Thursday, April 25, 2024

កម្ពុជា ជំរុញការរៀបចំផលិតផលទេសចរណ៍ដើម្បីទាក់ទាញទេសចរអន្តរជាតិចូលទស្សនាសៀមរាប អង្គរ




ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំលើកទី១ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ ក្នុងគោលបំណង ជំរុញការរៀបចំ អភិវឌ្ឍផលិតផលទេសចរណ៍ឱ្យបានច្រើនដើម្បីទាក់ទាញទេសចរទស្សនាខេត្តសៀមរាប និងស្នាក់នៅយូរ។


លើកឡើងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ថោង ខុន បានឱ្យដឹងថា បច្ចុប្បន្ន នៅក្នុងដំណើរការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍតំបន់អង្គរ ឆ្នាំ២០២១-២០៣៥ និងផែនការអភិវឌ្ឍខេត្តសៀមរាប បាននិងកំពុងទទួលបានសមិទ្ធិផលជាបណ្តើរៗ ជាពិសេសបណ្តាញផ្លូវនៅក្នុងខេត្ត ផ្លូវតំបន់ប្រាសាទ តំបន់ព្រៃអង្គរ និងជាងនេះទៅទៀត គោលដៅទេសចរណ៍នានាទៀត មានតំបន់ភ្នំគូលែន តំបន់បន្ទាយស្រី តំបន់បឹងទន្លេសាប និងតំបន់មានសក្តានុពលនានា នៅជុំវិញខេត្តសៀមរាប គឺក្រុមការងារអន្តរក្រសួង បាននិងកំពុងគិតគូអភិវឌ្ឍបន្ថែមឱ្យមានភាពប្លែកៗ និងការទាក់ទាញទេសចរឱ្យស្នាក់នៅយូរដើម្បីទស្សនាខេត្តសៀមរាប។


ឯកឧត្ដមទេសរដ្ឋមន្រ្ដី ថោង ខុន បានបន្ដថា ការងារលក់សំបុត្រទស្សនាតំបន់អង្គរ បានបង្ហាញថា ភ្ញៀវអន្តរជាតិភាគច្រើនទិញសំបុត្រទស្សនាតំបន់អង្គរចំនួន៣ថ្ងៃ ច្រើនជាងទិញសំបុត្រចូលទស្សនា១ថ្ងៃ ដែលបញ្ហានេះបង្ហាញពីភាពរីកចម្រើន និងការអភិវឌ្ឍខេត្តសៀមរាប និងទាក់ទាញទេសចរអន្តរជាតិស្នាក់នៅយូរ។


ជាមួយនឹងផែនការជំរុញរៀបចំផលិតផលទេសចរណ៍នេះ ក្រសួងទេសចរណ៍ ក៏បានសហការនិងស្នើសុំស្ថាប័នរដ្ឋ ឯកជន និងភាគីពាក់ព័ន្ធរៀបចំកិច្ចប្រជុំ សិក្ខាសាលា រៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយនានា ទៅកាន់ខេត្តសៀមរាបឱ្យបានច្រើន៕








ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីមួយរបស់អារ៉ាប់ នឹងភ្ជាប់ជើងហោះហើរមកកម្ពុជាឡើងវិញនៅដើមខែក្រោយ


ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីរបស់ប្រទេសអារ៉ាប់ Emirates នឹងភ្ជាប់ជើងហោះហើររបស់ខ្លួនឡើងវិញមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ បន្ទាប់ពីបានផ្អាកដំណើរការរយៈពេលប្រមាណ៣ឆ្នាំដោយសារជំងឺកូវីដ-១៩។


ក្រុមហ៊ុនអាកាសចរណ៍ Emirates គឺជាក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិធំជាងគេ នឹងនាំយកសេវាដឹកភ្ញៀវធ្វើដំណើរប្រចាំថ្ងៃរបស់ខ្លួនឡើងវិញមកកាន់រាជធានីភ្នំពេញ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ តទៅ តាមរយៈប្រទេសសិង្ហបុរី ដោយជំរុញជើងហោះហើរទៅមកពីទីក្រុងឌូបៃមកតំបន់អាស៊ីអាគ្នេយ៍ និងភ្ជាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងកម្សាន្តនៅក្នុងតំបន់។ 


