Friday, March 29, 2024
Wednesday, March 27, 2024
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីអាករលើតម្លៃបន្ថែម
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចេញអនុក្រឹត្យស្តីពីអាករលើតម្លៃបន្ថែម ក្នុងគោលបំណងកំណត់នូវវិធាន និងនីតិវិធីនៃការគ្រប់គ្រងប្រមូលអាករលើតម្លៃបន្ថែម។
អនុក្រឹត្យដែលចុះហត្ថលេខានៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ មានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ជាប់អាករនូវទំនិញ ឬសេវានៅក្នុងប្រទេសកម្ពុជា។
ខាងក្រោមនេះ ជាអនុក្រឹត្យស្តីពីអាករលើតម្លៃបន្ថែម៖
រាជរដ្ឋាភិបាល កំណត់កម្រិតប្រាក់បៀវត្ស និងប្រាក់ចំណូល ដែលជាប់ពន្ធ, ប្រាក់ខែ ១លាន ៥០ម៉ឺនរៀលចុះក្រោមមិនជាប់ពន្ធប្រចាំខែ, ប្រាក់ចំណូល ១៨លានរៀលចុះក្រោម មិនជាប់ពន្ធប្រចាំឆ្នាំ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទើបនឹងចេញអនុក្រឹត្យកំណត់កម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងប្រាក់ចំណូល ជាប់ពន្ធប្រចាំឆ្នាំ។
តាមអនុក្រឹត្យដែលចុះហត្ថលេខានៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា កម្រិតប្រាក់ខែ ១លាន ៥០ម៉ឺនរៀលចុះក្រោមមិនជាប់ពន្ធប្រចាំខែ ហើយប្រាក់ចំណូល ១៨លានចុះក្រោម មិនជាប់ពន្ធប្រចាំឆ្នាំនោះឡើយ។
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ កំណត់អត្រាពន្ធប៉ាតង់សម្រាប់សកម្មភាពអាជីវកម្មនៅកម្ពុជា
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានចេញអនុក្រឹត្យមួយស្តីពីពន្ធប៉ាតង់ ក្នុងគោលបំណងកំណត់អត្រាពន្ធប៉ាតង់សម្រាប់សកម្មភាពអាជីវកម្ម ដែលអនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធដែលប្រកបអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។
តាមរយៈអនុក្រឹត្យនេះ អត្រាពន្ធប៉ាតង់ ត្រូវបានកំណត់ដូចខាងក្រោម៖
១៖ អ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០ រៀល។
២៖ អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១ ២០០ ០០០ រៀល។
៣៖ អ្នកជាប់ពន្ធធំ ត្រូវបង់៖
ក. ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៣ ០០០ ០០០ រៀល។
ខ. ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៥ ០០០ ០០០ រៀល ក្នុងករណីដែលមានផលរបរលើសពី ១០ ០០០ លានរៀល។
៤៖ អ្នកជាប់ពន្ធដូចមានចែងក្នុងកថាខណ្ឌទី១ កថាខណ្ឌទី២ និងកថាខណ្ឌទី៣ នៃមាត្រានេះ ដែលចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល ៦ខែចុងឆ្នាំ ត្រូវបង់ពន្ធប៉ាតង់ចំនួនពាក់កណ្តាលនៃពន្ធប៉ាតង់ប្រចាំឆ្នាំ៕
Tuesday, March 26, 2024
ឯកឧត្តមប្រធានរដ្ឋឡាវមានជំនឿជាក់ថា មរតកនៃទំនាក់ទំនងល្អរបស់ថ្នាក់ដឹកនាំជំនាន់មុន នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយបន្តពូនជ្រំ
នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ ឯកឧត្តម ថងលុន ស៊ីសុលីត បានសម្តែងនូវកិច្ចស្វាគមន៍ និងថ្លែងអំណរគុណចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងបានសម្ដែងនូវក្ដីរីករាយចំពោះជំនួបពិភាក្សាទ្វេភាគី ប្រកបដោយផ្លែផ្កា រវាងសម្តេចធិបតី និង ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ កាលពីម្សិលមិញនេះ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានរដ្ឋ និងបានថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានទទួលបដិសណ្ឋារកិច្ចនិងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចធិបតី និងគណ:ប្រតិភូ នាឱកាសនេះ។ សម្ដេចធិបតី ក៏បានជម្រាប ឯកឧត្តមប្រធានរដ្ឋអំពីលទ្ធផលនៃកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ ដោយបានរំលេចនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ជាអាទិ៍រួមមាន៖ កិច្ចសហប្រតិបត្តិការវិស័យថាមពល ដែលប្រទេសទាំងពីរបានចុះហត្ថលេខា និងដោះស្រាយបញ្ហាមួយចំនួនដើម្បីធ្វើឱ្យការផ្គត់ផ្គងថាមពលអគ្គិសនីដល់កម្ពុជា ប្រកបដោយភាពច្បាស់លាស់ និងទាន់ពេល, កិច្ចការព្រំដែន ដែលសមភាគីទាំងពីរ បានឯកភាពគ្នាអនុវត្តតាមសន្ធិសញ្ញា ដែលបានចូលជាធរមាន គឺសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាសកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ និង កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ទៀត ដែលរួមមានវិស័យអប់រំ ការតភ្ជាប់ ការដឹកជញ្ជូន ការសាងសង់ផ្លូវលឿនពីវៀងច័ន្ទន៍ទៅព្រំដែនកម្ពុជា និងការសាងសង់ស្ពានឆ្លងកាត់ទន្លេពៅ (ខេត្តព្រះវិហារ)/ សេឡាំផាវ (ខេត្តចំប៉ាសាក់) ជាដើម។
ទន្ទឹមនោះ ឯកឧត្តមប្រធានរដ្ឋ បានសម្ដែងនូវការពេញចិត្តចំពោះលទ្ធផលនៃកិច្ចពិភាក្សា ដែលសម្តេចធិបតីបានគូសបញ្ជាក់ ដែលនេះជាលទ្ធផលប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាទីបំផុតចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងស្មារតីនៃការអនុវត្តលើចំណុចដែលបានឯកភាពគ្នា និងការបន្តកិច្ចសហប្រតិបត្តិការ ប្រកបដោយលក្ខណៈមិត្តភាព សាមគ្គីភាព និងភារតភាព។ ឯកឧត្តមប្រធានរដ្ឋបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីឡាវក្នុងការរកដំណោះលើបញ្ហា ដែលនៅសេសសល់ ជាពិសេលើផ្នែកថាមពល កិច្ចការព្រំដែន និងកិច្ចសហប្រតិបត្តិការសំខាន់ៗ ដទៃទៀត ដើម្បីឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែប្រសើរឡើង។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានរដ្ឋ ក៏បានរំឭកអំពីទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ដែលរួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចពិជ័យសេនា ទៀ បាញ់, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្ដេចពញាចក្រី ហេង សំរិន និងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត ដែលឯកឧត្តមមានទំនាក់ទំនងដ៏ល្អ ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ និងក្ដីនឹករឭក ហើយឯកឧត្តមមានជំនឿជាក់ថា មរតកនៃទំនាក់ទំនងដ៏ល្អនេះនឹងក្លាយជាមុដ្ឋានគ្រឹះដ៏រឹងមាំ ដែលអ្នកជំនាន់ក្រោយនឹងបន្តពូនជ្រំ។
មុននឹងបញ្ចប់ ឯកឧត្តមប្រធានរដ្ឋ បានគូសបញ្ជាក់ថា ប្រទេសឡាវមានសំណាងណាស់ដែលជាប្រទេសភូមិផងរបងជាមួយប្រទេសកម្ពុជា និងបានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងនៅតែរក្សាបាននូវទំនាក់ទំនងជាប្រពៃណី និងប្រវត្តិសាស្រ្តនេះ ព្រមទាំងរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមជាមួយគ្នា ដើម្បីឱ្យទំនាក់ទំនងនេះកាន់តែប្រសើរឡើងថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ៕
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នារសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ខាំបៃ ដាំឡាត់ (Khambai Damlat) ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួប ឯកឧត្តម ខាំបៃ ដាំឡាត់ បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីបានចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។ ឯកឧត្តមប្រធានសមាគម ក៏បានអបអរសាទរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការធ្វើឱ្យជីវភាពរបស់ប្រជាជនមានភាពរីកចម្រើនកាន់តែប្រសើរ។ ព្រមជាមួយគ្នានេះ ឯកឧត្តមប្រធានសមាគម បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីមកកាន់ប្រទេសឡាវនាឱកាសនេះ ហើយមានជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការលើកពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត។ ឯកឧត្តមប្រធានសមាគម បានគោរពរាយការណ៍ជូនសម្ដេចធិបតី អំពីសកម្មភាពសំខាន់ៗមួយចំនួន