បាននិង​កំពុងរួមចំណែក​យ៉ាងសំខាន់ដល់កំណើន​សេដ្ឋកិច្ចជាតិ ដោយបង្កើតបាន​ប្រាក់ចំណូលប្រមាណជិត ៣ប៊ីលាន (បីពាន់លាន) ​​ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៤។ កម្ពុជាទទួល​បានភ្ញៀវទេសចរអន្តរជាតិ​ចំនួនជាង ៤,៥ លាននាក់ ក្នុងឆ្នាំ២០១៤ គឺមានការកើនឡើងជាង ៧% ធៀបនឹងឆ្នាំ២០១៣។ ហើយបើធៀប​នឹងតួលេខឆ្នាំ១៩៩៣ ដែលភ្ញៀវទេសចរ​អន្តរជាតិមានតែប្រមាណ ១២ម៉ឺននាក់ នោះ តួលេខនេះមានការហក់​ឡើងយ៉ាងខ្លាំង រហូតដល់ ៣៦,៥ដង មាន​ន័យថា ក្នុងរយៈពេល​២១ឆ្នាំកន្លងមកនេះ កំណើនភ្ញៀវទេស​ចរជាមធ្យម​ប្រចាំឆ្នាំស្មើនឹង ១,៧ដង ឬ ១៧០% ។ កំណើនដ៏ខ្លាំងក្លា​នេះ គឺជាលទ្ធផល​នៃស្ថិរភាពនយោបាយ សេដ្ឋកិច្ច-សង្គម និងសន្តិភាពពេញលេញ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ និងគោលនយោបាយបើកចំហរជើងមេឃ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង​ដោយសារមរតកបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រដ៏មាន​តម្លៃលេចធ្លោជាសកលទាំងរូបី​និងអរូបី និងធនធានទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល យ៉ាងសម្បូរបែបរបស់កម្ពុជា ដូចជា ឆ្នេរសមុទ្រជាឆ្នេរស្អាតបំផុតលើសកលលោក ព្រៃកោងកាងលាតសន្ធឹងដ៏ធំល្វឹងល្វើយ និងសត្វផ្សោត​មេគង្គដ៏កម្រ។ សម្បត្តិវប្បធម៌ និងធម្មជាតិ​ទាំងនេះ ទាមទារឱ្យមានការ​ចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋានទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ផ្នែកឯកជន ភ្ញៀវទេសចរ ក្មួយៗយុវជន ក្នុងការថែរក្សា ការការពារ និងការលើកស្ទួយវិស័យទេសចរណ៍​របស់យើង ដើម្បីបង្កើនឧត្តមភាពប្រៀបធៀបនៃវិស័យ​​នេះ ឱ្យកាន់តែខ្លាំងក្លាថែមទៀត សំដៅរួមចំណែកដល់កិច្ចអភិវឌ្ឍឧស្សាហកម្មសេវាកម្ម ស្របតាមគោលនយោ​បាយអភិវឌ្ឍវិស័យ​ឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋា​ភិបាលកម្ពុជា។
         ទន្ទឹមនឹងសក្ដានុ​ពលដ៏សម្បូរបែប និងកំណើនដ៏ឆាប់​រហ័សនៃលំហូរភ្ញៀវ​ទេសចរ​ដូចបានរៀប​រាប់​ខាងលើនេះ កម្ពុជាក៏​មានបញ្ហា​ប្រឈមមួយចំនួន ដែលទាមទារ​ឱ្យយើងរៀប​ចំផែនការគ្រប់គ្រងវិស័យ​ទេសចរណ៍ឱ្យបាន​ត្រឹមត្រូវ ច្បាស់លាស់ និងហ្មត់ចត់ ដោយត្រូវមាន​ការចូលរួមពីគ្រប់ភាគី​ពាក់ព័ន្ធទាំងអស់ ជាពិសេស​ផ្នែកឯកជន ក្នុងការបញ្ចូល​ទស្សនាទាន «បៃតង និងស្អាត» ទៅក្នុងគំរូអាជីវ​កម្មរបស់ខ្លួន ឱ្យស្របតាមនិន្នាការ​ទេសចរណ៍នាពេល​បច្ចុប្បន្ន។ គំរូអភិវឌ្ឍន៍​បៃតង និងស្អាត (Green and Clean Development Model) គឺជាជម្រើស​ដ៏វៃឆ្លាតនិងសក្តិសមបំផុតនា​ពេលបច្ចុប្បន្ន ដែលអាចធានាបាន​នូវនិរន្តរភាពនិងតុល្យ​ភាពផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ការធានាថា​គោលដៅទេសចរណ៍​មួយ ជាគោលដៅ​ស្អាត ឬមូលដ្ឋាន​អាជីវកម្មទេសចរណ៍​មួយ ជាអាជីវកម្មស្អាត និងបៃតង គឺជាជម្រើសដ៏ល្អក្នុង​ការអភិវឌ្ឍ និងការធ្វើធុរកិច្ចក្នុងវិស័យ​ទេសចរណ៍នាដំណាក់កាល​បច្ចុប្បន្ន​។ ជាក់ស្ដែង តាមការសិក្សាស្រាវ​ជ្រាវមួយចំនួនដែលទទួល​ស្គាល់ដោយអង្គការទេស​ចរណ៍ពិភពលោក (UNWTO) បានបង្ហាញថា ៣៤% នៃភ្ញៀវទេសចរ ហ៊ានបង់ថ្លៃក្នុង​កម្រិតខ្ពស់ជាងធម្មតា ដើម្បីស្នាក់​នៅតាមសណ្ឋាគារ​ដែលគិតគូរ​ដល់បរិស្ថាន (Eco-friendly facilities) ។ គំរូ​នៃការអភិ​វឌ្ឍ​ទេសចរណ៍បៃតងនេះ ពិតជាអាចឆ្លើយតបប្រកប​ដោយប្រសិទ្ធភាពខ្ពស់ទៅ​នឹងតម្រូវការនិងនិន្នា​ការ​​បច្ចុប្បន្នរបស់ភ្ញៀវទេសចរ ព្រមទាំងធានាបាននូវ​ការអភិវឌ្ឍមួយប្រកបដោយ​និរន្តរភាព និងរួមចំណែក​​ដ៏សំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ។
        - ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី!
            ដើម្បីសម្រេច​បាន​គោលដៅខាងលើ យើងត្រូវរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានា តាមរយៈ​​ការបង្កើនសមត្ថភាពធនធានមនុស្សនិងស្ថាប័ន ការចាប់យកនូវទម្រង់នៃធុរកិច្ចទេសចរណ៍ឈរលើគោលការណ៍និរន្តរភាពបៃតង ជាពិសេសការពង្រឹងសមត្ថភាពឧស្សាហកម្មទេសចរណ៍ឱ្យមានប្រសិទ្ធ​ភាព​ខ្ពស់ និងទាន់ពេលវេលា ដើម្បីទាញយកផលប្រយោជន៍ថែមទៀតពីវិស័យទេសចរណ៍ ឱ្យ​បានជាអតិបរមា ដោយកាត់បន្ថយនូវផលប៉ះពាល់អវិជ្ជមានឱ្យនៅកម្រិតអប្បបរមា។ ក្នុងបរិបទ​នេះ ការដាក់ចេញនូវចលនាប្រឡងប្រណាំង «រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ជាពិសេស​ការដាក់ចេញនូវចលនាប្រឡងប្រណាំងដណ្ដើម «រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យ​ទេសចរណ៍» នេះពិតជាសមស្រប និងចំពេល​វេលាសម្រាប់ឧស្សាហកម្មទេស​ចរណ៍។ 
