Tuesday, April 23, 2024

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការជាមួយលោកថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ



ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត និងជំទាវទី១ឡាវ ណាលី ស៊ីសុលីត បានអញ្ជើញមកដល់កម្ពុជា នៅម៉ោង៧៖៣០នាទីព្រឹក ថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា៕




អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ីប្ដេជ្ញាចូលរួមចំណែកគាំទ្រកម្ពុជាក្នុងការរៀបចំកីឡាយុវជន អូឡាំពិកអាស៊ីនាឆ្នាំ២០២៩ (the Asian Youth Games)


នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក តាង ហ្គោដុន (TANG GORDON) អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


ក្នុងឱកាសនៃជំនួប លោក តាង ហ្គោដុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសម្តែងនូវការអរគុណយ៉ាងខ្លាំងចំពោះ សម្តេចធិបតី ដែលបានទទួលស្គាល់នូវការងារ និង ការចូលរួមរបស់លោក ក្នុងការអភិវឌ្ឍវិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក តាង ហ្គោដុន ក៏បានគូសរំលេច និងគោរពជម្រាបជូន សម្តេចធិបតី អំពីការចូលរួមចំណែករបស់លោកក្នុងការអភិវឌ្ឍវិស័យកីឡា ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ជាពិសេសចំពោះអត្តពលិកកម្ពុជា ក្នុងវិស័យកីឡាទូកក្តោង (Sailing) និងកីឡាកាយសម្ព័ន្ធ (Gymnastics) ក៏ដូចជាការបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់នៅប្រទេសចិន។ បន្ថែមលើនេះ លោក តាង ហ្គោដុន ក៏បានគោរពជម្រាបជូន សម្តេចធិបតី អំពីកិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងការរៀបចំព្រឹត្តការណ៍គុនចម្រុះអាស៊ី (Asian Mixed Martial Arts-AMMA)។ ព្រឹត្តការណ៍គុនចម្រុះអាស៊ីនេះ គឺជាការប្រកួតជ្រើសរើសជើងឯកគុនចម្រុះលើកទី២ ដែលគ្រោងនឹងរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២៤។ លោកក៏បានគោរពជម្រាបជូន សម្តេចធិបតី អំពីការបន្តចូលរួមចំណែករបស់លោក ក្នុងការគាំទ្រដល់ការរៀបចំកីឡាយុវជនអូឡាំពិកអាស៊ីនាឆ្នាំ២០២៩ (the Asian Youth Games) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ តាមរយៈការផ្ដួចផ្ដើមគំនិតនៅក្នុងការនាំយកនូវព្រឹត្តិការណ៍កីឡាសំខាន់ៗបន្ថែមទៀត មកបញ្ចូលក្នុងកម្មវិធីប្រកួតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅដល់ការពង្រឹងផ្នែកសមត្ថភាពរបស់អត្តពលិកនៅកម្ពុជា ឆ្ពោះទៅកាន់ការរៀបចំកីឡាយុវជនអាស៊ីឆ្នាំ២០២៩។ លោកបន្តថា លោកមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី វិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងកាន់តែរីកចម្រើនខ្លាំងឡើងបន្ថែមទៀត ហើយអត្តពលិកនឹងដណ្ដើមបានមេដាយច្រើន ពីព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ ជូនដល់ប្រទេសកម្ពុជា។


ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក តាង ហ្គោដុន និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់លោកក្នុងការគាំទ្រ និងអភិវឌ្ឍវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា រួមទាំងផ្នែកយុទ្ធគុនចម្រុះផងដែរ។  សម្តេចធិបតី ក៏បានគូសបញ្ជាក់ជូន លោក តាង ហ្គោដុន ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និង វិស័យឯកជន នឹង ត្រៀមខ្លួន ក្នុងការសម្របសម្រួល និងសហការ ក្នុងការរៀបចំព្រឹត្តិការណ៍គុនចម្រុះនេះជាមួយនឹងក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ ពាក់ព័ន្ធទៅនឹងការរៀបចំកីឡាយុវជនអាស៊ីឆ្នាំ២០២៩ សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកីឡាយុវជនអាស៊ីនេះ ហើយដោយផ្អែកលើបទពិសោធន៍ដែលកម្ពុជាធ្លាប់បានរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីឆ្នាំ២០២៣ កន្លងទៅនេះ។  បន្ថែមលើនេះ សម្តេចធិបតី បានលើកឡើងផងដែរថាការរៀបចំព្រឹត្តិការណ៍កីឡាលក្ខណៈអន្តរជាតិ និងព្រឹត្តិការណ៍កីឡាធំៗមិនត្រឹមតែបង្ហាញពីការរឹតចំណងសាមគ្គីភាព និងមិត្តភាពនៅក្នុងវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញឱ្យបរទេសយល់ដឹងកាន់តែច្បាស់ បន្ថែមទៀតអំពីកម្ពុជា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជា។ ព្រមជាមួយគ្នានោះ សម្ដេចធិបតី ក៏បានគាំទ្រ និងលើកទឹកចិត្តឱ្យមានការរៀបចំនូវព្រឹត្តិការណ៍កីឡាអន្តរជាតិសំខាន់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ ដោយ សម្តេចធិបតី បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យឯកជន និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។ 


មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យ លោក តាង ហ្គោដុន បន្តជួយគាំទ្រក្នុងការអភិវឌ្ឍវិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាពិសេសគាំទ្រដល់កម្មវិធីហ្វឹកហាត់របស់អត្តពលិកកម្ពុជានៅប្រទេសចិនជាបន្តទៀត ដើម្បីពង្រឹងនូវសមត្ថភាពឆ្ពោះទៅការប្រកួតប្រជែងក្នុងកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ផងដែរ ៕




ជំនួបរវាងអ្នកសារព័ត៌មានជាមួយប្រមុខរាជរដ្ឋាភិបាល គ្រោងធ្វើឡើងនៅដើមខែឧសភាខាងមុខនេះ



ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ពិធីជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល នឹងធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីឱ្យស្របគ្នាជាមួយនឹងការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក។ គួរបញ្ជាក់ថាការសម្រេចជ្រើសរើសយកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មានជាមួយនឹងប្រមុខរាជរដ្ឋាភិបាលនេះ គឺជាការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី។


នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងដែលជាប្រធានគណៈកម្មការរៀបចំ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យឡើងវិញនូវរាល់កិច្ចការងារដែលអនុគណៈកម្មការនីមួយៗសម្រេចបាន និងពន្លឿនកិច្ចការងារដែលនៅសេសសល់អោយបានឆាប់រួចរាល់ ដើម្បីបង្កភាពងាយស្រួលដល់អ្នកសារព័ត៌មានក្នុងការចុះឈ្មោះ និងត្រៀមចូលរួមកម្មវិធីជួបជុំនេះ។


ដើម្បីធ្វើឱ្យកម្មវិធីដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការមួយដើម្បីដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំពិធីជួបជុំរវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន ដោយធ្វើការសម្របសម្រួលនិងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើដំណើរការចាត់ចែងនិងរៀបចំពិធីណែនាំនិងផ្តល់អនុសាសន៍ដឹកនាំដល់អនុគណៈកម្មការទាំងអស់ លើការអនុវត្តតួនាទី និងភារកិច្ច ដែលបានកំណត់ក្នុងការធ្វើយ៉ាងណារៀបចំកម្មវិធីអោយបានល្អ និងប្រកបដោយសាមគ្គីភាព និងភាពសប្បាយរីករាយ។


នាឱកាសនោះដែរ ក្រសួងព័ត៌មាននឹងប្រមូលនូវបញ្ហានិងកង្វល់នានាដែលស្ថានីយវិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មាន បានលើកឡើងដាក់ជាសំណើក្នុងក្របខណ្ឌរួមមួយដើម្បីដាក់ជូន សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ពិនិត្យ និងដោះស្រាយ៕

កម្ពុជា-ចិនចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើន


បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧ ដែលដឹកនាំដោយឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានព្រមព្រៀងគ្នាចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងល្អប្រសើរដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ 


ឯកសារសំខាន់ៗដែលបានចុះហត្ថលេខានៅក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នោះ រួមមាន៖ 

១- ពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២។ 

២- វិញ្ញាបនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា។ 

៣- ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេច ធ្វើពីស្បែកគោ សម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ 


នាឱកាសនោះផងដែរ ក៏មានពិធីសម្ពោធជាផ្លូវការនៃសៀវភៅកំណត់ហេតុរបស់នគរចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ និងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិនផងដែរ៕