បើតាមការបញ្ជាក់ពីក្រុមហ៊ុន Emirates ការបន្តសេវាកម្មដឹកភ្ញៀវធ្វើដំណើរទៅមករាជធានីភ្នំពេញ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននេះក្នុងការពង្រឹងបណ្តាញអាស៊ីអាគ្នេយ៍ ខណៈដែលខ្លួនបន្តបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរដើម្បីស្វែងរកគោលដៅចម្រុះ វប្បធម៌សម្បូរបែប ជួយអាជីវកម្ម និងអ្នកនាំចេញគ្រប់ទំហំបង្កើតទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំ។ 


បន្ថែមពីលើនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជានិងសិង្ហបុរី សម្រាប់ការគាំទ្រក្នុងការបង្កើតផ្លូវហោះហើរថ្មីនេះ ហើយ Emirates ទន្ទឹងរង់ចាំក្នុងការផ្តល់សេវាកម្មដឹកភ្ញៀវធ្វើដំណើរក្នុងប្រទេសកម្ពុជា ជាមួយនឹងសេវាកម្មនិងផលិតផលឈាន មុខគេក្នុងឧស្សាហកម្មរបស់ខ្លួន និងផ្តល់ឱ្យអ្នកធ្វើដំណើរទាំងអស់ទទួលបានសេវាកម្មដោយរលូន។

 

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបើកជើងហោះហើរលើកដំបូងបំផុតរបស់ខ្លួនពីទីក្រុងឌូបៃមករាជធានីភ្នំពេញកាលពីឆ្នាំ២០១៧ ហើយបានផ្អាកដំណើរការសេវាកម្មហោះហើរក្នុងឆ្នាំ ២០២១ ដោយសារការផ្ទុះឡើងនូវជំងឺកូវីដ-១៩៕






នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ដឹកភ្ញៀវទេសចរជាង៧០០នាក់ ចូលចតនៅខេត្តព្រះសីហនុ



នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន៧១៣នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១ថ្ងៃ។


នៅលើនាវានេះ មានសញ្ជាតិ Bahamas មាននាវិកចម្រុះជាតិសាសន៍ ៤០សញ្ជាតិ ស្មើនឹង ៣៥៣នាក់ ស្រី ៨៩នាក់ ផ្ទុកភ្ញៀវទេសចរចំនួន ៣៦០នាក់ ស្រី ១៨៣នាក់ មាន ២៧សញ្ជាតិ ដោយធ្វើដំណើរចេញពីប្រទេសវៀតណាម មកចូលចតនៅខេត្តព្រះសីហនុ និងបន្តដំណើរទៅកាន់ប្រទេសថៃ។


ក្រោយពីមានការចូលចតរបស់នាវាទេសចរណ៍ខ្នាតធំមួយនេះ ក្រុមការងារ រួមទាំងអាជ្ញាធរនិងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត៕




សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួត របស់ក្រុមបាល់ទាត់តារាកម្ពុជា នៅថ្ងៃទី១ ខែឧសភា និងអំពាវនាវសប្បុរសជនចូលរួមបរិច្ចាគថវិកាជួយគន្ធបុប្ផា ខណៈសម្តេចចូលរួម ២០០លានរៀល

 


(ភ្នំពេញ)៖ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញដឹកនាំការប្រកួតដោយ​ផ្ទាល់ ចំពោះការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤​ខាងមុខនេះ។


នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ នឹងមានការប្រកួតបាល់ទាត់ដើម្បី​មនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម

Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star។


នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាម​ជា​គ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា បានជួបសំណេះសំណាលដោយ​ផ្ទាល់ជាមួយគ្រូបង្វឹក និងកីឡាករទាំងអស់ ដើម្បីរៀបចំផែនការសម្រាប់​សកម្មភាព​មនុស្សធម៌រយៈពេលខ្លី មធ្យម និងរយៈពេលវែង​របស់​ក្រុមបាល់ទាត់មួយនេះ។


ក្រៅតែពិភាក្សាលើផែនការសកម្មភាពទៅពេលខាងមុខហើយនោះ សម្តេចតេជោ ក៏បានដឹកនាំពិភាក្សាការរៀបចំការ​ប្រកួត​នៅល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិក ក្រោម​មូល​បទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និង​ដើម្បី​ប្រមូល ថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។


សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹក​ផ្លូវ​ការ​នៅស្តាត​អូឡាំពិកនាល្ងាច​ថ្ងៃ​ទី១ ខែឧសភា ឆ្នាំ២០២៤ ដោយចាប់ផ្តើមទម្រង់​លេងរបស់ខ្ញុំ គឺ៣.៤.៣។


សម្តេចតេជោ បានអំពាវនាវឱ្យចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជំរុញ​ចល​នា​មនុស្សធម៌ និងការ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន។


សម្តេចតេជោ ក៏បានអំពាវនាវសប្បុរសជនចូលរួមជួយថវិកា​សម្រាប់​ជួយមន្ទីរ​ពេទ្យ​គន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់​កុមារកម្ពុជា។


សម្តេចតេជោ បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួម​ថវិកា​​ចំនួន ២០០លាន​រៀល។


សម្តេចតេជោ បានបញ្ជាក់ផងដែរថា សប្បុរសជនចង់​ចូល​រួមតាមរយៈសម្តេចក្នុងព្រឹត្តិការណ៍នេះ សូមទាក់ទងទៅលោក សៀង ទៀង ដែលមាន​លេខទូរស័ព្វ ០១២ ៩៦១ ៩៧១៕





កម្ពុជាមានគម្រោងស្ដារផ្លូវទឹកទន្លេមេគង្គពីកំពង់ផែស្វយ័តភ្នំពេញដល់ព្រំដែនកម្ពុជា-វៀតណាមមួយទៀត ដែលមានប្រវែង ១០២គ.ម និងជម្រៅ៧.៥ម


កាលពីពេលកន្លងទៅរាជរដ្ឋាភិបាលសម្រេចឲ្យសាងសង់គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំណក និងខេត្តកែប។ តាមការរំពឹងទុកគម្រោងនេះអាចនឹងបើកការដ្ឋាននៅក្នុងឆ្នាំ ២០២៤ នេះផងដែរ។


ទោះបីជាយ៉ាងណាក៏ដោយ យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ រាជរដ្ឋាភិបាលក៏មានគម្រោងនៅក្នុងការសិក្សា និងស្ដារផ្លូវទឹកទន្លេមេគង្គពីកំពង់ផែស្វយ័តភ្នំពេញដល់ព្រំដែនកម្ពុជា-វៀតណាមមួយទៀតផងដែរ។ ដោយគម្រោងផ្លូវទឹកដែលត្រូវស្ដារនេះមានប្រវែង ១០២ គីឡូម៉ែត្រ និងមានជម្រៅទឹក ៧.៥ ម៉ែត្រ ហើយតាមការប៉ាន់ស្មានគម្រោងនេះត្រូវវិនិយោគទឹកប្រាក់ប្រមាណ ១៦០ លានដុល្លារ និងស្ថិតនៅក្នុងការអភិវឌ្ឍរយៈពេលវែង។


ក្នុងនោះដែរ បន្ទាប់ពីការស្ដារ និងកែលម្អផ្លូវទឹកទន្លេមេគង្គចាប់ពីកំពង់ផែស្វយ័តភ្នំពេញ ភ្ជាប់មកកាន់ព្រំដែនកម្ពុជា-វៀតណាមរួច នឹងជួយបង្កើនសមត្ថភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកដែលមានស្រាប់ចាប់ពី ៣០០០ តោន (នៅរដូវប្រាំង) ឡើងរហូតដល់ចំណុះ ៥០០០ តោន ដែលជាប្រភេទនាវាសមុទ្រថែមទៀតផង៕


កម្ពុជា-ថៃនឹងរៀបចំព្រឹត្តិការណ៍សម្តែងការហោះហើរយន្តហោះខ្នាតតូចចំនួន ១៦គ្រឿង ជាលើកដំបូងនៅទីលានតេជោ ខេត្តព្រះសីហនុ នៅថ្ងៃទី២៦-២៧ មេសា ខាងមុខនេះ


លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសមាគមទេសចរណ៍ (CATA)និងសមាគមហោះហើរប្រទេសថៃ(TEAA) ក្រោមកិច្ចសម្របសម្រួលពី រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា នឹងរៀបចំកម្មវិធី ហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ “Cambodia-Thai Friendship Air Show 2024” នាថ្ងៃទី ២៦-២៧ ខែ មេសា ឆ្នាំ ២០២៤ នៅទីលានតេជោ ក្រុងព្រះសីហនុ។


ជាលើកដំបូងក្នុងប្រទេសកម្ពុជា យន្តហោះខ្នាតតូចចំនួន ១៦គ្រឿង នឹងហោះមកពីប្រទេសថៃ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដើម្បីត្រៀមធ្វើការហោះហើរសម្តែងជូនទេសចរជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត ក៏ដូចជាផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានទូទៅអាចថតរូបនិងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់ខេត្ត។


ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានបន្ថែមថា គោលបំណងនៃ ព្រឹត្តិការណ៍នេះ មានទិសដៅស្របគ្នានឹងគោលនយោបាយបើកចំហជើងមេឃ របស់រាជរដ្ឋាភិបាល និងមានគោលដៅលើកស្ទួយ វិស័យទេសចរណ៍ និងធុរកិច្ចរវាងកម្ពុជា-ថៃ តាមរយៈការឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ល្អប្រទេសទាំងពីរ៕








ការសាងសង់មជ្ឈមណ្ឌលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជាសម្រេចបាន ៦០% ហើយ


ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) បានចុះកិច្ចព្រមព្រៀងកែសម្រួល ការរៀបចំមជ្ឈមណ្ឌលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា។


ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាងក្រសួងការងារ ដោយមានឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ ជាមួយតំណាងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងតំណាងក្រុមហ៊ុន Youngwoo កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។


បើតាមក្រសួងការងារបានបញ្ជាក់ថា កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យអំពីវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ(OSHTC) និងការពិនិត្យអំពីគម្រោងនៃការរៀបចំដំឡើង និងបំពាក់សម្ភារ បរិក្ខា និងឧបករណ៍នៅក្នុងអគារមជ្ឈមណ្ឌលនេះ។


នាឱកាសជួបពិភាក្សាការងារនេះ ភាគីទាំងពីរបានធ្វើបទបង្ហាញអំពីវឌ្ឍនភាព នៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) ដែលសម្រេចបាន ៦០% និងសកម្មភាពគាំទ្រគម្រោង រួមទាំងការរៀបចំក្របខណ្ឌច្បាប់ក្នុងការគាំទ្រការអនុវត្តគម្រោងអភិវឌ្ឍផ្លូវការ (ODA) ឱ្យបានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនោះ ភាគីកម្ពុជា ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការរៀបចំច្បាប់OSH និងប្រកាសដែលគាំទ្រដល់ការអនុវត្តច្បាប់នេះ។


ទន្ទឹមនឹងនោះកម្ពុជាបានថ្លែងអំណរគុណភាគីកូរ៉េ ដែលតែងតែជួយគាំទ្រដល់ការអនុវត្តវិស័យសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជាកន្លងមក ដែលបានចូលរួមចំណែកក្នុងការបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ៕