         ដើម្បីឱ្យចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ច​​ល្អ​» និងការប្រកួតប្រជែងដើម្បីទទួលបាន «រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតង​ក្នុងវិស័យ​​​ទេសចរណ៍» សម្រេចបានជោគជ័យបន្ថែមទៀតទៅពេលអនាគត ក្រសួងទេសចរណ៍គួរមាន​​ផែនកា​រ​យុទ្ធសាស្ត្រ និងវិធាន​ការ ដើម្បីជំរុញការចូលរួមប្រឡងប្រណាំងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ ផ្នែកឯកជន ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ និងដៃគូអភិវឌ្ឍន៍នានា។ ក្នុងន័យនេះ ខ្ញុំសូមផ្តល់នូវធាតុចូលខ្លះៗ សម្រាប់អង្គសន្និបាតធ្វើការពិចារណា ពិភាក្សា និងរកវិធីសាស្ត្រដោះស្រាយលើ​បញ្ហា​ពាក់ព័ន្ធ​មួយចំនួន ដូចខាងក្រោម៖
         ១-គួរគិតគូរឱ្យបានហ្មត់ចត់អំពី​យុទ្ធសាស្ត្រ និងវិធានការដើម្បីលើកកម្ពស់គុណតម្លៃ​នៃស្លាកសញ្ញា​បរិស្ថាន«រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» សំដៅទាក់ទាញការចូលរួមឱ្យ​កាន់តែសកម្មថែមទៀតពីអ្នកពាក់ព័ន្ធនានា។
            ២-គួររិះរកវិធីសាស្ត្រក្នុងការបង្កើនកម្មវិធីបណ្តុះបណ្តាលធនធានមនុស្ស លើ​មុខ​ជំនាញវិជ្ជាជីវៈ​​​​ក្នុ​​ងវិស័យ​ទេសច​រណ៍ ជាពិសេសការបណ្ដុះបណ្ដាលមគ្គុទ្ទេសទេសចរណ៍ ដើម្បី​ឆ្លើយតបនឹងការវិវត្តនៃវិស័យនេះ។
         ៣-គួរពិភាក្សាអំពីយន្តការសម្រាប់​កិច្ចសហការឱ្យកាន់តែប្រសើរឡើងថែមទៀត រវាងបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នក​សិក្សា​ស្រាវជ្រាវ និងអ្នកជំនាញធុរកិច្ចបៃតង ដើម្បីជំរុញ និងផ្សព្វផ្សាយបន្ថែមទៀតនូវចលនាប្រឡងប្រណាំង«ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដល់សាធារណជន និង​ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
         ៤-​តើផ្នែកឯកជន អាចចូលរួមយ៉ាងដូចម្ដេចឱ្យកាន់តែសកម្មថែមទៀត ក្នុងចលនា​ប្រឡងប្រណាំងទាំងនេះ? ក្នុងការវិនិយោគ​បៃតង តើក្រុមហ៊ុនអាចបញ្ចូលទស្សនាទានស្ដីពីការទទួលខុសត្រូវចំពោះសង្គមរបស់សហគ្រាស (Corporate Social Responsibility - CSR) និងធ្វើ​ការផ្ទេរ​បច្ចេកវិជ្ជានៅ​ក្នុងធុរកិច្ច​របស់ខ្លួនយ៉ាងដូចម្តេច ដើម្បីទទួលបានជោគជ័យនៅក្នុងចលនា​ប្រឡងប្រណាំងនេះ?
         ៥-គួរពិភាក្សាអំពីតួនាទីរបស់​បុគ្គលិកបម្រើសេវាទេសចរណ៍ ប្រជាពលរដ្ឋ ក្នុងការចូលរួម និង​គាំទ្រ​ដល់ធុរកិច្ចបៃតង តាមរយៈការផ្ដល់បដិសណ្ឋារកិច្ចប្រកប​ដោយភាពកក់ក្ដៅនិងស្មោះត្រង់ ការស្វែងយល់បន្ថែមអំពីទស្សនាទាន«ស្អាតនិងបៃតង» ។ តើភ្ញៀវទេសចរជាតិនិងអន្តរជាតិ គួរចូលរួមបែបណា ក្នុងការគាំទ្រដល់​ធុរកិច្ច​ដែលមាន​ស្នាដៃឆ្នើម​ក្នុងការងារស្អាតនិងបៃតង និងចូលរួមលើកកម្ពស់និងគោរពតម្លៃវប្បធម៌ប្រពៃណី?
         ៦-តើដៃគូអភិវឌ្ឍន៍មានតួនាទីយ៉ាងដូចម្តេច​ ក្នុងការចូលរួម​ដល់ជោគជ័យ​នៃការ​ប្រឡង​ប្រណាំង​នេះ ជាពិសេស​ពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិជ្ជា និងការស្រាវជ្រាវពាក់ព័ន្ធ​នឹងធុរកិច្ច​បៃតង?
         ៧-តើបណ្ដាញផ្សព្វផ្សាយ​ព័ត៌មាន មានតួនាទីយ៉ាងដូចម្តេចខ្លះក្នុងការជំរុញការផ្សព្វផ្សាយ​អំពី​​ព្រឹត្តិការណ៍នានានៅក្នុងវិស័យទេសចរណ៍ ជាពិសេសការប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋាន​ស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» សំដៅលើកកម្ពស់បន្ថែមទៀតនូវសក្ដានុពលទេសចរណ៍កម្ពុជា ក៏ដូចជា​កិត្យានុភាព​ប្រទេសជាតិផងដែរ?
-         ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី
         ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន អង្គការជាតិ អន្ដរជាតិ និងដៃគូអភិវឌ្ឍន៍នានា ក្នុងកិច្ចការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេស​នៅក្នុងចលនា​ប្រឡងប្រណាំង «រមណីយដ្ឋាន​ស្អាត សេវាល្អ» ឆ្នាំ២០១៤។ ខ្ញុំសង្ឃឹមជឿជាក់ថា នឹងមានការចូលរួមកាន់តែខ្លាំងក្លាបន្ថែមទៀតពីវិស័យ​ឯកជន ក្នុងចលនាប្រឡងប្រណាំង «រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងការប្រកួតប្រជែងដើម្បីទទួលបាន «រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យ​ទេសចរណ៍» នៅឆ្នាំបន្តបន្ទាប់ទៀត។
            ឆ្លៀតឱកាសនេះ ខ្ញុំសូម​ឱ្យអង្គសន្និបាតទាំងមូលចាប់អារម្មណ៍ថា បច្ចុប្បន្ននេះគឺជាឱកាសមាស​សម្រាប់វិស័យទេសចរណ៍នៅកម្ពុជាយើង ក្នុង​ការជំរុញសន្ទុះទ្វេឡើងនៃការរីកចម្រើនរបស់វិស័យ​​នេះ ស្របពេលដែលប្រទេសមួយចំនួន​ក្នុងតំបន់និងពិភពលោក​ កំពុងជួបនឹងបញ្ហាស្មុគ្រស្មាញក្នុងប្រទេស​​របស់គេ ដូចជា អសន្តិសុខ ជម្លោះផ្ទៃក្នុង សង្គ្រាមស៊ីវិល