កម្ពុជា-ចិន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត



នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


ក្នុងឱកាសនៃជំនួប ឯកឧត្តម វ៉ាង យី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងឯកឧត្តមនាយករដ្ឋមន្រ្តី លី ឈាង ជូនចំពោះសម្តេចធិបតី និងបានអបអរសាទរចំពោះកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបានប្រារព្ធទៅនាពេលថ្មីៗកន្លងទៅនេះ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ និងស្មោះត្រង់ និងបានសម្តែងនូវក្ដីសោមនស្សរីករាយ ដែលរដ្ឋាភិបាលទាំងពីរបានអនុវត្តនូវកិច្ចសហប្រត្តិការបានយ៉ាងល្អក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការនេះបានជំរុញចំណងមិត្តភាពចិន-កម្ពុជាកាន់តែរឹងមាំដូចដែកថែប ព្រមជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា តួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក៏កាន់តែមានសារៈសំខាន់។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចធិបតី នៅសាធារណរដ្ឋប្រជាមានិតចិននាពេលកន្លងទៅ បានឆ្លុះបញ្ចាំង និងបានរួមចំណែករឹតចំណងទំនាក់ទំនង មិត្តភាព និងសាមគ្គីភាព ចិន-កម្ពុជាឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ទស្សនកិច្ចនាឱកាសនេះ នឹងបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង និង មានដំណើរការកាន់តែរឹងមាំ។ 


ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្រ្តី វ៉ាង យី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលបានរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាដើម ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនេះ សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលប្រទេសទាំងពីរបានឯកភាព កាលពីឆ្នាំ២០២៣។ តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សម្តេចធិបតី មានជំនឿជាក់ថា រំហូរវិនិយោគ និងអ្នកទេសចរ មកពីប្រទេសចិននឹងកើនឡើងថែមទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា។ 


សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្រ្តីវ៉ាង យី បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់លើវិស័យការពារជាតិ និងសន្តិសុខ អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ ដោយក្នុងនោះឯកឧត្តម វ៉ាង យី បានបញ្ជាក់ថា ភាគីចិននឹងជំរុញបញ្ចប់ការរៀបចំផែនការមេ ឱ្យបានឆាប់ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា លេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ ព្រមទាំងជួយអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា ផងដែរ។ ព្រមជាមួយគ្នានេះដែរ សម្តេចធិបតីបានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត។


ជាទីបញ្ចប់ សម្ដេចធិបតីបានជូនពរឯកឧត្តម វ៉ាង យី និងគណៈប្រតិភូ ឱ្យទទួលបាននូវជោគជ័យក្នុងដំណើរបំពេញបេសកកម្មនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍វិញប្រកបដោយសុខសុវត្ថិភាព។





Monday, April 22, 2024

ឯកឧត្តម វ៉ាង យី៖ ចិនត្រៀមខ្លួនធ្វើការជាមួយកម្ពុជា ដើម្បីលើកកម្ពស់សហគមន៍វាសនារួម

 


  

កាលពីថ្ងៃអាទិត្យទី២១ ខែមេសា ឆ្នាំ២០២៤ រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម វ៉ាង យី បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយកម្ពុជាដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែខ្លាំងក្នុងការកសាងសហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន៦គឺ៖ នយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។


រដ្ឋមន្ត្រីការបរទេសចិនរូបនេះ បាននិយាយថា ប្រឈមមុខនឹងបរិយាកាសអន្តរជាតិដ៏ស្មុគស្មាញ ប្រទេសចិន និងកម្ពុជាគួរតែពង្រឹងការណែនាំជាយុទ្ធសាស្ត្រកម្រិតខ្ពស់ និងដឹកនាំការកសាងសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នាក្នុងទិសដៅត្រឹមត្រូវ។ ឯកឧត្តមបានកត់សម្គាល់ថា ភាគីទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ បង្កើនការរួបរួម និងកិច្ចសហប្រតិបត្តិការ ជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជនឱ្យបានជិតស្និទ្ធ និងពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការពហុភាគី។


ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងមាំមួននូវគោលនយោបាយចិនតែមួយ និងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយប្រទេសចិនជានិច្ច។ ឯកឧត្តមបានបន្តថា កម្ពុជាកំពុងទន្ទឹងរង់ចាំគម្រោងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសចិន និងស្វាគមន៍ក្រុមហ៊ុនចិនកាន់តែច្រើន ឱ្យមកបណ្តាក់ទុននៅកម្ពុជា៕


ប្រភព៖ china.org.cn

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីចូលរួមថ្លែងសុន្ទរកថាពិសេស ក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP នៅប្រទេសថៃ




(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹក ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស​នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP)។


យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ការអញ្ជើញថ្លែងសុន្ទរកថានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក។


ក្រសួងការបរទេស បានឱ្យដឹងថា អញ្ជើញអមដំណើរសម្ដេចធិបតី រួមមាន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្ដាប់ និងលោក ជា វ៉ាន់ដេត រដ្ឋមន្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីសំខាន់ៗមួយចំនួនទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។


ក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» សន្និបាតប្រចាំឆ្នាំនេះនឹងពិភាក្សាអំពីសក្តា​នុ​ពល​នៃបច្ចេកវិទ្យាឌីជីថល និងវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ក្នុងការ​ដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន និងការពន្លឿនការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព