Thursday, April 25, 2024

កម្ពុជាមានគម្រោងស្ដារផ្លូវទឹកទន្លេមេគង្គពីកំពង់ផែស្វយ័តភ្នំពេញដល់ព្រំដែនកម្ពុជា-វៀតណាមមួយទៀត ដែលមានប្រវែង ១០២គ.ម និងជម្រៅ៧.៥ម


កាលពីពេលកន្លងទៅរាជរដ្ឋាភិបាលសម្រេចឲ្យសាងសង់គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំណក និងខេត្តកែប។ តាមការរំពឹងទុកគម្រោងនេះអាចនឹងបើកការដ្ឋាននៅក្នុងឆ្នាំ ២០២៤ នេះផងដែរ។


ទោះបីជាយ៉ាងណាក៏ដោយ យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ រាជរដ្ឋាភិបាលក៏មានគម្រោងនៅក្នុងការសិក្សា និងស្ដារផ្លូវទឹកទន្លេមេគង្គពីកំពង់ផែស្វយ័តភ្នំពេញដល់ព្រំដែនកម្ពុជា-វៀតណាមមួយទៀតផងដែរ។ ដោយគម្រោងផ្លូវទឹកដែលត្រូវស្ដារនេះមានប្រវែង ១០២ គីឡូម៉ែត្រ និងមានជម្រៅទឹក ៧.៥ ម៉ែត្រ ហើយតាមការប៉ាន់ស្មានគម្រោងនេះត្រូវវិនិយោគទឹកប្រាក់ប្រមាណ ១៦០ លានដុល្លារ និងស្ថិតនៅក្នុងការអភិវឌ្ឍរយៈពេលវែង។


ក្នុងនោះដែរ បន្ទាប់ពីការស្ដារ និងកែលម្អផ្លូវទឹកទន្លេមេគង្គចាប់ពីកំពង់ផែស្វយ័តភ្នំពេញ ភ្ជាប់មកកាន់ព្រំដែនកម្ពុជា-វៀតណាមរួច នឹងជួយបង្កើនសមត្ថភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកដែលមានស្រាប់ចាប់ពី ៣០០០ តោន (នៅរដូវប្រាំង) ឡើងរហូតដល់ចំណុះ ៥០០០ តោន ដែលជាប្រភេទនាវាសមុទ្រថែមទៀតផង៕


កម្ពុជា-ថៃនឹងរៀបចំព្រឹត្តិការណ៍សម្តែងការហោះហើរយន្តហោះខ្នាតតូចចំនួន ១៦គ្រឿង ជាលើកដំបូងនៅទីលានតេជោ ខេត្តព្រះសីហនុ នៅថ្ងៃទី២៦-២៧ មេសា ខាងមុខនេះ


លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសមាគមទេសចរណ៍ (CATA)និងសមាគមហោះហើរប្រទេសថៃ(TEAA) ក្រោមកិច្ចសម្របសម្រួលពី រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា នឹងរៀបចំកម្មវិធី ហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ “Cambodia-Thai Friendship Air Show 2024” នាថ្ងៃទី ២៦-២៧ ខែ មេសា ឆ្នាំ ២០២៤ នៅទីលានតេជោ ក្រុងព្រះសីហនុ។


ជាលើកដំបូងក្នុងប្រទេសកម្ពុជា យន្តហោះខ្នាតតូចចំនួន ១៦គ្រឿង នឹងហោះមកពីប្រទេសថៃ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដើម្បីត្រៀមធ្វើការហោះហើរសម្តែងជូនទេសចរជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត ក៏ដូចជាផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានទូទៅអាចថតរូបនិងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់ខេត្ត។


ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានបន្ថែមថា គោលបំណងនៃ ព្រឹត្តិការណ៍នេះ មានទិសដៅស្របគ្នានឹងគោលនយោបាយបើកចំហជើងមេឃ របស់រាជរដ្ឋាភិបាល និងមានគោលដៅលើកស្ទួយ វិស័យទេសចរណ៍ និងធុរកិច្ចរវាងកម្ពុជា-ថៃ តាមរយៈការឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ល្អប្រទេសទាំងពីរ៕








ការសាងសង់មជ្ឈមណ្ឌលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជាសម្រេចបាន ៦០% ហើយ


ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) បានចុះកិច្ចព្រមព្រៀងកែសម្រួល ការរៀបចំមជ្ឈមណ្ឌលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា។


ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាងក្រសួងការងារ ដោយមានឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ ជាមួយតំណាងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងតំណាងក្រុមហ៊ុន Youngwoo កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។


បើតាមក្រសួងការងារបានបញ្ជាក់ថា កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យអំពីវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ(OSHTC) និងការពិនិត្យអំពីគម្រោងនៃការរៀបចំដំឡើង និងបំពាក់សម្ភារ បរិក្ខា និងឧបករណ៍នៅក្នុងអគារមជ្ឈមណ្ឌលនេះ។


នាឱកាសជួបពិភាក្សាការងារនេះ ភាគីទាំងពីរបានធ្វើបទបង្ហាញអំពីវឌ្ឍនភាព នៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) ដែលសម្រេចបាន ៦០% និងសកម្មភាពគាំទ្រគម្រោង រួមទាំងការរៀបចំក្របខណ្ឌច្បាប់ក្នុងការគាំទ្រការអនុវត្តគម្រោងអភិវឌ្ឍផ្លូវការ (ODA) ឱ្យបានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនោះ ភាគីកម្ពុជា ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការរៀបចំច្បាប់OSH និងប្រកាសដែលគាំទ្រដល់ការអនុវត្តច្បាប់នេះ។


ទន្ទឹមនឹងនោះកម្ពុជាបានថ្លែងអំណរគុណភាគីកូរ៉េ ដែលតែងតែជួយគាំទ្រដល់ការអនុវត្តវិស័យសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជាកន្លងមក ដែលបានចូលរួមចំណែកក្នុងការបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ៕





ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមកម្មវិធីសម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសាវលីញ

 


នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ដែងក្បាច់គុនសាវលីញ និងក្បាច់គុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor) នៃយុទ្ធនាការ  "ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤" ដែលរៀបចំនៅបរិវេណខាងជើងប្រាសាទបាយ័ន។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ពិសេសតាមរយៈក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណានក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ដែលផ្តោតលើវិស័យអាទិភាពចំនួន៦ ក្នុងនោះរួមបញ្ចូលទាំងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។


សូមបញ្ជាក់ថា ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប, ឯកឧត្តម HE XIONG អភិបាលក្រុងចឹងចូវនៃខេត្តហឺណាន និងឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ ក្រៅពីនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋសរុបប្រមាណមួយពាន់នាក់៕











សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់»



(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់»។


សម្តេចធិបតីបានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចពិតជាមានសេចក្តី សោមនស្សរីករាយ និងសូមសម្តែងនូវការអបអរសាទរ ជាមួយប្រជាជាតិ និងពិភពលោកទាំងមូល ដែលប្រារព្ធទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ក្រោមប្រធានបទ «លើកកម្ពស់សមធម៌សុខភាពសមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់» ដើម្បីជំរុញ និងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ព្រមទាំងដៃគូអនុវត្ត និងដៃគូអភិវឌ្ឍរួមគ្នាពន្លឿនការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ ទៅតាមផែនការយុទ្ធសាស្ត្រជាតិ ឱ្យសម្រេចបានជោគជ័យ សម្រាប់ប្រទេសកម្ពុជាគ្មានជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ និងបណ្តាប្រទេសនៅក្នុងមហាអនុតំបន់មេគង្គ គ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០៣០៕



Tuesday, April 23, 2024

លោកជំទាវ ចម និម្មល បង្ហាញការដឹងគុណចំពោះស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ



នាព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ការងារ ព្រមទាំងធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច របស់ក្រសួងពាណិជ្ជកម្ម ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្ម ដែលមានវត្តមានចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្មជាច្រើនរូបនៅសាលានាយទាហានសកម្ម ក្នុងខេត្តកំពង់ស្ពឺ។


ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានចូលរួមសម្តែងនូវការដឹងគុណចំពោះស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញក្រោមម្លប់នៃសន្តិភាព និងនយោបាយឈ្នះឈ្នះ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសសាលានាយទាហានសកម្ម ក្នុងការពង្រឹងនិងអភិវឌ្ឍខឿនការពារជាតិ តាមរយៈការបណ្តុះបណ្តាល និងការផ្តល់ការហ្វឹកហាត់រៀនសូត្រដល់ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្មកម្ពុជា។


ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងជោគជ័យនូវ  «កម្មវិធីនយោបាយ» និង «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ដើម្បីធានាឱ្យបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព។


មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បាននាំយកអង្ករមួយចំនួនឧបត្ថម្ភជូនថ្នាក់ដឹកនាំ សាស្រ្តាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្ម ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួនដើម្បីចូលរួមក្នុងបុព្វហេតុសម្រាប់ជាតិមាតុភូមិផងដែរ៕







អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ប្តេជ្ញាចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាកម្ពុជា ឱ្យកាន់តែមានភាពលេចធ្លោរនៅលើឆាកអន្តរជាតិ



នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក តាង ហ្គោដុន (TANG GORDON) អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ នៅក្នុងជំនួបនោះ លោក តាង ហ្គោដុន បានគោរពជម្រាបជូនសម្តេចធិបតី អំពីការចូលរួមចំណែកអភិវឌ្ឍវិស័យកីឡា ទាំងផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេស ជាពិសេសចំពោះអត្តពលិកកម្ពុជា ក្នុងវិស័យកីឡាទូកក្តោង (Sailing) និងកីឡាកាយសម្ព័ន្ធ (Gymnastics) ក៏ដូចជាការបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់នៅប្រទេសចិន។


នាឱកាសនោះ លោក តាង ហ្គោដុន ក៏បានគោរពជម្រាបជូនបន្ថែម អំពីកិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការរៀបចំព្រឹត្តការណ៍គុនចម្រុះអាស៊ី (Asian Mixed Martial Arts-AMMA)។ ព្រឹត្តការណ៍គុនចម្រុះអាស៊ីនេះ គឺជាការប្រកួតជ្រើសរើសជើងឯកគុនចម្រុះលើកទី២ ដែលគ្រោងនឹងរៀបចំឡើងក្នុងប្រទេសកម្ពុជា នៅខែកក្កដា ឆ្នាំ២០២៤។


ទន្ទឹមនោះ លោកក៏បន្តប្តេជ្ញាចិត្តចូលរួមចំណែកគាំទ្រដល់ការរៀបចំកីឡាយុវជនអូឡាំពិកអាស៊ីនាឆ្នាំ២០២៩ (the Asian Youth Games) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ តាមរយៈការផ្ដួចផ្ដើមគំនិតនៅក្នុងការនាំយកនូវព្រឹត្តិការណ៍កីឡាសំខាន់ៗបន្ថែមទៀត មកបញ្ចូលក្នុងកម្មវិធីប្រកួតនៅក្នុងប្រទេសកម្ពុជា ដើម្បីឈានទៅដល់ការពង្រឹងផ្នែកសមត្ថភាពរបស់អត្តពលិកនៅកម្ពុជា ឆ្ពោះទៅកាន់ការរៀបចំកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដើម្បីដណ្ដើមបានមេដាយច្រើនពីព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ ជូនប្រទេសកម្ពុជា។


ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល និងវិស័យឯកជន នឹងត្រៀមខ្លួនក្នុងការសម្របសម្រួល និងសហការ ក្នុងការរៀបចំព្រឹត្តិការណ៍គុនចម្រុះនេះ ជាមួយនឹងក្រុមប្រឹក្សាអូឡាំពិកអាស៊ី ឆ្នាំ២០២៩ ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ធ្វើជាម្ចាស់ផ្ទះនៃកីឡាយុវជនអាស៊ីនេះ ដោយផ្អែកលើបទពិសោធន៍ដែលកម្ពុជាធ្លាប់បានរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីឆ្នាំ២០២៣ កន្លងទៅនេះ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍កីឡាលក្ខណៈអន្តរជាតិ និងព្រឹត្តិការណ៍កីឡាធំៗមិនត្រឹមតែបង្ហាញពីការរឹតចំណងសាមគ្គីភាព និងមិត្តភាពនៅក្នុងវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញឱ្យបរទេសយល់ដឹងកាន់តែច្បាស់ បន្ថែមទៀតអំពីកម្ពុជា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជា។ ជាមួយគ្នានោះ សម្ដេចធិបតី ក៏បានគាំទ្រ និងលើកទឹកចិត្តឱ្យមានការរៀបចំនូវព្រឹត្តិការណ៍កីឡាអន្តរជាតិសំខាន់ៗនៅក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ និងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យឯកជននិងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនានា៕