និងជាពិសេសអំពើភេរវកម្ម ហើយឧស្សាហកម្ម​ទេសចរណ៍របស់យើងផ្អែកលើអេកូទេសចរណ៍ និងទេសចរណ៍បេតិកភណ្ឌ ដែលជាឧត្តមភាពប្រកួតប្រជែងគ្មានគូប្រៀប។ ដើម្បីឆក់យកឱកាសដ៏វិសេសវិសាលនេះ ​ខ្ញុំសូមអំពាវនាវដល់ក្រសួង-ស្ថាប័ន​មាន​សមត្ថកិច្ចទាំងអស់ បន្តពង្រឹងការការពារសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរ និង​សណ្ដាប់ធ្នាប់​សារធារណៈឱ្យបានកាន់​តែល្អប្រសើរថែមទៀត ហើយចាត់វិធានការឱ្យបាន​ម៉ឺងម៉ាត់ក្នុង​ការលុបបំបាត់​​នូវបាតុភាពអសកម្មនានា ដែលជាឧបសគ្គនៃការស្ទុះឡើងកាន់តែខ្លាំងក្លាថែមទៀតនៃឧស្សាហកម្ម​ទេសចរណ៍​​ដែលមាន​សក្ដានុពលសេដ្ឋកិច្ចដ៏ធំធេងនេះ។
         មុននឹងបញ្ចប់ ស្របពេលដែលពិភព​លោកកំពុងអបអរសាទរទិវាទេស​ចរណ៍ពិភពលោកឆ្នាំ២០១៥ ក្រោម​ប្រធានបទ «មួយប៊ីលានទេសចរ មួយប៊ីលានកាលានុវត្តភាព» ខ្ញុំជឿ​ជាក់ថា តាមរយៈ​ចលនាប្រឡងប្រណាំង «រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យ​ទេសចរណ៍» ប្រតិបត្តិករ​ទេសចរណ៍ នឹងដើរលើគន្លង​ដ៏ត្រឹមត្រូវ ចាប់យកនូវ​ឱកាសល្អៗ និងបង្កើនសមត្ថភាព​នៃវិស័យទេសចរណ៍​កម្ពុជា ក្នុងការឆ្លើយតប និងដោះស្រាយ​បញ្ហាប្រឈមនានាប្រកប​ដោយប្រសិទ្ធភាព​ខ្ពស់ និងចូលរួម​ដល់ការអភិវឌ្ឍវិស័យ​ទេសចរណ៍បៃតង​នៅកម្ពុជា ឱ្យស្រប​តាមទិសស្លោកថា «កម្ពុជា​ស្អាត កម្ពុជាបៃតង»
         ខ្ញុំសង្ឃឹមថា អង្គសន្និបាតនេះ​នឹងប្រព្រឹត្តទៅប្រកប​ដោយការពិភាក្សា ផ្លាស់ប្ដូរ​យោបល់យ៉ាងផុសផុលប្រកប​ដោយផ្លែផ្កាជាវិជ្ជមាន ជាពិសេស នឹងទទួលបានអនុសាសន៍ណែនាំប្រកបដោយគតិ​បណ្ឌិត​របស់សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា ក្នុងពិធីបិទសន្និបាត។
         ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ សូមមាន​សុខភាពល្អ ទទួលបានជោគ​ជ័យគ្រប់ភារកិច្ច និងមានសុភមង្គល​ក្នុងក្រុម​គ្រួសារ។
         ខ្ញុំសូមប្រកាសបើក​សន្និបាតបូកសរុបការងារ​ប្រឡងប្រណាំង «រមណីយដ្ឋាន​ស្អាត សេវាល្អ ឆ្នាំ​២០១៤» និងទិសដៅ​ប្រឡងប្រណាំង «រមណីយដ្ឋាន​ស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ឆ្នាំ២០១៥-២០១៦» និង​ការប្រគល់ «រង្វាន់សម្តេចតេជោ​នាយករដ្ឋមន្ត្រី​សម្រាប់ធុរកិច្ច​បៃតងក្នុងវិស័យ​ទេសចរណ៍» ព្រមជាមួយនឹង​ការអបអរសាទរ «ទិវាទេសចរណ៍​ពិភពលោក​ឆ្នាំ២០១៥» ចាប់ពី​ពេលនេះតទៅ។
សូមអរគុណ!

