Thursday, April 11, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនបានព្រងើយកន្តើយចំពោះការលំបាករបស់ប្រជាពលរដ្ឋនោះទេ




ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងគិតគូរយកចិត្តទុកដាក់ក្នុងការកសាងមូលដ្ឋានគ្រឹះដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពប្រជាជន ដោយមិនបានព្រងើយកន្តើយចំពោះការលំបាករបស់ប្រជាពលរដ្ឋនោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការធានានូវបរិស្ថានសុខសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីទាក់ទាញវិនិយោគទាំងក្នុងនិងក្រៅប្រទេស លើកទឹកចិត្តដល់កសិកម្ម កម្មករ និយោជិត មន្រ្តីរាជការ ឱ្យខិតខំរៀនសូត្រ ប្រកបការងារ ថែរក្សាសុខភាពល្អ ដែលទាំងអស់នេះហើយជាចលករជំរុញសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល ខិតខំជំរុញសេដ្ឋកិច្ចឱ្យបានដល់មូលដ្ឋាន ដែលនឹងធ្វើឱ្យមានថវិកាចូលហោប៉ៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរៀងៗខ្លួន តាមរយៈការបង្កើតរោងចក្រនៅមូលដ្ឋានដែលផ្តល់ចំណូលដល់ប្រជាជនជាដើម។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានបាននៅគ្រប់ទីកន្លែងតែម្តងពោលគឺពីមួយជំនាន់ទៅមួយជំនាន់ឱ្យកាន់តែល្អប្រសើរឡើង៕

Wednesday, April 10, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រុមការងារចម្រុះបានកំពុងអនុវត្តការងារជាអាទិភាព ដើម្បីទប់ស្កាត់ការទន្ទ្រានដីព្រៃលិចទឹក




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គិតចាប់ពីថ្ងៃប្រកាសរហូតមកដល់ថ្ងៃនេះ មានចំនួន ៧០ថ្ងៃគត់ ដែលបានធ្វើកិច្ចការងារជាច្រើនជុំវិញបញ្ហាបឹងទន្លេសាបមានក្រុមការងារចម្រុះ ដូចជាក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនបានរួមសហការជាមួយមន្ត្រីអាជ្ញាធរខេត្តមួយចំនួន បានស្រុះគ្នាចុះធ្វើការជាបន្តបន្ទាប់ ដែលការងារខ្លះបានបង្ហោះផ្សព្វផ្សាយ និងការងារខ្លះត្រូវចុះជាប់ជាប្រចាំដោយមិនបានបង្ហោះផ្សព្វផ្សាយជាសាធារណៈបាននោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នោក្នុងរយៈពេល ៧០ថ្ងៃនេះ គឺបានសម្រេចការងារច្រើន លាយឡំគ្នា តែការងារភាគច្រើនដែលក្រុមការងារចម្រុះ បានអនុវត្តដោយផ្ទាល់មូលដ្ឋានរួមមាន៖

១- ការផ្ទៀងផ្ទាត់ទិន្នន័យពាក់ព័ន្ធក្នុងតំបន់ ហើយបញ្ចប់ការធ្វើបច្ចុប្បន្នផែនទីឡើងវិញ ដោយកំណត់តំបន់១, ២ និង៣ ស្ថិតនៅចំណុចណាមួយ និងតំបន់ណាដែលអាចត្រូវកាត់ឆ្វៀល ។

២- ការរៀបចំបោះបង្គោលកំណត់ព្រំដី ដែលបានរាជរដ្ឋាភិបាល បានអនុម័តថវិកាចំនួន ៤លានដុល្លារ ជាជំហានមួយសម្រេចក្នុងបោះបង្គោល ដោយចាប់ផ្តើមបណ្តើរៗហើយ ដើម្បីបង្កាទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដីក្នុងអាងស្តុកទឹក ដីព្រៃលិចទឹក ការចាក់ដី និងថ្មចូលក្នុងទន្លេ ស្ទឹង អូរ បឹងបួ នៅទូទាំងប្រទេស៕









សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្ត និងវិធានការសំខាន់ៗឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្ត និងវិធានការសំខាន់ៗ សំដៅលើការគ្រប់គ្រងនិងការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានទឹក និងឧតុនិយមរយៈពេលមធ្យមនិងវែង គឺជាការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការចូលរួមជាមួយពិភពលោក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រងការអភិរក្ស និងការអភិវឌ្ឍធនធានទឹកនៃភពផែនដីសម្រាប់អ្នកជំនាន់ក្រោយផងដែរ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី « បិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤» នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចំពោះបញ្ហាបឹងទន្លេសាប យើងត្រូវដោះស្រាយឱ្យមានប្រសិទ្ធភាពនិងចីរភាព




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤ កន្លងទៅ នៅក្នុងឱកាសបិទសន្និបាតក្រសួងកសិកម្ម សម្ដេចបានផ្ដល់គោលការណ៍ឱ្យរួមគ្នាធ្វើកិច្ចការងារក្នុងការគ្រប់គ្រងតំបន់បឹងទន្លេសាប ដែលនៅតែមានបញ្ហាទន្រ្ទានកាន់កាប់។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតិបិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤។


សម្តេចធិបតី បានថ្លែងបន្តថា នាពេលកន្លងទៅក៏មានអ្នកវិភាគមួយចំនួន បានលើកឡើងថា បទបញ្ជារបស់នាយករដ្ឋមន្ត្រី បានដាក់ចេញហើយ ប៉ុន្តែមិនមានប្រសិទ្ធិភាពទេ ស្ងាត់ឈឹង ពោលគឺគ្មានមន្ត្រីធ្វើអ្វីទាំងអស់។ ត្រង់ចំណុចនេះ សម្តេចធិបតីបានគូសបញ្ជាក់ថា វិធីសាស្ត្រនៅក្នុងការធ្វើការងារមានច្រើន ជាពិសេសការដោះស្រាយបញ្ហាធំៗដូចជាបញ្ហាបឹងទន្លេសាបនេះជាដើម ត្រូវមានវិធីសាស្ត្រច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហា ឈានទៅរកការដោះស្រាយប្រកបដោយប្រសិទ្ធភាព និងចីរភាព៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងយល់ដឹងអំពីសារៈសំខាន់ជាយុទ្ធសាស្រ្ត និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក


នៅក្នុងឱកាស «បិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤» នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធិភាព និងសក្ដិសិទ្ធិភាពគឺជាការចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅក្នុងគោលដៅទី៦ ស្តីពីការធានាឱ្យមានលទ្ធភាព និងការគ្រប់គ្រងទឹក និងមានចីរភាព និងអនាម័យសម្រាប់ទាំងអស់គ្នា។ ដូច្នេះ ដើម្បីចូលរួមចំណែកសម្រេចបានគោលដៅនេះ រាជរដ្ឋាភិបាលតែងយល់ដឹងអំពីសារៈសំខាន់ជាយុទ្ធសាស្រ្ត និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិងប្រទេសមួយចំនួននៅលើលោក បាននិងកំពុងទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ



ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់និងសកលលោក បាននិងកំពុងទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងអាចជួបប្រទះនូវភាពមិនប្រាកដប្រជានៃប្រភពធនធានទឹកនាពេលអនាគត ប្រសិនបើគ្មានកិច្ចសហការទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធទេនោះ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពគឺជាភាពចាំបាច់សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព។ ជាក់ស្តែង នៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍនប្រកបដោយចីរភាព ធនធានទឹក ត្រូវបានកំណត់នៅក្នុងគោលដៅទី៦ ស្តីពីការធានាឱ្យមានលទ្ធភាពនិងការគ្រប់គ្រងទឹកប្រកបដោយចីរភាព និងអនាម័យសម្រាប់ទាំងអស់គ្នា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងពីតួនាទីនិងភារកិច្ចចម្បងចំនួន៦ចំណុច របស់គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព)




នៅក្នុងកិច្ចប្រជុំបើក និងពេញអង្គលើកទី១ នៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្មហៅកាត់ថា (គ.ផ.គ.ព) កាលពីថ្ងៃទី៨ ខែមេសាឆ្នាំ២០២៤ នៅទីស្តីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីតួនាទី និងភារកិច្ចចម្បងរបស់ គ.ផ.គ.ព ចំនួន ៦ ចំណុច។


នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំបើក និងពេញអង្គលើកទី១ នៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព) បានឱ្យដឹងថា គោលបំណងនិងភាពចាំបាច់នៃការបង្កើត គ.ផ.គ.ព ដើម្បីដើរតួនាទីជាសេនាធិការប្រឹក្សាយោបល់របស់រាជរដ្ឋាភិបាលដែលមានតួនាទីសំខាន់ក្នុងការផ្តល់យោបល់លើការអភិវឌ្ឍន៍ និងការអនុវត្តយុទ្ធសាស្រ្តពាណិជ្ជកម្ម ដោយផ្តោតសំខាន់លើការលើកកម្ពស់កំណើនសេដ្ឋកិច្ច-សង្គមនៅប្រទេសកម្ពុជាប្រកបដោយចីរភាព ដ៏ដូចជាបន្តចូលរួមធ្វើឱ្យមានសមាហរណកម្មកាន់តែស៊ីជម្រៅនៅក្នុងតំបន់ និងសេដ្ឋកិច្ចសកលលោក។


នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ បានឱ្យដឹងបន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមទៀតនូវតួនាទី និងភារកិច្ចចម្បងរបស់ គ.ផ.គ.ព ក្នុងនោះរួមមាន៖ 

១- ពិនិត្យមើលលើភាពខ្លាំង និងខ្សោយនៃគោលនយោបាយពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានារបស់ប្រទេសកម្ពុជាដោយផ្តោតលើប្រសិទ្ធភាពនៃការអនុវត្ត និងភាពដើរទន្ទឹមគ្នាជាមួយការអភិវឌ្ឍរបស់ប្រទេសកម្ពុជា

២- រៀបចំជំនួយស្មារតីលើផ្នែកគោលនយោបាយពាណិជ្ជកម្ម សក្តានុពលពាណិជ្ជកម្មទាំងទំនិញ និងសេវាអាទិភាព

៣- ផ្តល់ចំណុចសំខាន់ៗពាក់ព័ន្ធវិស័យពាណិជ្ជកម្មរបស់ប្រទេសឬតំបន់ដែលប្រមុខរាជរដ្ឋាភិបាលត្រូវធ្វើដំណើរទស្សនកិច្ច

៤- លើកយោបល់អំពីទីផ្សារនាំចេញ ឬដៃគូពាណិជ្ជកម្មសក្តានុពលដែលកម្ពុជាគួរចរចាក្នុងកម្រិតទ្វេរភាគី និងពហុភាគីដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

៥- តាមដានការវិវត្តន៍នៃស្ថានភាពភូមិសាស្រ្តនយោបាយ ក៏ដូចជាការប្រែប្រួលនៃគោលនយោបាយសេដ្ឋកិច្ច និងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មក្នុងតំបន់ និងសកលលោក

៦- ធ្វើការវាយតម្លៃលើសមត្ថភាពឧស្សាហកម្មក្នុងស្រុក ដើម្បីផលិតទំនិញអាទិភាពសម្រាប់ការនាំចេញ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា តួនាទី និងភារកិច្ចខាងលើនេះទាមទារឱ្យមានការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ពីសមាជិកទាំងអស់នៃគណៈកម្មាធិការ ដើម្បីធានាឱ្យបាននូវគោលនយោបាយដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិ។ បន្ថែមពីលើនេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យបន្តមានកិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជន ដោយហេតុថា កិច្ចសហការនេះគឺជាកត្តាសារវ័ន្តក្នុងការអនុវត្តគោលនយោបាយពាណិជ្ជកម្មប្រកបទៅដោយប្រសិទ្ធភាព៕