និងរចនាសម្ព័ន្ធរបស់សមាគមមិត្តភាពឡាវ-កម្ពុជាផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចការរបស់សមាគមមិត្តភាពកម្ពុជា-ឡាវ និងឡាវ-កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ផងដែរចំពោះឯកឧត្តមប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ដែលបានរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឡាវនាពេលកន្លងមក។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យសមាគមមិត្តភាពទាំងពីរខិតខំបន្តក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសប្រជាជនដែលរស់នៅតាមបណ្តាខេត្តដែលជាប់ព្រំដែនផងដែរ។ ទន្ទឹមនេះ សម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលនឹងរួមចំណែកលើកកម្ពស់ថែមទៀតនូវពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យសំខាន់ៗដទៃទៀតរបស់ប្រទេសទាំងពីរ។ មុននឹងបញ្ចប់ សម្តេចធិបតី បានសង្កត់ធ្ងន់ផងដែរថា សក្តានុពលនៃកម្ពុជា និងឡាវនៅមានច្រើន និងលើកទឹកចិត្ត សមាគមមិត្តភាពរវាងប្រទេសទាំងពីរខិតខំធ្វើសកម្មភាពបន្ថែមទៀតក្នុងការសម្របសម្រួលឱ្យមានការតភ្ជាប់រវាងប្រទេសទាំងពីរកាន់តែច្រើន៕
Monday, March 25, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ
(ភ្នំពេញ)៖ ម៉ោង៨ព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ។ ដំណើរបំពេញទស្សនកិច្ចពីថ្ងៃទី២៥ ដល់២៦ ខែមីនា ឆ្នាំ២០២៤នេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលអញ្ជើញអមដំណើរសម្តេចធិបតីទៅកាន់ប្រទេសឡាវ រួមមាន ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជួបពិភាក្សាទ្វេភាគីជាមួយសមភាគី លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ពិភាក្សាអំពីមធ្យោបាយនានាក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួបពិភាក្សា នឹងមានពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។
ក្នុងឱកាសស្នាក់នៅប្រទេសឡាវ សម្តេចធិបតី នឹងទទួលជួបសម្តែងការគួរសមពីសំណាក់លោក ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ព្រមទាំងជួបសំណេះសំណាលជាមួយសមាជិកក្លឹបធុរកិច្ចកម្ពុជា និងនិស្សិតកម្ពុជានៅប្រទេសឡាវផងដែរ។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេសឡាវ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងមូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសភូមិផងរបងជាប់គ្នា ប្រទេសក្នុងតំបន់ និងក្រៅតំបន់ ជាកិច្ចការដ៏សំខាន់មួយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។
មូលហេតុនេះហើយដែលជំរុញឱ្យសម្តេចធិបតី មានដំណើរទស្សនកិច្ចក្រៅប្រទេសច្រើនក្នុងដើមអាណត្តិនៃការដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នេះ។ មកដល់ពេលនេះសម្រាប់អាស៊ាន សម្តេចធិបតី បានអញ្ជើញបំពេញទស្សនកិច្ចប្រទេសចំនួន៣រួចមកហើយ រួមមានប្រទេសវៀតណាម ទស្សនកិច្ចនៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣, ប្រទេសថៃ ទស្សនកិច្ចនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ និងប្រទេសម៉ាឡេស៊ី ទស្សនកិច្ចនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រៅពីប្រទេសសមាជិកអាស៊ាន សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននាថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៣ និងទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នាថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤។
ក្រៅពីបំពេញទស្សនកិច្ចផ្លូវការ សម្តេចធិបតី ក៏បានអញ្ជើញបំពេញបេសកកម្មការងារនៅឥណ្ឌូនេស៊ី អាមេរិក ចិន ជប៉ុន អារ៉ាប៊ីសាអូឌីត ស្វីស និងអូស្ត្រាលីផងដែរ។ តាមរយៈដំណើរទស្សនកិច្ចទាំងផ្លូវការ និងបេសកកម្មការងារនេះ សម្តេចធិបតី និងគណៈប្រតិភូធ្វើដំណើរលើចម្ងាយផ្លូវរង្វង់ប្រមាណ ១០ម៉ឺនគីឡូម៉ែត្រ៕