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិលើកទី១៣






ឯកឧត្តម បាន គីមូន អញ្ជើញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចូលរួម “កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិសំរាប់អនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥”


ចំណាប់​អារម្មណ៍ ឯកឧត្តម ថោង ខុន, ឱកាស​សន្និបាត​បូក​សរុប​ការងារ​ទេសចរណ៍ និង​លើក​ទិសដៅ ប្រឡង​ប្រណាំង ឆ្នាំ២០១៥-២០១៦ ជា​បន្តទៀត

នៅថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០១៥នេះ​ ឯកឧត្តម ថោង ខុន​ រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍បាន​អញ្ជើញចូលរួម ក្នុង​សន្និបាត​បូកសរុបការងារ​ប្រឡងប្រណាំង ​រមណីយដ្ឋានស្អាត​ សេវាល្អ ឆ្នាំ២០១៤” ​និងទិសដៅ​ប្រឡងប្រណាំង ​រមណីយដ្ឋានស្អាត​ សេវាល្អ ​បដិសណ្ឋារកិច្ច​ល្អឆ្នាំ២០១៥-២០១៦ ព្រមទាំងអបអរសាទរ​ទិវាទេសចរណ៍​ពិភពលោក ​ឆ្នាំ២០១៥។
នៅក្នុងសន្និបាតនេះ ​ឯកឧត្តម ថោង​ ខុន ​បានលើកឡើងថា​ រាជរដ្ឋាភិបាលបាន​ចាត់ទុកវិស័យ ​ទេសចរណ៍​ជាមាសបៃតង​ និង​ជាវិស័យអាទិភាព​ដ៏សំខាន់មួយ​ក្នុងការកសាង​សេដ្ឋកិច្ច​-សង្គម​ ដោយបាន ​នាំមកនូវចំណូល​ជូនជាតិ ​ផ្តល់ឱកាសការងារ​ ចូលរួមដល់ការកាត់​បន្ថយភាពក្រីក្រ​របស់ប្រជាពលរដ្ឋ និង​ ឆ្លើយតប​នឹងការប្រែប្រួលអាកាសធាតុ​ប្រកបដោយប្រសិទ្ធភាព។​
ឯកឧត្តមរដ្ឋ​មន្រ្តីក្រសួង​ទេសចរណ៍ ​បានបន្តថា ​នៅឆ្នាំ២០១៤​កន្លងទៅនេះ ​ក្រសួង​ទេសចរណ៍សម្រេច​ បានកំណើនក្នុងអត្រា ៧%​ ជាមួយនឹងការ​មកដល់​នៃទេសចរអន្តរជាតិប្រមាណ៤ លាន​ ៥សែននាក់​ បង្កើតឱកាស​ការងារប្រមាណ ​៦២ម៉ឺននាក់ ​និងនាំប្រាក់​ចំណូលប្រមាណជិត​ ៣០០០លាន​ដុលា្លរអាមេរិក ​បញ្ចូលក្នុងសេដ្ឋកិច្ច​ជាតិយើង ​ហើយតាមការព្យាករណ៍​នៅឆ្នាំ២០២០ ​ការមកដល់នៃ​ទេសចរអន្តរជាតិ​អាចកើនឡើងដល់​ ៧,៥លាននាក់ និងនាំ​មកនូវចំណូល​សរុបប្រមាណ ​៥០០០ លាន ដុល្លារ ​បង្កើតឱកាសការងារបានជិត១លាននាក់។​ ឯកឧត្តមរដ្ឋមន្រ្តីក៏​បានបន្ថែមទៀតថា​ ក្រសួងទេសចរណ៍​ក្នុងអណត្តិ​ទី៥ នៃរាជ​រដ្ឋាភិបាល​កម្ពុជាបានដាក់​ចេញនូវផែនការ​កំណែ​ទម្រង់មួយ​ផ្តោតលើ​មុំបួនជា អាទិភាពរួមមាន៖ ១​. ពង្រឹងសេវាកម្ម​ទេសចរណ៍ ​(បង្កើតឱ្យមានស្តង់ដា​លើគ្រប់សេវា ​សេវាមួយ ស្តង់ដា​ មួយ” , ២.​ ការបណ្តុះ​បណ្តាល​និង​ពង្រឹង​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ (ដោយដាក់ចេញនូវយុទ្ធនាការ ​បុគ្គលិកម្នាក់​ ជំនាញមួយ”), ៣. ការផ្សព្វផ្សាយ​ និងការបង្កើត​ផលិតផល​ទេសចរណ៍ថ្មីៗ​ប្រកបដោយ ​ទស្សនទាន​បៃតងស្អាត​ និងច្នៃប្រឌិតថ្មី-​ Creative and Innovative និង ៤. ​ការប្រើប្រាស់ប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មានវិទ្យា​ក្នុងវិស័យ​ទេសចរណ៍ (Smart Tourism)។​
ឆ្លៀតក្នុងឱកាស​នោះផងដែរ​ ឯកឧត្តមរដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ក៏បានលើក​ឡើងនូវបញ្ហា​ដែលកំពុងជួប ​ប្រទះនូវបញ្ហា​ប្រឈមមួយ​ចំនួនដូចជា៖ ទី១. ​ទាមទារឱ្យមាន​ការវិនិយោគឯកជន និងវិនិយោគ​សាធារណៈ ​ឱ្យបានសមស្រប​សម្រាប់អភិវឌ្ឍ​ផលិតផលទេសចរណ៍​ប្រកបដោយ​គុណភាព​ និងច្នៃប្រឌិតខ្ពស់។ ​ទី២. ​ការអនុវត្ត​ច្បាប់ស្តីពី​ទេសចរណ៍នៅ​មានកំរិតនៅឡើយ​ទាំងការផ្សព្វផ្សាយ ​និងអនុវត្តច្បាប់ក៏ពុំទាន់​ ទូលំទូលាយ​ និងស៊ីជំរៅ។ ​ទី៣. ​យើងពុំទាន់​រៀបចំឱ្យ​មានស្តង់ដា​គុណភាពលើ​គ្រប់សេវាកម្ម​ទាំងអស់នៅ ឡើយ។ ​ទី៤. ការអភិវឌ្ឍន៍​ធនធាន​មនុស្សក្នុង​វិស័យទេចរណ៍​យើង​ ខ្វះខាតកម្លាំង​ពលកម្ម​ ពិសេសលើ ​​ផ្នែកជំនាញវិជ្ជាជីវៈ​ទាំង​លើបរិមាណ​និងគុណភាព ​ដែលជាកត្តាគន្លឹះ​ក្នុងការពង្រឹង​គុណភាពសេវាកម្ម ​ទេសចរណ៍​ និងបង្កើនការប្រកួត​ប្រជែងតាមរយៈ​ការបំពេញសេចក្តី​ត្រូវការ​របស់ភ្ញៀវជាតិ​ និងអន្តរជាតិ​។ ទី៥. ​និងមានបញ្ហា​ប្រឈម​មួយចំនួន​ទៀតដែល​ជះឥទ្ធិពលដោយផ្ទាល់លើ​ប្រសិទ្ធភាព​ចលនាប្រឡងប្រណាំង ​ទីក្រុងស្អាត ​រមណីយដ្ឋាន​ស្អាត សេវា​ល្អ។ ​
ឯកឧត្តមរដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ក៏បានលើកឡើងថែម​ទៀតថា​ ស្របពេលជា​មួយពិធីអបអរសាទរទិវា ​ទេសចរណ៍​ពិភពលោក​ (WTD) ឆ្នាំ២០១៥ ​ក្រោមប្រធានបទ មួយពាន់លានទេសចរ-​មួយពាន់លាន ​កាលានុវត្តភាព​” ការប្រឡងប្រណាំង​ រមណីយ​ដ្ឋានស្អាត ​សេវាល្អ បដិ​សណ្ឋារ​កិច្ចល្អ” នេះ ​ក្រសួងទេស​ ចរណ៍ក្រោម​កិច្ចសហ​ការដ៏ល្អ​ជាមួយអាជ្ញា​ធរ ក្រសួង-​ស្ថាប័ន​ពាក់ព័ន្ធផ្នែក​ឯកជនបាន​ខិតខំជម្រុញ ​និង បានរៀបចំនូវ​យន្តការទ្រ​ទ្រង់ជាច្រើនស​ម្រាប់​ធានាចីរ​ភាព និងជោគ​ជ័យនៃយុ​ទ្ធនាការនេះ ​ដោយបាន​ បង្កើតនូវ គំរូគ្រប់គ្រងឧស្សាហកម្ម​ទេសចរណ៍កម្ពុ​ជា ដោយឈរលើ​មូលដ្ឋាន ៣សំ​​ខាន់គឺ ១. បង្កើនប្រសិទ្ធភា​ព ការគ្រប់គ្រ​ងដោយ​អាជ្ញាបណ្ណទេ​សចរណ៍ ២. ​ការរៀបចំស្តង់ដាបៃតងក្នុងឧស្សាហកម្មទេ​សចរណ៍​ ៣. ពង្រឹងចំណាត់​ថ្នាក់ក្នុង​ឧស្សាហ​កម្មទេ​សចរណ៍ ហើ​យដែលមានរង្វាន់ស​ម្តេចតេ​ជោនាយ​​ករដ្ឋមន្រ្តីសម្រា​ប់ធុរកិច្ច បៃតងក្នុង​វិស័យទេសចរណ៍ជាស្នូ​ល និងជា​ជីពច​រនៃចលនាប្រឡងប្រ​ណាំង។
អង្គសន្និបាត​​នេះផង​ដែរ នឹងផ្តោ​តពិភាក្សារិះរកនូវ​​គន្លឹះដើម្បីចាប់ច្បា​មយកកា​លានុវត្តភា​ព និងឆ្លើយ​តបនូវ​បញ្ហា ប្រ​ឈមខាងលើ​ដើម្បីជាមូលដ្ឋាន​ទ្រទ្រង់ចលនា​ប្រឡងប្រណាំ​ង ទីក្រុងស្អាត រមណីយ​ដ្ឋានស្អាត​ សេវាល្អ បដិ​សណ្ឋារកិច្ចល្អ​” ហើយប្រធា​នបទសំ​ខាន់ៗមួយ​ចំនួននឹ​ងត្រូវពិ​ភាក្សា​ដូចជា៖
ប្រ​ធានបទទី១៖ ​ស្តង់ដា រង្វា​ន់សម្តេចតេ​ជោនាយក​រដ្ឋមន្រ្តីសម្រា​ប់ធុ​រកិច្ចបៃត​ងក្នុងវិស័យទេ​សចរណ៍
ប្រធានបទ​ទី២៖​ ការងារគ្រប់គ្រង​រមណី​យដ្ឋា​នទេសចរណ៍​ និងស​ហគមន៍ទេ​សចរណ៍​
ប្រធាន​បទទី៣៖ កា​រងារគ្រប់គ្រ​ងឧស្សា​​ហកម្មទេសចរណ៍
ប្រធានបទទី៤​៖ ការប​ណ្តុះបណ្តាល​ជំនាញវិជ្ជា​ជីវៈទេ​សចរណ៍ និង​បដិសណ្ឋា​រកិច្ចល្អ
ប្រធា​នបទទី៥៖ ​យន្តការទ្រទ្រង់​ចលនាប្រឡង​ប្រណាំងរមណី​យដ្ឋានស្អាត សេ​វាល្អ បដិសណ្ឋា​រកិច្ចល្អ